ខេត្តមណ្ឌលគិរី៖ ពលរដ្ឋជនជាតិដើមភាគតិចព្នងតាមភូមិមួយចំនួនស្ថិតក្នុង ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី បានផ្លាស់ប្តូរទម្លាប់ដែលធ្លាប់ទៅបន្ទោបង់ពាសវាលពាសកាលតាមគុម្ពោតព្រៃ មកបន្ទោបង់ក្នុងបង្គន់អនាម័យដែលបានសង់វិញ។ ការផ្លាស់ប្តូរជាវិជ្ជមាននេះ ប្រជាពលរដ្ឋបញ្ជាក់ថាមកពីមានកត្តាជាច្រើនគួបផ្សំគ្នាក្នុងនោះ គឺការលំបាកនិងជួបបញ្ហាសុវត្ថិភាពពេលបន្ទោបង់តាមគុម្ពព្រៃ និងធ្លាប់មានករណីពស់វែកចឹកបណ្តាលឱ្យអ្នកភូមិម្នាក់របួស។ កត្តាមួយទៀតដែលនាំឱ្យពលរដ្ឋផ្លាស់ប្រែឥរិយាបថបានល្អប្រសើរនេះ គឺបន្ទាប់ពីអាជ្ញាធរឃុំសហការជាមួយអង្គការសង្គមស៊ីវិលសង់បង្គន់តាមខ្នងផ្ទះជូនពលរដ្ឋក្នុងតម្លៃសមរម្យគឺត្រឹម ៣៧ ម៉ឺនរៀលតែប៉ុណ្ណោះ។ ទោះបីមាន កំណើននៃខ្នងផ្ទះដែលប្រើប្រាស់បង្គន់អនាម័យហាក់មានសន្ទុះកើនឡើងជាងមុននាពេលបច្ចុប្បន្ននេះក្តី ក៏ប៉ុន្តែគេនៅសង្កេតឃើញមានគ្រួសារខ្លះក៏ពុំទាន់មានបង្គន់ត្រឹមត្រូវដែរ។
រាយការណ៍ដោយ កញ្ញា ឃ្វិះ ផលឡា
សេចក្តីរាយការណ៍និងរបាយការណ៍របស់អង្គការ អាយឌីស៊ីកម្ពុជា ដែលគាំទ្រពីអង្គការយូនីសេហ្វ (UNICEF Cambodia) ជុំវិញការបន្ទោបង់ពាសវាលពាសកាលនៅបណ្តាខេត្តភាគឦសាន នៃប្រទេសកម្ពុជាកាលពីចុងខែមេសាឆ្នាំមុនបង្ហាញថា ខេត្តចំនួន ៥ នៃភាគឦសាន ដែលមានដូចជា ខេត្តព្រះវិហារ ស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី និងរតនគិរី នៅតែជាខេត្តដែលមានអនាម័យទាបជាងគេ ក្នុងប្រទេសកម្ពុជា។ ពោលគឺពលរដ្ឋភូមិភាគឦសានប្រមាណ ៤៨ភាគរយ កំពុងតែអនុវត្តនូវការបន្ទោរបង់ពាសវាលពាសកាលនៅឡើយ បើទោះបីជា រដ្ឋាភិបាលប្រឹងប្រែងនឹងបានកំណត់គោលដៅផ្ដល់សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យសម្រាប់ពលរដ្ឋទូទាំងប្រទេសប្រកបដោយចីរភាពនៅត្រឹមឆ្នាំ ២០២៥។ អ្វីដែលជាឧបសគ្គរារាំងទិសដៅអភិវឌ្ឍន៍ការណ៍នេះមកពី កត្តាសេដ្ឋកិច្ច និងប្រជាសាស្ត្រ ដែលធ្វើឱ្យសហគមន៍ជាច្រើន ពិបាកក្នុងការទទួលបានសេវាអនាម័យ។
តែយ៉ាងណា ប្រជាពលរដ្ឋជនជាតិដើមភាគតិចព្នងក្នុងភូមិមួយចំនួនស្ថិតនៅក្នុងឃុំ ស្រុកកោះញែក ខេត្ដមណ្ឌលគិរី ដែលក្រុមការងារវិទ្យុស្រ្តីបានចុះសម្ភាសន៍បានរាយការណ៍ថា ពួកគេភាគច្រើនបានសង់បង្គន់អនាម័យប្រើប្រាស់ដើម្បីភាពងាយស្រួលផង អនាម័យក្នុងភូមិឋានផង ពិសេសកត្តាសុវត្ថិ ភាពពេលយប់ព្រលប់។
អ្នកស្រី កូយ សាវឿន ជាជនជាតិដើមភាគតិចព្នង រស់នៅភូមិស្រែធំ ឃុំសុខសាន្ដ ស្រុកកោះញែក ខេត្ដមណ្ឌលគិរី ដែលអាចនិយាយបានថាជាអ្នកប្រើប្រាស់បង្គន់អនាម័យគំរូប្រចាំភូមិតាំងពីឆ្នាំ២០១៦មកម្ល៉េះ។ ស្រ្តីជនជាតិដើមភាគតិចព្នងរូបនេះប្រាប់ពីមូលហេតុដែលខ្លួនសម្រេចសង់បង្គន់អនាម័យយ៉ាងដូច្នេះថា ដោយសារគ្រានោះ មានក្រុមការងារឃុំសហការជាមួយអង្គការក្រៅរដ្ឋាភិបាលចុះមកណែនាំជំរុញលើកទឹកចិត្តឱ្យពលរដ្ឋសង់បង្គន់ផង គួបផ្សំសមាជិកគ្រួសារជួបការលំបាកពេលទៅបត់ជើងនៅតាមព្រៃផងអ្នកស្រីក៏សម្រេចសង់បង្គន់ប្រើតែម្តង។ អ្នកស្រីថា ចាប់តាំងពីបានសង់បង្គន់ប្រើអ្នកស្រីនិងគ្រួសារមានការងារស្រួលពេលទៅបន្ទោបង់ ពិសេសងាយស្រួលពេលមានភ្ញៀវមកលេងផ្ទះអាចមានបង្គន់ប្រើ មិនពិបាកដូចដែលត្រូវទៅបត់ជើងក្នុងព្រៃជួនកាលជួបសត្វដែលអាចមានគ្រោះថ្នាក់។
អ្នកស្រី កូយ សាវឿន ៖«បង្គន់និងប្អូនខ្ញុំសាងសង់តាំងពីនៅឆ្នាំ២០១៦។ដោយសារថាពិបាករកកន្លែងបទជើង វាសាងសង់បង្គន់ភ្ញៀងចូលច្រើន អង្កការ ខាងគ្រូអីមកនិងពិបាកបទជើង។ ឥលូវនិងដល់ពេលសាងសង់ហើយនិងវាធ្វើផ្ទះនៅលើហើយទុកបង្គន់ឲ្យខ្ញុំប្រើពីក្រោយឥឡូវនិងវាធ្វើនៅលើផ្ទះក្រោមបង្គន់និងបន្ទប់ទឹក។ ពេលមានបង្គន់និងងាយស្រួលបទជើង ទោះបីភ្លៀងក៏ដោយថ្ងៃក៏ដោយក៏ស្រួលយប់ប្រលប់មិនពិបាកហើយបទជើងខាងក្រៅទៅពិបាកដូចគេថាឃើញពស់ឃើញអីខ្លាចពស់ចឹកអីចឹងណា»។
អ្នកស្រី កូយ សាវឿន។
តាមរយៈការសង្កេតរបស់អ្នកស្រីសាវឿនផ្ទាល់ អ្នកស្រីអះអាងថា បច្ចុប្បន្នក្នុងភូមិមានបង្គន់ប្រើប្រាស់សឹងតែគ្រប់ខ្នងផ្ទះទៅហើយ ខណៈការសាង់សង់ក៏មិនមានតម្លៃខ្ពស់ពេកនោះទេ ដ្បិតមានអង្គការជួយគាំទ្រសង់ក្នុងតម្លៃសមរម្យដោយបង្គន់មួយចំណាយ៣៧ម៉ឺនរៀលតែប៉ុណ្ណោះ។
រីឯអ្នកស្រី កា ពែម វ័យ២៤ ឆ្នាំជាជនជាតិដើមភាគតិចព្នងម្នាក់ទៀតរស់នៅភូមិស្រុកខាងលើដូចគ្នា ប្រាប់ថាអ្នកស្រីកំពុងតែសាងសង់បង្គន់អនាម័យមួយដោយខ្លួនឯងដោយមិនមានជំនួយអ្វីពីខាងណានោះទេ។ ការសម្រេចសង់បង្គន់បែបនេះ ព្រោះអ្នកស្រីយល់ថា ការមានបង្គន់នៅជិតផ្ទះគឺមានភាពងាយស្រួយច្រើន មិនប្រឈមបញ្ហាសុវត្ថិភាព និងធ្វើឱ្យបរិស្ថានក្នុងភូមិស្រុកក៏មានភាពល្អប្រសើរផងដែរ។ មានភាពងាយស្រួលបែបនេះអ្នកស្រី ពែម សំណូមពរដល់ប្រជាពលរដ្ឋក្នុងភូមិឲ្យសង់បង្គន់អនាម័យឱ្យបានគ្រប់គ្នា ដើម្បីអាចកាត់បន្ថយការចម្លងមេរោគ ធ្វើឱ្យមានសុខភាពល្អមិនសូវជួបបញ្ហា ឈឺស្កាត់ញឹកញាប់។
អ្នកស្រី កា ពែម ៖«យើងមានបង្គន់ស្រួលបានបទជើងនៅជិត យើងអត់មានបង្គន់ពិបាកទៅបន្ទោបង់នៅព្រៃ ខ្ញុំឃើញគេធ្វើបង្គន់រួចរាល់ស្រួលបន្ទោ បង់ណា។ឥលូវនិងខ្ញុំកំពុងសង់បង្គន់ដែរតែមិនទាន់ហើយ បើយើងខ្វះខាតអត់មានលុយធ្វើបន្ដ បើអត់មានអង្កការជួយទេធ្វើខ្លួនឯងទេ។ទម្រាំរួចរាល់យូរមិនដឹងពេលណាទើបបានប្រើប្រាស់ទេ។ ខ្ញុំសំណូមពរឲ្យបងប្អូនក្នុងភូមិធ្វើបង្គន់គ្រប់ផ្ទះទាំងអស់គ្នាដើម្បីងាយស្រួលបន្ទោបង់ កុំឲ្យកើតមានមេរោគ ។ឥលូវខ្ញុំបន្ទោបង់នៅព្រៃ ពិបាកណាស់ ក្ដៅថ្ងៃផង ហើយពេលមេឃភ្លៀងទៀតរឹតតែខ្ពើម មូសខាំផង មានមេរោគដែរហើយណាយើងមើលអត់ឃើញទេ»។
អ្នកស្រី កា ពែម។
តាមការវាយតម្លៃរបស់អង្គការ អាយឌីស៊ីកម្ពុជា ពលរដ្ឋដែលរស់នៅក្នុងទីរួមខេត្ត និងតំបន់ជុំវិញក្រុង មានអនាម័យខ្ពស់ជាងពលរដ្ឋ នៅតាមជនបទ ដោយសារលទ្ធភាពទទួលបានផលិតផល និងសេវាកម្មផ្នែកអនាម័យល្អ តម្លៃសមរម្យ និងមានគុណភាព។ ម្យ៉ាងទៀត ពួកគេ មានការយល់ដឹងខ្ពស់ពីអត្ថប្រយោជន៍ នៃការគ្រប់គ្រង់អនាម័យ។
ដោយឡែក អ្នករស់ជនបទ ត្រូវប្រឈមមុខនឹងបញ្ហាច្រើនជាង ក្នុងការទទទួលសេវាកម្មអនាម័យ ជាពិសេស ជនជាតិដើមភាគតិច ព្រោះពួកគេ មិនសូវយល់ដឹងពីការដំឡើងបង្គន់អនាម័យ គ្មានបទពិសោធន៍ក្នុងការប្រើប្រាស់បង្គន់ផងដែរ។ ទន្ទឹមនោះ ប្រាក់ចំណូលទាប ក៏បានធ្វើឱ្យពួករារែកក្នុងការដំឡើងបង្គន់អនាម័យ ខណៈការផ្គត់ផ្គង់ផលិតផល និងសេវាកម្មអនាម័យ ដល់សហគមន៍ជនបទ នៅមានការខ្វះខាតជាងជំនាញ។មិនត្រឹមតែប៉ុណ្ណោះ ការមិនទុកចិត្តគ្នារវាងអ្នកប្រើប្រាស់ និងជាងសំណង ការដឹកជញ្ជូនក្នុងចម្ងាយឆ្ងាយ ឬស្ថានភាពពិបាកជាដើម ដែលទាំងនេះ អាចនាំឱ្យមានការចំណាយខ្ពស់ និងគុណភាពមិនល្អផងដែរ។
ចំពោះបញ្ហានេះ អ្នកស្រី តុល ង៉ាត់ ជនជាតិដើមភាគតិចព្នង រស់នៅភូមិស្រែធំ ឃុំសុខសាន្ដ នៅមិនទាន់មានបង្គន់ប្រើនៅឡើយទេ ហើយអ្នកស្រីត្រូវចូលព្រៃក្បែរផ្ទះដើម្បីដោះស្រាយបញ្ហាជាមួយអាហារចាស់ដែលរឹងក្បាលទារចេញមកក្រៅនេះ។ អ្នកស្រី តុល ង៉ាត់ បានប្រាប់ឱ្យដឹងពីការលំបាកមួយចំនួនពេលចេញទៅបន្ទោបង់នៅក្រៅផ្ទះថា អ្នកស្រីក៏បារម្ភពីខ្លាចពីសុវត្ថិភាពដែរ ខណៈក្នុងស្រុកភូមិធ្លាប់មានករណីគ្រោះថ្នាក់ពេលបត់ជើងក្នុងព្រៃ។ ស្រ្តីជនជាតិដើមភាគតិចរូបនេះ បញ្ជាក់ថាខ្លួនពុំមែនចង់ទៅបន្ទោបង់ពាសវាលពាសកាលនោះទេ តែអ្នកស្រីពុំទាន់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការធ្វើ ទោះបីកន្លងមកនេះមានក្រុមការងារធ្លាប់ចុះមកកត់ឈ្មោះក៏ដោយ។ ចំពោះមុខបញ្ហាតម្លៃនេះ អ្នកស្រីសំណូមពរដល់រដ្ឋាភិបាលនិងមន្រ្តីពាក់ព័ន្ធជួយបន្ថូរបន្ថយតម្លៃនៃការសង់បង្គន់អនាម័យជូនពលរដ្ឋតាមទីជនបទផង ពិសេសពលរដ្ឋជនជាតិដើមភាគតិចតាមតំបន់ដាច់ស្រយាល។
អ្នកស្រី តុល ង៉ាត់ ៖«ខ្ញុំឃើញភាពងាយស្រួលអ្នកដែលមានបង្គន់អត់ទៅខាងក្រៅឆ្ងាយ អត់ខ្ពើមពេលមេឃភ្លៀង អត់មានមេរោគសុវត្ដិភាព។ពេលបទជើងនៅព្រៃមានមេរោគអីចឹងណា យប់ប្រលប់ពិបាកមានពស់អីនៅទីនោះ ។ក្នុងភូមិខ្ញុំមានគេមកកត់ឈ្មោះដែរគេថាអង្កការ តែគេយក៣៧មឺនគ្រាន់ទេដាក់លូនិងដាក់ចាន់បង្គន់ទេ។សំណូមពរអង្កការឲ្យេជួយធ្វើបង្គន់ឲ្យគ្រប់ផ្ទះ និងអ្នកភូមិផងដែរកុំឲ្យមានមេរោគពេលបទជើងនៅក្នុងព្រៃ។ដូចខ្ញុំឥលូវអត់មានបង្គន់ពិបាកទៅបទជើងនៅព្រៃ ភ្លក់ផងភ្លៀងផងទៅឆ្ងាយទៀត អត់ទេដឹងមានមេរោគឬអត់ទេយើងអត់ដឹងដែរ»។
អ្នកស្រី តុល ង៉ាត់។
លោក Michele Paba ប្រធានកម្មវិធីទឹកស្អាត អនាម័យ អាកាសធាតុ និងបរិស្ថាននៃអង្គការអង្គការ យូនីសេហ្វ ធ្លាប់បានលើកឡើងថា កន្លងមក ប្រទេសកម្ពុជាមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការគ្រប់ដណ្តប់អនាម័យនៅទីជនបទ។ តែយ៉ាងណាលោកថា នូវមានការងារជាច្រើនទៀត ដែលត្រូវធ្វើដើម្បីធ្វើយ៉ាងណាជួយឱ្យពលរដ្ឋជនបទ និងទីក្រុងទាំងអស់ ជាពិសេស ជនជាតិដើមភាគតិច អាចមានលទ្ធភាពទទួលបាននូវអនាម័យល្អប្រកបដោយបរិយាប័ន្ន មានភាពធន់ និងមានសុវត្ថិភាព។
ជាមួយគ្នានេះ អង្គការ យូនីសេហ្វ កំពុងធ្វើការជាមួយដៃគូ អង្គការក្រៅរដ្ឋាភិបាល ក្នុងកិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីពន្លឿននូវការបញ្ចប់ «ការបន្ទោរបង់ពាសវាលពេសកាល» នៃបណ្តាខេត្តភាគឦសាន ប្រទេសកម្ពុជា។
ជាការកត់សម្គាល់ ក្រសួងអភិវឌ្ឍន៍ជនបទគ្រោងនឹងប្រកាសខេត្តចំនួន ៦ ជាខេត្តបញ្ឈប់ការបន្ទោបង់ពាសវាលពាស(ODF)កាលត្រឹមឆ្នាំ ២០២៤ នេះ ដែលធ្វើឱ្យចំនួនខេត្តជាប់ ODF កើនឡើងសរុបចំនួន ១៣ ក្នុងចំណោមខេត្តទាំង២៥ រាជធានី-ខេត្ត។ នេះបើយោងតាមរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ លោក ឆាយ ឫទ្ធិសែន ដែលបានថ្លែងក្នុងវេទិកាសារព័ត៌មានស្តីពី «អ្វីទៅជាកិច្ចការអភិវឌ្ឍន៍ជនបទ» កាលពីថ្ងៃទី៤ ខែមិថុនាឆ្នាំ២០២៤កន្លងទៅនេះ។
រហូតមកដល់ពេលបច្ចុប្បន្ននេះ ខេត្តដែលត្រូវបានប្រកាសជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល មានដូចជា ខេត្តព្រះសីហនុ ស្វាយរៀង ព្រៃវែង កណ្តាល រាជធានីភ្នំពេញ កំពង់ស្ពឺ កំពង់ឆ្នាំង និងកែប។ រីឯខេត្តដែលគ្រោងប្រកាសបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនាពេលខាងមុខរួមមាន ខេត្តកំពង់ចាម ត្បូងឃ្មុំ បន្ទាយមានជ័យ សៀមរាប និងខេត្តរតនគិរី៕
អត្ថបទខ្លីសរសេរដោយ កញ្ញា រម៉ាស់ រស្មី និង កញ្ញា ឃ្វិះ ផលឡា សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយឧបត្ថម្ភពី ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និង កិច្ចសហប្រតិបត្តិការ (SDC) ជាមួយនិងស្ថានទូតស៊ុយអែតប្រចាំកម្ពុជា តាមរយៈអង្គការ BBC Media Action៕