en     km
en     km

សមាគមIDEA ស្នើឱ្យ ស្ថាប័នរដ្ឋសិក្សាបញ្ចុះតម្លៃលើកញ្ចប់ប.ស.ស លក្ខណៈគ្រួសារ

Share

 

ភ្នំពេញ៖ អគ្គនាយកនិយ័តករសន្តិសុខសង្គម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញមោទកភាពថា កំណើននៃការប្រើប្រាស់ បណ្ណ ប.ស.ស ក្នុងការថែទាំសុខភាព ក្នុងរយៈពេលជាង៣ឆ្នាំចុងក្រោយនេះមានការកើនឡើងជាបន្តបន្ទាប់ ដោយការជឿទុកចិត្តពីពលរដ្ឋ។ ទន្ទឹមនេះ ប្រធានសមាគមIDEA ស្នើសុំឱ្យ និយ័តករ និងប.ស.ស បញ្ចុះតម្លៃលើកញ្ចប់គ្រួសារ។ អ្នកស្រីវ៉ាយ វត្តីជូនសេចក្តីរាយការណ៍

លោក ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គនាយកនៃនិយ័តករសន្តិសុខសង្គម បានឱ្យដឹងថា និយ័តករសង្គមរបស់លោក បានចូលរួមជាមួយគ្រប់តួអង្គពាក់ព័ន្ធ រួមទាំងប្រតិបត្តិករផងដែរ ដូចជា ប.ស.ស ក្នុងការពង្រឹងគុណភាពនៃការផ្តល់សេវាសុខាភិបាល​សម្រាប់មូលដា្ឋន សុខាភិបាលឯកជន ដែលចូលរួមចំណែកជាដៃគូមួយនៅក្នុងប្រព័ន្ធ ប.ស.ស។ លោក ចន ណារិទ្ធ ក៏បានលើកឡើងផងដែរអំពី កំណើននៃការប្រើប្រាស់ បណ្ណ ប.ស.ស ក្នុងការថែទាំសុខភាព ក្នុងរយៈពេលជាង៣ឆ្នាំចុងក្រោយនេះមានការកើនឡើងជាបន្តបន្ទាប់។

សំឡេង៖«និយ័តករសង្គមចូលរួមជាមួយគ្រប់តួអង្គពាក់ព័ន្ធ រួមទាំងប្រតិបត្តិករផង ពោលគឺប.ស.សបានធ្វើក្នុងពេលបច្ចុប្បន្ននេះ គឺការពង្រឹងគុណភាពនៃការផ្តល់សេវាសុខាភិបាលសម្រាប់មូលដ្ឋានសុខាភិបាលឯកជន ដែលចូលរួមចំណែកជាដៃគូនៅក្នុងប្រព័ន្ធប.ស.ស»។

លោកលើកឡើងបែបនេះក្នុងពិធីបើកវេទិកាស្តីពីសារៈសំខាន់នៃការធ្វើនិយ័តកម្មក្នុងការពង្រឹងប្រព័ន្ធសន្តិសុខសង្គមប្រកបដោយគណនេយ្យភាព និងបរិយាប័ន្ន ដែលបានរៀបចំឡើងដោយអង្គការអុកស្វាម កាលពីថ្ងៃទី១៦ខែសីហា ឆ្នាំ២០២៤។

​ក្នុងឱកាសនោះលោក វ៉ន ពៅ ប្រធានសមាគមឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ IDEA បានបង្ហាញការកត់សម្គាល់ថា ពេទ្យដែលជាទីទុកចិត្តភាគច្រើនមានតែនៅរាជធានីភ្នំពេញប៉ុណ្ណោះ ដូចជា ពេទ្យរុស្សី ពេទ្យកាល់ម៉ែត្រ  ពេទ្យលោកសង្ឃ ពេទ្យអង្គឌួង ​​​ជាដើម គឺជាពេទ្យដែលមានឧបករណ៍ទំនើប​ដែលប្រជាពលរដ្ឋមានការទុកចិត្ត ហើយអ្នកមានប័ណ្ណ ប.ស.ស ក៏ទុកចិត្តដែរ ប៉ុន្តែនៅតំបន់ផ្សេងៗហាក់នៅខ្វះខាតឧបករណ៍បរិក្ខានៅឡើយ។

លោក វ៉ន ពៅ ៖« ក្នុងឱកាសនេះខ្ញុំសុំសំណូមទៅខាងនិយ័ត្នករ ក៏ដូចជាបេឡាជាតិសន្តិសុខសង្គម ពិនិត្យមើលឡើងវិញ ​បន្ថែមទៀត ទាក់ទងសេវាសុខាភិបាលត្រូវធ្វើយ៉ាងណាឱ្យខិតជិតទៅដល់ប្រជាពលរដ្ឋ ដូចជានៅតាមបណ្តាខេត្តគួររៀបចំប្រព័ន្ធមន្ទីរពេទ្យឱ្យមានឧបករណ៍ទំនើបៗដូចរាជធានីភ្នំពេញដែរ ​​​​​​​គួរពង្រីកនៅតាម​សេវាប.ស.ស ជាពិសេសសេវាមន្ទីរពេទ្យនៅតា​​​​​​មខេត្ត តាមស្រុក​​ ឱ្យមានឧករណ៍ទំនើបៗដើម្បីធានាសេចក្តីត្រូវការរបស់អ្នកមានប័ណ្ណប.ស.ស​ ដើម្បីទទួលសេវាឱ្យគាត់ទុកចិត្ត»។

បន្ថែមពីលើនេះលោក វ៉ន ពៅ ក៏បានស្នើដល់ និយ័ករសង្គម និងបេឡាជាតិសន្តិសុខសង្គម ពិនិត្យមើលលើកញ្ចប់គ្រួសារ ប.ស.ស  បញ្ចុះតម្លៃខ្លះៗឱ្យកូនដែលក្នុងបន្ទុក ព្រោះឪពុកម្តាយបានបង់ថ្លៃ ប.ស.ស ចំនួន១៥,៦០០រៀលហើយ រដ្ឋគួរពិចារណាដើម្បីឱ្យអ្នកមានកូនច្រើនមានឱកាសទទួលបានរបបសន្តិសុខសង្គមផងដែរ ដោយការសម្រួលតម្លៃ។

លោក​ វ៉ន ពៅ ៖« និយ័ករ ទាំងអគ្គនាយកបេឡាជាតិសន្តិសុខសង្គម ពិនិត្យទៅមើលលើកញ្ចប់គ្រួសារសូមឱ្យកូនៗដែលនៅក្នុងបន្ទុកគួរតែចុះថ្លៃខ្លះទៅ ព្រោះឪពុកម្តាយដែលចុះ(ចុះឈ្មោះប.ស.ស)បានបង់របបថែទាំសុខភាព១៥៦០០រៀលហើយ ប៉ុន្តែកូនម្នាក់ៗត្រូវបង់១៥៦០០រៀល ដូចឪពុកម្តាយដែរ អ៊ីចឹងខ្ញុំសំណូមពរសម្រាប់កូនៗគួរតែចុះថ្លៃខ្លះទៅ ក្មេងៗតូចៗអត់ទាន់ចេះរក​​ប្រាក់ចំណូលបានទេ។ សូម្បីធានារ៉ាប់រងឯកជនបង់គ្រួសារក៏មានចុះភាគរយដែរ ដូច្នេះរដ្ឋគួរពិចារណាដើម្បីឱ្យអ្នកមានកូនច្រើនមានឱកាសទទួលបានរបបសន្តិសុខសង្គមផង»។

លោក តាន់ វិសាល​ តំណាងអង្គការអុកស្វាម បានមើលឃើញនូវចំណុចអាទិភាពមួយចំនួនដែលទាមទារឱ្យបង្កើនកិច្ចសហការ បន្ថែមរវាងភាគីពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណាឱ្យប្រព័ន្ធគាំពារសង្គមទាំងមូល ឬប្រព័ន្ធសន្តិសុខសង្គម នៅកម្ពុជាកាន់តែអាចពង្រីកការគ្របដណ្តប់កាន់តែប្រសើរប្រកបដោយបរិយាន្ន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ប្រព័ន្ធគាំពារសង្គមជារួមក្នុងនោះមាន ជំនួយសង្គម មូលនិធិសមធម៌ សុខាភិបាល ដែលស្ថិតនៅក្នុងប្រព័ន្ធរួមគ្នានេះ បច្ចុប្បន្នមានសមាជិកប្រមាណជាង៧លាននាក់ ក្នុងចំណោមប្រជាជនប្រមាណ១៧លាននាក់ ដែលគិតជាភាគរយស្មើនឹង៤២ភាគរយ៕

រូបភាពពី ប.ស.ស

ប្រភពរូបភាព៖អង្គការអុកស្វាម

Share

ព័ត៌មានទាក់ទង

Image