កញ្ញា ញឹប គន្ធា និស្សិតឆ្នាំទី១ ផ្នែកទេសចរណ៍ និងជាអ្នកលក់ទឹកអំពៅនៅតំបន់អង្គរ។ ShayChanthy/WMC
ដោយសារតែទីតាំងកន្លែងធ្វើការនៅឆ្ងាយពីសាកលវិទ្យាល័យដែលខ្លួនកំពុងសិក្សានៅក្រុងសៀមរាប ខេត្តសៀមរាប យុវតីមួយរូបសម្រេចចិត្តឈប់ធ្វើការ ហើយបានងាកមកបង្កើតមុខរបរតូចមួយ ដើម្បីផ្គត់ផ្គង់ការសិក្សារៀនសូត្រដោយខ្លួនឯង និងជួយសម្រាលបន្ទុកឪពុកម្ដាយផងដែរ។
កញ្ញា ញឹប គន្ធា ជានិស្សិតផ្នែកទេសចរណ៍ ឆ្នាំទី១ នៅសាកលវិទ្យាល័យមួយ នៅក្រុងសៀមរាប បានងាកមកចាប់អាជីព ជាអ្នកលក់ទឹកអំពៅនៅភូមិគោកតាចាន់ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។
និស្សិតឆ្នាំទី១ រូបនេះ បានប្រាប់វិទ្យុស្ត្រីថា ពីមុនកញ្ញាធ្វើការនៅសណ្ធាគារមួយ ប៉ុន្តែមានផលវិបាកមួយចំនួនដូចជា ត្រូវធ្វើដំណើរប្រើរយៈពេលយូរ ព្រោះសាកលវិទ្យាល័យ និងកន្លែងធ្វើការនៅទិសដៅខុសគ្នា និងឆ្ងាយពីគ្នា។ មួយវិញទៀត ការងារនៅដែលកញ្ញាធ្លាប់ធ្វើគឺធ្វើនៅពេលយប់ ដែលមិនអាចឱ្យកញ្ញានៅបន្តធ្វើទៀតឡើយព្រោះនាំឱ្យមានការប៉ះពាល់ដល់ការសិក្សារៀនសូត្រ។ គន្ធាបន្តថា កញ្ញាអាចលក់ពីព្រឹកដល់ម៉ោង៥ល្ងាច មុននឹង រៀបចំខ្លួនទៅសិក្សានៅសាកលវិទ្យាល័យ ដែលមានចម្ងាយប្រមាណជិត១០គីឡូម៉ែត្រ។
សម្រាប់មុខរបរលក់ទឹកអំពៅនេះ គឺត្រូវចំណាយដើមទុនលើធុង និងម៉ាស៊ីនកិនអំពៅ សម្ភារៈប្រើប្រាស់មួយចំនួន និងទឹកកក។ ចំណែកអំពៅ គឺឪពុកម្ដាយរបស់គន្ធាដាំដោយខ្លួនឯងតាមបែបធម្មជាតិសរីរាង្គ នៅលើដីរុនតាឯក ហើយបានដឹកមកលក់នៅភូមិគោកតាចាន់ សង្កាត់គោកចក ដែនដីអង្គរនេះ៕
អត្ថបទខ្លីសរសេរដោយ កញ្ញា សៃ ចន្ធី សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយឧបត្ថម្ភពី ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និង កិច្ចសហប្រតិបត្តិការ (SDC) ជាមួយនិងស្ថានទូតស៊ុយអែតប្រចាំកម្ពុជា តាមរយៈអង្គការ BBC Media Action៕