en     km
en     km

ពលរដ្ឋឃុំកោះសូទិន​មមាញឹកប្រមូលផលផ្លែសណ្តាន់ខណៈ​តម្រូវការទីផ្សារខ្ពស់​គួរសម

Share

កំពង់ចាម៖ នៅចន្លោះពីខែឧសភា ដល់ខែសីហា ឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋតាមភូមិមួយចំនួនក្នុងឃុំកោះ សូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម រូតរះប្រមូលផលផ្លែសណ្តាន់ទាំងខ្ចី ទាំងចាស់ យកមកហាន់ជាចំណិតតូចៗហាលឱ្យស្ងួតសម្រាប់លក់ ខណៈតម្លៃលើទីផ្សារសព្វថ្ងៃកំពុងបានថ្លៃគួរសមនិងមានតម្រូវការច្រើន។

នៅអំឡុងខែសីហា ឆ្នាំ២០២៤នេះ បើសិនជាលោកអ្នកបានមកដល់ភូមិមួយចំនួនស្ថិតក្នុងឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម នោះលោកអ្នកនឹងបានប្រទះភ្នែកឃើញចំណិតផ្លែសណ្តាន់ស្តើងតូចៗហាលលើផ្ទាំងបន្ទះរនាបឫស្សី ហាលព្រោងព្រាតពីមុខផ្ទះ ខ្លះហាលនៅចំហៀងផ្ទះ និងក្រោយផ្ទះ ឬ ដីវាលរបស់អ្នកភូមិ។ឮ

ពលរដ្ឋកំពុងមមាញឹកហាលចំណិតផ្លែសណ្តាន់នៅឃុំកោះសូទិន។រូបភាពពី ចាន់ពេជ្រ។

សម្រាប់ប្រជាពលរដ្ឋក្នុងឃុំកោះសូទិន ឱ្យតែដល់រដូវប្រមូលផលផ្លែសណ្តាន់ ពលរដ្ឋតែងដើររើសផ្លែសណ្តាន់ដែលទុំជ្រុះក្រោមដើម និងដើរបេះពីលើដើម ទាំងខ្ចី ទាំងចាស់ មកហាន់ជាចំណិតៗហាលឱ្យក្រៀមសម្រាប់លក់ឱ្យឈ្មួញដែលមកទិញបន្ត។

ចំណិតម្ជូរសណ្តាន់ក៏ទទួលបានការពេញនិយមផងដែរ សម្រាប់ប្រជាពលរដ្ឋយកទៅស្លស្លុកបង្កើនឱជារសកាន់តែឆ្ងាញ់ក្នុងម្ហូបអាហារ ដោយអាចប្រើជំនួសម្ជូរផ្លែអំពិលបាន។

ពលរដ្ឋកំពុងមមាញឹកហាលចំណិតផ្លែសណ្តាន់នៅឃុំកោះសូទិន។រូបភាពពី ចាន់ពេជ្រ។

ក្រុមសិក្ខាកាមរបស់វិទ្យុស្រ្តីប្រចាំខេត្តកំពង់ចាមបានទៅដល់ភូមិទី៥ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ដោយបានជួបសម្ភាសន៍ប្រជាពលរដ្ឋមួយចំនួនដែលកំពុងមមាញឹកលើការងារប្រមូលផល និងហាលចំណិតផ្លែសណ្តាន់នេះ។

ពលរដ្ឋកំពុងមមាញឹកហាលចំណិតផ្លែសណ្តាន់នៅឃុំកោះសូទិន។រូបភាពពី ចាន់ពេជ្រ។

អ្នកស្រី ម៉េង មានវ័យល្បាក់ ៨០ឆ្នាំកំពុងចាប់ហាន់ផ្លែសណ្តាន់ពណ៌ខៀវខ្ចីរាងមូលទ្រវែងទំហំប៉ុនផ្លែម្កាក់ ឱ្យទៅជាចំណិតតូចៗបានប្រាប់ឱ្យដឹងថា ពលរដ្ឋក្នុងភូមិឃុំកោះសូទិននេះ តែងតែប្រមូលផ្លែសណ្តាន់ស្ទើរគ្រប់ផ្ទះ ព្រោះចំណិតផ្លែសណ្តាន់អាចលក់ដោះស្រាយជីវភាព និងអាចបង្កើនជីវភាពគ្រួសារបានមួយកម្រិត។ អ្នកស្រីបន្តថា រុក្ខជាតិដើមសណ្តាន់នេះងាយស្រួលដាំ ថែទាំ និងងាយប្រមូលផល ពោលឱ្យតែដល់រដូវប្រមូលផលផ្លែសណ្តាន់ប្រជាពលរដ្ឋតែងតែហាន់ហាលទុកសម្រាប់លក់ដល់ឈ្មួញដែលមកប្រមូលទិញ។

អ្នកស្រី ម៉េង ពលរដ្ឋក្នុងឃុំកោះសូទិន។រូបភាពពី ចាន់ពេជ្រ។

តាមការឱ្យដឹងពីស្រ្តីខាងលើ ម្ជូរផ្លែសណ្តាន់នេះគេអាចយកទៅប្រើក្នុងសម្លម្ជូរផ្សេងៗតាមការចូលចិត្ត ហើយផ្លែខ្ចីគេអាចធ្វើជាទឹកជ្រលក់បានដោយយកវាទៅអាំងភ្លើងបុកលាយជាមួយគ្រឿងទេសផ្សេងទៀត។

ងាកមកអ្នកស្រី អោប អេងលី វិញដែលជាប្រជាពលរដ្ឋរស់នៅភូមិទី២ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាមដែលនោះនិយាយថា ចំណិតផ្លែសណ្តាន់ក្រៀមនៅរដូវប្រមូលផលបែបនេះ រៀងធ្លាក់ថ្ងៃបន្តិចដោយតម្លៃបច្ចុប្បន្នត្រឹមប្រហែលមួយម៉ឺនរៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម។ តែតម្លៃសណ្តាន់ក្រៀម នឹងហក់ឡើងថ្លៃខ្ពស់នៅខែប្រាំងដែលអាចមានតម្លៃរហូតដល់ទៅជាង ៥ ម៉ឺនរៀលឯណ្ណោះក្នុងមួយគីឡូក្រាម។

គួរបញ្ជាក់ថាសណ្តាន់ត្រូវបានគេ យកទៅប្រើប្រាស់ក្នុងការធ្វើការដាំស្លធ្វើគ្រឿងផ្សំជាម្ជូរ ចំណែកក្តិបសណ្តាន់គេយកទៅបុកជាមួយប្រហុកមានរសជាតិឆ្ងាញ់ ហើយសន្លឹកគេយកទៅស្លបានផងដែរ។

ពលរដ្ឋបង្ហើថា សណ្តាន់ក៏អាចប្រើប្រាស់ក្នុងការធ្វើគ្រឿងអលង្ការ ដើម្បីឲ្យគ្រឿងចេញពណ៌ក្រហមស្រស់ស្អាត។ប្រជាពលរដ្ឋក្នុងឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាមបញ្ជាក់ឲ្យដឹងទៀតថា កូនសណ្តាន់ដែលមានកម្ពស់ត្រឹមចង្កេះ អាចលក់បានតម្លៃ ២ ម៉ឺនរៀលក្នុង ១ដើម៕

អត្ថបទខ្លីសរសេរដោយ  ​ឡេក​ ចាន់ពេជ្រ សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន និងការថតរូប រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)។

 

 

 

Share

ព័ត៌មានទាក់ទង

Image