ភ្នំពេញ៖ កញ្ញា បូរ ស្រី ណែត និស្សិតឆ្នាំទី២ ផ្នែកប្រព័ន្ធផ្សព្វផ្សាយសារគមនាគមន៍ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ ត្រូវបានមូលនិធិអាស៊ាន ASEAN Foundation ជ្រើសរើសចូលរួមជាមួយយុវជនស័្មគ្រចិត្តពីប្រទេសអាស៊ានទាំង១០ ចូលរួមក្នុងគម្រោងសិក្សាឈ្វេងយល់អំពីតម្បាញសូត្រខ្មែរ នៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្នុងគោលបំណងជំរុញដល់កសិករសហគមន៍ឱ្យមានការផ្លាស់ប្តូរ ពីការប្រើប្រាស់ល័ក្កគីមីក្នុងការជ្រលក់សូត្រ ទៅប្រើប្រាស់ល័ក្កធម្មជាតិវិញ តាមរយៈការដាំដើមឈើយកមកធ្វើជាល័ក្កធម្មជាតិ។ អ្នកស្រី វ៉ាយ វត្តី ជូនសេចក្តីរាយការណ៍
នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុស្រ្តី កញ្ញា បូរ ស្រី ណែត បានឱ្យដឹងថា កញ្ញាត្រូវបានជ្រើសរើសចូលរួមជាមួយយុវជនដទៃទៀតចំនួន១០នាក់មកពីប្រទេសអាស៊ានទាំង១០ ចុះមកដល់ទីតាំងកសិករសហគមន៍ នៅបន្ទាយស្រី ខេត្តសៀមរាប ក្នុងគោលបំណងសិក្សាសាងសង់សាលពិព័រណ៌ល័ក្កធម្មជាតិ និង ផ្សព្វផ្សាយដល់កសិករនៅក្នុងសហគមន៍ ក្នុងប្រើប្រាស់ល័ក្កធម្មជាតិផ្ដល់ដល់អ្នកតម្បាញ ជំនួសឱ្យការប្រើល័ក្កគីមី តាមរយៈការឱ្យកសិករសហគមន៍ទាំងនោះ នាំគ្នាដាំដើមឈើ ដែលត្រូវយកមកធ្វើល័ក្ក ធម្មជាតិ មានដូចជាដើម ប្លូប៊ឺរី ដើមជម្ពូ និងដើមច័ន្ទ និងដើមល្មៀតជាដើម ដើម្បីយករបស់ទាំងអស់នោះមកធ្វើជាល័ក្កធម្មជាតិប្រើក្នុងការជ្រលក់ព័ណ៌សូត្រ និងផ្គត់ផ្គង់ល័ក្កទាំងនោះឱ្យមជ្ឈមណ្ឌលតម្បាញសូត្រ ខល័រសៀលកម្ពុជា ព្រោះមជ្ឈមណ្ឌលទទួលទិញ ហើយកសិករសហគមន៍ទទួលបានថវិកាពីការដាំដើមឈើទាំងនោះ។
កញ្ញា បូរ ស្រី ណែត៖«ដោយសារតែពួកខ្ញុំឃើញថា ការប្រើប្រាស់ល័ក្កគីមីធ្វើឱ្យប៉ះពាល់ទៅដល់ស្បែកដោយសារការជ្រលក់ ប៉ះពាល់ដល់ផ្លូវដង្ហើម ក៏ដូចជាអ័រមូន ឬក៏អាចឈានទៅដល់កើតជំងឺមហារីកដោយសារតែយើងស្រូបយកល័ក្កគីមីជារៀងរាល់ថ្ងៃក៏ដូចជា បំពុលបរិស្ថាន បំពុលទឹកផងដែរ»។
កញ្ញា បូរ ស្រី ណែត បានឱ្យដឹងទៀតថា នៅក្នុងសកម្មភាពរបស់ក្រុមយុវជនទាំង១០នាក់ ក៏បាននាំគ្នាដាំដើមឈើជាមួយកសិករក្នុងសហគមន៍ដោយក្នុងមួយផ្ទះដាំ១០ដើម។គម្រោងដាំដើមឈើនេះពេលដែលកសិករដាំបានផលហើយយកមកលក់ឱ្យមជ្ឈមណ្ឌលសូត្រខល័រសៀលកម្ពុជា ជាអ្នកទទួលទិញដើម្បីពួកគាត់ទទួលបានថវិកាផ្គត់ផ្គង់ជីវភាពគ្រួសារ ក៏ដូចជាសហគមន៍ទាំងមូល។
កញ្ញា ស្រីណែត បានបញ្ជាក់ថា នៅបន្ទាយស្រី មានសិស្សានុសិស្សបានបង់បោះការសិក្សាច្រើន ដោយសារគ្រួសារមានជីវភាពខ្វះខាត។ ដូច្នេះពួកគាត់ទាំងនោះត្រូវបន្តធ្វើការដើម្បីយកថវិកាទៅជួយផ្គត់ផ្គង់គ្រួសារ។ ជាមួយគ្នានោះក្រុមយុវជនទាំង១០នាក់នោះ ក៏បានទៅដល់សាលារៀន និងលើកទឹកចិត្តដល់សិស្សានុសិស្សកុំឱ្យបោះបង់នូវអ្វីដែលជាចំណេះដឹង ឬជំនាញ ដែលជានិរន្តរភាពជួយពួកគេដើម្បីផ្គត់ផ្គង់គ្រួសារទៅថ្ងៃអនាគត។
កញ្ញា បូរ ស្រីណែត៖«ពួកខ្ញុំបានជំរុញពួកគាត់ឱ្យចូលទៅក្នុងកម្មវិធីខល័រសៀលគឺជាសាលាមួយដែលរៀនជំនាញកាលណាគាត់ចេះជំនាញតម្បាញ ឬទាក់ទងនឹងសូត្រគាត់អាចយកចំណេះជំនាញទៅបើកដោយខ្លួនឯង ឬប្រើប្រាស់ជីវិតដែលវាមិនខាតបង់ ព្រោះវាជាជំនាញ វាអាចនឹងមានរយៈពេលយូរអាចចិញ្ចឹមខ្លួនឯង និងគ្រួសារបាន»។
នេះជាលើកទី១ ដែលស្រីណែបានចូលរួមជាមួយយុវជនដែលមកពីប្រទេសផ្សេងៗនិងមានវប្បធម៌ខុសៗគ្នា។ ស្រីណែតមានអារម្មណ៍សប្បាយចិត្តដែលទទួលបាននូវចំណេះដឹងថ្មីៗ បន្ថែមពីនោះបានជួយដល់កសិករផ្លាស់ប្តូរពីការប្រើប្រាស់ល័ក្កគីមី និងដាំដើមឈើដើម្បីធ្វើជាល័ក្កធម្មជាតិវិញជាឱកាសដែលពួកគាត់អាចផ្លាស់ប្តូរពីស្ថានភាពគ្រួសារលំបាកឱ្យមានជីវភាពកាន់តែប្រសើរ និងអាចមានចំណូលច្រើនតាមរយៈការដាំដើមឈើផង និង ដើម្បីជួយបរិស្ថានផង៕
ប្រភពរូប៖ មជ្ឈមណ្ឌលតម្បាញសូត្រ ខល័រសៀលកម្ពុជា