សលាកបត្រព័ត៌មានរបស់មជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា CCHR ដែលបានចេញផ្សាយកាលថ្ងៃទី៨ ខែកុម្ភៈម្សិលមិញ បានលើកឡើងថា ការបង្ក្រាបទៅលើអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក (Facebook) មានការកើនឡើង ហើយចំនួនករណីខ្លះ ក៏ត្រូវអាជ្ញាធរកំណត់មុខសញ្ញាផងដែរ។ CCHR បានបង្ហាញការព្រួយរម្ភថា ការបង្ក្រាបនេះ នឹងគំរាមកំហែងដល់ដំណើរការលទ្ធិប្រជាធិបតេយ្យក្នុងបរិយាកាសសេរី និងបើកចំហនៅកម្ពុជា។ កញ្ញា ឆេង ណាតា រាយការព័ត៌មាននេះ៖
នៅប៉ុន្មានខែចុងក្រោយនេះ អ្នកប្រើប្រាស់អ៊ិនធឺណេត ជាច្រើននាក់នៅក្នុង ប្រទេសកម្ពុជាកំពុងស្ថិតក្នុងការឃុំខ្លួន និងរងការចោទប្រកាន់ពី បទព្រហ្មទណ្ឌ ដោយសារការបញ្ចេញមតិយោបល់នៅលើបណ្តាញអ៊ីនធឺណេត។ នេះបើតាមការចេញផ្សាយសលាកបត្រព័ត៌មានរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា កាលពីថ្ងៃទី០៨ ខែកុម្ភៈ ម្សិលមិញ។
សលាកបត្រព័ត៌មានរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានចាត់ទុកថា ហ្វេសប៊ុកគឺជាសមរភូមិថ្មី សម្រាប់សេរីភាពនៃការបញ្ចេញមតិនៅកម្ពុជា ក្រោយពីមនុស្ស៧នាក់ យ៉ាងហោចណាស់ ត្រូវបានចាប់ខ្លួន និង២៤នាក់ផ្សេងទៀត រងការគម្រាបកំហែង ដោយសារបង្ហោះសារ ឬបញ្ចេញមតិ យោបល់តាមបណ្តាញអ៊ិនធឺណេត ចាប់តាំងពីខែ សីហា ឆ្នាំ២០១៥កន្លងមក។ ករណីដែលគួរឱ្យបារម្ភជាងគេ គឺពាក់ព័ន្ធនឹងការបង្ហោះសារ នៅលើគេហទំព័រហ្វេសប៊ុក របស់និស្សិតវ័យ ២៥ ឆ្នាំ ម្នាក់ ឈ្មោះគង់ រ៉ៃយ៉ា ដែលបានអំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជាចូលរួម បដិវត្តន៍ ពណ៌ កាលពីខែ សីហា។
ជុំវិញបញ្ហានេះលោក ប៉ា ងួនទៀង ប្រធានមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានកត់សម្គាល់ថា រយៈពេលចុងក្រោយនេះ ខណៈដែលលោកនាយករដ្ឋមន្ត្រី ចាប់ផ្តើមសកម្មនៅក្នុងការប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ឃើញថា ការចាប់ខ្លួនអ្នកបញ្ចេញមតិមានការកើនឡើង។ លោកមានប្រសាសន៍ ទៀតថា ការចាប់ខ្លួន និងការគម្រាមគំហែង ពិតជាធ្វើឱ្យអ្នកប្រើប្រាស់អ៊ីនធឺណេតមួយចំនួនមានការខ្លាចរអា ក្នុងការបញ្ចេញមតិ។
លោក ប៉ា ងួនទៀង បានបន្ថែមថា ការបង្ក្រាបមិនមែនជាដំណោះស្រាយនោះទេ រដ្ឋាភិបាល គួរតែប្តូរពីរបៀបគ្រប់គ្រងបែបគម្រាមកំហែង មកជាការគ្រប់គ្រងតាមរយៈការអប់រំ ណែនាំប្រសើរជាង។
ក្រៅការបង្ក្រាបដោយការចាប់ខ្លួន មជ្ឈមមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានលើកឡើងទៀតថា ចំនួនករណីដែលអ្នកប្រើប្រាស់បណ្តាញសង្គម ត្រូវបានអាជ្ញាធរកំណត់មុខសញ្ញា មានការកើនឡើងកាន់តែច្រើន នៅរយៈពេលប៉ុន្មានខែចុងក្រោយនេះ។
បើតាមមជ្ឈមមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកដែលត្រូវបានអាជ្ញាធរកំណត់មុខសញ្ញារួមមាន នារីម្នាក់ដែលបានបង្ហោះសារ ដោយលើកឡើងថា សម្តេចហ៊ុន សែនបានទទួលមរណៈភាពបន្ទាប់ពីត្រូវបណ្តាសារ ត្រូវបានឃាត់ខ្លួន និងសួរចម្លើយរយៈពេលមួយថ្ងៃ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦។ ឈ្មោះ ឆាំ ចាន់នី ត្រូវបាន លោក ហ៊ុន ម៉ានី កូនប្រុសសម្តេចហ៊ុន សែន ដាក់ពាក្យបណ្តឹងទៅកាន់អគ្គស្នងការនគរបាលជាតិ ដោយចោទប្រកាន់ថា បានបរិហារកេរ្តិ៍រូបលោក និងម្តាយថាមានពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ។ ចំណែក និស្សិតស្រីម្នាក់ទៀត ដែលជាអតីតនិស្សិតសាកលវិទ្យាខេមរៈ ត្រូវបានលោកសុខ ទូចគម្រាមប្តឹងផងដែរ ពីបទបរិហាកេរ្តិ៍ដែលបានបង្ហោះសាររិះគន់ថា សាកលវិទ្យាល័យបានទាមទារឱ្យមានការបង់ថ្លៃផ្សេងៗ ជាច្រើន៕