en     km
en     km

ក្មេងស្រីជនបទភាគច្រើន នៅតែប្រឈមបញ្ហាបង្ខំឱ្យរៀបការទាំងវ័យក្មេង

Share

ភ្នំពេញ៖ បើទោះបីជាបច្ចុប្បន្ន កុមារទទួលបាន ការអប់រំល្អប្រសើរជាងពេលមុន ហើយការប្រើប្រាស់អំពើហិង្សាទាំងក្នុងគ្រួសារ និងសាលារៀនត្រូវបានកាត់បន្ថយ តែយ៉ាងណា កុមារ និងក្មេងស្រី ក៏នៅតែប្រឈមនឹងបញ្ហាមួយចំនួន ដូចជាការបោះបង់ចោលការសិក្សា និងការបង្ខំឱ្យរៀបការទាំងវ័យក្មេងនៅតាមតំបន់ជនបទមួយចំនួន។ កត្តានេះតម្រូវឱ្យមានការចូលរួមយកចិត្តទុកដាក់ បន្ថែមពីអាណាព្យាបាល និង ក្រសួង-ស្ថាប័នភាគីពាក់ព័ន្ធទាំងអស់ចូលរួមដោះស្រាយដើម្បីឱ្យពួកគេទទួលបានសិទ្ធិ និងសេរីភាពកាន់តែទូលំទូលាយជាងមុន។ អ្នកស្រីវ៉ាយ វត្តី ជូនសេចក្តីរាយការណ៍

កញ្ញា ស្រីឡឹង មកពីស្រុកបន្ទាយស្រី ខេត្តសៀមរាប បានប្រាប់ឱ្យដឹងថា នៅក្នុងសហគមន៍ដែលកញ្ញារស់នៅ ក្មេងស្រីភាគច្រើននៅតែប្រឈមនឹងបញ្ហាឪពុកម្តាយរឹតត្បិត និងបង្ខំកូនឱ្យឈប់រៀន ដើម្បីទៅរកប្រាក់ចំណូលជួយផ្គត់ផ្គង់គ្រួសារ និងជាពិសេសឱ្យទៅរៀបការទាំងដែលខ្លួននៅក្មេង។ រីឯកុមារដែលរស់នៅជាមួយឪពុក ឬ ម្ដាយចុង និងសាច់ញាតិ តែងតែទទួលរងនូវការប្រើហិង្សា និងការស្តីបន្ទោសជាដើម។

កញ្ញា ស្រី ឡឹង៖ « គាត់គិតតែឱ្យកូនស្រីឈប់ទៅរៀន រៀបការដើម្បីជួយផ្គត់ផ្គង់គ្រួសារវិញ ​មួយទៀតគាត់បង្ខំកូនឱ្យទៅរកលុយនៅស្រុកឆ្ងាយ ឬតាមខេត្តដើម្បីជួយផ្គត់ផ្គង់គ្រួសារដោយសារតែជីវភាពខ្វះខាត តាមតំបន់មួយៗ ហើយសិស្សដែលប្រឈមនឹងការបោះបង់ការសិក្សាភាគច្រើនតាមបណ្តាញសង្គម ឬតាមមិត្តភក្តិ ដោយសារតែពួកគេភ្លឺតភ្លើនលឿន ហើយឪពុកម្តាយមិនសូវអើពើជាមួយ ពួកគាត់មិនបានចាប់អារម្មណ៍និងតាមដានកូនឱ្យបានគ្រប់ពេល សម្រាប់សុខភាពរបស់ស្រ្តីមិនបានពេញលេញនូវឡើយទេខាងតំបន់ ដោយសារតែជីវភាពរបស់ពួកគេ​ ពួកគេមិនបានខ្វល់ខ្វាយ​​ពីសុខភាពខ្លួនឯង ទាំងស្រ្តី និងកុមារី»។

ធ្លាប់ជាក្មេងស្រីម្នាក់ ដែលត្រូវបានឪពុកម្តាយ បង្ខំឱ្យបោះបង់ចោលការសិក្សា ដើម្បីឱ្យទៅរៀបការទាំងវ័យក្មេង ស្រីឡឹង ក៏បានជម្នះ និងព្យាយាមពន្យល់ឪពុកម្តាយ ដោយលើកហេតុផលថាខ្លួននៅក្មេងពេកមិនចង់ឈប់រៀនទេ ចង់រៀន និងធ្វើការរកលុយសិន មិនចង់បានគ្រួសារភ្លាមៗទាំងនៅក្មេងពេកព្រោះ ចង់រកលុយដើម្បីជួយខ្លួនឯង និងផ្គត់ផ្គង់ក្នុងគ្រួសារថែមទៀត។

កញ្ញា ស្រីឡឹង៖« ខ្ញុំសំណូមពរដល់ឪពុកម្តាយគ្រប់រូបមិនត្រូវគិតអំពីផលប្រយោជន៍ណាមួយដើម្បីតែផលប្រយោជន៍ខ្លួនឯងទេ ប៉ុន្តែគួរតែគិតឬសួរចិត្តកូនដើម្បីឱ្យកូនមានការសម្រេចចិត្តបានត្រឹមត្រូវ កុំបង្ខំកូន ឬដាក់សម្ពាធកូនឱ្យឈប់រៀនដើម្បីយកគ្រួសារតាមគាត់»។

អង្គការភ្លែនអន្តរជាតិ បានសហការជាមួយក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងការចុះកិច្ចព្រមព្រៀងជាមួយអង្គការដៃគូកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ដាក់ឱ្យដំណើរការគម្រោង«យើងរួមគ្នាដើម្បីកិច្ចការពារកុមារ»ដែលគម្រោងនេះបានអនុវត្តន៍ក្នុងរាជធានី ខេត្តគោលដៅចំនួន៣ មានខេត្តសៀមរាប ស្ទឹងត្រែង រតនគីរី និងភ្នំពេញ។

ការអង្កេតប្រជាសាស្រ្ត និងសុខភាពនៅកម្ពុជា ឆ្នាំ២០២១-២០២២ បានបង្ហាញឱ្យឃើញថា ក្មេងស្រី១៩ភាគរយ និងក្មេងប្រុស៦ភាគរយបានរៀបអាពាហ៍ពិពាហ៍មុនអាយុ១៨ឆ្នាំ និង១.៨ភាគរយបានរៀបអាពាហ៍ពិពាហ៍មុនអាយុ១៥ឆ្នាំ។ ស្រ្តីវ័យក្មេងអាយុ១៥-១៩ឆ្នាំដែលបានរៀបអាពាហ៍ពិពាហ៍នៅអាយុ១៥ឆ្នាំមាន ២ភាគរយ មានផ្ទៃពោះទាំងវ័យក្មេង ហើយតិចជាង១ភាគរយបានសម្រាលកូន ឬ ធ្លាប់មានផ្ទៃពោះនៅចន្លោះអាយុនេះ។

កញ្ញា  សុខលី បណ្តាញដឹកនាំយុវជនគាំទ្រពីអង្គការសម្ព័ន្ធសិទ្ធិកុមារ និងអង្គការយូនីសេហ្វបានមើលឃើញ​បញ្ហានៅតាមបណ្តាញប្រព័ន្ធFacebook គឺក្មេងស្រីទទួលរងនូវការបៀតបៀនផ្លូវភេទ ត្រូវបានគេបង្ខិតបង្ខំ មួយទៀត កុមារមួយចំនួនគាត់មិនទាន់មានឱកាសក្នុងការបញ្ចេញមតិក៏ដូចជារាយការណ៍បញ្ហាដែលគាត់បានជួបប្រទះនៅឡើយទេ ក្មេងស្រីមួយចំនួនទៀតក៏រៀបការវ័យក្មេង​ ក៏ដូចជាការបោះបង់ចោលការសិក្សា ពិសេសស្រ្តីនៅតាមតំបន់ដាច់ស្រយាល គាត់គ្មានឱកាសក្នុងការបង្ហាញនូវអ្វីដែលគាត់បានជួបប្រទះជាពិសេសបញ្ហារំលោភបំពាន។​

កញ្ញា សុខលី​៖ « គឺទី១ចង់ឱ្យ មានការផ្សព្វផ្សាយពា​​​​ក់ព័ន្ធជាមួយការផ្តល់សិទ្ធិសេរីភាពទៅដល់ស្រ្តីឱ្យកាន់តែទូលំទូលាយជាងមុន ជាពិសេស មធ្យោបាយដែលល្អ បំផុតដោយសារតែតំបន់ដាច់ស្រយាលមួយចំនួនមិនទាន់មានលទ្ធភាព ក្នុងការប្រើស្មាតហ្វូន ដូចជាអ្នកនៅទីក្រុងទេ ដូច្នេះ​អ្វីដែលអាចធ្វើបានគឺការផ្សព្វផ្សាយ​តាមវិទ្យុ ក៏ដូចជាការធ្វើជាបែនណឺ ដាក់តាមតំបន់នានា ដើម្បីឱ្យពួកគាត់បញ្ជា្រប និងចង់ឱ្យពួកគាត់មានឱកាសក្នុងការនិយាយរាល់បញ្ហាដែលពួកគាត់បានជួបប្រទះ ទៅកាន់ស្ថាប័ននានា ក៏ដូចជាក្រសួងពាក់ព័ន្ធបានចូលរួមដោះស្រាយ ទាំងអស់គ្នាដើម្បីឱ្យពួកគាត់ទទួលបានសិទ្ធិដូចក្មេងស្រីមួយចំនួនដែរ»។

ជាមួយគ្នានេះកញ្ញា​ សុខលី សំណូមពរដល់អាណាព្យាបាល ឪពុកម្តាយគ្រប់រូប ចូលរួមលើកទឹកចិត្តដល់កូនៗជាជាងដាក់ការស្តីបន្ទោស ដាក់សម្ពាធទៅលើកូននិងស្វែងយល់បន្ថែមពីតម្រូវការកូនរបស់ ដើម្បីឱ្យពួកគេមានឱកាសចាប់ក្តីស្រមៃពួកគេស្រលាញ់ដែរ។

កញ្ញា សុខលី៖«ខ្ញុំសុំសំណូមពរទាំងអាណាព្យាបាល ក៏ដូចជាក្រសួងពាក់ព័ន្ធផ្តល់វគ្គបណ្តុះបណ្តាល ឬក៏ផ្សព្វផ្សាយទៅតាមសហគមន៍នានា​​ ដើម្បីឱ្យអាណាព្យាបាលមួយចំនួនបានបញ្ជ្រាបពីបញ្ហាទាំងអស់ហ្នឹង ក៏ដូចជាការលើកទឹកចិត្តកូនពួកគាត់ ក៏ដូចជាបញ្ឈប់រៀបការវ័យក្មេង បង្ខំកូនឱ្យរៀបការ គាត់មានបញ្ហាខ្លះ ឱ្យកូនឈប់រៀនជួយរកប្រាក់កម្រៃ ខ្ញុំគិតថាទាំងអស់ហ្នឹងវាមិនមែនជាដំណោះសា្រយដ៏ល្អទេ គឺខ្ញុំចង់ឱ្យពួកគាត់ចូលរួម ឱ្យកូនបានរៀនបន្តទៅមុខទៀត»។

លោក ខាន់ ម៉ាង អភិបាលរងស្រុកអង្គរធំ ខេត្តសៀមរាប បានឱ្យដឹងថា បញ្ហាប្រឈមលើស្រ្តី យុវវ័យ និងកុមារនៅតែមានខ្លះៗ ដូចជា សិស្សមួយចំនួនបោះបង់ចោលការសិក្សា ចំណាកស្រុកទៅធ្វើស្រែចម្ការជាមួយឪពុកម្តាយ ការរំលោភបំពាន និងអំពើហិង្សាជាដើម បើទោះបីកន្លងមក មានការគាំទ្រពីគម្រោងនានា​ ពីថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍន៍ជាច្រើន ក៏ដោយ។

ផ្អែកតាមការអង្កេតប្រជាសាស្រ្ត និងសុខភាពនៅកម្ពុជា ឆ្នាំ២០២១-២០២២ ចំនួន៦៦ភាគរយ នៃកុមារកម្ពុជាអាយុពី ១ ទៅ១៤ឆ្នាំ ធ្លាប់ទទួលរងនូវការដាក់ពិន័យហិង្សាពីមនុស្សពេញវ័យក្នុងគ្រួសារ ក្នុងនោះ មានកុមារបីនាក់ក្នុងចំណោមប្រាំនាក់ ស្មើរនឹង ៥៩ភាគរយ ធ្លាប់ទទួលរងនូវការដាក់ពិន័យលើផ្លូវចិត្ត កុមារ ៤៣ភាគរយ ធ្លាប់ទទួលរងនូវការដាក់ពិន័យលើរាងកាយ និង ៥ភាគរយ ធ្លាប់ទទួលរងការដាក់ពិន័យលើរាងកាយធ្ងន់ធ្ងរ។ មនុស្សពេញវ័យក្នុងគ្រួសារចំនួន ២៧ភាគរយ ជឿថាការដាក់ពិន័យលើរាងកាយជាការចំាបាច់ ដើម្បីប្រៀនប្រដៅកូនឱ្យបានត្រឹមត្រូវ។

លោក ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានមានប្រសាសន៍ថា  បើទោះបីអំពើហិង្សាលើកុមារនូវបន្តកើតមានក៏ដោយ រដ្ឋាភិបាលមានឆន្ទៈខ្ពស់ក្នុងការឈានទៅលុបបំបាត់អំពើហិង្សាលើកុមារ ដើម្បីសម្រេចឱ្យបាននូវគោលដៅ១៦.២ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាព នៅឆ្នាំ២០៣០។ ជាមួយគ្នានេះ ក្រសួងបាននិងកំពុងពន្លឿនសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារកុមារផងដែរ៕

រូបភាពដោយ៖វត្តី

 

 

 

 

 

Share

Image Not Found
Image

ព័ត៌មានទាក់ទង