en     km
en     km

ថ្នាក់ដឹកនាំវ័យក្មេងក្នុងក្រុងពោធិ៍សាត់ទទួលបានគន្លឹះល្អៗជុំវិញការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការពី WMC

Share

ពោធិ៍សាត់៖ ថ្នាក់ដឹកនាំវ័យក្មេងក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ប្រមាណ២០នាក់ សម្តែងក្តីរីករាយដ្បិតទទួលបានគន្លឹះល្អៗជុំវិញវិធីសាស្រ្តដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ បន្ទាប់ពីពួកគេចូលរួមសិក្សាក្នុងវគ្គបណ្តុះបណ្តាលរៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)កាលពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤កន្លងទៅ។ សិក្ខាកាមដែលជាមន្រ្តីមូលដ្ឋានក្នុងក្រុងពោធិ៍សាត់ខាងលើសន្យាថា ពួកគេនឹងយកវិធីសាស្រ្តល្អៗនេះទៅអនុវត្តក្នុងការដោះស្រាយទំនាស់ ឬ ជម្លោះ ក្នុងមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព ចំណេញពេលវេលា ហើយគូភាគីអាចសះជាគ្នាស្របតាមគោលការណ៍ ឈ្នះ ឈ្នះ ដែលអាចទទួលយកបានទាំងសងខាង។

មតិរបស់សិក្ខាកាម៖«សិក្ខាកាមទី១៖ ទាក់ទងវគ្គសិក្សានេះ ខ្ញុំពិនិត្យឃើញថា លោកគ្រូបង្រៀនបានល្អ ទាក់ទងឥរិយាបថរបស់អាជ្ញាកណ្តាលគឺអ្នកផ្សះផ្សា ហើយគាត់ពន្យល់ក្បោះក្បាយថាភាគីមួយចង់បានអី ភាគីមួយទៀតមិនចង់បានអី យើងត្រូវសផ្សះផ្សារបៀបម៉េច ហើយទំនាស់ក្តៅ ទំនាស់ត្រជាក់ហ្នឹងអ្នកផ្សះផ្សាគួរដោះយ៉ាងម៉េច។មួយទៀតទាក់ទងឥរិយាបថដែលយើងមិនឃើញនិងមើលមិនឃើញចំណុចហ្នឹងលោកគ្រូបង្រៀនបានក្បោះក្បាយ។សិក្ខាកាមទី២៖ ខ្ញុំមានចំណាប់អារម្មណ៍ថា រយៈពេលនៃវគ្គបណ្តុះបណ្តាលបីថ្ងៃនេះ នាងខ្ញុំទទួលបានចំណេះដឹងផ្តោតខ្លាំងជាងគេគឺបញ្ហាដោះទំនាស់ និងយល់ដឹងពីទំនាស់ក្តៅទំនាស់ត្រជាក់នឹងវិធីដោះរបស់វាឱ្យបានល្អ។សិក្ខាកាមទី៣៖បីថ្ងៃនេះអ្វីដែលខ្ញុំចាប់បានត្រួសៗហ្នឹងគឺទី១ផ្នែកនយោបាយលទ្ធិប្រជាធិបតេយ្យទី២ចេះដឹងពីការដោះស្រាយទំនាស់ដោយការចរចា ផ្សះផ្សា និងទី៣ ដឹងពីយន្តការច្បាប់ខ្លះៗដែលលោកមេធាវី សុក សំអឿន បានធ្វើបទបង្ហាញ។ ខ្ញុំនឹងយកមេរៀននេះទៅអនុវត្តក្នុងមូលដ្ឋានរបស់ខ្ញុំឱ្យមានប្រសិទ្ធភាព ហើយខ្ញុំសំណូមពរទៅអង្គការថ្ងៃក្រោយបើមានគម្រោងបណ្តុះបណ្តាលបែបនេះទៀត សូមជួយបណ្តុះបណ្តាលផ្នែកច្បាប់មកក្នុងមូលដ្ឋានរបស់យើងខ្ញុំ»។

សកម្មភាពសិក្សារបស់សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលស្តីពីការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ។

នេះជាមតិលើកឡើងរបស់សិក្ខាកាមដែលបានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ក្រោមការរៀបចំរបស់អង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) សហការផ្តល់ជំនួយថវិកានិងបច្ចេកទេសពីអង្គការ Bread for the World(Brot für die Welt)។

សិក្ខាកាមដែលបានចូលរួមមានប្រមាណ ២០ នាក់ ក្នុងនោះស្រ្តីមានជិត ៥០ភាគរយ ពួកគេសុទ្ធសឹងតែមានតួនាទីជាមេឃុំ ចៅសង្កាត់ និងខ្លះជាសមា ជិកក្រុមប្រឹក្សាក្រុងពោធិ៍សាត់ ព្រមទាំងមានជំនួយការឃុំសង្កាត់ផងដែរ ហើយអ្វីជាពិសេសនោះ ពួកគេជាថ្នាក់ដឹកនាំវ័យក្មេងក្នុងមូលដ្ឋានស្ថិតក្នុងក្រុងពោធិ៍សាត់តែម្តង។

សិក្ខាកាមវ័យក្មេងចូលរួមមតិយោបល់ក្នុងពេលសិក្សា។

វគ្គបណ្តុះបណ្តាលស្តីពីការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលផ្តល់ដោយ WMC និងអង្គការ Bread for the World នេះជាផ្នែកមួយជួយជំរុញសមត្ថ ភាពបន្ថែមដល់អ្នកចូលរួមកាន់តែមានមធ្យោបាយ និងវិធីសាស្រ្ត ច្រើនជាងមុន ក្នុងការដោះស្រាយរាល់ករណីជម្លោះរបស់ប្រជាពលរដ្ឋដែលមកប្តឹងអាជ្ញាធរដែនដីរកយុត្តិធម៌ ។ នេះជាការបញ្ជាក់របស់លោក ផាន ភ័ព្វបារមី នាយកគម្រោងនៃអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ថ្លែងក្នុងវគ្គសិក្សា។

លោក បារមី សង្កត់ធ្ងន់ថា គម្រោងនេះបានរួមចំណែកយ៉ាងសំខាន់ជាមួយទិសដៅរបស់រដ្ឋាភិបាលក្នុងការកាត់បន្ថយការកក់ស្ទះសំណុំរឿងនៅតុលាការ តាមរយៈការកសាងសមត្ថភាពអាជ្ញាធរវ័យក្មេងឱ្យមានជំនាញច្បាស់លាស់ក្នុងការផ្សះផ្សាទំនាស់ប្រកបដោយប្រសិទ្ធភាព ឈានទៅបញ្ចប់ការប្តឹងផ្តល់ទៅតុលា ការជាអតិបរមា។ បន្ថែមលើសពីនេះ នាយកគម្រោង WMC រំពឹងថា សិក្ខាកាមទាំងអស់នឹងអាចយកចំណេះជំនាញនេះចែករំលែកបន្តដល់មនុស្សជុំវិញខ្លួន ពិសេសចេះរកគន្លឹះវៃឆ្លាតដោះស្រាយជម្លោះ ឬវិវាទ កាន់តែមានប្រសិទ្ធភាព និងដោយសន្តិវិធី។​

លោក ផាន ភ័ព្វបារមី ចូលរួមមតិយោបល់ក្រោយពេលសិក្ខាកាមឡើងសម្តែងពីរបៀបដោះស្រាយទំនាស់។

សិក្ខាកាមមួយរូបគឺលោក ប៉ិច ស៊ីផាន់ ចៅសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់លើកឡើងថា វគ្គសិក្សានេះពិតជាមានសារៈសំខាន់ណាស់សម្រាប់មន្រ្តីអាជ្ញាធរមូលដ្ឋានដែលមានមុខការក្នុងការដោះស្រាយទំនាស់ ព្រោះវគ្គនេះបានផ្តល់នូវគន្លឹះល្អៗ ថ្មីៗ ដែលលោកមិនធ្លាប់បានសិក្សាពីមុន។ លោកចៅសង្កាត់ផ្ទះព្រៃបញ្ជាក់ថា លោកនឹងយកវិធីសាស្រ្តក៏ដូចជាមេរៀនដែលទទួលបានពីវគ្គសិក្សាទៅអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព ជាងការដោះស្រាយទំនាស់តាមទម្លាប់ចាស់។

លោក ប៉ិច ស៊ីផាន់៖«មុនពេលចូលវគ្គបណ្តុះបណ្តាលនិងក្រោយចូលវគ្គបណ្តុះបណ្តាល យើងឃើញថាមុនពេលចូលគឺយើងដោះស្រាយអ្វីទៅតាមទម្លាប់អ្វីដែលជាការនឹកឃើញរបស់យើង ធ្វើយ៉ាងណាឱ្យរឿងហ្នឹងចប់ទៅតាមជាក់ស្តែងគឺចប់តាមសមាជីវរ។ តែក្រោយពីចូលរួមវគ្គនេះហើយ យើងប្រៀបធៀបគ្នាទៅមានចំណុចខ្លះយើងបានអនុវត្តហើយនិងមានចំណុចខ្លះយើងមិនទាន់បានអនុវត្តបានពេញលេញដែលទាមទារឱ្យយើងយកចិត្តទុកដាក់បន្តក្រោយការសិក្សា។ជាងនេះក្រោយសិក្សាយើងនឹងយកចំណេះនេះទៅដោះស្រាយឱ្យស្របតាមនីតិវិធី ដើម្បីធានាថាប្រជាពលរដ្ឋក្នុងមូលដ្ឋានសុវត្ថិភាព ព្រោះថាការដោះស្រាយទំនាស់នៅមូលដ្ឋានគឺល្អបំផុតជាងដោះស្រាយនៅតុលាការ»។

លោក ប៉ិច ស៊ីផាន់ ចៅសង្កាត់ផ្ទះព្រៃ តែងចែករំលែកបទពិសោធន៍ផ្ទាល់ដែលលោកធ្លាប់ដោះស្រាយទំនាស់របស់ប្រជាពលរដ្ឋក្នុងវគ្គសិក្សា។

ដោយឡែកលោកស្រី ខាត់ ស្រីអូន ចៅសង្កាត់រងទី១នៃសង្កាត់បន្ទាយដី ដែលបានចូលរួមវគ្គបណ្តុះបណ្តាលម្នាក់ដែលនោះនិយាយថា អ្នកស្រីពិតជារីករាយបន្ទាប់ពីទទួលបានចំណេះដឹងពីវគ្គសិក្សា ដ្បិតកន្លងមកអ្នកស្រីអនុវត្តការដោះស្រាយទំនាស់តាមទម្លាប់តៗគ្នាប៉ុណ្ណោះ ពុំមានក្បួនខ្នាតបច្ចេកទេសច្បាស់លាស់នោះទេ។ លោកស្រីបន្ថែមថា ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការគឺមានគុណប្រយោជន៍ល្អណាស់សម្រាប់ជីវភាពរស់ប្រចាំថ្ងៃ ដ្បិតធ្វើឱ្យគូភាគីចំណេញពេលវេលា ថវិកា ជាងការទៅរកនីតិវិធីតុលាការ ពិសេសគូវិវាទអាចសះជាគ្នាហើយមានភាពសុខដុមជាមួយគ្នាឡើងវិញក្រោយផ្សះផ្សា។

លោកស្រី ខាត់ ស្រីអូន៖«ខ្ញុំនឹងយកចំណេះដឹងពីវគ្គបណ្តុះបណ្តាលនេះទៅផ្សព្វផ្សាយក្នុងសហគមន៍ និងប្រើចំណេះដឹងនេះក្នុងការដោះស្រាយទំនាស់ឬវិវាទផ្សេងៗដល់ប្រជាពលរដ្ឋដើម្បីកាត់បន្ថយឬលុបបំបាត់អំពើហិង្សានិងក្នុងសហគមន៍របស់នាងខ្ញុំដើម្បីឱ្យសហគមន៍នាងខ្ញុំមានការរីកចម្រើន»។

លោកស្រី ខាត់ ស្រីអូន ចៅសង្កាត់រងទី១នៃសង្កាត់បន្ទាយដីដាក់សំណួរទៅកាន់គ្រូបណ្តុះបណ្តាលក្នុងពេលសិក្សា។

​ទាក់ទងរឿងនេះលោក Robin Eberhardt ទីប្រឹក្សាមកពីអង្គការ Brot für die Welt សម្តែងក្តីរំភើបដែលសិក្ខាកាមបានប្រឹងប្រែងរៀនសូត្រយ៉ាងយកចិត្តទុកដាក់ និងចូលរួមយ៉ាងសកម្មដោយលើកជាសំណួរ ពិសេសសហការគ្នាធ្វើការជាក្រុមសម្តែងពីរបៀបដោះស្រាយទំនាស់បានយ៉ាងល្អ។ បើទោះបីជាវគ្គបណ្តុះបណ្តាលបានបញ្ចប់ក៏ពិតមែន តែលោករំពឹងថា សិក្ខាកាមនឹងនៅតែរក្សាទំនាក់ទំនង ផ្លាស់ប្តូរព័ត៌មាន និងចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកជុំវិញវិធីសាស្រ្តល្អៗក្នុងការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការនេះ។

លោក Robin Eberhardt ធ្វើបទបង្ហាញពីមេរៀនស្តីពីការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការទៅកាន់សិក្ខាកាម។

តាមការលើកឡើងរបស់សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាល ពួកគេនិយាយថា ភាគច្រើននៃទំនាស់ដែលពួកគេជួបដោះស្រាយសព្វថ្ងៃ គឺភាគច្រើនករណីទាក់ទងជម្លោះក្នុងគ្រួសាររវាងប្តី ប្រពន្ធ ដែលទាស់ទែងសុំលែងលះ។ មួយទៀតគឺរឿងទាក់ទងជម្លោះព្រំដីរវាងអ្នកជិតខាង ហើយក៏សម្បូរផងដែរករណីទាស់គ្នារឿងបំណុល។

ក្រុមការងារWMCធ្វើបទបង្ហាញទៅកាន់សិក្ខាកាមជុំវិញមេរៀនដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ។

សម្រាប់វិធីសាស្រ្តក្នុងការដោះស្រាយផ្សះផ្សា អាជ្ញាធរមូលដ្ឋានតែងដោះស្រាយជាប់ជាប្រចាំ ដោយករណីខ្លះដោះស្រាយបានសះជា តែករណីខ្លះក៏គូភាគីមិនព្រមសះជាហើយឈានទៅរកនីតិវិធីតុលាការដែលជាការសម្រេចចិត្តរបស់គូទំនាស់។ នេះជាការបញ្ជាក់របស់ លោក សំរិទ្ធិ អេង ប្រធានក្រុមប្រឹក្សាក្រុងពោធិ៍សាត់ និងជាប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានក្រុង/ស្រុក ឃុំ/សង្កាត់ ដែលបានចូលរួមជាវាគ្មិនចែករំលែកបទពិសោធន៍ដោះស្រាយវិវាទរបស់លោកក្នុងកម្មវិធីបណ្តុះបណ្តាលនេះ។ លោកប្រាប់ក្រុមការងារវិទ្យុស្រ្តីថា វគ្គបណ្តុះបណ្តាលនេះជាផ្នែកមួយជួយបំពេញបន្ថែមសមត្ថភាពរបស់មន្រ្តីវ័យក្មេងឱ្យកាន់តែមានបំណិនប្រសប់ថែមមួយកម្រិតទៀតក្នុងការផ្សះផ្សាទំនាស់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ លោកថ្លែងអំណរគុណដល់អង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជាដែលបានបើកវគ្គបណ្តុះបណ្តាលនេះ និងសំណូមពរឱ្យមានវគ្គសិក្សាបែបនេះទៅកាន់មន្រ្តីថ្នាក់ដឹកនាំវ័យក្មេងតាមស្រុកខ័ណ្ឌផ្សេងទៀតក្នុងខេត្តពោធិ៍សាត់នាឱកាសក្រោយ។

លោក សំរិទ្ធិ អេង៖«ការផ្តល់ចំណេះជំនាញក្នុងការផ្សះផ្សាទំនាស់នេះ គឺបានរួមចំណែកដល់អ្នកដឹកនាំវ័យក្មេងមានបទពិសោធន៍ពីគ្រូឧទ្ទេសធ្វើឱ្យគាត់មានសមត្ថភាពកាន់តែពេញលេញក្នុងការដោះស្រាយទំនាស់កាន់តែល្អ»។

លោក សំរិទ្ធិ អេង ចូលរួមជាវាគ្មិនចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនដែលធ្លាប់ដោះស្រាយទំនាស់កាលពីពេលកន្លងទៅដល់សិក្ខាកាមចូលរួម។

សូមជម្រាបជូនថា អង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) នឹងគ្រោងរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការនេះ​ ដល់ថ្នាក់ដឹកនាំវ័យក្មេងចំនួនពីរខេត្តបន្តទៀតនាពេលឆាប់ៗនេះគឺខេត្តកំពង់ស្ពឺនិងខេត្តកំពង់ធំ៕

 

Share

ព័ត៌មានទាក់ទង

Image