ពលរដ្ឋមួយគ្រួសារ ក្នុងចំណោមពលរដ្ឋស្ម័គ្រចិត្តផ្សេងទៀត ដែលបានដោះដូរដីលំនៅឋានរបស់ខ្លួន មកក្រុងរុនតាឯក នៅតែបន្តទៅធ្វើការនៅក្រុងសៀមរាប បើទោះបីជាត្រូវចំណាយពេលធ្វើដំណើរជាង៣០គីឡូម៉ែត្រជារៀងរាល់ថ្ងៃក្ដី។ ការណ៍ដែលពួកគេនៅតែធ្វើការនៅក្រុងសៀមរាប គឹដើម្បីរកចំណូលទ្រទ្រង់ជីវភាពរបស់ពួកគេនៅក្រុងរុនតាឯក ខណៈក្រុងថ្មីនេះ មិនមានការងារអ្វីដែលឱ្យពួកគេរកចំណូលបានសម្រាប់ផ្គត់ផ្គង់គ្រួសារឡើយ។ កញ្ញា សៃ ចន្ធី រាយការណ៍
ក្រុងរុនតាឯក ជាទីដែលរដ្ឋាភិបាលផ្ដល់ដីជាថ្នូរសម្រាប់ពលរដ្ឋយល់ព្រមរុះរើសំណង់ចេញពីតំបន់រមណីដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា មានផ្ទះពលរដ្ឋជាច្រើន ដែលមានដំបូលប្រក់ស័ង្កសី និងហ៊ុមព័ន្ធដោយជញ្ជាំងស័ង្កសី បានតំរៀបជួរគ្នា ហើយនៅក្នុងលំនៅឋាននីមួយៗនេះ ភាគច្រើនជាផ្ទះដែលត្រូវបានទុកចោល។ នៅខាងមុខផ្ទះដែលត្រូវបានទុកចោល មានផ្ទះប្រក់ស័ង្កសីមួយខ្នង កំពុងមានមនុស្សរស់នៅ ហើយផ្ទះនេះហើយជារបស់អ្នកស្រី ចាវ ភិរម្យ ដែលជាពលរដ្ឋដោះដូរដីមកនៅក្រុងរុនតាឯក។
អ្នកស្រី ចាវ ភិរម្យ អាយុ ៤៧ឆ្នាំ រៀបរាប់ប្រាប់វិទ្យុស្ដ្រីថា គ្រួសារអ្នកស្រីបានរុះរើលំនៅឋានមកតំបន់រុនតាឯកនេះ គឺដោយសារលំនៅឋានចាស់របស់អ្នកស្រី ត្រូវបានអាជ្ញាធរចាត់ជាដីចំណីមាត់ស្ទឹងសៀមរាប។ ដូច្នេះបន្ទាប់ពីរុះរើលំនៅឋានចេញមក ទ្រព្យសម្បត្តិដែលគ្រួសារអ្នកស្រីប្រឹងរក និងសន្សំបានពីរបរកាត់ដេរសម្លៀកបំពាក់ កាលនៅតំបន់អង្គរត្រូវលក់ ដើម្បីសាងសង់លំនៅឋាន និងត្រូវកសាងមុខរបរឡើងវិញក្នុងតំបន់ថ្មីនេះ។
ពីក្រុងរុនតាឯក តេជោសែន ទៅក្រុងសៀមរាប មានប្រវែង ៣០គីឡូម៉ែត្រ ដែលត្រូវចំណាយពេលជិតមួយម៉ោងលើការធ្វើដំណើររបស់អ្នកស្រី ភិរម្យ និងស្វាមី ដើម្បីទៅទិញសម្ភារកាត់ដេរ និងទៅធ្វើការនៅក្រុងសៀមរាប។ គ្រួសារនេះ មិនបានប្រើប្រាស់សេវារថយន្តក្រុងសាធារណៈឥតគិតថ្លៃពីរាជរដ្ឋាភិបាលឡើយ ដោយប្រើប្រាស់យានជំនិះខ្លួនឯង ដើម្បីប្រកបការងារ។
ការមករស់នៅតំបន់រុនតាឯកជាលើកដំបូង អ្នកស្រីថា អាជ្ញាធរនៅមិនទាន់រៀបចំប្រព័ន្ធទឹក-ភ្លើង និងផ្លូវ បាន្លូវ រួចរាល់ចំប្រព័ន្ធទឹកស្អាតចំប្រព័ន្ធទឹកស្អាត ភ្លើង និងរួចរាល់នៅឡើយទេ ចំណែកគ្រួសារអ្នកស្រីមកនៅដំបូង គឺមិនមានអាហារបរិភោគគ្រប់គ្រាន់នោះទេ ហើយកូនៗទាំង ៣នាក់របស់អ្នកស្រី ក៏មានជំងឺគ្រុនក្ដៅ និងរាគជាដើម ដែលកត្តាជំងឺទាំងនោះ បណ្ដាលមកពីអាកាសធាតុក្ដៅ ហើយនិងបរិភោគទឹកមិនស្អាតផងដែរ។ ក្រៅពីនេះទៀត ស្ដ្រីវ័យកណ្ដាលរូបនេះថា នៅរដូវវស្សា លំនៅឋានថ្មីនេះ ត្រូវរងជន់លិច ដោយគ្មានកន្លែងសម្រាប់សម្រាកឡើយ។
អ្នកស្រី ចាវ ភិរម្យ ៖ «មកដំបូងលំបាកខ្លាំង ដែលថាយើងមិនដែលជួប មិនដែលធ្លាប់ពីមុនមកមានការលំបាក ធម្មតាដូចយើងធ្លាប់រស់នៅគេងផ្ទះស្រួល ញ៉ាំស្រួលអញ្ចឹង ដល់ពេលមកនេះគេងក៏ពិបាក ញ៉ាំក៏អត់អីហូបចាសលំបាកខ្លាំង។ បើប្រៀបធៀបគ្នាទៅខ្ញុំតាំងពីធំដឹងក្ដីមក ខ្ញុំមិនដែលធ្លាប់ដាច់បាយទេ យើងអត់លំបាកយ៉ាងណាក៏មិនដល់ថ្នាក់អត់បាយហូបមួយពេលៗ ដល់យើងមកទីនេះយើងស្គាល់គ្រប់រសជាតិ»។
ក្នុងស្ថានភាពដែលស្ងាត់បែបនេះ បច្ចុប្បន្នអ្នកស្រី មិនមែនរកចំណូលតែមុខរបរជាជាងកាត់ដេរតែមួយមុខនេះទេ ដោយឆ្លៀតទៅដាំដំណាំ និងចិញ្ចឹមសត្វ សម្រាប់ផ្គត់ផ្គង់ក្នុងជីវភាពគ្រួសារ។ ចំណែក ស្វាមីរបស់អ្នកស្រី ក៏បន្តការងារធ្វើជាសន្តិសុខដដែល ដូចកាលនៅលំនៅឋានចាស់។
អ្នកស្រី ភិរម្យ ៖ «នៅនេះមិនសូវជាជួបផលលំបាកអីខ្លាំងណាស់ ខ្ញុំអាចទប់ទល់បានប៉ុណ្ណឹងអាចទប់ទល់បាន ប៉ុន្តែបើថាប្រឹងឱ្យមានឱ្យបានដូចពីពេលមុន បែបទៅមិនរួចនោះទេ»។
ដោយឡែកស្វាមីអ្នកស្រី ចាវ ភិរម្យ គឺលោក ឈឺ ពៅ បាននិយាយដែរថា កាលនៅលំនៅឋានចាស់ លោកធ្វើការងារជាសន្តិសុខយាមម៉ូតូនៅពេលយប់ ក្នុងផ្សារចាស់ខេត្តសៀមរាប។ ការងារនេះ លោកទទួលបានប្រាក់ចំណូលក្នុងមួយខែជាង ៤០ម៉ឺនរៀល ហើយប្រាក់ខែដែលទទួលបាននេះ ជាផ្នែកមួយជួយទ្រទ្រង់ជីវភាព បន្ទាប់ពីរបរកាត់ដេរសម្លៀកបំពាក់របស់ប្រពន្ធលោក។
យ៉ាងណាក្រោយពីមករស់នៅតំបន់រុនតាឯកនេះ លោកត្រូវចំណាយថ្លៃធ្វើដំណើរទៅធ្វើការដល់ ១ម៉ឺនរៀលក្នុងមួយថ្ងៃ បើធៀបនឹងលំនៅឋានចាស់ លោកថា លុយ ១ម៉ឺនរៀលនេះ អាចធ្វើដំណើរទៅធ្វើការបានរយៈពេលមួយសប្ដាហ៍។ ម្យ៉ាងវិញទៀត ទោះបីការធ្វើដំណើរនេះចំណាយច្រើនក្ដី លោកនៅតែបន្តការងារជាសន្តិសុខដដែល ពីព្រោះតំបន់ថ្មី មិនមានការងារអ្វីសម្រាប់ឱ្យលោករកចំណូលបានដូចលំនៅឋានចាស់ឡើយ។
លោក ឈឺ ពៅ ៖ «ពួកខ្ញុំអីនេះថាធូរមិនធូរថាតឹងមិនតឹង ប៉ុន្តែចុះអាលំដាប់ក្រោមខ្ញុំទៅទៀត គាត់លំបាកប៉ុណ្ណា ខ្ញុំប៉ុណ្ណេះខ្ញុំថាខ្ញុំពិបាក ចុះសម្រាប់លំដាប់ក្រោមខ្ញុំទៅទៀត តើគាត់លំបាកប៉ុណ្ណា? បើខ្ញុំធ្លាប់ឃើញតាំងពីខ្ញុំមកនៅដំបូងនៅព្រៃទាំងអស់ ខ្ញុំដើរដកផ្សិត ខ្ញុំដើរជីកជាស ជីកអាកាំដើរដកផ្សិត ខ្ញុំដើរជីកជាំពិបាករបានរយៈពេលមួយសប្ដាហ៍។ពីង រហូតដល់ផ្ទះពេញ តែដើរមើលមានប្រជាពលរដ្ឋរស់នៅមាណ។ ខ្ញុំឧទាហរណ៍ថា ៧០០គ្រួសារ រស់នៅបាន ៣០០គ្រួសារ ឬ៤០០គ្រួសារទេក្នុងនេះ»។
ជារៀងរាល់ថ្ងៃលោក ឈឺ ពៅ ធ្វើដំណើរតាមរយៈម៉ូតូ ពីក្រុងរុនតាឯក មកក្រុងសៀមរាប ដើម្បីបំពេញការងារជាសន្តិសុខ។ ដោយឡែករថយន្តក្រុងសាធារណៈ ដែលរាជរដ្ឋាភិបាលបានផ្ដល់ជូនពលរដ្ឋក្រុងរុនតាឯក ធ្វើដំណើរដោយឥតគិតថ្លៃនេះ គឺលោកមិនបានជិះឡើយ ដោយសារចំណតរថយន្តក្រុងនេះ មិនបានទៅដល់កន្លែងធ្វើការ ដែលធ្វើឱ្យលោកត្រូវចំណាយលុយបន្ត ដើម្បីទៅដល់កន្លែងធ្វើការ។
លោក ឈឺ ពៅ ៖ «ខ្ញុំនៅក្នុងដីរុនតាឯក ក្រុងរុនតាឯកនេះ បើឱ្យខ្ញុំស្នើទៅរាជរដ្ឋាភិបាល ខ្ញុំអត់មានស្នើអីច្រើនទេបង ខ្ញុំគ្រាន់តែស្នើចង់ឱ្យគាត់បង្កើតដូចជារោងចក្រ ឫអ្វីមួយនៅក្នុងរុនតាឯកនេះ ដើម្បីឱ្យប្រជាពលរដ្ឋទាំងប្រុសទាំងស្រី ក្មេង-ចាស់ គាត់មានការងារធ្វើនៅក្នុងហ្នឹង កុំឱ្យគាត់លំបាកដើរចេញទៅខាងក្រៅ រកស៊ីខាងក្រៅ ដូចជាចេញពីនេះទៅរកធ្វើការឱ្យគេនៅខេត្តដូចជាលាងចាន លាងឆ្នាំងតាមហាងអីដែលគាត់ជិះម៉ូតូពីនេះទៅ ឬជិះឡានក្រុងពីនេះទៅ គាត់ចំណាយច្រើន គាត់ចោលផ្ទះដោយសារផ្ទះវាឆ្ងាយ។ ប្រសិនជាអាចរាជរដ្ឋាភិបាលអាចជួយបង្កើតរោងចក្រកាត់ដេរក៏បាន រោងចក្រស្បែកជើង ដែលយើងអាចទាញក្រុមហ៊ុនមកធ្វើបាន យើងធ្វើទៅ ដីសម្បទានធម្មតាដីសម្បទានដែលយើងធ្វើឱ្យកើត ប្រជាពលរដ្ឋគាត់សប្បាយចិត្ត ក៏គេអត់មានការតវ៉ាអីច្រើនដែរ ឱ្យតែដកពីប្រជាពលរដ្ឋទៅសម្បទានប្រាកដជាសម្បទាន កុំឱ្យតែដកពីប្រជាពលរដ្ឋហើយសម្រាប់តែអ្នកធំគ្នាឯង»។
លោកបន្ថែមទៀតថា ប្រសិនជាគ្រួសារលោក និងប្រជាពលរដ្ឋផ្សេងទៀត ដែលមិនមានការងារធ្វើនៅក្នុងក្រុងថ្មីនេះ ច្បាស់ណាស់ជាចេញទៅចំណាកស្រុកទៅខេត្តផ្សេង ដូច្នេះហើយអ្នកដែលប៉ះពាល់នោះ គឺកូនៗរបស់ពួកគេ កំពុងសិក្សា ខណៈក្រុងនេះមានរៀបចំសាលារៀនបានល្អ ប៉ុន្តែមិនមានរៀបចំការងារជូនពលរដ្ឋ។
ទោះជាយ៉ាងណា ភរិយារបស់លោក ឈឺ ពៅ គឺអ្នកស្រី ចាវ ភិរម្យ ថា គិតមកដល់ពេលនេះ គ្រួសារអ្នកស្រីបានមករស់នៅតំបន់រុនតាឯកនេះ អស់រយៈពេល ៤ឆ្នាំហើយ ស្របពេលដែលជីវភាពនៅក្នុងគ្រួសារ នៅតែលំបាក និងមិនទាន់មានភាពប្រសើរឡើងដូចនៅតំបន់ចាស់ឡើយ។ ការលំបាកនេះ អ្នកស្រីបញ្ជាក់ថា ដោយសារការចាប់ផ្ដើមប្រកបមុខរបរឡើងវិញជាជាងកាត់ដេរសម្លៀកបំពាក់នៅក្រុងរុនតាឯកនេះ គឺរកចំណូលអត់បាន ពីព្រោះអ្នករុះរើលំនៅឋានមកតំបន់នេះ សុទ្ធតែជាអ្នកមិនមានការងារ មិនមានចំណូល និងមានអ្នកខ្លះទៀត បានចេញទៅចំណាកស្រុកជាដើម៕
អត្ថបទដោយ កញ្ញា ជា សុខនី