en     km
en     km

ភ្នាក់ងារទ្រទ្រង់សុខភាពភូមិរួមចំណែកជួយជំរុញប្រជាសហគមន៍ជនជាតិដើមភាគតិចយល់ដឹងពីបញ្ហាសុខភាពបានល្អប្រសើរ

Share

​​​​​​​​​​​​​មណ្ឌលគិរី៖ បន្ទាប់ពីមានភ្នាក់ងារទ្រទ្រង់សុខភាពភូមិបានចុះអប់រំផ្សព្វផ្សាយពីការងារថែទាំសុខភាព និងជំរុញឱ្យពលរដ្ឋទៅទទួលសេវាសុខាភិបាលតាមមន្ទីរពេទ្យរដ្ឋ ឬមណ្ឌលសុខភាពរួចមក ប្រជាជនជនជាតិដើមភាគតិចក្នុងភូមិមួយចំនួននៃឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី បានយល់ដឹងកាន់តែច្រើនពីរបៀបថែទាំសុខភាព និងការទៅទទួលសេវាពិនិត្យព្យាបាលជំងឺនៅតាមមន្ទីរពេទ្យរដ្ឋ។ សម្រាប់អ្នកភូមិចាត់ទុកអ្នកទ្រទ្រង់សុខភាពភូមិប្រៀបដូចជាទីប្រឹក្សាផ្នែកសុខភាពរបស់អ្នកភូមិដូច្នោះដែរ។

(រាយការណ៍ដោយ កញ្ញា ឃ្វិះ ផលឡា )​​

ភ្នាក់ងារទ្រទ្រង់សុខភាពភូមិជាផ្នែកមួយដ៏សំខាន់ក្នុងការជួយជំរុញវឌ្ឍនភាពការងារសុខាភិបាលតាមមូលដ្ឋាន ពិសេសមូលដ្ឋាននៅតំបន់ជនបទដាច់ស្រយាល ដែលមិនទាន់មានមន្ទីរពេទ្យ ឬមណ្ឌលសុខភាពគ្រប់គ្រាន់។ បើនិយាយដល់តំបន់ភូមិភាគឦសានមួយចំនួន ពិសេសតំបន់ដែលមានជនជាតិដើមភាគតិចរស់នៅគេនៅសង្កេតឃើញថា ការផ្តល់សេវាសុខាភិបាលនៅពុំទាន់បានពេញលេញនិងសម្បូរបែបដូចនៅទីប្រជុំជននោះទេ។ ហេតុដូច្នេះ ការបង្កើតឱ្យមានបុគ្គលិកទ្រទ្រង់សុខភាពភូមិជារឿងចាំបាច់ដើម្បីជំរុញការយល់ដឹងទៅកាន់ប្រជាពលរដ្ឋ ពីរបៀបថែទាំសុខភាព និងការទៅទទួលសេវាព្យាបាលជំងឺនៅតាមមណ្ឌលសុខភាព។

អ្នកស្រី សានឿន មួន ចុះទៅផ្តល់ការណែនាំនិងស្រង់របាយការណ៍លើស្រ្តីទើបសម្រាលកូនរួច។រូបភាពពី ឃ្វិះ ផលឡា។

អ្នកស្រី សានឿន មួន វ័យ២៣ឆ្នាំ ជនជាតិដើមភាគតិចព្នងឬពូន្នង និងជាបុគ្គលិកទ្រទ្រង់សុខភាពភូមិរស់នៅភូមិក្លង់ឡែ ឃុំសុខសាន្ដ ស្រុកកោះញែក ខេត្ដមណ្ឌលគិរី មានតួនាទីចុះផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះពីការថែទាំសុខភាពសមាជិកក្នុងគ្រួសារពិសេសរបៀបផ្តល់អាហារដល់កុមារឱ្យមានអាហារូបត្ថម្ភគ្រប់គ្រាន់ចាកផុតពីបញ្ហាក្រិសក្រិន។ ជាមួយគ្នានោះ ភ្នាក់ងារទ្រទ្រង់សុខភាពភូមិក៏ផ្តោតជាសំខាន់លើស្រ្តីផងដែរ ពីការទទួលអាហារនិងថ្នាំជាតិដែកឱ្យមានសុខភាពមាំមួនអំឡុងពេលពេញវ័យបន្តពូជ ពិសេសបញ្ជ្រាបការយល់ដឹងពីផលវិបាកនៃការរៀបការវ័យក្មេង។ សម្រាប់ស្រ្តីមានគ្រួសារវិញ ភ្នាក់ងារតែងផ្សព្វផ្សាយពីការទទួលសេវាកម្មសម្រាលនៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាព ការពិនិត្យផ្ទៃពោះទៀងទាត់តាមដានសុខភាពម្តាយនិងទារកដើម្បីធានាសុវត្ថិភាពពេលសម្រាល។

អ្នកស្រី សានឿន មួន ចុះទៅផ្តល់ការណែនាំនិងស្រង់របាយការណ៍លើស្រ្តីទើបសម្រាលកូនរួច។រូបភាពពី ឃ្វិះ ផលឡា។

ការវិវត្តន៍ដ៏ធំមួយសម្រាប់អ្នកស្រីដែលជាអ្នកទ្រទ្រង់សុខភាពភូមិ គឺការផ្លាស់ប្តូរឥរិយាបថរបស់ពលរដ្ឋជាបណ្តើរៗដែលវិវត្តន៍ការជឿលើរឿងអបីយជំនឿទាំងស្រុងមកស្វែងរកសេវាសុខភាពពេលមានបញ្ហាឈឺស្កាត់។ អ្នកស្រី សានឿន មួន ដែលពេលខ្លះចុះផ្សព្វផ្សាយជាក្រុមនិងពេលខ្លះក៏ទៅតែម្តងឯងនិយាយថា ការចាប់ផ្តើមការងារនេះដំបូងៗគឺជួបប្រទះការលំបាកខ្លះៗផងដែរ ដ្បិតប្រជាពលរដ្ឋហាក់លំបាកទទួលយកនូវការពន្យល់ណែនាំពីអ្នកទ្រទ្រង់សុខភាពភូមិ គួបផ្សំពលរដ្ឋខ្លះរវល់ការងារដាំដុះផង ពេលខ្លះត្រូវត្រឡប់មកវិញដៃទទេ។ តែអ្វីរឹតតែធ្វើឱ្យការងារនេះជួបបញ្ហាប្រឈមនោះ គឺប្រាក់បៀរវត្តន៍របស់អ្នកទ្រទ្រង់សុខភាពទទួលបានតិចតួចណាស់ស្ទើរតែពុំគ្រប់គ្រាន់លើការចំណាយលើប្រតិបត្តិការការងារ។ តែយ៉ាងណា ឧបសគ្គទាំងនេះត្រូវបានជម្នះចោលដោយសារក្តីស្រលាញ់ ហើយអ្នកស្រីប្រាប់ថា សព្វថ្ងៃប្រជាជនក្នុងសហគមន៍បានផ្លាស់ប្តូរជាវិជ្ជមានមកប្រើប្រាស់សេវាសុខាភិបាលបានច្រើន។

អ្នកស្រី សានឿន មួន៖«ភាគច្រើនគឺខ្ញុំអប់រំទៅលើស្រ្ដីដែលមានផ្ទៃពោះនិងកុមារអាយុក្រោមពីរឆ្នាំដូចជាអប់រំទៅលើឪពុកម្ដាយគាត់ ឪ្យយកចិត្ដទុកដាក់ចំពោះកូន ដូចជាររបបអាហារ ឬក៏ចាក់វាក់សាំងកូនអីជាដើម។និយាយពីកម្រិតអាចថាមិនខ្ពស់ពេកហើយក៏មិនទាបពេកអាចថាពួកគាត់ទទួលយកបានមធ្យមចឹងណាស់ចំពោះការលំបាកពេលទៅនិងយើងអត់ជួបពួកគាត់។សម្រាប់ប្រាក់កម្រៃយើងមានប្រាក់មួយខែ១៥ដុល្លា​ពីមុនឧទាហណ៍ថាពួកគាត់សម្រាលនៅឆ្មបបុរាណ ដល់ពេលបច្ចុប្បន្នឃើញថាពួកគាត់សម្រាលកូននៅមន្ទីពេទ្យ ហើយការពិនិត្យសុខភាពក៏ច្រើនដូចគ្នា  ពួកគាត់ភាគច្រើនគឺទៅពេទ្យដូចពីមុនពួកគាត់អត់សូវចង់ទៅពេទ្យទេតែឥឡូវគាត់មានការផ្លាស់ប្ដូរច្រើនចំណេះដឹងភាគច្រើនគឺភាគច្រើនគឺយើងណែនាំទៅពួកគាត់កម្រពួកគាត់ឪ្យមកវិញណាស់។យើងទៅបង្រៀនពួកគាត់ មានតែពួកគាត់សួរមកយើងត្រឡប់វិញ សួរថាពេលទៅពេទ្យនិងយើងត្រូវកាន់អ្វីទៅខ្លះ មានអ្វីភ្ជាប់ជាមួយ ហើយបើសិនណែនាំកូនវិញពួកគាត់ តើយើងគួរធ្វើអ្វីខ្លះ មានតែសួរមកយើងវិញកម្រពួកគាត់ផ្ដល់មកវិញហាស»។

អ្នកស្រី សានឿន មួន ចុះទៅផ្តល់ការណែនាំនិងស្រង់របាយការណ៍លើស្រ្តីទើបសម្រាលកូនរួច។រូបភាពពី ឃ្វិះ ផលឡា។

ស្រ្ដីអ្នកទ្រទ្រង់សុខភាពភូមិរូបនេះបន្ដទៀតថា អ្នកស្រីសប្បាយចិត្ដដែលបានក្លាយជាចំណែកមួយជួយផ្លាស់ប្រែផ្នត់គំនិតរបស់ពលរដ្ឋដែលតែងតោងយករបៀបព្យាបាលតាមវិធីសាស្រ្តបុរាណមកទទួលសេវាសុខាភិបាលសាធារណៈបានច្រើនជាងមុន។អ្នកស្រី សានឿន មួន៖«ល្អព្រោះអីយើងអាចកែប្រែនៅក្នុងសហគមន៍យើងរបស់ឪ្យមានភាពរីកចម្រើនទៅមុខ ពីភាពដែលមិនមាននចំណេះដឹង ឪ្យពួកគាត់កែប្រែមកទទួលស្គាល់អ្វីដែលថ្មី កុំឪ្យលក្ខណៈថាចាស់កម្រិលដដែលការរស់នៅទម្លាប់ដដែល ឪ្យពួកគាត់ឃើញអ្វីដែលថ្មីហើយប្លែក ។សម្រាប់បញ្ហាប្រឈមខ្លាំងឃើញថាពួកគាត់ ទីមួយពួកគាត់អត់សូវមានចំណេះដឹងពេលយើងប្រជុំផ្សព្វផ្សាយអ្វី យើងបង្រៀនអីទៅពួកគាត់អត់សូវចូលរួមចឹងធ្វើឪ្យពួកគាត់ ខ្វះនូវចំណេះដឹងនិងការអប់រំខ្លាំង។ដូចជានៅមិនទាន់មានការដោះស្រាយទេ តែភាគច្រើនយើងចុះអប់រំដូចគ្នា ចុះផ្សព្វផ្សាយនៅក្នុងសហគមន៍ផងនិងតាមភូមិអីក៏មានដែរ។ ចឹងពេទ្យ ថ្នាក់ឃុំជួយផ្សព្វផ្សាយ ហើយថ្នាក់ពេទ្យគាត់ជួយដូចជាថ្នាំអីសម្រាប់ប្រជាពលរដ្ធអីជាដើម។សម្រាប់ខ្ញុំចង់ឪ្យសំណូមពរទៅដល់ប្រជាពលរដ្ធ មានលក្ខណៈថាយកចិត្ដទុកដាក់ ចំពោះសុខភាពខ្លួនឯងទាំងកូនហើយនិងជាពិសេសគឺអនាម័យខ្លួនប្រាណ»

អ្នកស្រី សានឿន មួន ចុះទៅផ្តល់ការណែនាំនិងស្រង់របាយការណ៍លើស្រ្តីទើបសម្រាលកូនរួច។រូបភាពពី ឃ្វិះ ផលឡា។

ដោយឡែកលោក​ ម្រើញ ទា ជាមេភូមិស្រែធំ ឃុំសុខសាន្ដ ស្រុកកោះញែក ខេត្ដមណ្ឌលគិរី លើកឡើងថា ការងារជាអ្នកទ្រទ្រង់សុខភាពភូមិមានការចុះអប់រំប្រជាពលរដ្ឋដើម្បីការពារសុខភាពឱ្យបានច្រើនជាអតិបរមា ដូច្នេះលោកស្នើឱ្យពលរដ្ឋស្តាប់តាមការណែនាំដើម្បីងាយស្រួលរកដំណោះស្រាយទាន់ពេលវេលា។លោក​ ម្រើញ ទា៖«អ្នកទ្រទ្រង់ភូមិ មានតែអប់រំស្រ្ដី មានផ្ទៃពោះអប់រំកុមារ ណែនាំគាត់ឪ្យជូនទៅពេទ្យ ពិនិត្យសុខភាពនៅពេទ្យអី ឬក៏សម្រាលកូនអីចឹងណាស់។ ពេទ្យបានជួយសុខភាពយើងទាន់ពេលវេលាសម្រាល មានពេទ្យគេជួយមើលយើងថែយើងចឹងទៅ។ទទួលបានការអប់រំពីអ្នកទ្រទ្រង់ភូមិហើយនិងអាជ្ញាធរចូលរួមទាំងអស់គ្នា ហើយណែនាំគាត់ឪ្យបានពិនិត្យផ្ទៃពោះ ពីមួយខែ ទៅមួយខែ  ល្អ  ឪ្យអប់រំបន្ថែមទៀត ។សំណូមពរឪ្យប្រជាពលរដ្ធ ឪ្យគាត់ដែលខាងអប់រំឪ្យជាច្រើននិងចឹងណាស់ គ្រប់ៗគ្នា ឪ្យទៅពេទ្យគ្រប់គ្នាទៅដើម្បីការពារសុខភាពទាំងអស់គ្នាទៅកុំឲ្យមានបញ្ហា»។

លោក​ ម្រើញ ទា ជាមេភូមិស្រែធំបានប្រាប់ពីវឌ្ឍនភាពនៃចំណេះដឹងរបស់ពលរដ្ឋនៅពេលមានអ្នកទ្រទ្រង់សុខភាពភូមិចុះណែនាំ។រូបភាពពី ឃ្វិះ ផលឡា។

អ្នកស្រី តោន ប្លោញ  ប្រជាពលរដ្ឋជនជាតិដើមភាគតិចមួយលើកឡើងថា អ្នកទ្រទ្រង់សុខភាពភូមិបានអប់រំប្រជាពលរដ្ឋអំពីការថែសុខភាព ពិសេសស្រ្ដីមានផ្ទៃពោះ និងកុមារតូច។ អ្នកស្រីថា នៅពេលទទួលបានការណែនាំពីអ្នកទ្រទ្រង់សុខភាពភូមិអ្នកស្រីនិងពលរដ្ឋបានយល់ដឹងច្រើនពីការថែទាំសុខភាព និងជៀសផុតបញ្ហាបានច្រើនពេលសម្រាលកូន។អ្នកស្រី តោន ប្លោញ ៖អ្នកទ្រទ្រង់សុខភាពភូមិបានអប់រំប្រជាពលរដ្ធ ឲ្យទៅពេទ្យសម្រាលកូននៅពេទ្យ ដើម្បីឲ្យជួយបានទាន់ពេលវេលាហើយនៅពេទ្យមានថ្នាំសម្រាប់ព្យាបាលអ្នកជំងឺ មានសេរ៉ូមដាក់ឲ្យអ្នកសម្រាលកូន មានឧបករណ៍គ្រប់គ្រាន់  ពិនិត្យសុខភាពនៅពេទ្យ។និងរុញឲ្យប្រជាពលឲ្យទៅពិនិត្យសុខភាពពេលមានផ្ទៃពោះរាល់ខែកុំឲ្យខកខាន និងអប់រំកុំឲ្យឆ្លងទន្លនៅផ្ទះខ្លាចមានគ្រោះថ្នាក់អ្វីផ្សេងៗផងដែរ

តាមសម្ដីរបស់អ្នកស្រី សានឿន មួន ក្រោយពេលដែលមានអ្នកទ្រទ្រង់សុខភាពភូមិ អ្នកស្រីសង្កេតឃើញមានការផ្លាស់ប្ដូរជាវិជ្ជមានជាងមុន និងបានយល់ដឹងអំពីសុខភាព កាត់បន្ថយការសម្រាលកូននៅតាមផ្ទះឬឆ្មប់បុរាណបានជាអតិបរមា៕

 

អត្ថបទខ្លីសរសេរដោយ កញ្ញា រម៉ាស់ រស្មី និង កញ្ញា ឃ្វិះ ផលឡា សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយឧបត្ថម្ភពី ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និង កិច្ចសហប្រតិបត្តិការ (SDC) ជាមួយនិងស្ថានទូតស៊ុយអែតប្រចាំកម្ពុជា តាមរយៈអង្គការ BBC Media Action៕

 

 

Share

ព័ត៌មានទាក់ទង

Image