ភ្នំពេញ៖ យុវជនស្ម័គ្រចិត្តចំនួន១០នាក់មកពីបណ្តាប្រទេសអាស៊ានក្នុងនោះមានកម្ពុជាផង បានសិក្សាឈ្វេងយល់អំពីសង្វាក់ផលិតកម្មតម្បាញសូត្រខ្មែរ ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលការងារនេះបានលើកកម្ពស់ដល់ស្រ្តីនៅក្នុងសហគមន៍ វប្បធម៌ សិល្បៈ ផ្តោតទៅលើវិស័យតម្បាញសូត្រ។ មិនត្រឹមតែប៉ុណ្ណោះ ដំណើរសិក្សាក៏ដើម្បីជួយផ្សព្វផ្សាយ និងពង្រឹងសេដ្ឋកិច្ចសហគមន៍ វប្បធម៌របស់សហគមន៍ឱ្យមានសក្តានុពលតាមរយៈសកម្មភាពការងាររបស់យុវជនផងដែរ។ អ្នកស្រីវ៉ាយ វត្តី ជូនសេចក្តីរាយការណ៍
អ្នកស្រី ងន វ៉ាន់ថា ប្រធានមជ្ឈមណ្ឌលតម្បាញសូត្រ ខល័រសៀលកម្ពុជា Color Silk (Cambodia)បានឱ្យដឹងថា រយៈពេល២សប្តាហ៍នៅកម្ពុជានេះ យុវជនស្ម័គ្រចិត្តដែលមកពីប្រទេសអាស៊ានទាំង១០នេះ នឹងធ្វើការងារជាមួយកសិករនៅតាមសហគមន៍ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ក្រុមយុវជនបានធ្វើសកម្មភាពដូចជាជួយបណ្តុះបណ្តាលស្រ្តីកសិករសហគមន៍ លើកទឹកចិត្តឱ្យគាត់យល់អំពីតម្លៃការងារដាំដុះក្នុងសហគមន៍ ការចូលរួមការងារសហគមន៍ដែលមាន ជាពិសេសផ្តោតលើស្រ្តី និងយុវជន។ ម្យ៉ាងទៀតយុវជនទាំងនោះក៏នឹងគ្រោងបង្កើតសាលពិព័រណ៌ល័ក្កធម្មជាតិ និងការដាំដុះ ដើមឈើដែលជាប្រភពក្នុងការប្រើប្រាស់យកមកធ្វើជាព័ណ៌ផងដែរ។
អ្នកស្រី ងន វ៉ាន់ថា៖«ទាក់ទងនឹងសាលព័ពិរណ៌ល័ក្កធម្មជាតិដើម្បីជួយពង្រឹងសក្តានុពលកាត់បន្ថយការប្រើប្រាស់គីមីរបស់ស្រ្តីសហគមន៍ ឱ្យកសិករអ្នកដែលមានទំនាក់ទំនង យល់ពីសារៈសំខាន់ក្នុងការប្រើប្រាស់ធនធានធម្មជាតិ ហើយល័ក្កធម្មជាតិធ្វើដាក់បង្ហាញនិងតាំងបង្ហាញ នូវផលិតផលពីតម្បាញដៃធ្វើពីធម្មជាតិដើម្បីដាក់ជូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ភ្ញៀវទេសចរណ៍ដែលគាត់អញ្ជើញមកអាចមើលជាផលិតផល ធម្មជាតិដែលយើងផលិតក្នុងស្រុក ផលិផលធម្មជាតិដែលយើងប្រមូលក្នុងស្រុកដើម្បីយកមកបង្កើតជាព័ណ៌ និងផលិតផលសម្រេចដែលគាត់អាចទិញ អាចជាវបាន»។
អ្នកស្រី ងន វ៉ាន់ថា បន្តថា ក្រៅពីនេះយុវជនស្មគ្រ័ចិត្តទាំងនោះ ក៏បានចូលរួមផ្សព្វផ្សាយចែករំលែកចំណេះដឹង និងបណ្តុះគំនិតដល់យុវជននៅក្នុងសហគមន៍ឱ្យចេះចូលរួមធ្វើសកម្មភាពដើម្បីអភិវឌ្ឍន៍សហគមន៍របស់ពួកគេ។
អ្នកស្រី ងន វ៉ាន់ថា ៖«រយៈពេល១អាទិត្យនេះ យើងបានចុះទៅបង្រៀនកសិករជាស្រ្តីក្នុងសហគមន៍ ផ្តល់ជាពូជដើមឈើដែលយើងយកមកធ្វើជាល័ក្កបានជួយដាំគាត់មកដល់ពេលនេះយើងដាំបានជាង៤០០ដើមហើយនៅបន្ទាយស្រី ខេត្តសៀមរាប ដោយសារយើងផ្តោតទៅលើធម្មជាតិដូច្នេះសរសៃសូត្រ និងការប្រើប្រាស់ព័ណ៌នៅក្នុងសហគមន៍ផលិតរបស់យើង ផ្តោតទៅលើការប្រើប្រាស់ធនធាននៅក្នុងស្រុកដូចជា ផ្កា ផ្លែ សម្បកឈើយើងយកមកធ្វើជាព័ណ៌នៅក្នុងចង្វាក់ផលិតកម្មរបស់យើង សរសៃសូត្រប្រភេទក្នុងស្រុកយើងស្រាយសូត្រ យើងធ្វើការជាមួយសហគមន៍»។
សូមបញ្ជាក់ផងដែរថា មជ្ឈមណ្ឌលតម្បាញសូត្រ ខល័រសៀលកម្ពុជា Color Silk (Cambodia)បង្កើតឡើងនៅក្នុងឆ្នាំ២០០៩ ដោយអ្នកស្រី ងន វ៉ាន់ថា រហូតមកដល់បច្ចប្បន្ននេះ មានចំនួនស្រ្តីជិត ៧០០ នាក់ហើយក្នុងខេត្តតាកែវ និងសៀមរាប ដែលជាអ្នកតម្បាញ។ មជ្ឈមណ្ឌលក៏បានផ្គត់ផ្គង់សម្ភារៈដល់ស្រ្តីទាំងនោះធ្វើការងារតម្បាញនៅផ្ទះ ដោយមជ្ឈមណ្ឌលជាអ្នករកទីផ្សារសម្រាប់ជួយដល់ស្រ្តីតម្បាញទាំងនោះ។អ្នកស្រី ងន វ៉ាន់ថា បញ្ជាក់ថា ភាគច្រើនផលិតផលសូត្រខ្មែរបាននាំចេញទៅលក់នៅទីផ្សារ ៩០ភាគរយនៅសហគមន៍អឺរ៉ុប អាមេរិក និងជប៉ុនជាដើម។«យើងផ្តោតលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈតម្បាញសូត្រដល់ស្រ្តី និងក្មេងស្រីក្នុងសហគមន៍ដែលគាត់មិនមានលទ្ធភាពបន្តការសិក្សា ស្រ្តីដែលជាមេផ្ទះអត់មានការងារ និងជំនាញគាត់អាចចូលរួមវគ្គបណ្តុះបណ្តាលជំនាញសូត្ររបស់យើងបាន អ៊ីចឹងរយៈពេលបង្រៀន៥ខែអត់គិតលុយ ពេលគាត់ចេញទៅគាត់អាចមានអាជីពតម្បាញសូត្រផ្ទាល់របស់គាត់ រាល់ថ្ងៃនេះយើងផ្តោតទៅលើការដាំដុះនៅក្នុងស្រុក យើងស្រាវសរសៃសូត្រក្នុងស្រុកដោយខ្លួនយើង ហើយការស្រាវសរសៃសូត្រយើងសហការជាមួយកសិកររាប់ពាន់នាក់រាល់ថ្ងៃនៅក្នុងសហគមន៍ គឺមានរហូតដល់ជាង២ពាន់គ្រួសារ នៅខេត្តតាកែវ និងខេត្តសៀមរាប ដែលគាត់ដាំមន ហើយយើងទទួលទិញស្លឹកមនសហការជាមួយគាត់ដោយទិញស្លឹកមនពីសហគមន៍របស់គាត់យកមកផ្គត់ផ្គង់ មជ្ឈមណ្ឌលស្រាវសូត្រ អ៊ីចឹងមជ្ឈមណ្ឌលស្រាវសូត្រ ផលិតសូត្រដើម្បីផ្គត់ផ្គង់ទៅតម្បាញវិញ»៕
មជ្ឈមណ្ឌលតម្បាញសូត្រ ខល័រសៀលកម្ពុជា នៅបន្ទាយស្រី ខេត្តសៀមរាប
ប្រភពរូប៖ មជ្ឈមណ្ឌលតម្បាញសូត្រ ខល័រសៀលកម្ពុជា (ក្រុមយុវជនស្ម័គ្រចិត្តមកពី១០ប្រទេសចុះបង្រៀនដល់កសិករពីសារៈសំខាន់នៃការដាំដុះនៅក្នុងសហគមន៍ នៅបន្ទាយស្រី ខេត្តសៀមរាប