en     km
en     km

កំពង់ធំ៖សហគមន៍កសិកម្មឃុំត្រពាំងឫស្សីកាក់កបជាមួយការផលិតពូជស្រូវខណៈមានមន្រ្តីកសិកម្មជួយជ្រោមជ្រែង

Share

ខេត្តកំពង់ធំ៖ ប្រជាកសិករជាសមាជិកក្នុងសហគមន៍កសិកម្មឃុំត្រពាំងឫស្សីខេត្តកំពង់ធំសព្វថ្ងៃ បាននិងកំពុងរីកចម្រើនក្នុងការងារផលិតគ្រប់ពូជស្រូវសុទ្ធលក់លើទីផ្សារក្នុងស្រុក ដែលធ្វើឱ្យជីវភាពគ្រួសាររបស់កសិករបានល្អប្រសើរមួយកម្រិត។  ប៉ុន្តែទម្រាំអាចផលិតគ្រប់ពូជស្រូវមានគុណភាពសុទ្ធល្អ វាយយកទីផ្សារបានច្រើនដូចសព្វថ្ងៃនេះ សហគមន៍កសិកម្មឃុំត្រពាំងឫស្សី បានឆ្លងការបណ្តុះបណ្តាលនិងចង្អុលបង្ហាញបច្ចេកទេសជាច្រើនពីមន្រ្តីជំនាញផ្នែកកសិកម្មរបស់មន្ទីរកសិកម្មខេត្តនិងអ្នកជំនាញពីដៃគូអភិវឌ្ឍន៍នានា។

ការស្ទូងស្រូវប្រើខ្សែដាក់បន្ទាត់ជាជួររបស់កសិករទទួលទិន្នផលល្អ។រូបភាពពី សៅ ស៊ីណា។

ចាប់ផ្តើមផលិតគ្រាប់ពូជលក់ដំបូង គឺនៅឆ្នាំ២០១២ សហគមន៍ឃុំត្រពាំងឫស្សីគ្រានោះមានតែកសិករជាសមាជិកត្រឹមតែ១៨គ្រួសារប៉ុណ្ណោះ ដែលសាកល្បងបណ្តុះគ្រាប់ពូជសុទ្ធលើផ្ទៃដីតែប្រមាណ ២ ហិកតា។ ប៉ុន្តែដោយសារគ្រាប់ពូជសុទ្ធពីសហគមន៍កសិកម្មឃុំត្រពាំងឫស្សី ខេត្តកំពង់ធំមានគុណភាពល្អ និងមានតម្រូវការខ្ពស់ពីអតិថជនហេតុដូច្នេះហើយ បច្ចុប្បន្ននេះសហគមន៍បានបង្កើនផ្ទៃដីបណ្តុះដល់ជាង៥០ហិកតាចំណែកសមាជិកកើនដល់ ៤៣ គ្រួសារដោយអាចផលិតគ្រាប់ពូជស្រូវបានចន្លោះពី១៣០ តោន ដល់១៥០តោនក្នុងមួយឆ្នាំៗ។ នេះបើតាមការបញ្ជាក់ពីលោក ឌិន សាខន ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មឃុំត្រពាំងឬស្សី ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ទិដ្ឋភាពកសិករដកសំណាបក្នុងសហគមន៍ឃុំត្រពាំងឫស្សី។រូបភាពពី សៅ ស៊ីណា។

លោកប្រធានក្រុមប្រឹក្សាភិបាលរូបនេះបញ្ជាក់ទៀតថា បច្ចុប្បន្នគ្រាប់ពូជស្រូវពីសហគមន៍កសិកម្មឃុំត្រពាំងឫស្សីទទួលបានការគាំទ្រពីអតិថជនជាច្រើនតាមបណ្តាលខេត្តក្នុងនោះមានខេត្តកំពង់ឆ្នាំង ព្រះវិហារ បាត់ដំបង និងខេត្តកំពង់ធំផ្ទាល់តែម្តង។ លោកថា គ្រាប់ពូជពីសហគមន៍កសិកម្មឃុំត្រពាំងឫស្សីមានគុណភាពល្អមានវិញ្ញាប័ត្រប័ណ្ណស្តង់ដាជាតិ ព្រោះបច្ចេកទេសផលិតកសិករធ្វើតាមក្បូន«ប្រព័ន្ធគ្រប់គ្រងពូជដំណាំ»ឬហៅកាត់ថា ប គ ព ដែលស្ទូងស្រូវប្រើខ្សែឱ្យរត់ត្រង់ជួរត្រឹមត្រូវ។ លោក ឌិន សាខន ប្រាប់បន្ថែមទៀតថា ការរីកចម្រើនរបស់ប្រជាកសិករក្នុងសហគមន៍ឃុំត្រពាំងឫស្សីសព្វថ្ងៃក៏ដោយសារការយកចិត្តទុកដាក់ពីមន្រ្តីកសិកម្មនានាដែលបានជួយបង្ហាត់បង្ហាញ ហើយសហគមន៍គ្រងនឹងពង្រីកបន្ថែមទៀតលើផ្ទៃដីបណ្តុះពូជស្រូវដើម្បីផ្តត់ផ្គង់ទីផ្សារទាន់ពេលវេលា។

លោក ឌិន សាខន៖«ទៅថ្ងៃមុខសហគមន៍របស់យើងខ្ញុំមានបំណងចង់ពង្រីកសមាជិកផលិតនិងផ្ទៃផលិតបន្ថែមទៀតដើម្បីឱ្យគ្រប់ពូជមានចំនួនកាន់តែច្រើនផ្គត់ផ្គង់តម្រូវការទីផ្សារ។និយាយទៅយើងបានពង្រីកជារៀងរាល់ឆ្នាំហើយ ប៉ុន្តែតម្រូវការគ្រាប់ពូជរបស់យើងនៅខ្វះច្រើនណាស់។ និយាយរួមទៅយើងចង់បង្កើតមជ្ឈមណ្ឌលគ្រាប់ពូជមួយប្រចាំសហគមន៍កសិកម្មឃុំត្រពាំងឫស្សីតែម្តងនាថ្ងៃខាងមុខនេះ»។

ងាកមកសមាជិកសហគមន៍កសិកម្មត្រពាំងឫស្សីមួយរូបគឺអ្នកស្រី យឹម ណែត ប្រាប់សិក្ខាកាមវិទ្យុស្រ្តីប្រចាំខេត្តកំពង់ធំថា ចាប់តាំងពីអ្នកស្រីបានចូលជាសមាជិកសហគមន៍កសិកម្មមកអ្នកស្រីទទួលបានចំណេះជំនាញជាច្រើនពីបច្ចេកទេសផលិតគ្រាប់ពូជស្រូវតាមបច្ចេកទេស ប គ ព ដែលចំណាយទន់តិច ទទួលបានទិន្នផលច្រើនហើយមានគុណភាពល្អ។ ស្រ្តីកសិកររូបនេះពន្យល់ថា ការផលិតគ្រប់ពូជតាមបែប ប គ ព គឺភ្ជួររាស់រៀបចំដីត្រឹមត្រូវ ហើយការស្ទូងមានដាក់ខ្សែបន្ទាត់ស្ទូងត្រង់ជួរនិងមានគម្លាតប្រហែល ២ តឹងឬស្មើមួយចំអាមរាងបួនជ្រុង។ អ្នកស្រីបន្ថែមថា ការចូលជាសមាជិកសហគមន៍ គឺកសិករអាចទទួលបានអត្ថប្រយោជន៍ជាច្រើនមានទាំងបច្ចេកទេស និងមានទីផ្សារលក់បានតម្លៃសមរម្យមិនលំបាករកទីផ្សារដោយខ្លួនឯងដែលប្រឈមការបន្ទាបតម្លៃ។

អ្នកស្រី យឹម ណែត៖«មានភាពកក់ក្តៅឥឡូវ ព្រោះថាពីមុនចូលសហគមន៍យើងធ្វើបានយើងលក់តាមទីផ្សារឯណ្ណា ឯណ្ណី អ្នកណាមកទិញលក់ឱ្យអ្នកហ្នឹងទៅ មិនដឹងតម្លៃអីទេ គេឱ្យប៉ុន្មានលក់ប៉ុណ្ណឹងទៅ។ដល់ឥឡូវស្រួលយើងផលិតគ្រាប់ពូជបានសហគមន៍គាត់ទិញយកពីកសិករវិញក្នុងតម្លៃសមរម្យ គឺ២ពាន់រៀលក្នុងមួយគីឡូក្រាម ដោយពីមុនលក់បានតែមួយពាន់រៀល ឬប្រាំបី ប្រាំបួនរៀលតែប៉ុណ្ណោះក្នុងមួយគីឡូ»។

អ្នកស្រី យឹម ណែត អនុវត្តការស្ទូងស្រូវតាមបែប ប ព គ ទទួលបានផលច្រើនលើសការរំពឹងទុក។រូបភាពពី សៅ ស៊ីណា។

សម្រាប់ទិន្នផលអនុវត្តតាមក្បួនបច្ចេកទេសស្ទូងស្រូវជាជួរៗមួយដើមៗចន្លោះ ២ តឹងបែបនេះ លោក សេង វន កសិករមួយរូបទៀតក្នុងសហគមន៍និយាយថា ការផលិតគ្រាប់ពូជតាមបច្ចេកទេស ប គ ព គឺទទួលទិន្នផលលើសពាក់កណ្តាលបើធៀបនឹងការធ្វើតាមទម្លាប់ធម្មតា។ លោកបន្ថែមថា សម្រាប់ស្រូវផ្ការំដួលអាចទទួលផលដល់ ៤ តោនឯណ្ណោះក្នុងដីមួយហិកតា តែបើស្ទូងធម្មតាតាមទម្លាប់គ្មានបច្ចេកទេស បានផលតែជាង ២ តោនតែប៉ុណ្ណោះ។

ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ មន្រ្តីកសិកម្មជាអាទិភាពចម្បងបំផុតក្នុងការជួយជ្រោមជ្រែងនិងជំរុញដល់ប្រជាកសិករប្រឹងប្រែងបង្កើនការដាំដុះដំណាំនិងការចិញ្ចឹមសត្វ ធានាធ្វើយ៉ាងណាឱ្យកសិករមានទំនុកចិត្តខ្ពស់ក្នុងការបង្កបង្កើនផល ពិសេសជីវភាពគ្រួសារកសិករមានភាពល្អប្រសើរ។

សកម្មភាពកសិករខេត្តកំពង់ធំចុះមកស្ទូវស្រូវជាជួរដើម្បីទទួលបានទិន្នផលខ្ពស់។រូបភាពពី សៅ ស៊ីណា។

តាមរយៈគោលនយោបាយលើកស្ទួយវិស័យកសិកម្មនេះ មន្រ្តីកសិកម្មវ័យក្មេងបាននិងកំពុងបំពេញការងាររបស់ខ្លួននៅតាមមូលដ្ឋាន ពោលគឺប្រៀបដូចជាទីប្រឹក្សារបស់កសិករលើផ្នែកស្មារតី និងបច្ចេកទេសផ្សេងៗ។ ចំពោះមន្រ្តីកសិកម្មឃុំស្ថិតក្នុងឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ វិញមានតួនាទីចម្បងៗចំនួន ៥ ក្នុងនាមជាមន្រ្តីកសិកម្មក្នុងនោះរួមមាន៖ ទី១/ កំណត់បញ្ហាប្រឈមរបស់កសិករតាមស្ថានភាពតំបន់។ទី២/រាយការណ៍បញ្ហាប្រឈមរបស់កសិករតាមឋានានុក្រម។ទី៣/ដោះស្រាយតាមការដាក់ចេញនូវដំណោះស្រាយជូនកសិករ។ទី៤/មានតួនាទីពង្រឹងសហគមន៍កសិកម្មទៅកាន់ទីផ្សារ។និងទី៥/មានតួនាទីប្រមូលសិត្ថិកសិកម្មក្នុងមូលដ្ឋានផ្ទាល់។

ទិដ្ឋភាពកសិករដកសំណាបក្នុងសហគមន៍ឃុំត្រពាំងឫស្សី។រូបភាពពី សៅ ស៊ីណា។

កញ្ញា គ្រីប ដាវី មន្ត្រីកសិកម្មឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ សម្តែងក្តីរីករាយនៅពេលឃើញកសិករអនុវត្តការស្ទូងស្រូវជាជួរបែបនេះ ពីព្រោះការធ្វើបែបនេះកសិករអាចងាយស្រួយគ្រប់គ្រងកត្តាចង្រៃហើយទិន្នផលក៏បានខ្ពស់។ កញ្ញាថា បច្ចេកទេស ប គ ព នេះអាចបន្សុទ្ធស្រូវពូជដែលមានគុណភាពល្អ ហើយកសិករដែលទទួលទិញយកទៅដាំក៏ទទួលបានផលខ្ពស់ផងដែរ។

កញ្ញា គ្រីប ដាវី៖«គោលបំណងដែលយើងស្ទូងស្រូវបែបនេះ គឺដើម្បីងាយស្រួលគ្រប់គ្រងលើកត្តាចង្រៃ កាលណាដែលយើងស្ទូងតាមលក្ខណៈបច្ចេកទេសនិងជួរល្អ មិនសូវញឹកនោះក៏មិនសូវមានបញ្ហាសត្វល្អិតបំផ្លាញដែរ។ថ្ងៃនេះខ្ញុំមានសេចក្តីរីករាយដែលបានចូលរួមអនុវត្តនៃការស្ទូងស្រូវដើម្បីផលិតពូជសុទ្ធរបស់កសិករឱ្យទទួលបាននូវទិន្នផលល្អក៏ដូចជាពូជសុទ្ធល្អដែលអាចចែកចាយទៅកាន់កសិករដទៃទៀត»។

សកម្មភាពកសិករខេត្តកំពង់ធំចុះមកស្ទូវស្រូវជាជួរដើម្បីទទួលបានទិន្នផលខ្ពស់។រូបភាពពី សៅ ស៊ីណា។

តាមការឱ្យដឹងពីប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មឃុំត្រពាំងឫស្សីឱ្យដឹងថា សហគមន៍ឃុំត្រពាំងឫស្សីបានបង្កើតឡើងនៅឆ្នាំ២០១០ ហើយចាប់ផ្តើមផលិតគ្រាប់ពូជស្រូវសុទ្ធលក់ចែកចាយកាលពីឆ្នាំ២០១២ ដោយទទួលបានជំនួយគាំទ្រផ្នែកបច្ចេកទេសពីកម្មវិធីកម្ពុជាហាសវ៉េស៕

អត្ថបទខ្លីសរសេរដោយ  សៅ ស៊ីណា សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន និងការថតរូប រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)។

 

Share

ព័ត៌មានទាក់ទង

Image