en     km
en     km

ស្រី្តមួយក្រុមនៅតែមិនបោះបង់របរច្រូតស្មៅ ទោះបីមិនគ្រប់គ្រាន់ជីវភាពរស់នៅ

Share

ក្រុមស្រ្តីប្រកបមុខរបរច្រូតស្មៅលក់

ភ្នំពេញ៖ ក្នុងចំណោមសហគមន៍មួយដែលមានជាង១០គ្រួសារ គឺមានស្រ្តីប្រមាណ៨នាក់ហើយ ដែលប្រកបមុខរបរដើរចូ្រតស្មៅលក់ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ បើទោះបីជាមុខរបរនេះពេលខ្លះស្ទើរមិនអាចគ្រប់ថ្លៃហូបចុកយ៉ាងណាក៏ដោយ ក៏ស្រ្តីមួយចំនួននៅក្នុងភូមិព្រែក រទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅតែស៊ូនឹងមុខរបរមួយនេះ។ អ្នកស្រី វ៉ាយ វត្តី ជូនសេចក្តីរាយការណ៍

 

អ្នកស្រី អ៊ន ដានី ដែលប្រកបមុខរបរច្រូតស្មៅលក់ បានប្រាប់អ្នកយកព័ត៌មានវិទ្យុស្រ្តីថា បើទោះបីជាជួបការលំបាកច្រើនក្នុងការដើរច្រូតស្មៅ ប្រឈមនឹងសត្វមានពិសដូចជា ពស់ ក្អែប  ខណៈពេលចុះទៅច្រូតស្មៅក្នុងទឹកយ៉ាងណាក៏ដោយ តែបើអ្នកស្រីនៅតែភ័យខ្លាចសត្វទាំងនោះ ច្បាស់ជាគ្រួសារមិនមានអី្វហូបឡើយ។

អ្នកស្រី អ៊ន ដានី៖« ខ្ញុំច្រូតតាំងពីកូនបាន២ខែ កូនខ្ចី ​បើអត់ទៅកូនអត់ទឹកដោះគោកូនបៅ ក្នុងគ្រួសារអត់អីហូបឥឡូវហ្នឹង បើយើងអត់ស៊ូទៅ! ខ្ញុំចេះតែសុំគេច្រូត ដើម្បីគ្រួសារ យើងហូបរាល់ថ្ងៃជួនកាលផ្គត់ផ្គង់ហូបហ្នឹងមិនចង់គ្រប់ផង បើទៅថ្លៃខ្សែ និងសាំងអស់៨ទៅ៩ពាន់ហើយ យើងច្រូតម្ចាស់រ៉ុឺម៉កបាន១៦០០០រៀលហ្នឹង​»។

មុខរបរច្រូតស្មៅ បើមើលមួយភ្លែតគិតថាមិនចំណាយថ្លៃដើមទុននោះឡើយ តែផ្ទុយទៅវិញបើមើលឱ្យជ្រៅជាងនេះបន្តិច មុខរបរមួយនេះត្រូវមានការចំណាយដើមទុនខ្លះៗ ដូចជាថ្លៃទិញខ្សែចំណង ឬក៏ចាក់សាំងម៉ូតូរ៉ឺម៉កដែលយកទៅដឹកស្មៅទាំងនោះជាដើម។

អ្នកស្រី អ៊ន ដានី បានឱ្យដឹងបន្ថែមថា ក្នុងរដូវវស្សាបែបនេះ ការច្រូតស្មៅជួបការលំបាកជាងនៅក្នុងរដូវប្រាំង ព្រោះអ្នកទិញបន្តគេលក់មិនបានច្រើន អ្នកបញ្ជាទិញកំណត់ចំនួនដុំស្មៅឱ្យកាត់ត្រឹមតែ៥០ដុំក្នុងមួយថ្ងៃ ហើយក្នុង៥០ដុំនោះត្រូវចែកគ្នាច្រូត៣នាក់ ដូច្នេះក្នុងម្នាក់អាចច្រូតលក់បានតែ១០ ទៅ២០ដុំ។ ហើយចំនួននេះក៏មិនថេរដែរ គឺត្រូវច្រូតមួយថ្ងៃខានមួយថ្ងៃ ដោយសារ តែអ្នកទិញលក់បន្ត លក់មិនដាច់ គេក៏មិនមានលទ្ធភាពទិញស្ដុកទុកដែរ។

មិនមានមុខរបរអ្វីក្រៅពីច្រូតស្មៅនោះ បច្ចុប្បន្នស្ត្រីម្នាក់ទៀតដែលគេនិយមហៅឈ្មោះគាត់ថា អ្នកស្រី អ៊យ អាយុ៥៦ឆ្នាំ បានប្រាប់ឱ្យដឹងថា ឥឡូវនេះវាពិបាកលក់ស្មៅបន្តិចក្នុងរដូវវស្សានេះ ព្រោះស្មៅសម្បូរ អ្នកលក់ស្មៅហាក់ខ្សត់អតិថិជន ទាល់តែខែប្រាំងទើបលក់ស្មៅបានងាយស្រួលវិញ។ ក្នុងមួយថ្ងៃអ្នកស្រីទៅច្រូតជាមួយកូនក្មួយបានត្រឹមតែ២០បាច់ទេ ដោយសារតែអ្នកទិញបន្តកំណត់ចំនួនដុំស្មៅឱ្យកាត់ព្រោះឥឡូវវាពិបាកលក់។

អ្នកស្រី​ អ៊យ៖ « ក្នុងមួយថ្ងៃ២០បាច់ហ្នឹងច្រើនពេកផង ឥឡូវគេយកប៉ុណ្ណឹងជួនណាយក ជួនណាខាន ដោយសារអ្នកទិញលក់អត់ចេញ ពួកខ្ញុំលំបាកណាស់ ឥឡូវជីវភាពលំបាកមែនទែន ជួនកាលដាច់បាយក៏មាន តែធ្វើម៉េចបើរបរវាអ៊ីចឹង»

ជាស្រ្តីមេម៉ាយ រស់នៅជាមួយកូនប្រុសនៅលីវចំនួន៣នាក់ និងកូនស្រី៣នាក់ទៀតមានគ្រួសារហើយ អ្នកស្រី អ៊យ បានឱ្យដឹងបន្តថា អ្នកស្រីជួបការលំបាកក្នុងជីវភាព ខ្ចីលុយរាប់គេ ដើម្បីទិញម៉ូតូរ៉ឺម៉កដឹកស្មៅ តែត្រូវចោរលួច និងបានដាក់ពាក្យប្ដឹងនៅសង្កាត់ព្រែកកំពឹសដែរ តែមិនអាចរកឃើញ ហេតុនេះទើបធ្វើឱ្យជីវភាពអ្នកស្រីកាន់តែលំបាក។

អ្នកស្រី អ៊យ បានបញ្ជាក់បន្ថែមថា សព្វថ្ងៃនេះកូនប្រុសទាំងបីនៅលីវ ក៏នៅជាមួយអ្នកស្រី រីឯកូន ស្រី៣នាក់ទៀត ដែលមានគ្រួសារហើយ ក៏នៅផ្ទះតែមួយ ជាមួយនឹងអ្នកស្រីដែរ ព្រោះអ្នកស្រីមិនមានផ្ទះមានដីឯណាទៀត សម្រាប់ចែកឱ្យកូន មានតែដីមួយដុំហ្នឹង រស់នៅជុំជាមួយកូនទាំង៦នាក់ រួមទាំងកូនប្រសារ និងចៅផងដែរ។​ លើសពីនេះ កូនស្រី ដែលមានគ្រួសារហើយនោះ សុទ្ធតែមានជំងឺ ធ្វើការបណ្តើរឈឺបណ្តើរ កូនប្រសារធ្វើសំណង់ និងកូនប្រុសនៅលីវទាំង៣នាក់ ជួយរកស្មៅជាមួយអ្នកស្រី។

អ្នកស្រីអ៊យ៖ «ពិបាកណាស់ អូនអើយ រកដោយលំបាកលំបិន ពីមុនខ្ញុំខ្ចីលុយគេរាប់ឱ្យគេរាល់ថ្ងៃ មិនទាន់រួចឱ្យគេផង ដោយសារយករ៉ឺម៉កមកថារកទៅវាគ្រាន់បើបានកូន៣នាក់ទៅជួយរក ដល់ពេលស្មៅគេមិនសូវរកបាន ​នាំកូនទៅរកខ្យងលក់ អាល័យតែចូលទៅរកខ្យងចោរលួចរ៉ឺម៉កម៉ូតូបាត់ ខ្ញុំយំបោកខ្លួនដូចអកនៅកន្លែងជើងឯក នៀក ខ្ញុំស្រែរកអ្នកជួយ ខ្ញុំអត់មែនទែនខ្ញុំជំពាក់គេ ខ្ញុំនិយាយតាមត្រង់ អត់លាក់ទេ ខ្ញុំអត់មែន​ខ្ញុំខ្ចីគេ ជំពាក់គេទាល់ឥឡូវនៅរាប់នៅឡើយ»។

អ្នកស្រី អ៊យ បានឱ្យដឹងថា ទីតាំងដែលអ្នកស្រីចុះទៅច្រូតស្មៅមាននៅផ្លូវ៦០ម៉ែត្រ បឹងជើងឯក និងបឹងទំពុន ជាដើម។

ដោយឡែកសម្រាប់ស្ត្រីវ័យចំណាស់ម្នាក់ គឺអ្នកស្រី ព្រំ ខៃ ក្នុងជន្មាយុ៧៩ឆ្នាំទៅហើយនោះ ក៏នៅតែច្រូតស្មៅជាមួយចៅដែរ ដោយទទួលបានកម្រៃ ស្មៅមួយបាច់បានប្រាក់៧០០រៀល និងក្នុងមួយថ្ងៃគាត់ អាចរកប្រាក់បានពីចន្លោះ៧០០០រៀល ទៅ១ម៉ឺនរៀល។

ដូនចាស់ ព្រំ ខៃ៖« ខ្ញុំជួនកាលទៅជាមួយចៅ ថ្ងៃណាអត់ស្រួលនៅផ្ទះទៅ យើងទៅគ្រាន់បានតិចតួចដោះស្រាយ វាមិនច្រើនអីទេ បួនដប់ម្ភៃបាច់ថ្ងៃណាមានស្មៅខ្ញុំចេះតែទៅៗបើយើងធ្វើកើត យើងធ្វើទៅយើងចាស់ឱ្យវាចេញញើស​ ដើម្បីឱ្យវាស្រួលខ្លួន បើតាមធ្វើកូនគេមិនឱ្យធ្វើទេ ម៉ែចាស់ហើយ ណាមួយអាណិតកូន យើងជំពាក់លុយរដ្ឋអ៊ីចឹង ខ្ញុំគ្រាន់បានលុយមកជួយកូនទិញម្ហូប បានហូបអ៊ីចឹងទៅ​»។

ទាក់ទងនឹងការទិញស្មៅបន្តពីអ្នកដែលច្រូតស្មៅទាំងនោះ អ្នកស្រី ស បានឱ្យដឹងថា អ្នកស្រីដើរទិញស្មៅលក់ជាង១០ឆ្នាំហើយ បើខែប្រាំងគ្រាន់លក់ដាច់ តែបើខែវស្សាបែបនេះ លំបាកលក់ស្មៅព្រោះស្មៅសម្បូរ។ អ្នកស្រីបន្តថា ឆ្នាំនេះការលក់ស្មៅធ្លាក់ចុះខ្លាំង ដោយលក់មិនដាច់សល់ស្មៅរាល់ថ្ងៃ។​

អ្នកស្រីស៖« សម្រាប់ខែហ្នឹងអត់សូវដាច់ទេ ខែប្រាំងយើងអាចគ្រាន់បានជាងហ្នឹង ម៉ូយគាត់ដឹកទៅខេត្តកំពង់ស្ពឺ  តាកែវ និងកំពត ឥឡូវលក់ស្មៅបានតិចៗពី៥០០ទៅ៦០០រយ និងលក់រាយនៅនឹងកន្លែងស្មៅ១០០ដុំមិនចង់អស់ផង អត់មានអ្នកទិញស្ងាត់ជ្រៀប​ អ្នកម៉ូយកាត់ខែហ្នឹងគ្នាក៏គាត់លំបាកដែរ យើងឱ្យគាត់កាត់តិចៗ សម្រាប់ស្មៅខែនេះសំបូរ កន្លែងណាក៏មានដែរ គ្រាន់គាត់ត្រូវចំណាយចាក់សាំ​ង ទិញចំណីហូប និងខ្សែចង»។

អ្នកស្រី ស បានឱ្យដឹងទៀតថា ស្មៅដែលអ្នកស្រីទិញមានប្រភេទ ស្មៅបារាំង ស្មៅសំបុកមាន់ និងស្មៅជើងតុកែ ហើយខែនេះអ្នកទិញចូលចិត្តទិញស្មៅជើងតុកែ ព្រោះដើមរបស់វាមានសភាពទន់។ អ្នកស្រីបញ្ជាក់ថា ស្មៅក្រៅពីធ្វើជាចំណីឱ្យគោស៊ីហើយ វាក៏អាចធ្វើជាចំណី សេះ ពពែ ចៀម និងខ្លះទៀតធ្វើជាចំណីសម្រាប់មាន់ និងក្ងានស៊ីថែមទៀតផង៕

 

 

 

Share

ព័ត៌មានទាក់ទង

Image