ខេត្តកំពង់ធំ៖ នាង កញ្ញា លោក លោកស្រីជាទីមេត្រី! ក្នុងនាទីបទយកការណ៍របស់វិទ្យុស្រ្តីខណៈនេះ យើងសូមនាំអារម្មណ៍ប្រិយមិត្តស្តាប់បទយកការណ៍របស់លោក ប៉ាត ពណ្ណរាយ ជាសិក្ខាកាមរបស់វិទ្យុស្រ្តីប្រចាំខេត្តកំពង់ធំ ដែលលោកបានចុះទៅប្រមូលព័ត៌មាននិងចងក្រងជាបទយកការណ៍ ជុំវិញតំបន់អេកូទេសចរណ៍អូរពោងរោង ដែលមានទីតាំងស្ថិតឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។ ដើម្បីជ្រាបកាន់តែច្បាស់ ថាតើតំបន់អេកូទេស ចរណ៍អូរពោងរោងដែលទើបបង្កើតថ្មីមានការរៀបចំបែបណាខ្លះ ហើយតំបន់អេកូទេសចរណ៍មួយនេះបានជួយលើកស្ទួយជីវភាពពលរដ្ឋក្នុងសហគមន៍បានកម្រិតណា? តទៅនេះសូមស្តាប់សេចក្តីរាយការណ៍របស់លោក ប៉ាត ពណ្ណរាយ ដូចតទៅ។
តំបន់អេកូទេសចរណ៍ព្រៃសហគមន៍លម្ហែកំសាន្ត អូរពោងរោង ស្ថិតនៅក្នុងឃុំសាលាវិស័យ ស្រុកប្រាសាទបាល្លង្គ ខេត្តកំពង់ធំ ។ ប្រសិនបើយើងធ្វើដំណើរ ពីទីប្រជុំជនក្រុងកំពង់ធំ ទៅដល់ផ្លូវបំបែកកំពង់ធំ – សៀមរាប និង ព្រះវិហារ យើងត្រូវបន្តដំណើរទៀតលើផ្លូវជាតិ ៦២ឆ្ពោះទៅដល់គីឡូម៉ែត្រលេខ ១៦៨ នោះយើងនឹងប្រទះឃើញផ្ទាំងប៉ាណូរូបភាពនៅខាងឆ្វេងដៃដាក់ថា «ព្រៃសហគមន៍លំហែអូពោងរោង»។ មកដល់ត្រង់នេះមានផ្លូវលំក្រាលគ្រួសក្រហមមួយខ្សែនៅខាងឆ្វេងដៃសម្រាប់ធ្វើដំណើរបន្តឆ្ពោះទៅកាន់តំបន់អេកូទេសចរណ៍បែបធម្មជាតិដែលមានទេសភាពព្រៃឈើ ខៀវបៃតងស្រស់បំព្រង នៅ អមសងខាងផ្លូវលំគូជាទីគយគន់។ ធ្វើដំណើរឆ្ពោះទៅមុខទៀតមិនយូរប៉ុន្មាន ក្នុងចម្ងាយប្រហែល ៧ គីឡូម៉ែត្រតែប៉ុណ្ណោះគេនឹងប្រទះឃើញ តំបន់អេកូទេសចរណ៍ព្រៃសហគមន៍ ធម្មជាតិល្អពិតៗនៅទីនោះហើយ។
លោក ជិន ហ៊ីន មេឃុំសាលាវិស័យថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២៤ បានឲ្យដឹងថា ទីនេះជាតំបន់ទេសចរណ៍ធម្មជាតិ បែបវប្បធម៌ប្រពៃណី និងកែច្នៃ រៀបចំឡើងដោយគម្រោងគណៈកម្មការសហគមន៍ ព្រៃឈើអូរពោងរោង ភូមិបឫស្សីដួចដែលមានការគាំដោយ ក្រុមប្រឹក្សាឃុំសាលាវិស័យនិងដៃគូអង្គការអភិវឌ្ឍន៍ក្នុងខេត្តកំពង់ធំ សម្រាប់ជាទីកន្លែងទទួលភ្ញៀវជាតិ និងអន្តរជាតិ សម្រាកលម្ហែកំសាន្ត។
លោកបន្តថា នៅក្នុងព្រៃសហគមន៍ទំហំជាង ៧០០ ហិចតា ដែលមានផ្លែឈើ មើមឈើ និងរុក្ខជាតិសម្រាប់បរិភោគតាមរដូវកាល ដូចជាផ្លែរ៉ូល ផ្លែរំដួល ផ្លែគុយ រុក្ខជាតិផ្សិត ផ្លែត្រមូង ត្រួយទ្រមូង ត្រួយស្មាច់ ជាដើម។អ្វីជាពិសេសទីនេះ ក៏មានសត្វព្រៃដូចជា សត្វសំពោចនិងសត្វជៀស សត្វឈ្លោស ទន្សាយ ស្រកាវាដី និងសត្វព្រៃតូចធំផ្សេងៗទៀត។ បន្ថែមពីនេះព្រៃសហគមន៍ក៏មានស្ទឹងមួយ ហៅថាស្ទឹងអូរពោងរោង ដែលមានព្រៃឈើលិចទឹកតូចៗ ដុះក្នុងទឹកស្ទឹងនេះ ផ្ដល់ម្លប់ត្រជាក់ និងទឹកក៏ត្រជាក់សម្រាប់ភ្ញៀវ ចូលចិត្តមុជទឹក ជិះទូក ជិះទាទឹក ក្បូនឬស្សីបណ្ដែត ជិះកាណូតលេងតាមចំណង់ចំណូលចិត្តរបស់ភ្ញៀវ។
ស្ត្រីចុងភៅក្នុងសហគមន៍នេះមួយរូប លើកឡើងថា អ្នកស្រីជាអ្នកចម្អិនអាហារ សម្រាប់ភ្ញៀវនៅក្នុងតំបន់លម្ហែនេះ ដោយមានលក់ មាន់ស្រែដុត សម្លម្ជូរត្រី ដែលសុទ្ធសឹងចិញ្ចឹម និងរកបានពីស្ទឹងក្នុងសហគមន៍។រីឯមុខម្ហូបពិសេសៗមួយចំនួនទៀតដែលល្បី គឺបុកម្ជូរត្រួយទ្រមួង ហើយក៏មានកង្កែបបោក មានត្រីអាំង ត្រីឆ្លាំង ត្រីទ្រនិលនឹងបុកម្ជូរសណ្តាន់ជាដើម។
ចំណែកប្រជាសហគមន៍ផ្នែកសន្តិសុខរៀបចំសណ្ដាប់ធ្នាប់នៅកន្លែងលម្ហែកំសាន្តនេះ អះអាងប្រាប់ថា សុវត្ថិភាពភ្ញៀវដែលមកកំសាន្ត ត្រូវបានពួកគេរៀបចំមើលថែររក្សាបានយ៉ាងល្អដូចជា ការរក្សាយាន្តជំនិះឱ្យមានរបៀបរៀបរយ រៀបចំអាវពោងសុវត្ថិភាពសម្រាប់ភ្ញៀវមុជទឹកកំសាន្ត។ ជាងនេះក្រុមការងារជូនភ្ញៀវជិះក្បូនបណ្ដែតតាមដងស្ទឹងការពារកុំឲ្យលិចក្បូន លិចទូក និងជូនភ្ញៀវដើរកំសាន្តក្នុងព្រៃទស្សនាមើលសត្វព្រៃ នៅក្នុងព្រៃសហគមន៍ឲ្យមានសុវត្ថិភាពល្អផងដែរ។ មិនតែប៉ុណ្ណោះបើមានភ្ញៀវ ចង់បោះតង់សម្រាកកំសាន្ត នៅទីនោះពួកគេក៏មានការការពារសុវត្ថិភាពជូនផងដែរ។
ចំពោះការអភិវឌ្ឍន៍នៅតំបន់លម្ហែកំសាន្តស្ទឹងអូរពោងរោងទៅថ្ងៃអនាគត លោកមេឃុំសាលាវិស័យរៀបរាប់ឲ្យដឹងថា នៅឆ្នាំ ២០២៥ ខាងមុខនេះ អាជ្ញា ធរឃុំនឹងសហការជាមួយមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងអង្គការដៃគូ AFD CWS ដើម្បីជួសជុលចាក់ផ្លូវក្រាលគ្រួសក្រហមជាផ្លូវចូលពីផ្លូវជាតិ ៦២ មកកាន់តំបន់អេកូទេសចរណ៍នេះដើម្បីងាយស្រួលក្នុងការធ្វើដំណើរ។
អ្វីដែលពិសេសជាងនេះ គម្រោងនឹងត្រូវស្ដារស្ទឹង កសាងទំនប់ស្ទាក់ទឹកមួយចំនួននៅប៉ែកខាងលើដើម្បីឲ្យស្ទឹង អូរពោរោងមានទឹកហូរបែបធម្មជាតិ រៀងរាល់រដូវខួបប្រាំងវស្សា ព្រមទាំងមានប្រយោជន៍ ជួយបញ្ជៀសទឹកជំនន់ទឹកភ្លៀងក្នុងរដូវវស្សាផងដែរ។
លោកមេឃុំមុខស្រស់នេះបានសម្តែងការរំពឹងទុកថា តំបន់លម្ហែស្ទឹងអូរពោងរោងរបស់សហគមន៍នេះ នឹងក្លាយទៅជា តំបន់អេកូទេសចរណ៍ទេសបែបធម្មជាតិវប្បធម៌ប្រពៃណី និងកែច្នៃ មានភាពទាក់ទាញបានភ្ញៀវ ទេសចរណ៍ជាតិអន្តរជាតិ មកកំសាន្តយ៉ាងច្រើនកុះករ ជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋថ្ងៃអនាគតជាក់ជាមិនខាន។
ចុងក្រោយថ្លែងអំណរគុណដល់អង្គការដៃគូនិងប្រជាសហគមន៍ ដែលបានចូលរួមសហការយ៉ាងល្អនាពេលកន្លងមក និងសូមអំពាវដល់ភ្ញៀវជាតិអន្តរ ជាតិ អញ្ជើញមកលម្ហែកំសាន្តឱ្យបានច្រើនកុះករ និងកុំភ្លេចចូលរួមជួយថែរក្សាបរិស្ថានឲ្យបានល្អផងដែរ៕
អត្ថបទខ្លីសរសេរដោយ ប៉ាត ពណ្ណរាយ សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន និងការថតរូប រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)។