en     km
en     km

យុទ្ធនាការជំរុញការអានសៀវភៅ២៥ខេត្តក្រុង ដំណើរការជាមួយនឹងឧបសគ្គមួយចំនួន

Share

បញ្ហាហិរញ្ញវត្ថុ និងការស្នើសុំទីតាំងដើម្បីចុះផ្សព្វផ្សាយការអានទៅដល់យុវជនគឺជាបញ្ហាដែលក្រុមការងារយុទ្ធនាការសៀវភៅមួយសហគមន៍មួយ កំពុងជួបប្រទះ ក៏ប៉ុន្តែក្រុមអ្នករៀបចំ នៅតែរក្សាជំហរ មិនបានទោរទន់ទៅតាមបញ្ហាទាំងនេះឡើយ។ ផ្ទុយទៅវិញ លោកស្រី ហ៊ាង វត្តី សហស្ថាបនិកនៃយុទ្ធនាការនេះលើកឡើងថា ក្នុងដំណើរបេសកកម្ម២៥ថ្ងៃ ២៥ខេត្តក្រុងនៅក្នុងខ្សែទី១នេះទទួលបានជោគជ័យគួរឱ្យកត់សម្គាល់ តែទាមទារឱ្យអ្នកពាក់ព័ន្ធបន្តជួយគាំទ្របន្ថែមនៅក្នុងបេសកកម្មបន្ទាប់។

(កញ្ញា កែវ សុជាតា រាយការណ៍)

 

«មែនទែនទៅ បើបញ្ហាគឺតែងតែមានមិនដែលអត់ទេ ហើយប្រែប្រួលគ្រប់កាលៈទេសៈ។ ពេលខ្លះទៅ ក្រុមការងារធ្វើទៅលក្ខណៈអស់កម្លាំង អស់ទឹកចិត្តដោយសារតែយើងខ្វះនូវថវិកា នៅខ្វះនូវធនធានជាច្រើន ទាំងថវិកាទៅទិញសៀវភៅ​ ជាពិសេសថវិកាទិញសៀវភៅហ្នឹងតែម្តង។ ថវិកាទិញសៀវភៅ ថវិកានៅក្នុងការធ្វើដំណើរ ឥឡូវក្រុមការងារវីដេអូបង្ហោះដ្រូនទៅទាក់អ‌៊ីចឹងទៅហើយក៏បាក់ ​​​ឧបសគ្គតែងតែមាន។»។

នេះគឺជាការលើកឡើងរបស់លោកស្រី ហ៊ាង វត្តី សហស្ថាបនិកយុទ្ធនាការសៀវភៅមួយសហគមន៍មួយក្រោមប្រធានបទ «២៥ថ្ងៃ ២៥ខេត្តក្រុង ដើម្បីលើកកម្ពស់ការអាននៅតាមសហគមន៍»។ លោកស្រីលើកឡើងផងដែរពីបញ្ហាដែលខ្លួននិងក្រុមការងារបានជួបប្រទះអំឡុងពេលបំពេញបេសកកម្មនៅក្នុងដំណើរចុះចែកសៀវភៅនៅតាមខេត្ត ភាគពាយ័ព្យនៃប្រទេសកម្ពុជា។ លោកស្រីបានប្រាប់អ្នកសារព័ត៌មានវិទ្យុស្រ្តីតាមរយៈប្រព័ន្ធតេឡេក្រាមនាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ថា បច្ចុប្បន្នលោកស្រីនិងក្រុមការងារកំពុងស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ ដែលជាទីតាំងចុងក្រោយនៅក្នុងខ្សែទី១នៃដំណើរបេសកកម្ម ២៥ថ្ងៃ ២៥ខេត្តក្រុង។

លោកស្រី ហ៊ាង វត្តី កំពុងចែកចំណេះដឹងទាក់ទងនឹងអត្ថប្រយោជន៍នៃការអានសៀវភៅ។ រូបភាព៖ ក្រុមការងារយុទ្ធនាការសៀវភៅមួយសហគមន៍មួយ

 

បើតាមការលើកឡើងរបស់សហស្ថាបនិកយុទ្ធនាការរូបនេះ កត្តាស្វែងរកថវិកាដើម្បីចំណាយលើការទិញសៀវភៅជាក្តីកង្វល់មួយរបស់ក្រុមការងារ។ ក្នុងនោះ ​សៀវភៅមួយចំនួនគឺទទួលបានពីអ្នកនិពន្ធដែលសរសេរចងក្រងសៀវភៅទាំងនោះដោយផ្ទាល់ ហើយសៀវភៅមួយចំនួនទៀតគឺបានមកពីហោប៉ៅរបស់សប្បុរសជនដែលយល់ពីគុណតម្លៃនៃការអានសៀវភៅទោះបីថវិកាតិចក្តីច្រើនក្តីក៏ដោយ។ ក្នុងដំណើរបេសកកម្ម ២៥ថ្ងៃ ២៥ខេត្តក្រុងនេះ គ្រោងនឹងចែកសៀវភៅសរុបចំនួន ២,៥០០០ក្បាលទៅតាមបណ្ណាល័យនានានៅតាមសហគមន៍នៃខេត្តក្រុងទាំង២៥នៃប្រទេសកម្ពុជា ដើម្បីផ្តល់ឱកាសឱ្យយុវជនស្វែងរកជម្រើសសៀវភៅដែលពួកគេចូលចិត្តអានតាមចំណង់ចំណូលចិត្ត។

ក្រៅពីបញ្ហាថវិកា លោកស្រី ហ៊ាង វត្តី យល់ថា ការស្នើសុំទីតាំងដើម្បីចុះទៅផ្សព្វផ្សាយចែករំលែកចំណេះដឹងនៅតាមសហគមន៍មួយចំនួនហាក់ពិបាកនិងក្លាយជាឧបសគ្គមួយបង្អាក់ដំណើររបស់ក្រុមការងារ។ ដើម្បីអាចស្នើសុំការអនុញ្ញាត​បានតម្រូវឱ្យរត់ឯកសារដោយផ្ទាល់ដល់អាជ្ញាធរនៅតាមទីតាំងដែលក្រុមការងារចង់ចុះទៅ។

«និតិវិធីនៅក្នុងការរត់ការ(ឯកសារ)រាងលំបាកសម្រាប់ក្រុមការងារយើង ដោយសារតែក្រុមការងារយើងត្រូវធ្វើបេសកកម្មនេះ២៥ខេត្តរាជធានី។ អ‌៊ីចឹងចង់ឱ្យបងប្អូននៅក្នុងបណ្តាខេត្ត គាត់សម្រួល​នៅលើបញ្ហាទាក់ទងទៅនឹងឯកសារផ្សេងៗ។ ដោយសារតែយើងមានឯកសារហើយ ហើយទីស្នាក់ការរបស់យើងគឺនៅរាជធានីភ្នំពេញ គឺមានផលលំបាកនៅក្នុងការផ្ញើឯកសារ ហើយគាត់ទាមទារឱ្យយើងចុះទៅទីតាំងផ្ទាល់ទៅមើលមុខគ្នា គាត់ចង់មើលមុខយើងថាវាគ្មិននឹងអីគេ យើងផ្ញើរូបទៅដល់[គាត់]ហើយក៏ដោយ ក៏គាត់នៅមានបញ្ហាដែរ។ អ‌៊ីចឹងខេត្តខ្លះជៀសមិនជៀសនៅពេលបច្ចុប្បន្ននេះ ប្រហែលជាបោះខេត្តខ្លះចោលដោយសារលិខិតគឺមានការលំបាកសម្រាប់​ក្រុមការងារយើងមែនទែន។»។

ក្រុមការងារយុទ្ធនាការកំពុងចែកចំណេះដឹងជាមួយកុមារនៅក្នុងសហគមន៍។ រូបភាព៖ ក្រុមការងារយុទ្ធនាការសៀវភៅមួយសហគមន៍មួយ

 

លោកស្រីបន្ថែមដែរថា នៅតាមសហគមន៍មួយចំនួនបានសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារ ខណៈអាជ្ញាធរនៅតាមខេត្តមួយចំនួនទៀតកំពុងគិតពិចារណាចំពោះឯកសារដែលដាក់ស្នើទៅ។ ទោះបីជាយ៉ាងនេះក្តី លោកស្រីអះអាងថា បេសកកម្មនេះប្រព្រឹត្តទៅបានក្រោមលិខិតអនុញ្ញាតដែលចេញពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសហការយ៉ាងជិតស្និទ្ធជាមួយដៃគូគាំទ្រនៅក្នុងបេសកកម្មនេះ​​ រួមនឹងបណ្តាសមាគមបណ្ណាល័យក្នុងសហគមន៍ និងគ្រឹះស្ថានបោះពុម្ពផ្សាយជាដើម។

«មានទាក់ទងនឹងក្រុមការងារនៅខេត្តខ្លះ គាត់អត់ព្រមឱ្យយើងធ្វើដោយសារតែគាត់គិតថាយើងប្រមូលផ្តុំគ្នា ដោយសារគាត់ថា​ពួកយើងនឹងពាក់ព័ន្ធនយោបាយអីអ‌៊ីចឹងទៅ។ យើងសុំប្រកាសថា កម្មវិធីរបស់យើងមិនពាក់ព័ន្ធនយោបាយ មិនពាក់ព័ន្ធនឹងសាសនា គឺយើងធ្វើយ៉ាងណានិយាយអំពីបំណិនជីវិត និយាយពីការរកស៊ី និយាយពីការអាន និយាយធ្វើយ៉ាងម៉េចឱ្យយើងហ្នឹងពូកែជាងមុន ឱ្យយើងជាយុវជនល្អ ជាមនុស្សល្អ ជាកូនល្អ ហើយខេត្តខ្លះក៏ទាមទារលិខិតច្រើនមែនទែន។»។

យុទ្ធនាការសៀវភៅមួយសហគមន៍មួយក្រោមប្រធានបទ «២៥ថ្ងៃ ២៥ខេត្តក្រុង ដើម្បីលើកកម្ពស់ការអាននៅតាមសហគមន៍» គឺជាយុទ្ធនាការមួយដែលមានសកម្មភាពបណ្តុះវប្បធម៌អាន និងការរៀនសូត្រឯករាជ្យតាមរយៈកម្មវិធីចំនួន៥ រួមមាន ១. កម្មវិធីប្រកួតអំណាន២៥ខេត្តក្រុង និងជើងឯកបំបែកជើងឯកនៅរាជធានីភ្នំពេញ ២. កម្មវិធីចែកសៀវភៅ ៣. កម្មវិធីបណ្ណាល័យចល័ត ៤. កម្មវិធីអភិវឌ្ឍបណ្ណាល័យ និង៥. សិក្ខាសាលាចែករំលែកចំណេះដឹងពីសំណាក់វាគ្មិននិងអ្នកនិពន្ធសៀវភៅដោយផ្ទាល់។ នៅក្នុងបេសកកម្មខ្សែទី១នេះ លោកស្រី វត្តី និងក្រុមការងារបានចុះផ្ទាល់ទៅកាន់ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ ប៉ៃលិន បាត់ដំបង និងខេត្តបន្ទាយមានជ័យ ដោយក្នុងនោះលោកស្រីលើកឡើងថា យុវជននៅក្នុងខេត្តនីមួយៗមានសេចក្តីត្រេកអរសប្បាយរីករាយនៅពេលមានសៀវភៅសម្រាប់អាន ពិសេសយុវជនទាំងនេះបានរុះរាន់ដាក់ពាក្យចូលរួមប្រកួតប្រជែងនៅក្នុងកម្មវិធីជើងឯកបំបែកជើងឯកអំណានផងដែរ។

កុមារនៅក្នុងសហគមន៍។ រូបភាព៖ ក្រុមការងារយុទ្ធនាការសៀវភៅមួយសហគមន៍មួយ

 

«​​មែនទែនទៅ គោលបំណង​ដែលយើងចង់បង្កើតហ្នឹង​ គឺយើងចង់មើលឃើញនូវការសិក្សារបស់សិស្សានុសិស្សយើងទាំងអស់មិនថានៅក្នុងប្រព័ន្ធឬក៏ក្រៅប្រព័ន្ធទេ គឺធ្វើឱ្យដំណើរឆ្ពោះទៅកាន់សង្គមពុទ្ធិ មានន័យថាសង្គមរបស់ពួកយើងមាន​​​ពោរពេញទៅដោយអ្នក[មាន]ចំណេះដឹង ហើយជំរុញលើកទឹកចិត្តគាត់ដើម្បីបណ្តុះបណ្តាលនូវទំនោរនៅក្នុងការអាន ការរៀនសូត្រដោយឯករាជ្យ មិនថាការកាន់សៀវភៅនៅក្នុងសាលា ឬក៏រៀនចេញពីកម្មវិធីសិក្សាសាលាក្តី ឬក៏ក្រៅសាលាក្តី ឱ្យគាត់កាន់សៀវភៅដោយមោទនភាព។»។

យោងតាមសេចក្តីប្រកាសព័ត៌មានកម្មវិធី ២៥ថ្ងៃ ២៥ខេត្តក្រុង លោក ហុក សុទ្ធិ ប្រធានសមាគមបណ្ណាល័យកម្ពុជា និងជានាយកអង្គការស៊ីប៉ា (Sipar) យល់ថា «សៀវភៅមួយសហគមន៍មួយ ជាសកម្មភាពមួយល្អ ជាគំរូរបស់យុវជនយើង ដែលព្យាយាមយកសៀវភៅទៅដល់ជនបទ។ បញ្ហានៅកម្ពុជាយើង គឺសៀវភៅមិនបានទៅដល់ដៃមនុស្សគ្រប់ស្រទាប់វណ្ណៈនៅគ្រប់ទិសទីទេ ហើយគំនិតរបស់ប្អូនៗ ពាក់ព័ន្ធនឹងការធ្វើយ៉ាងណាយកសៀវភៅឱ្យបានទៅដល់សហគមន៍ ឬទីជនបទ ទោះក្នុងរូបភាពណាក៏ដោយ គឺជាសកម្មភាពមួយល្អ ហើយជាការចូលរួមចំណែកយ៉ាងសកម្មមួយក្នុងការអភិវឌ្ឍការអាន និងការលើកស្ទួយចំណេះដឹងនៅកម្ពុជា»។

លោក ហុក សុទ្ធិ អង្គុយនៅខាងឆ្វេងដៃលោកស្រី ហ៊ាង វត្តី ខណៈលោក ជា តុងហ៊ួរ សហគ្រិនវ័យក្មេង និងជាអ្នកនិពន្ធសៀវភៅ អង្គុយនៅចន្លោះកណ្តាល ។ រូបភាព៖ ក្រុមការងារយុទ្ធនាការសៀវភៅមួយសហគមន៍មួយ

 

ទោះបីជាជួបឧបសគ្គយ៉ាងណាក៏ដោយ លោកស្រី វត្តី អះអាងថា មិនមែនតែលោកស្រីម្នាក់ប៉ុណ្ណោះទេ ក៏ប៉ុន្តែក្រុមការងារទាំងមូលនៅតែញញឹម និងខិតខំបំពេញកាតព្វកិច្ចឱ្យដល់ទីបញ្ចប់ ដ្បិតពួកគេមានឆន្ទៈតែមួយ។ តួយ៉ាង បេសកកម្មប៉ុន្មានថ្ងៃនេះប្រព្រឹត្តទៅយ៉ាងរលូន​ក្រោមជំនួយរបស់ក្រុមការងារ យុវជនស្ម័គ្រចិត្តនៅតាមបណ្តាខេត្តនានា និងយុវជនស្ម័គ្រចិត្តនៅភ្នំពេញដែលចាំជួយទំនុកបម្រុងបន្ថែម។ ការធ្វើដំណើរពីមួយទីតាំងនៃខេត្តមួយទៅខេត្តមួយផ្សេងទៀត មានការហត់នឿយ តែស្មារតីរបស់ក្រុមការងារនៅតែមានស្ថិតស្ថេរ និងពុះពារបន្ត ក្រោមការផ្តល់កម្លាំងចិត្តពីយុវជននៅតាមបណ្តាខេត្តដែលពួកគេបានចុះទៅដោយផ្ទាល់។ ជាមួយនឹងទឹកចិត្តនេះ លោកស្រីក៏អំពាវនាវឱ្យអ្នកពាក់ព័ន្ធអនុគ្រោះ និងផ្តល់ទីតាំងមួយសមរម្យទៅឱ្យក្រុមការងារបានចុះចែករំលែកចំណេះដឹងទៅដល់យុវជននៅក្នុងសហគមន៍ផងដែរ។

ក្រុមការងារយុទ្ធនាការកំពុងជញ្ចូនសម្ភារៈ។ រូបភាព៖ ក្រុមការងារយុទ្ធនាការសៀវភៅមួយសហគមន៍មួយ

 

យុទ្ធនាការសៀវភៅមួយសហគមន៍មួយ (OBOC) បានប្រកាសបើកកម្មវិធីរបស់ខ្លួនជាផ្លូវការកាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ក្រោមប្រធានបទ «២៥ថ្ងៃ ២៥ខេត្តក្រុង ដើម្បីលើកកម្ពស់ការអាននៅតាមសហគមន៍» ដែលប្រព្រឹត្តឡើងចាប់ពីថ្ងៃទី១០ ខែសីហា ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤។ នៅក្នុងដំណើរបេសកកម្ម២៥ថ្ងៃ ២៥ខេត្តក្រុងនេះ បានបែងចែកទិសដៅជា៥ខ្សែផ្សេងៗគ្នាដោយខ្សែរទី១ នឹងបាញ់ឆ្ពោះទៅទិសភាគពាយ័ព្យ មានខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ ប៉ៃលិន បាត់ដំបង និងខេត្តបន្ទាយមានជ័យ។ ខ្សែរទី២ នឹងបាញ់ឆ្ពោះទៅទិសឧត្តរ មានខេត្តកំពង់ធំ ខេត្តសៀមរាប ព្រះវិហារ និងឧត្តរមានជ័យ។ ខ្សែរទី៣ បាញ់ឆ្ពោះទៅទិសអាគ្នេយ៍ មានខេត្តកណ្តាល កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង និងខេត្តស្វាយរៀង។ ខ្សែរទី៤ បាញ់ឆ្ពោះទៅទិសនិរតី មានខេត្តកំពង់ស្ពឺ កំពត ព្រះសីហនុ កោះកុង កែប និងតាកែវ និងខ្សែរទី៥ បន្តបាញ់ឆ្ពោះទៅទិសឦសាន មានខេត្តក្រចេះ ស្ទឹងត្រែង រតនៈគីរី និងខេត្តមណ្ឌលគីរី។

យុវជននៅក្នុងសហគមន៍កំពុងអង្គុយអានសៀវភៅ។ រូបភាព៖ ក្រុមការងារយុទ្ធនាការសៀវភៅមួយសហគមន៍មួយ

 

នៅក្នុងដំណើរបេសកកម្មនេះទៀតសោត កំពុងនាំយកសៀវភៅចំនួន ២៥,០០០ក្បាលទៅដល់សហគមន៍នានា រួមទាំងស្វែងរកជើងឯកអំណានប្រចាំតំបន់ដើម្បីប្រកួតប្រជែងស្វែងរកជើងឯកបំបែកជើងឯកដែលគ្រោងនឹងរៀបចំនៅរាជធានីភ្នំពេញផងដែរ។ តួយ៉ាងបេសកកម្មនេះ រំពឹងថានឹងមានអ្នកចូលរួមប្រហែល២,៥០០នាក់ ដែលរួមមានទាំងយុវជន អ្នកនិពន្ធ សហគ្រិន និងដៃគូសហការផ្សេងៗដែលចូលរួមធ្វើបេសកកម្មលើផ្លូវដ៏វែងឆ្ងាយប្រមាណ៣,០០០ គីឡូម៉ែត្រជុំវិញប្រទេសកម្ពុជា៕

បណ្ណាល័យរនៅក្នុងសហគមន៍មួយ។ រូបភាព៖ ក្រុមការងារយុទ្ធនាការសៀវភៅមួយសហគមន៍មួយ

Share

ព័ត៌មានទាក់ទង

Image