en     km
en     km

កុមារីម្នាក់ទៀតស្លាប់ដោយសារជំងឺផ្ដាសាយបក្សី(H5N1)ក្រោយយកមាន់ងាប់ធ្វើម្ហូបទទួលទាន

Share

ភ្នំពេញ៖ កុមារីម្នាក់ទៀតហើយបានស្លាប់ បន្ទាប់ពីប៉ះពាល់ដោយផ្ទាល់ជាមួយបក្សីនិងបានទទួលទានក្រោយក្រុមគ្រួសារចម្អិនធ្វើម្ហូប ដោយមិនដឹងថា មាន់ដែលងាប់នោះមានផ្ទុកជំងឺផ្តាសាយបក្សីប្រភេទហាស់៥អិន១(H5N1)។ កញ្ញា សៃ ចន្ធី រាយការណ៍

 

 

កុមារីអាយុ ១៥ ឆ្នាំម្នាក់ទៀតហើយ បានបាត់បង់ជីវិតដោយសារជំងឺផ្តាសាយបក្សីប្រភេទហាស់៥អិន១(H5N1) កាលពីថ្ងៃទី  ២០ ខែសីហា ឆ្នាំ២០២៤ ដែលករណីនេះកើតឡើងនៅក្នុងភូមិពោធិ៍មិញ ឃុំកញ្ជៀច ស្រុកកញ្ជៀច ខេត្តព្រៃវែង។ នេះបើតាមការបញ្ជាក់ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤។

ផ្អែកតាមការបញ្ជាក់ខាងលើ ក្មេងស្រីបានប៉ះពាល់ដោយផ្ទាល់ជាមួយបក្សីដែលងាប់នោះ ហើយបានទទួលទានក្រោយក្រុមគ្រួសារចម្អិនជាម្ហូប។ តាមការបញ្ជាក់បន្ថែម ក្រោយពីទទួលទានកុមារីខាងលើក៏ចាប់ផ្តើមមានអាការៈ គ្រុនក្តៅ ក្អក ឈឺបំពង់ក ហត់ ពិបាកដកដង្ហើម និងសន្លប់ ដែលស្ថានភាពនេះក្រុមគ្រូពេទ្យពិបាកក្នុងការជួយសង្គ្រោះ។

យ៉ាងណាមិញ តាមការសាកសួរបង្ហាញថា ប្រហែល ៥ ថ្ងៃមុនពេលដែលកុមារីចាប់ផ្តើមឈឺ នៅក្នុងភូមិមានមាន់ទាឈឺងាប់ជាច្រើន ហើយផ្ទះសាច់ញាតិរបស់កុមារីរូបនេះមានមាន់ងាប់ និងបានចែកឱ្យគ្រួសារកុមារីយកធ្វើម្ហូប ហើយគ្រានោះក្មេងស្រីបានចាប់ប៉ះកាន់មាន់ងាប់នេះផងដែរ។

សកម្មភាពអាជ្ញាធរចុះផ្សព្វផ្សាយពីការបង្ការជំងឺផ្ដាសាយបក្សីជូនសិស្សានុសិស្ស។

ជុំវិញករណីនេះ ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងសហការជាមួយក្រុមការងារនៃក្រសួងស្ថាប័នពាក់ព័ន្ធ បន្តការស្វែងរកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និងបន្តស្វែងរកករណីសង្ស័យ និងអ្នកប៉ះពាល់ដើម្បីទប់ស្កាត់ការឆ្លងរាលដាលចូលក្នុងសហគមន៍។ ព្រមជាមួយគ្នានេះ ក្រុមការងារចែកជូនឱសថតាមីហ្វ្លូ (Tamiflu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើដើម្បីបង្ការជំងឺនេះ។

វិទ្យុស្រ្តីបានព្យាយាមទាក់ទងសុំព័ត៌មានបន្ថែមពីមន្រ្តីពាក់ព័ន្ធក្នុងរឿងនេះ តែពួកគេជាប់រវល់។ ដោយឡែកលោកវេជ្ជបណ្ឌិត សេង បញ្ញាឫទ្ធិ ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែងមិនបានតបសំណួរអ្វីច្រើនជាមួយវិទ្យុស្រ្តីនោះទេ តែលោកបានផ្តល់របាយការណ៍ជុំវិញករណីនេះថា សរុបមានអ្នកពាក់ព័ន្ធ១៦នាក់ដែលត្រូវយកសំណាកនិងដាក់ក្រោមការតាមដាន។ ក្នុងមានសមាជិកគ្រួសាររបស់ក្មេងស្រីចំនួន៦នាក់ អ្នកជិតខាង២នាក់ គ្រូពេទ្យឯកជនម្នាក់ គ្រូពេទ្យបង្អែកកញ្ជៀច ២នាក់ និងបុគ្គលិកពេទ្យខេត្ត ៥ នាក់។

សូមជម្រាបថា ក្រសួងសុខាភិបាលបានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ឱ្យយកចិត្តទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាព។ ក្រសួងបញ្ជាក់ថា ប្រសិនបើមានអាការៈក្តៅខ្លួន ក្អក ហៀរសំបោរ ឬពិបាកដកដង្ហើម និងធ្លាប់បានប៉ះពាល់ជាមួយមាន់ទាឈឺ ឬស្លាប់ក្នុងអំឡុង១៤ថ្ងៃ និងមុនថ្ងៃចាប់ផ្តើមមានរោគសញ្ញា សូមកុំទៅទីប្រជុំជនដែលមានមនុស្សច្រើន និងត្រូវស្វែងរកការពិគ្រោះយោបល់ និងការពិនិត្យព្យាបាលនៅតាមមូលដ្ឋានសុខាភិបាលដែលនៅជិតឱ្យបានទាន់ពេលវេលា។

រូបភាពពីប្រធានមន្ទីរសុខាភិបាល ខេត្តព្រៃវែង។

សម្រាប់វិធានការបង្ការវិញ គឺត្រូវលាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកមុនពេលបរិភោគ និងបន្ទាប់ពីប៉ះពាល់បក្សី ហើយត្រូវដាក់កុមារនៅឆ្ងាយពីសត្វបក្សី និងដាក់សត្វបក្សីនៅឱ្យឆ្ងាយពីកន្លែងរស់នៅ កុំបរិភោគសត្វបក្សីឈឺឬងាប់ និងរាល់សត្វបក្សីដែលធ្វើសម្រាប់បរិភោគត្រូវចំអិនឱ្យបានឆ្អិនល្អ។

សូមរំលឹកថា កាលពីឆ្នាំ២០២៣ កន្លងទៅ អាជ្ញាធរសុខាភិបាលរកឃើញថា ជំងឺផ្ដាសាយបក្សីបានសម្លាប់ក្មេងស្រីម្នាក់អាយុ ២ឆ្នាំនៅខេត្តព្រៃវែង និងបុរសម្នាក់អាយុ ៥០ឆ្នាំនៅខេត្តស្វាយរៀង។ បន្ទាប់មក នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដដែល ជំងឺនេះបានកើតលើស្ត្រីអាយុ ២១ឆ្នាំម្នាក់នៅស្រុកដងទង់ ខេត្តកំពត។

បើតាមប្រធាននាយកដ្ឋានជំងឺឆ្លងនៃក្រសួងសុខាភិបាល ចាប់តាំងពីឆ្នាំ២០០៤ រហូតដល់ឆ្នាំ២០២៤ កម្ពុជារកឃើញអ្នកឆ្លងជំងឺផ្ដាសាយបក្សី H5N1 ជិត ៦០ករណី ធ្វើឲ្យមានមនុស្សស្លាប់សរុប ៣៨នាក់៕

 

អត្ថបទខ្លីសរសេរដោយ កញ្ញា សៃ ចន្ធី សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយឧបត្ថម្ភពី ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និង កិច្ចសហប្រតិបត្តិការ (SDC) ជាមួយនិងស្ថានទូតស៊ុយអែតប្រចាំកម្ពុជា តាមរយៈអង្គការ BBC Media Action

Share

ព័ត៌មានទាក់ទង

Image