en     km
en     km

សិប្បកម្មកូនជ្រូកថ្មី លើដីរុនតាឯក ផ្ដល់ការងារដល់ស្ត្រីដែលទើបរើចេញពីតំបន់អង្គរ

Share

WMC/Shay chanthy

ពលរដ្ឋមួយគ្រួសារ ដែលដោះដូរដីពីតំបន់មាត់ស្ទឹង មកតំបន់រុនតាឯក ផ្ដួចផ្តើមបង្កើតសិប្បកម្មកូនជ្រូកសន្សំលុយនៅក្រុងថ្មីនេះ ដើម្បីរកចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ខណៈក្រុងថ្មីនេះ នៅមិនទាន់មានសិប្បកម្ម ឬអាជីវកម្មធំៗណាមកវិនិយោគនៅឡើយ។ សិប្បកម្មរបស់គ្រួសារមួយនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្ដល់ការងារ និងប្រាក់ចំណូលជូនពលរដ្ឋផ្សេងទៀតក្នុងក្រុងរុនតាឯកនេះ។ កញ្ញា សៃ ចន្ធី រាយការណ៍

 

 

 «ចុះធ្វើម៉េចបើមុខរបរយើងអត់ដឹងទៅធ្វើអី មានតែ មានតែតស៊ូទៅទៀតទៅ យើងអាចដោះដូរបាន បង្វិលនេះបង្វិលនោះទៅ ខ្វះទៅចេះតែឈោងឆកកណ្ដៀតទៅធ្វើម៉េចកុំឱ្យវាដួលហ្នឹងណា»។

នេះជាសម្ដីរបស់អ្នកស្រី ខេន សំបូរ ដែលជាម្ចាស់សិប្បកម្មផលិតកូនជ្រូកសន្សំលុយនៅក្រុងរុនតាឯក តេជោសែន ខេត្តសៀមរាម។

តំបន់រុនតាឯក ដើមឡើយស្ថិតក្នុង​ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប ក្លាយ​ជាទីតាំង​ដែល​រាជរដ្ឋាភិបាល​ផ្តល់​​ដីជូន​ពលរដ្ឋ​ជាថ្នូរ​នឹង​ការ​រុះ​រើ​សំណង់​ចេញ​ពីតំបន់​រមណី​ដ្ឋាន​អង្គរ និង​តំបន់​ដទៃទៀត​ស្ថិតក្រោម​ការ​គ្រប់គ្រង​របស់អាជ្ញាធរ​ជាតិ​អប្សរា។ បច្ចុប្បន្នតំបន់រុនតាឯកនេះ ស្ថិតក្នុងក្រុងរុនតាឯកតេជោសែន ដែលជាក្រុងថ្មីទើបង្កើតឡើង។

ម្ចាស់សិប្បកម្មនេះ បានរៀបរាប់ថា បន្ទាប់ពីរើលំនៅឋានចេញពីតំបន់មាត់ស្ទឹង មកនៅតំបន់រុនតាឯក អ្នកស្រី និងគ្រួសារ ត្រូវចាប់ផ្ដើមមុខរបរថ្មី ដើម្បីចិញ្ចឹមជីវិត។ ដូច្នេះការរស់នៅលើទឹកដីថ្មីនេះ ធ្វើឱ្យអ្នកស្រី និងស្វាមី​ មានគំនិតផ្ដួចផ្ដើមបង្កើតសិប្បកម្មកូនជ្រូកសន្សំលុយនៅក្រុងរុនតាឯក ដើម្បីអាចរកចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃនៅក្រុងថ្មីនេះ។

ក្រោមដំបូលផ្ទះប្រកស័ង្កសីជាច្រើនខ្នងក្នុងក្រុងរុនតាឯក មានផ្ទះមួយខ្នង កំពុងធ្វើសិប្បកម្មផលិតកូនជ្រូកសន្សំលុយ និងរូបសត្វផ្សេងៗទៀត ក្នុងនោះមានស្ដ្រីប្រមាណ ៥នាក់ កំពុងមមាញឹកដៃក្នុងការងារសិប្បកម្មនេះ ដោយអ្នកខ្លះកំពុងបាញ់ថ្នាំពណ៌លើកូនជ្រូក អ្នកខ្លះទៀតចាក់ពុម្ភ និងបោសសម្អាតកូនជ្រូកដែលផលិតហើយជាដើម។ អ្នកស្រី ខេន សំបូរ ម្ចាស់សិប្បកម្មនេះ បន្តរៀបរាប់ទៀតថា ពុម្ពដែលចាក់ចេញជារូបកូនជ្រូក និងរូបសត្វផ្សេងៗទៀត ដែលមានការរចនាក្បាច់បុរាណខ្មែរលើរូបសត្វទាំងនោះ គឺជាការច្នៃប្រឌិតរបស់ស្វាមីអ្នកស្រី ដើម្បីធ្វើឱ្យសិប្បកម្មដែលផលិតបានទាក់ទាញដល់អតិថិជនដែលជាអ្នកទិញ។

អ្នកស្រី ខេន សំបូរ។ WMC/Shay chanthy

វត្តមានសិប្បកម្មផលិតកូនជ្រូកសន្យំលុយនេះ អ្នកស្រីថា បានផ្ដល់ចំណូលជួយគ្រួសាររបស់អ្នកស្រី និងជួយផ្ដល់ចំណូលដល់ស្ដ្រីផ្សេងទៀតនៅក្នុងក្រុងរុនតាឯក ខណៈក្នុងក្រុងនេះ មិនទាន់មានអាជីវកម្ម ឬសិប្បកម្មណាមួយ មានលទ្ធភាពរកស៊ីនៅតំបន់នេះនៅឡើយ។ ទោះជាសិប្បកម្មរបស់អ្នកស្រីសំបូរ អាចឈរជើងក្នុងក្រុងនេះបានក្ដី ប៉ុន្តែប្រឈមបញ្ហាជាច្រើនក្នុងការប្រកបរបរនេះ ពីព្រោះផលិតផលដែលផលិតបាន ត្រូវដឹកយកទៅលក់ក្នុងខេត្តផ្សេងៗ ខណៈក្នុងក្រុងនេះ នៅមិនទាន់មានទីផ្សារលក់សិប្បកម្មកូនជ្រូកសន្សំលុយនេះនៅឡើយ។

អ្នកស្រី ខេន សំបូរ ៖ «យើងមុនចេញទៅលក់ត្រូវធ្វើឱ្យស្ងួត បានយើងយកទៅឱ្យម៉ូយអញ្ចឹងណា ពេលម៉ូយនោះក៏យកទៅដាក់កន្លែងស្ងួតដែរ ដាក់កន្លែងស្ងួត ព្រោះអីអានេះត្រូវទឹកសើមទៅវាខូចលុយគេ។ អញ្ចឹងអ្នកលក់ត្រូវមានទំនួលខុសត្រូវ ត្រូវតែស្ងួតចៀសវាងខូចលុយ តែបើអ្នកទិញគាត់ទិញទៅហើយ គាត់ដាក់លុយសើមក៏អាចខូចដូចគ្នាដែរ»។

ស្ដ្រីវ័យចំណាស់កំពុងអង្គុយខាត់កូនជ្រូក នៅក្នុងសិប្បកម្មនេះ  គឺអ្នកស្រី ឌិត ជា អាយុ ៥៩ឆ្នាំ បាននិយាយថា តាំងពីមកនៅតំបន់រុនតាឯកនេះ អ្នកស្រីមិនមានការងារអ្វីធ្វើឡើយដើម្បីចិញ្ចឹមជីវិត ប៉ុន្តែដោយសារជីវភាពក្រីក្រ អ្នកស្រីក៏បានសុំម្ចាស់សិប្បកម្មនេះ ធ្វើការជាអ្នកខាត់កូនជ្រូកដែលដោះចេញពីពុម្ពរួចហើយ។ ក្នុងដៃកំពុងខាត់កូនជ្រូកសន្សំលុយ អ្នកស្រីបញ្ជាក់បន្ថែមថា ធ្វើការនៅក្នុងសិប្បកម្មនេះ គឺនៅជិតផ្ទះ ហើយនៅក្នុងម្លប់ និងងាយស្រួលជាងធ្វើស្រែចម្ការ។

ចំណែកស្ដ្រីម្នាក់ទៀត ដែលកំពុងធ្វើការជាអ្នកបាញ់ថ្នាំពណ៌លើកូនជ្រូកសន្យំលុយ គឺអ្នកស្រី បៅ យឿន អាយុ ៣០ឆ្នាំ បានប្រាប់ដែរថា តាំងពីធ្វើការនៅសិប្បកម្មនេះមក ចំណូលរកបានជួយដោះស្រាយជីវភាពគ្រួសាររបស់អ្នកស្រីបានច្រើន។ ម្យ៉ាងវិញទៀត អ្នកស្រីថា កន្លែងការងារនេះ គឺនៅជិតផ្ទះ ដែលងាយស្រួលក្នុងការចេញ-ចូលទៅមើលថែកូន និងគ្រួសារ។

អ្នកស្រី បៅ យឿន។ WMC/Shay chanthy

អ្នកស្រី បៅ យឿន ៖ «ខ្ញុំពីមុនមកខ្ញុំនៅតែធ្វើជាមេផ្ទះ នៅតែផ្ទះ ចាសដល់ពេលមកនៅនេះទៅក៏សុំគាត់ធ្វើក៏បានរកចំណូលបានធ្វើទៅ កាលមុននៅតែផ្ទះ មើលតែកូន ធ្វើចម្ការតិចតួច»។

រីឯអ្នកស្រី សៀក ចាន់តុល អាយុ ៣៧ឆ្នាំ ដែលជាកម្មករបាញ់ថ្នាំពណ៌ម្នាក់ទៀត ក៏បាននិយាយថា ក្រៅពីការបាញ់ថ្នាំលើកូនជ្រូក ដើម្បីទទួលបានចំណូលហើយ អ្នកស្រីក៏រៀនចេះពីរបៀបគូសរូប និងរចនារូបភាពផ្សេងៗនៅលើកូនជ្រូកសន្សំលុយនេះផងដែរ។ បន្ថែមពីនេះ អ្នកស្រីចាន់តុល ក៏អាចចេះច្នៃ និងរចនារូបភាពបានដោយខ្លួននៅលើសិប្បកម្មកូនជ្រូកសន្សំលុយនេះ។

អ្នកស្រី សៀក ចាន់តុល ៖ «ស្រួលមែនទែននៅនេះ នៅពេលដែលកូនយំអី អាចសុំមេ មេអនុគ្រោះឱ្យរហូត យឺតម៉ោងម៉ោងលើសអីតិចគាត់អូខេ(យល់ព្រម)ឱ្យ និយាយរួមការងារនៅនេះស្រួល»។

អ្នកស្រី សៀក ចាន់តុល។​WMC/Shay chanthy

ក្នុងដៃកំពុងតែឈូសសម្អាតសិប្បកម្មកូនជ្រូក ជាមួយស្ដ្រីដែលជាកម្មករផ្សេងទៀត អ្នកស្រី ខេន សំបូរ លើកឡើងថា ការធ្វើសិប្បកម្មនេះ រកបានត្រឹមតែមួយរួចខ្លួនប៉ុណ្ណោះ គ្មានប្រាក់ចំណេញទេ ពីព្រោះចំណូលដែលទទួលបានពីលក់ផលិតផលនេះ គឺអ្នកស្រី បានយកទៅចំណាយលើការជួលកម្លាំងពលកម្ម វត្ថុធាតុដើមក្នុងការផលិត និងចំណាយទៅលើការដឹកជញ្ជូនទៅលក់តាមខេត្តជាដើម។

អ្នកស្រី ខេន សំបូរ ៖ «លក់ដាច់ភាគច្រើនខែអត់ភ្លៀង ខែអត់ភ្លៀងបានយើងលក់ដាច់ ដល់ខែភ្លៀងអញ្ចឹង​យើងលក់អត់ដាច់ទេ បានតែមួយគ្រប់ៗ បានតែមួយហូបៗទេ»។

បើតាមអ្នកស្រី សំបូរ ទោះបីការធ្វើសិប្បកម្មនេះ មិនបានផ្ដល់ប្រាក់ចំណេញក្ដី ប៉ុន្តែសិប្បកម្មនេះ បានជួយដល់គ្រួសារអ្នកស្រី និងស្ដ្រីមួយចំនួនដែលនៅក្រុងថ្មីនេះ ដែលមិនមានការងារធ្វើឱ្យពួកគេទទួលបានចំណូលប្រចាំខែ សម្រាប់ផ្គត់ផ្គង់ក្នុងជីវភាព។

អ្នកស្រីបន្ថែមថា៖ «មានអីមានអីពឹងពួកគាត់ជួយគាំទ្រ និងជួយទិញឱ្យបានច្រើនៗ បើយើងលក់ដាច់ទៅយើងបានអាស្រ័យផលច្រើន យើងមុខរបរយើងអាចទៅមុខបានយូរអញ្ចឹង»៕

អត្ថបទដោយ កញ្ញា ជា សុខនី

Share

ព័ត៌មានទាក់ទង

Image