ភ្នំពេញ៖ ទោះបីជាតំបន់រុនតាឯកបានអភិវឌ្ឍន៍មានហេដ្ឋារចនាសម្ព័ន្ធល្អខ្លះយ៉ាងណាក្តី តែពលរដ្ឋដែលរស់នៅតំបន់អង្គរដែលស្ថិតក្នុងបញ្ជីនៃការស្ម័គ្រចិត្តរើចេញ ក៏នៅតែមិនទាន់ព្រមចាកចេញទៅដែរ ដ្បិតពលរដ្ឋយល់ថា ទីតាំងថ្មីដីរុនតាឯកពុំទាន់អាចធ្វើឱ្យជីវភាពពួកគេល្អប្រសើរជាងទីតាំងចាស់នោះទេ។ ជាងនេះពលរដ្ឋរស់នៅតំបន់អង្គរដែលវិទ្យុស្រ្តីបានជួបសម្ភាសន៍លើកឡើងប្រហាក់ប្រហែលគ្នាថា ពួកគេមិនព្រមចាកចេញនោះទេ បើសិនជាការដោះដូរមិនសមាមាត្រគ្នានោះ។ តទៅនេះសូមនាង កញ្ញា លោក លោកស្រី អញ្ជើញស្តាប់បទយកការណ៍ដែលរៀបរៀងដោយកញ្ញ ងិន ស៊ាងលីម ដូចតទៅ!
«ធម្មតាកន្លែងកំណើតរបស់យើងអូនមានអ្នកណាគេចង់ចាកចេញនោះទេ ដូចបងថាអញ្ចឹងគ្មាននរណាគេចង់ចាកចេញទេ បើគេអ្នកចំណូលថ្មីគេបានអ្វីដែលគេទទួលបានគេប្រាកដជាចង់ទៅហើយ ប៉ុន្តែអ្នកស្រុកពិតប្រាកដភាគច្រើនទោះជាគាត់មានដីប៉ុនបាតដៃក៏គាត់អត់ចង់ចេញពីកន្លែងដែលគាត់ធ្លាប់រស់នៅដែរ។ អ្នកដែលចេញទៅហើយ ពេលខ្លះគាត់អត់មានជម្រើសដូចបងនិយាយអញ្ចឹងឯង បើបងឯងមិនចេញប្រយ័ត្នគេឈូសចោលគ្មានបានអីសោះ អាមួយស្ម័គ្រចិត្តចេញ អាមួយបង្ខំចិត្តចេញទាំងមិនចង់ចេញវាខុសគ្នា»។
នេះជាប្រសាសន៍របស់អ្នកស្រី លាន់ ឡាប ជាពលរដ្ឋដែលមិនទាន់ព្រមទទួលយកគោលការណ៍ស្ម័គ្រចិត្តដោះដូរលំនៅឋានពីតំបន់រមណីយដ្ឋានអង្គរទៅតំបន់រុនតាឯក ដែលជាក្រុងថ្មីរៀបចំដោយរដ្ឋាភិបាល។
មានចម្ងាយពីរមណីយដ្ឋានអង្គរប្រមាណ ៥គីឡូម៉ែត្រ នៅតាមបណ្ដោយផ្លូវកៅស៊ូឆ្ពោះទៅអង្គរនៅមានផ្ទះប្រជាពលរដ្ឋមួយចំនួន ស្ថិតក្នុងភូមិគោកតាចាន់ និងភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប នៅមិនទាន់រុះរើលំនៅឋានចេញពីតំបន់អង្គរនៅឡើយ ទោះបីរដ្ឋាភិបាលបានរៀបចំក្រុងរុនតាឯកថ្មីនិងអំពាវនាវច្រើនលើកច្រើនសាក៏ដោយចុះ។
ស្ថិតនៅក្នុងភូមិគោកតាចាន់ តាមបណ្ដោយផ្លូវកៅស៊ូនេះ មានលំនៅឋានមួយខ្នង កំពុងបើកអាជីវកម្មលក់ដូរសម្លៀកបំពាក់ និងគ្រឿងសម្អាង ដែលអាជីវកម្មនេះហើយជារបស់អ្នកស្រី លាន់ ឡាប។ ស្ដ្រីវ័យកណ្ដាលរូបនេះ រៀបរាប់ប្រាប់វិទ្យុស្ដ្រីថា នៅតំបន់អង្គរនេះ សម្បូរអ្នកចំណូលថ្មីមករស់នៅច្រើន ដូច្នេះហើយភាគច្រើនអ្នកដែលស្ម័គ្រចិត្តរុះរើលំនៅឋានរបស់ខ្លួនទៅរស់នៅតំបន់រុនតាឯក គឺជាអ្នកចំណូលថ្មីច្រើនជាងម្ចាស់ស្រុកដើម។ អ្នកស្រីចោទជាសំណួរថា តើការដោះដូរនេះយុត្តិធម៌សម្រាប់គ្រួសាររបស់ខ្លួនដែរទេ? ខណៈដីស្រែនិងដីលំនៅឋានសរុបមានច្រើនហិកតា តែទំហំដីក្នុងគោលការណ៍ដោះដូរមានទំហំតូចជាងឆ្ងាយណាស់ ពោលគឺមានក្បាលដីទំហំតែដី ២០ម៉ែត្រគុណនឹង៣០ម៉ែត្រតែប៉ុណ្ណោះ។
អ្នកស្រី លាន់ ឡាប ៖ «យើងជួបពិតៗជាក់ស្ដែងមែន សម្ដីរបស់គាត់គឺមែន (អាជ្ញាធរអប្សរា) ថាបងឯងស្ម័គ្រទៅ អញ្ចឹងបានគេឱ្យ ប្រយ័ត្នអត់បានអីសោះ ប្រយ័ត្នគេឈូសចោលយកអ៊ិចស្កាវ៉ាទ័រមកឈូសចោលអី អាហ្នឹងគេនិយាយថារបៀបគេប្រម៉ូលសិនបំភ័យយើង អានេះតិចនិកនៃការបំភ័យយើង តែបើយើងនៅតែរឹងធម្មតាយើងរស់នៅទីនេះរាប់សិបឆ្នាំហើយតាំងពីជីទួតជីលួតជីលាស្ម័គ្រទៅណា។ តែបើស្ម័គ្រវាមានពីរប្រភេទដែរ អ្នកខ្លះក៏គេស្ម័គ្រទៅត្រូវ ដូចជាដីចំណីផ្លូវ ដីតាមលូ តាមប្រឡាញហ្នឹងគង់តែគេជីកចោលដូចអាចម៍ទេ អញ្ចឹងយើងស្ម័គ្រទៅវាត្រូវហើយ ប៉ុន្តែដូចពួកបងដែលនៅភូមិស្រុកនៅនេះ ដីស្រែរាប់សិបកន្លែងអូនឯងមើល សួរថាគេឱ្យមួយប្លង់ សួរថាបងបានអីធ្វើស្រែ បងបានអីហូបអញ្ចឹង»។
ស្ថិតក្នុងភូមិដដែលនេះ ក៏មានស្ដ្រីវ័យចំណាស់ម្នាក់ កំពុងលក់នំបញ្ចុកនៅតាមបណ្ដោយផ្លូវទៅរមណីយដ្ឋានអង្គរផងដែរ នោះគឺអ្នកស្រី សុខ គឹមឡាយ។ អ្នកស្រីនិយាយថា ពីមុនមកមានអាជ្ញាធរអប្សរាចុះមកសួរគ្រួសារអ្នកស្រីទាក់ទងនឹងការដោះដូរលំនៅឋានទៅតំបន់រុនតាឯក ប៉ុន្តែអ្នកស្រីមិនទាន់ស្ម័គ្រចិត្ត។ ទោះបីជាអ្នកស្រីមិនទាន់ស្ម័គ្រចិត្តទៅក្រុងថ្មី តែខាងអាជ្ញាធរក៏មិនមកបង្ខំឱ្យគ្រួសារអ្នកស្រីដោះដូរលំនៅឋានទៅតំបន់រុនតាឯកដែរ។ អ្នកស្រីដាក់ជាគំនិតគួរពិចារណាថា ទោះជាតំបន់ថ្មីរៀបចំប្រព័ន្ធទឹក-ភ្លើង ផ្លូវ បានស្អាតក្ដី លំនៅឋានចាស់របស់អ្នកស្រីក៏មានដូចគ្នាដែរ ដូច្នេះចាំបាច់អ្វីដែលគ្រួសារអ្នកស្រីត្រូវរុះរើលំនៅឋានចេញ។
អ្នកស្រី សុខ គឹមឡាយ ៖ «គេតែងមកសួរយើង បើថាស្ម័គ្រចិត្តហ្នឹងគេឱ្យដីម្ភៃសាម គេឱ្យប័ណ្ណក្រីក្រ ហើយគេចែកស័ង្កសី ចែកអី តែបើអ៊ំអត់ស្ម័គ្រ»។
ចុះពីបណ្ដោយផ្លូវកៅស៊ូនេះ មានផ្លូវលំតូចៗដែលមិនទាន់មានការអភិវឌ្ឍន៍ ហើយផ្លូវលំនេះហើយគឺជាច្រកចូលទៅក្នុងភូមិវាល។ នៅតាមដងផ្លូវធ្វើដំណើរចូលទៅក្នុងភូមិនេះ មានផ្ទះប្រជាពលរដ្ឋខ្លះ បានរុះរើ និងមានផ្ទះប្រជាពលរដ្ឋខ្លះទៀតមិនទាន់រុះរើ។ ស្ដ្រីវ័យចំណាស់ម្នាក់ កំពុងអង្គុយជាមួយកូននៅក្នុងផ្ទះដែលមានលក់គ្រឿងបរិភោគ ជាប់នឹងសំណង់ផ្ទះដែលរុះរើចេញ អ្នកស្រី ញិប សុខា ប្រាប់ថា កាលពីមុនអាជ្ញាធរអប្សរា តែងតែចុះមកតឿនឱ្យគ្រួសារអ្នកស្រីស្ម័គ្រចិត្តរើលំនៅឋានចេញពីតំបន់អង្គរ ប៉ុន្តែឥលូវនេះអាជ្ញាធរអប្សរា មិនសូវចុះមកតឿនដូចកាលពីមុននោះទេ។ មូលហេតុដែលអប្សរាមិនសូវចុះមកតឿនឱ្យគ្រួសារអ្នកស្រីរើលំនៅឋានចេញពីតំបន់អង្គរនេះ គឺដោយសារតំបន់រុនតាឯកមានអ្នកទៅរស់នៅពេញហើយ ដូច្នេះអប្សរាកំពុងរៀបចំតំបន់ថ្មីមួយទៀត ហៅថាតំបន់ពាក់ស្នែង ដើម្បីទុកឱ្យអ្នកដែលមិនទាន់ស្ម័គ្រចិត្ត អាចដោះដូរទៅតំបន់នោះ។
ក្នុងទឹកមុខក្រៀមក្រំ ស្ដ្រីវ័យចំណាស់នេះ បន្តរៀបរាប់ថា ទោះបីការរស់នៅលំនៅឋានចាស់ មិនទទួលបានការអភិវឌ្ឍន៍ពីអាជ្ញាធរក្ដី ប៉ុន្តែលំនៅឋាននេះ ជាជម្រកដ៏កក់ក្ដៅ និងមានអនុស្សាវរីយជាច្រើនរបស់គ្រួសារអ្នកស្រី។ ដូច្នេះចង់ ឬមិនចង់ការចាកចេញពីលំនៅឋានចាស់នេះ អ្នកស្រីគ្មានសិទ្ធិសម្រេចនោះទេ ពីព្រោះនេះជាតម្រូវការរបស់អាជ្ញាធរអប្សរា ដែលត្រូវឱ្យពលរដ្ឋរើលំនៅឋានរបស់ខ្លួនពីតំបន់អង្គរទៅតំបន់ថ្មីដែលអប្សរារៀបចំ។
អ្នកស្រី ញិប សុខា ៖ «នៅជាមួយកូនពៅហ្នឹងរស់នៅជុំគ្នាទៅ កូនចៅទៅធ្វើការទៅរស់នៅជាមួយកូនអញ្ចឹងទៅ មិនសូវជាយ៉ាប់ណាស់ណានោះទេ វាល្មមរស់នៅទីនេះ តទៅមុខទៀតខ្ញុំអត់ដឹងដែរទេ យ៉ាងម៉េចទៅមុខទៀត»។
អ្នកស្រី ញិប សុខា បន្ថែមថា ការចាកចេញពីលំនៅឋានចាស់ មកតំបន់ថ្មី ប្រៀបដូចជាការចាប់ផ្ដើមជីវិតឡើងវិញ ខណៈក្នុងវ័យនេះ អ្នកស្រីមិនមានលទ្ធភាពរកចំណូលបានឡើយ ពោលគឺពឹងលើកូនប៉ុណ្ណោះ ដូច្នេះហើយអ្វីដែលត្រូវសន្សំបាននៅទីលំនៅចាស់ នឹងត្រូវចំណាយលើការរស់នៅតំបន់ថ្មី នោះមានន័យថាជីវភាពគ្រួសារត្រូវលំបាកម្ដងទៀត។ ម្យ៉ាងវិញទៀត ការរស់នៅក្នុងតំបន់ថ្មីនេះ អ្នកស្រីថា ត្រូវការលុយដើម្បីរៀបចំសាងសង់លំនៅឋានថ្មី បង្គន់អនាម័យ និងតប្រព័ន្ធទឹក-ភ្លើង ជាពិសេសស្វែងរកមុខរបរដែលអាចរកចំណូលបាន។
អ្នកស្រី ញិប សុខា ៖ «គិតអីកូន មិនមានអីត្រូវគិតផង បើមិនមានប្រាក់កាក់ត្រូវគិតផង សន្សំតិចៗទៅទៀតទៅ មានស្អីបើកូនធ្វើការរាល់ថ្ងៃបានតែមួយហូបដែរហ្នឹង មិនសូវមានដែរហ្នឹង»។
ស្ដ្រីវ័យចំណាស់ម្នាក់ទៀត ដែលកំពុងតែអង្គុយយោលអង្រឹងនៅខាងមុខផ្ទះថ្មមួយខ្នង ជាប់នឹងសំណង់ផ្ទះដែលបានរុះរើដែរ អ្នកស្រី គី វ៉ាន់ បាននិយាយដែរថា កន្លងមកអាជ្ញាធរអប្សរា បានចុះមកជំរឿនពលរដ្ឋក្នុងភូមិវាលនេះ ក្នុងនោះមានកូនរបស់អ្នកស្រីម្នាក់ និងអ្នកភូមិមួយចំនួន បានស្ម័គ្រចិត្តរើលំនៅឋានខ្លួន ទៅរស់នៅតំបន់រុនតាឯក។ ចំណែកអ្នកស្រី និងកូនម្នាក់ទៀត មិនបានស្ម័គ្រចិត្តនោះទេ គឺនៅបន្តរស់នៅក្នុងភូមិនេះដដែល ពីព្រោះអាជ្ញាធរអប្សរាមិនបានបង្ខំឱ្យគ្រួសារអ្នកស្រីត្រូវរើលំនៅឋានចេញភ្លាមៗនោះទេ។ ទោះបីជាមិនមានការបង្ខំក្ដី ប៉ុន្តែភូមិវាលនេះ ជាតំបន់របស់អាជ្ញាធរអប្សរា ដូច្នេះអ្នកស្រីថា មុន ឬក្រោយ គឺត្រូវតែរើចេញដដែល ហើយការរើចេញនេះ អប្សរាអាចនឹងបញ្ចូនគ្រួសារអ្នកស្រីទៅតំបន់ពាក់ស្នែង ដែលកំពុងរៀបចំដូចតំបន់រុនតាឯកដែរ។
អ្នកស្រី គី វ៉ាន់ ៖ «ខ្ញុំមុនដំបូងសុំឱ្យកូនហ្នឹង ខ្ញុំសុំដែរតើខ្ញុំសុំឱ្យទៅនៅរុនតាឯកដែរ ដល់ប្រធានភូមិគេថាអ៊ំឯងទៅធ្វើអីផ្ទះប៉ុនណាណីចាំមើលគេតិចទៀតទៅក៏នៅដល់ឥលូវ ដល់គេផ្អើលហ្នឹងទៅតាមគេទៀតហើយ ទៅផ្អើលតាមគេ។ កាលពីមុនអត់ទៅទេ នរណាមកសួរអត់ទៅ នរណាមកសួរអត់ទៅ»។
ជុំវិញរឿងនេះ លោក ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា បញ្ជាក់ប្រាប់វិទ្យុស្ដ្រីថា អាជ្ញាធរអប្សរា កំពុងដំណើរការលើការរៀបចំប្រជាពលរដ្ឋដែលផ្លាស់ប្ដូរលំនៅឋានស្ម័គ្រចិត្តចេញពីតំបន់រមណីយដ្ឋានអង្គរវត្តទៅក្រុងរុនតាឯក និងតំបន់ពាក់ស្នែង ដូច្នេះដំណើរការយ៉ាងណានោះ លោកបដិសេធក្នុងការបកស្រាយរឿងនេះ។ ដោយឡែក ចំពោះទិន្នន័យប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចេញ និងតំបន់ដែលត្រូវតម្រូវឱ្យពលរដ្ឋរុះរើលំនៅឋាននោះ គឺលោកថាមិនមានឯកសារក្នុងដៃ ហើយក៏មិនចាំតួលេខពលរដ្ឋស្ម័គ្រចិត្តទាំងនោះដែរ។
លោក ឡុង កុសល ៖ «ប្រសិនជាបង្ខិតបង្ខំគាត់ម៉េចទៅនៅហ្នឹងឃើញទេប្អូនស្រី ប្អូនឯងមើលៗ យើងមើលតើពួកយើងយ៉ាងម៉េច? គាត់ជាប្រជាជនខ្មែរណា គាត់ជាជនជាតិខ្មែរ គាត់មករស់នៅលើទឹកដីខ្មែរ គ្រាន់តែថាកន្លែងដែលគាត់រស់នៅហ្នឹង វាមិនមានភាពស្របច្បាប់។ ប៉ុន្តែយ៉ាងណាក៏ដោយ យើងត្រូវតែបង្កើតភាពស្របច្បាប់ជូនគាត់តាមរយៈការផ្លាស់ប្ដូរទីលំនៅរបស់គាត់នេះ ឃើញទេមានទាំងការឧបត្ថម្ភផង មានទាំងអីៗជូនគាត់ ហើយអាហ្នឹងវាជាគោលការណ៍ស្ម័គ្រចិត្ត កុំយល់ច្រឡំថាកិច្ចការងារនេះមានការបង្ខិតបង្ខំអីឱ្យសោះអាហ្នឹងសូមឱ្យច្បាស់ បាទ!»។
សម្រាប់ពលរដ្ឋដែលរុះរើលំនៅឋានចេញ លោកកុសលបញ្ជាក់ថា អាជ្ញាធរអប្សរាសុទ្ធតែមានការសិក្សា និងវាយតម្លៃយ៉ាងត្រឹមត្រូវ អំពីផលប៉ះពាល់របស់ប្រជាពលរដ្ឋ ហើយជាសេសគឺការជជែកជាមួយប្រជាពលរដ្ឋដែលជាម្ចាស់ស្រុក ចង់ទៅ ឬមិនចង់ទៅ វាជាសិទ្ធិ និងជាការស្ម័គ្រចិត្តរបស់ពលរដ្ឋប៉ុណ្ណោះ។
លោក ឡុង កុសល ៖ «យើងបានគិតគូរសព្វគ្រប់ទៅលើផ្នែកមនោសញ្ចេតនា ទៅលើផ្លូវអារម្មណ៍ ទៅលើសកម្មភាពការងារជាក់ស្ដែង ស្អីៗ។ល។ គឺថាមានអស់ យើងមិនមានធ្វើអ្វីមួយ ដែលនាំឱ្យប៉ះពាល់ទៅដល់មនោសញ្ចេតនា អារម្មណ៍ ឬក៏ស្អីណាមួយនោះទេ ខ្ញុំសូមបញ្ជាក់ប៉ុណ្ណឹង»។
បើតាមអ្នកស្រី លាន់ ឡាប ទម្រាំតែកសាងបានផ្ទះធំ និងមានមុខរបររកចំណូលបានរាល់ថ្ងៃនេះ គ្រួសារអ្នកស្រីប្រឹងប្រែងខ្លាំងណាស់ ហើយករណីដោះដូរទៅនៅតំបន់រុនតាឯកប្រៀបបានជាការចាប់ផ្ដើមថ្មី។ ដូច្នេះជាគោលជំហរ គឺអ្នកស្រីដាច់ខាតមិនស្ម័គ្រចិត្តរុះរើលំនៅឋានខ្លួនទៅតំបន់រុនតាឯកឡើយ។
អ្នកស្រី លាន់ ឡាប ៖ «លើកហេតុផលមកថាហេតុអ្វីបានជាប្រជាជនដាច់ខាត ត្រូវតែរើ យើងសួរគាត់ថាមូលហេតុអ្វីបានជារើដាច់ខាត បើថាពាក់ព័ន្ធនឹងយូណេស្កូអី ដូចជា ប្រជាជនយើងមានមុនយូណេស្កូយូរហើយ មានចង់និយាយថា ប្រជាជនយើងនៅបរិវេណអង្គរ គឺវាមានមុនយូរហើយ តាំងពីមុនចូលប្រាសាទអង្គរវត្តជាបេតិភណ្ឌពិភពលោកម៉េះ តែប្រសិនជាអំណះអំណាងដែលគាត់ថារើមកពីប្រជាជនច្រើន អាហ្នឹងបងសមស្របថាមានប្រជាជនច្រើនមែន ប៉ុន្តែខាងលើគាត់អាចមានវិធានការមួយទៅ ប្រជាជនណាដែលពិតប្រាកដនៅទីនេះ ប្រជាជនណាដែលមិនពិតប្រាកដ។ អញ្ចឹងការចំណូល និងចំណាកស្រុកនៅទីនេះច្រើន វាធ្វើឱ្យប៉ះពាល់ដល់អ្នកស្រុកដើម យើងអត់សុខចិត្តទៅទេ ព្រោះយើងនៅនេះយូរហើយ»។
អត្ថបទដោយ៖ កញ្ញា ជា សុខនី