en     km
en     km

ស្ត្រីជនជាតិដើមភាភតិចក្នុងខេត្តមណ្ឌលគិរីមួយចំនួនប្រើប្រាស់មធ្យោបាយពន្យារកំណើតជំរុញការថែទាំកូននិងកាត់បន្ថយភាពក្រីក្រ

Share

មណ្ឌលគិរី៖ មធ្យោបាយពន្យារកំណើតត្រូវបានស្រ្តីជនជាតិដើមភាគតិចព្នងនៅតំបន់ជនបទនៃខេត្តមណ្ឌលគិរីមួយចំនួនជ្រើសរើសប្រើប្រាស់ ដើម្បីមានពេលគ្រប់គ្រាន់ក្នុងការប្រកបការងារចិញ្ចឹមជីវិត និងមិនប្រឈមបញ្ហាសុខភាពច្រើន។ បើតាមកិច្ចសម្ភាសន៍រវាងក្រុមការងារវិទ្យុស្រ្តីជាមួយស្រ្តីជនជាតិដើមភាគតិចក្នុងភូមិស្រែធំ ឃុំសុខសាន្ដ ស្រុកកោះញែក ខេត្ដមណ្ឌលគិរី ពួកគេហាក់បោះបង់ទស្សនៈដែលថា«យកកូនច្រើនដើម្បីបានកម្លាំងជួយការងារ»ដោយងាកមកប្រើប្រាស់វិធីសាស្រ្តពន្យារកំណើត ព្រោះកូនច្រើនគ្មានពេលគ្រប់គ្រាន់ប្រកបការងារនិងមើលថែទាំកូនឱ្យបានល្អនោះទេ។

រាយការណ៍ដោយ កញ្ញា ឃ្វិះ ផលឡា

បច្ចុប្បន្នការប្រើវិធីពន្យារកំណើត ក្លាយជារឿងធម្មតាទៅហើយសម្រាប់ជនជាតិដើមភាគតិចព្នង ដ្បិតពួកគេកាន់តែយល់ដឹងពីភាពងាយស្រួលលើការចិញ្ចឹមបីបាច់ថែរក្សាកូន រវាងគ្រួសារដែលមានកូនច្រើន និងគ្រួសារដែលមានកូនតិច។ បើតាមការឱ្យដឹងពីពលរដ្ឋក្នុងភូមិស្រែធំ ឃុំសុខសាន្ដ ស្រុកកោះញែក ខេត្ដមណ្ឌលគិរី នៅអំឡុងឆ្នាំ២០០០ សហគមន៍ពុំទាន់យល់ដឹងពីសេវាពន្យារកំណើតនេះនៅឡើយ ខណៈគ្រានោះក្នុងភូមិពុំមានសាលារៀនផង។ ក៏ប៉ុន្តែបច្ចុប្បន្ននេះ ពលរដ្ឋក្នុងភូមិបានយល់ដឹងច្រើននិងបានប្រើប្រាស់ការពន្យារកំណើតបានច្រើនជាងមុន។

អ្នកស្រី ផ្លែន សាមិញ វ័យ២៦ឆ្នាំ ជាជាតិដើមភាគតិចព្នង រស់នៅភូមិស្រែធំ ឃុំសុខសាន្ដ ស្រុកកោះញែក ខេត្ដមណ្ឌលគិរី បានផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៍មានវិទ្យុស្ដ្រីថា អ្នកស្រីបានប្រើប្រាស់ថ្នាំពន្យារកំណើតយូរឆ្នាំមកហើយ។ មូលហេតុដែលអ្នកស្រីទទួលសេវាកម្មពន្យារកំណើតដូចនេះ ព្រោះអ្នកស្រីមិនចង់កូនញឹកពេក ព្រោះបាត់បង់ពេលធ្វើការងារ ខណៈជីវភាពក៏ប្រឈមការខ្វះខាតផង។ ស្រី្តជនជាតិដើមភាគតិចព្នងរូបនេះ បញ្ជាក់បន្ថែមថា រយៈពេលដែលអ្នកស្រីប្រើថ្នាំពន្យារកំណើតនេះ គឺគ្មានបញ្ហាអ្វីប៉ះពាល់ដល់សុខភាពនោះទេ។

អ្នកស្រី សាមិញ បានប្រៀបធ្រៀបរវាងគ្រួសារដែលមានកូនញឹក គឺជួបផលលំបាកច្រើនជាងគ្រួសារដែលមានកូនតិច ដ្បិតកូនច្រើនមើលថែទាំកូនមិនសូវបានដិតដល់ ពិសេសជីវភាពក៏ខ្វះខាតពេលមានជំងឺ។៖«ខ្ញុំអស់រយៈពេល៧ឆ្នាំហើយ ប្រើលេបថ្នាំok ខ្ញុំទទួលដើម្បីពន្យារកុំឲ្យមានកូនច្រើន ហើយយើងអត់មានសម្ថតភាពមានមនុស្សធ្វើការធ្វើអីខ្លះចឹងណា យើងខ្វះខាតរកស៊ីអីចឹងណាស់ ។ដូចជាអត់សូវមានបញ្ហអីទេខ្ញុំលេបនិង លេបទៀតរហូតអត់បានផភ្លេចអីចឹងណាស់ រដូវអីក៏ទៀងដែរអត់មានបញ្ហាអត់មានហត់អី បើហត់និងហត់តិចៗខ្វះជាតិផ្អែមអីទេ ខ្វះខាតអត់មានលុយទិញមើលពីនេះទៅដូចជាលំបាកដែរហើយណា។ យើងឃើញមានកូនច្រើននិងដូចលំបាកពេលគ្រុនយើងអត់មានលុយព្យាបាលទិញថ្នាំ ឲ្យកូនចឹងហើយគ្មានពេលធ្វើការងារទៀត។សារចុងក្រោយខ្ញុំសុំផ្ដាំផ្ញើទៅស្រីៗដែលពន្យារកំណើតយូរឆ្នាំយូរខែ សូមឲ្យថែសុខភាពផង ផឹករបស់ផ្អែមៗខ្លះកុំឲ្យហត់ ហើយពិនិត្យសុខភាពយើងឲ្យញឹកញាប់ផង»។

អ្នកស្រី ផ្លែន សាមិញ។

ស្រី្ដម្នាក់ជនជាតិដើមភាគតិចព្នងមួយរូបទៀតពាក់អាវក្រហម ស្លៀកសារ៉ុងសម្រាកក្រោមផ្ទះពេលថ្ងៃត្រង់ពីការងារធ្វើចំការនោះគឺ អ្នកស្រី កូយ សាវឿន វ័យ៤៨ឆ្នាំ  រស់នៅភូមិស្រែធំ ឃុំសុខសាន្ដ ស្រុកកោះញែក ខេត្ដមណ្ឌលគិរី និយាយថា អ្នកស្រីមានកូនរហូតដល់ទៅ៨នាក់ ដូចនេះហាក់ធ្វើរាងកាយអ្នកស្រីកាន់តែទ្រុឌទ្រោម ពិបាកប្រកបការងារ ពេលដែលកូនឈឺគ្រុនម្តងៗ គ្មានប្រាក់សម្រាប់ព្យាបាលកូននោះទេ។ ក្នុងកំឡុងពេលដែលប្រើប្រាស់ថ្នាំពន្យាកំណើតគ្មានបញ្ហាសុខភាពអ្វីនោះទេ។ អ្នកស្រីក៏បានផ្ដាំទៅស្ដ្រីទាំងអស់ដែលទទួលសេវាក្មមពន្យារកំណើតត្រូវឧស្សាទៅពិនិត្យសុខភាព​នៅមណ្ឌលសុខភាពទាំងគ្នាផងដែរ។

៖«ខ្ញុំប្រើថ្នាំពន្យារកំណើតអស់រយៈពេលជាង១០ឆ្នាំមកហើយ។កាលមុនដំបូងខ្ញុំអតើដឹងថាមានថ្នាំពន្យាកំណើត ខ្ញុំមានកូនច្រើនដែរ៨នាក់ទៅហើយ  ប៉ុន្ដែថាខ្ញុំឥឡូវខ្លួនចាស់ខ្ញុំពិបាកដូចគេថាពិបាកធ្វើការផងម្យ៉ាងយើងខ្លួនចាស់ទៀតពីណាទៅមើលកូនពីណានិងរកស៊ីចិញ្ចិមកូនផងខ្លួន់ឯងផង ឈឺគ្រុនអត់មានលុយកាក់ខ្ញុំចាប់ផ្ដើមលេបនេះអស់១០ឆ្នាំហើយកូនខ្ញុំទីប្រាំបី។ប្រើថ្នាំokមួយទេស មានភាពប្រសើល្អ អត់មានធ្វើទុកអីទេសធម្មតា។ពេលយើងលេបថ្នាំហ្នឹងទៅធូខ្លះហើយយើងធ្វើការបានច្រើនមិនដូចពីដើមងាកកូនៗវាពិបាក។ អត់មានឃើញអីទេឥលូវនិងអត់មានកើតទុកអីទេ លំបាករកលុយខ្លះមុខខ្វះក្រោយពេលឈឺគ្រុនកូនអត់មានលុយ ម្យ៉ាងទៀតចុះលុយព្យាបាលកូនចុះលុយបង្កក់ឆ្មប់ទៀតពិបាកត្រង់និងហើយ។​ឥលូវនិងចុងក្រោយនិងខ្ញុំផ្ដាំផ្ញើទៅស្រីយើងដែលពន្យារកំណើតត្រូវហូបរបស់បង្អែមខ្លះ អាស្សាទៅមណ្ឌលសុខភាពឲ្យពេទ្យពិនិត្យហើយញាំរបស់ផ្អែមៗឲ្យច្រើនគ្រប់គ្រាន់ផង»។

អ្នកស្រី កូយ សាវឿន។

លោក ម្រើវ ក្រា វ័យ៣០ឆ្នាំ ជនជាតិដើមភាគតិចព្នង រស់នៅភូមិស្រែធំ ឃុំសុខសាន្ដ ស្រុកកោះញែក ខេត្ដមណ្ឌលគិរីបានលើកឡើងថា ភរិយារបស់លោកបានប្រើប្រាស់ថ្នាំពន្យារកំណើតមានភាពប្រសើរដល់គ្រួសារ ដោយសារមានពេលជួយការងារផ្សេងៗ មានពេលប្រកបការងារធ្វើស្រែចំការ បានមើលថែកូនបានដិតដល់ មានពេលជូនកូនឲ្យសិក្សារៀនសូត្រ។លោកថា សុខភាពភរិយារបស់លោកក៏គ្មានបញ្ហាអ្វីនោះដែរ ចំណែកជីវភាពក៏ប្រសើរជាងមុនដែរ។

បកប្រែភាសាជនជាតិដើមភាគតិចព្នង៖«ប្រពន្ធពូពន្យារកំណើតបាន ៥ ឆ្នាំហើយ ការពន្យាកំណើតនេះពួកខ្ញុំយល់ព្រមទាំងពីរនាក់ទេ។ ពេលប្រពន្ធពូពន្យាកំណើតចឹងគាត់បានជួយធ្វើស្រែចំការធ្វើរបង ហើយពូក៏បានរកស៊ីទៅមុខមិនជាប់ដៃកាលពីមីងមានកូនតូច ពូពិបាកទៅណាទៅណីណាស់។ហើយពេលមីងឯងពន្យារឃើញថាគាត់មានពេលមើលកូនៗបានគ្រប់គ្រាន់ជូនកូនទៅរៀន បង្រៀនកូន សុខភាពគាត់គ្មានបញ្ហាអ្វីដែរ ចំណែកខ្លួនខ្ញុំក៏មានពេលរកស៊ីខ្លះ បានប្រសើរជាងមុនដែរ»។

លោក ម្រើវ ក្រា។

វិធីសាស្រ្តក្នុងការពន្យារកំណើតមានច្រើនរបៀបតាមការចង់បានឱ្យសមស្របនឹងរបៀបរស់នៅរបស់មនុស្សម្នាក់ៗ។ ជាទូទៅ ស្រោមអនាម័យបុរស បូករួមនឹងវិធីពន្យារកំណើតមួយទៀត គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការការពារការមានផ្ទៃពោះ។ បើតាមការប្រមូលព័ត៌មានខាងលើស្រ្តីជនជាតិដើមភាគតិចខាងលើភាគច្រើនជ្រើសរើសយកវិធីសាស្រ្តលេបថ្នាំពន្យារកំណើត៕

អត្ថបទខ្លីសរសេរដោយ កញ្ញា រម៉ាស់ រស្មី និង កញ្ញា ឃ្វិះ ផលឡា សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយឧបត្ថម្ភពី ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និង កិច្ចសហប្រតិបត្តិការ (SDC) ជាមួយនិងស្ថានទូតស៊ុយអែតប្រចាំកម្ពុជា តាមរយៈអង្គការ BBC Media Action

Share

Image Not Found
Image

ព័ត៌មានទាក់ទង