ភ្នំពេញ៖ បុរសម្នាក់ទៀតហើយ បានបាត់បង់ជីវិតដោយសារផ្ទុះគ្រាប់មីនតោនខណៈកំពុងបើកត្រាក់ទ័រភ្ជួរស្រែនៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង កាលពីល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤។ ចំពោះមុខហេតុការណ៍នេះ អ្នកនាំពាក្យអាជ្ញាធរមីនកម្ពុជា បន្តក្រើនរំលឹកដល់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រាប់មិនទាន់ផ្ទុះ ពិសេសនៅរដូវវស្សាដែលគ្រាប់មីនអាចបម្លាស់ទីតាមកម្លាំងទឹកភ្លៀង។
(កញ្ញា កែវ សុជាតា រាយការណ៍)
បុរសជនរងគ្រោះដែលបានបាត់បង់អាយុជីវិតក្នុងករណីផ្ទុះគ្រាប់មីនតោនមានឈ្មោះ វ៉ាត សាវុន មានអាយុ២៣ឆ្នាំ និងមានទីលំនៅក្នុងភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ អាជ្ញាធរមីនបានឱ្យដឹងថា ហេតុការណ៍នេះ កើតឡើងនៅចំណុចដីស្រែមួយកន្លែងស្ថិតនៅក្នុងភូមិជីប៉ាង ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ខណៈបុរសរងគ្រោះខាងលើកំពុងបើកត្រាក់ទ័រភ្ជួរដីនៅទីតាំងស្រែរបស់ខ្លួន។ ក៏ប៉ុន្តែជាអកុសល ត្រាក់ទ័របានបរទៅកិនលើមីនតោនដែលបណ្តាលឱ្យមីនផ្ទុះភ្លាមៗ និងបានឆក់យកជីវិតជនរងគ្រោះនៅនឹងកន្លែងកើតហេតុ ខណៈត្រាក់ទ័រក៏ខូចខាតទាំងស្រុងផងដែរ។ នេះបើតាមការបង្ហោះព័ត៌មាននៅលើទំព័រហ្វេសប៊ុករបស់CMAC។
រូបភាព៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)
បន្ថែមលើករណីនេះលោក ឡាង កុសល អ្នកនាំពាក្យអាជ្ញាធរមីនកម្ពុជាប្រាប់អ្នកយកព័ត៌មានវិទ្យុស្រ្តីនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤នេះថា តំបន់ដែលផ្ទុះមីនតោននេះ មិនស្ថិតក្រោមតំបន់ដែលដាក់បម្រាមពីការផ្ទុះមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅឡើយទេ ដូច្នេះហេតុស្លាប់បាត់បង់ជីវិតនេះមន្រ្តីចាត់ទុកជាករណីកើតឡើងជាយថាហេតុ។ លោក ឡាង កុសល បញ្ជាក់ដែរថា បច្ចុប្បន្នអាជ្ញាធរបានចុះទៅទីតាំងកើតហេតុដើម្បីធ្វើកុសលវិច្ឆ័យ និងសិក្សាស្រាវជ្រាវបន្ថែមជុំវិញករណីនេះ ថាតើតំបន់ខាងលើនៅមានសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះទៀតឬទេ ដើម្បីវាយតម្លៃរៀបចំអ្នកជំនាញចុះដោះនិងបន្សាបមីននៅក្នុងសហគមន៍នោះ។
រូបភាព៖ ឡាង កុសល អ្នកនាំពាក្យអាជ្ញាធរមីន
«សម្រាប់ករណីនេះ យើងបានធ្វើការសិក្សានិងស្រាវជ្រាវហើយ ដោយក្រុមការងារអាជ្ញាធរមីនបានចុះទៅដល់ទីតាំងផ្ទាល់ដើម្បីប្រមូលនូវព័ត៌មានចាំបាច់មួយចំនួន។ ហើយទីតាំងដែលផ្ទុះហ្នឹងគឺស្ថិតនៅក្រៅតំបន់ដែលយើងបោសសម្អាតរួច មានន័យថាយើងអត់ទាន់បានកំណត់អត្តសញ្ញាណជាទឹកដី(ទីតាំង)មានមីន ដោយសារការសិក្សាពីមុនវាខ្វះព័ត៌មានអីផ្សេងៗអ៊ីចឹង។»។
ជាមួយគ្នានេះ អ្នកនាំពាក្យអាជ្ញាធរមីនកម្ពុជាលើកឡើងដែរថា នៅក្នុងរដូវវស្សានេះអាចបង្កជាជំនន់ទឹកភ្លៀង ដែលកម្លាំងទឹកអាចហូរនាំគ្រាប់មីនប្តូរទីតាំងទៅកាន់ទីតាំងសុវត្ថិភាពដែលអាជ្ញាធរពុំបានដាក់បម្រាម។ ចំពោះមុខបញ្ហានេះ លោក ឡាង កុសល ក្រើនរំលឹកឱ្យប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋរស់នៅក្បែរតំបន់មានមីន ឬមិនទាន់ដោះមីនបានទាំងស្រុង ត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ជាងមុនដើម្បីជៀសវាងគ្រោះថ្នាក់ជាយថាហេតុដោយប្រកាន់ណាមួយ។
រូបតំណាងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។ រូបភាព៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)
«យើងទាំងអស់គ្នាមានតែការប្រុងប្រយ័ត្នហើយហាមចូលតំបន់ណាដែលមានការសង្ស័យ និងតំបន់ដែលមិនទាន់កំណត់អត្តសញ្ញាណរួច។ ពីព្រោះថាការសិក្សាស្រាវជ្រាវចំការមីននេះ វាបានមួយផ្នែកដែលយើងអាចដឹង ហើយនិងផ្នែកមួយចំនួនតូចក៏យើងនៅមិនទាន់បានទទួលព័ត៌មានគ្រប់ជ្រុងជ្រោយនៅឡើយដែរ។ អ៊ីចឹងមានតែយើងប្រុងប្រយ័ត្នទាំងអស់គ្នាលើករណីហ្នឹង។»។
គួរបញ្ជាក់ដែរថា មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ក្នុងខ្លឹមសារដាស់តឿនចំពោះប្រជាពលរដ្ឋទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្នពេលធ្វើដំណើរ ព្រោះគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្រ្គាមអាចនឹងហូរតាមទឹក ឬផុសចេញពីដីដែលបានកប់ជាច្រើនឆ្នាំ ពិសេសកុំប៉ះពាល់គ្រាប់មីនទាំងនោះដោយផ្ទាល់និងដាក់សញ្ញាសម្គាល់ ឬរាយការណ៍មកអង្គភាពស៊ីម៉ាក់ ប្រសិនបើប្រទះឃើញគ្រាប់មីនហូរតាមទឹកទាំងនោះ។
រូបតំណាងការដោះនិងបន្សាយុទ្ធភណ្ឌមិនទាន់ផ្ទុះ។ រូបភាព៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)
លោក ឡាង កុសល អ្នកនាំពាក្យអាជ្ញាធរមីនបានឱ្យដឹងថា ចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៤នេះ មានជនរងគ្រោះដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះចំនួន ៣៧នាក់។ តួលេខនេះ មានការកើនឡើងចំនួន ៦១ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣ ដែលមានជនរងគ្រោះចំនួន ២៣នាក់។ ដោយរាប់បញ្ចូលទាំងករណីចុងក្រោយនេះ ចំនួនជនរងគ្រោះដោយសារតែយុទ្ធភណ្ឌបានកើនឡើងដល់ ៣៨នាក់សម្រាប់ឆ្នាំ២០២៤។ ក្នុងនោះ ជនរងគ្រោះដែលទទួលមរណៈភាពមានចំនួន ១០នាក់ របួសមានចំនួន ២១នាក់ និងមានពិការអវយវៈចំនួន ៧នាក់៕