en     km
en     km

​តារាសម្ដែង ​មាន​ សូ​នី​តា​ បន្ត​បង្កើត​ស្នាដៃ​ច្នៃ​ក្រមា​ ដើម្បី​ឱ្យ​យុវវ័យ​ងាក​មក​ប្រើប្រាស់​ និង​ឱ្យ​តម្លៃ​ផលិតផល​ក្រមា​ខ្មែរ​

Share

mean-sonita-cover

​ក្រមា​ តែង​ត្រូវ​បាន​ប្រជាជន​ខ្មែរ​ជា​ច្រើន​យក​មក​ប្រើប្រាស់​តាំងពី​ដើម​រៀង​មក​ ពីព្រោះវាមាន​អត្ថប្រយោជន៍​ជា​ច្រើន​។​ គេ​អាច​យក​ក្រមា​ប្រើ​សម្រាប់​ផ្លាស់​ងូតទឹក​បាន​ទាំង​បុរស​ទាំង​ស្ត្រី​ យក​ទៅ​បង់ក​ ពានា​ក្រមា​ទៅ​វត្ត​ ចង​ក្រវាត់​ចង្កេះ​ និង​ជួត​លើ​ក្បាល​ជាដើម​ ដែលសម​ដូច​គេ​ថា​៖​ «​ក្រមា​តូច​មួយ​ ជួយ​បាន​គ្រប់​គ្រា​ គ្រប់​ខែរងាដណ្តប់​ជួស​ស្បៃ​ ជួយ​ជា​កម្រាល​ ក្រាល​គេង​យប់​ថ្ងៃ​ វេចបាយ​ចំណី​តាម​ក្តី​បំណង។ …ផ្លាស់​ប្តូរងូតទឹក​ ព្រឹក​យប់​ថ្ងៃ​ កសិក​ប្រុស​ស្រី​ប្រើ​ក្រមា​ ជូត​ទឹក​ជូត​ញើស​សម្អាត​កាយា​ បត់​កល់​កេសា​ជំនួស​ខ្នើយ​…​​»​។​

​កន្លង​មក​យុវវ័យ​ភាគច្រើន​មិនសូវ​ជឿជាក់​ និង​ប្រើប្រាស់​លើ​ផលិតផល​ខ្មែរ​ឡើយ​។​ ជា​ពិសេស​ ក្រមា​ ដែល​ពួក​គាត់​យល់​ថា​ ជា​របស់​ដែល​មិនសូវ​ពេញ​និយម​ និង​ទាន់សម័យ​ រហូត​ដល់​មាន​គេ​ពោល​ថា​៖​ «​ក្រមា​ល្អ​ស្រស់​ ស្មោះ​ប្រពៃ​ ក្រមា​មាន​ន័យ​ដូច​ជា​អ្នកក្រ​ ក្រមា​អ្នកស្រែ​ ខ្មែរ​កសិក​ ក្រមា​ក្រីក្រ​តស៊ូ​ជីវិត​»​។​

mean-soniat-02​ដោយ​មើលឃើញ​បែប​នេះ​ តារា​សម្ដែង​ស្រី​ដែល​មានកេរ្តិ៍ឈ្មោះ​ល្បី​ កញ្ញា​ មាន​ សូ​នី​តា​ ក៏​មានគំនិត​យក​ក្រមា​មក​ច្នៃប្រឌិត​ឡើង​ ធ្វើ​ជា​ម៉ូ​ដ​ថ្មី​សម្រាប់​ឱ្យ​យុវជន​ងាក​មក​ប្រើប្រាស់​ក្រមា​ខ្មែរ​ឱ្យ​បាន​ច្រើន​ឡើង​។​

នៅ​ពេល​ដែល​សួរ​ថា​ទំនោរ​ថ្មី​របស់​យុវជន​យើង​អំពី​ក្រមា​ តារា​ស្រី​វ័យ​២៥​ ឆ្នាំ​ មាន​ សូ​នី​តា​ បាន​បញ្ជាក់​ថា​ ម៉ូ​ដ​សម្លៀក​បំពាក់​ គឺជា​ស្តា​យល៍​នៃ​ការ​តុបតែង​ខ្លួន​មួយ​ ដែល​ពួក​គេ​មាន​អារម្មណ៍​ថា​ស្រួលខ្លួន​ពេល​ប្រើប្រាស់​វា​ តែ​ពេល​ខ្លះ​យុវជន​នៅ​តែ​ទទួល​ឥទ្ធិពល​ពី​ប្រទេស​ដទៃ​។​

​កញ្ញា​បញ្ជាក់​៖​ «​សព្វថ្ងៃ​យុវវ័យ​ច្រើន​ធ្វើ​តាម​កូរ៉េ​ឬ​ថៃ​ ដូច​ដឹង​ហើយ​ ថៃ​ជា​ប្រទេស​ជិតខាង​បស់​យើង​ ចឹ​ង​ផលិតផល​ជា​ច្រើន​ បាន​នាំ​ចូល​ពី​ថៃ​ ហើយ​ប្រជាជន​ថៃ​ក៏​ធ្វើ​តាម​ស្តា​យល៍​កូរ៉េ​ដែរ​»​។​ សិល្បការ​នី​ សូ​នី​តា​ បាន​បន្ថែម​ថា​៖​ «​ការ​លេង​ម៉ូ​ដ​សម្លៀក​បំពាក់​ គឺជា​ការ​ចេះ​ច្នៃប្រឌិត​ក្នុង​ការ​ស្លៀកពាក់​ បើ​ទោះជា​សម្លៀក​បំពាក់​នោះ​មាន​ម៉ូ​ដ​ល្បី​ឬ​ក៏​អត់​ក៏​ដោយ​។​ ហើយ​សព្វ​ថ្ងៃនេះ​ ក្រមា​បាន​ចាប់ផ្ដើម​វិល​មក​កាន់​ចិត្តគំនិត​របស់​យុវវ័យ​ខ្មែរ​សា​ជា​ថ្មី​ម្ដងទៀត​ ដូច​ជា​ការ​ធ្វើ​ក្រមា​ដោយ​ខ្លួនឯង​ពី​គំនិត​ច្នៃប្រឌិត​ថ្មី​របស់​កម្ពុជា​យើង​»​។​

​និយាយ​ដោយ​សម្តីរួសរាយ​រាក់ទាក់​ មាន​ សូ​នី​តា​ បាន​ប្រាប់​ពី​ហេតុផល​ដែល​នាំ​ឱ្យ​ខ្លួន​មានគំនិត​ច្នៃប្រឌិត​ក្រមា​នេះ​ថា​៖​ «​ព្រោះ​គិត​ថា​ក្រមា​ វា​ជា​ផលិតផល​របស់​ខ្មែរ​ ដល់​ពេល​ចឹ​ង​ហើយ​ ខ្មែរ​យើង​គិត​ថា​ ក្រមា​ទៅ​ជា​លក្ខណៈ​ថា​ស្រែ​អី​អ​ញ្ចឹ​ង​ទៅ​ណា​។​ យើង​ខ្លាច​ថា​វា​បាត់បង់​អត្តសញ្ញាណ​ជាតិ​មួយ​ ព្រោះ​ឥឡូវ​ ទី​១​ បាត់​អត្តសញ្ញាណ​ ទី​២​ អ្នក​ដែល​ធ្វើ​សិប្បកម្ម​តូចៗ​ ធ្វើ​ក្រមា​លក់​ គាត់​អត់​មាន​ទីផ្សារ​លក់​ ព្រោះ​ក្រមា​កាល​មុន​ វា​ទូលាយ​ណាស់​ ដូច​ជា​នៅ​តាកែវ​ នៅ​កំពង់ចាម​ នៅ​ព្រៃ​ក​ម្បា​ស​ នៅ​ខេត្ត​ច្រើន​ទៀត​ នៅ​បន្ទាយ​មាន​ជ័យ​ នៅ​តាម​ខេត្ត​មួយៗ​…​។​ ប៉ុន្តែ​ដល់​ពេល​អត់​មាន​ទីផ្សារ​អីចឹង​ទៅ​ ភាគច្រើន​គាត់​ធ្វើ​ចំណាកស្រុក​មក​ធ្វើការ​នៅ​ភ្នំពេញ​ ជីវភាព​គ្រួសារ​របស់​គាត់​ត្រូវ​បាត់បង់​»​។​

​តារា​ស្រី​មាន​ប្រជាប្រិយភាព​រូប​នេះ​បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​ មួយ​រយៈ​ក្រោយ​នេះ​ កញ្ញា​បាន​ទៅ​ខេត្តសៀមរាប​ ហើយ​ក៏​បានឃើញ​គេ​ដេរ​ក្រមា​ គេ​ច្នៃ​ដោយ​គំនិត​ថ្មីៗ​ ដែល​ធ្វើ​ឱ្យ​កញ្ញា​មាន​អារម្មណ៍​ថា​សប្បាយចិត្ត​ នៅ​ពេល​ខ្លួន​បាន​ផ្ញើ​សារ​ដល់​ពួក​គាត់​ ហើយ​ពួក​គាត់​ប្រើ​ក្រមា​អីចឹង​ ហើយ​ណាមួយ​ កញ្ញា​ក៏​បានឃើញ​យុវវ័យ​ឥឡូវ​គាត់​ប្រើ​ក្រមា​ អត់​ខ្មាស​គេ​ដូច​កាលពីមុន​ឡើយ​។​
mean-sonita-01r
​សូ​នី​តា​ បាន​បង្ហាញ​ពី​ការ​យល់​ឃើញ​របស់​ខ្លួន​ទាក់ទង​នឹង​ការ​ប្រើប្រាស់​ក្រមា​ពី​ពេល​មុន​ថា​៖​ «​ពី​មុន​គាត់​មាន​អារម្មណ៍​ថា​ ប្រើ​អី​ [​ក្រមា​]​ ស្រែ​ហា៎​ ប្រើ​អីចឹងៗ​ ដល់​ពេល​ឃើញ​មួយ​រយៈ​ក្រោយ​ ពួក​គាត់​ចេះ​ច្នៃ​ យក​អាហ្នឹង​ទៅ​កាត់​ខោអាវ​ គាត់​យក​ទៅ​ធ្វើ​អី​ផ្សេងៗ​អីចឹង​ទៅ​ ខ្ញុំ​មាន​អារម្មណ៍​ថា​វា​ប្រសើរ​ជាង​មុន​ ណាមួយ​សិប្បកម្ម​ឥឡូវ​គាត់​មានការ​ងារ​ធ្វើ​ច្រើន​ ចឹ​ង​ពួក​គាត់​ក៏​មានការ​ងារ​ធ្វើ​ច្រើន​ជាង​មុន​ដែរ​»​។​

​គំនិត​ច្នៃប្រឌិត​នេះ​ធ្វើ​ឡើង​ ស្រប​ពេល​ដែល​កញ្ញា​ មាន​ សូ​នី​តា​ ទទួល​បានការ​គាំទ្រ​ច្រើន​ពី​សំណាក់​​យុវវ័យ​។​ ជា​ពិសេស​នៅ​ក្នុង​កម្មវិធី​ដែល​កញ្ញា​បាន​ធ្វើ​កាលពី​ឆ្នាំ​មុន​ ដែល​កញ្ញា​ និង​តារាៗ​មួយ​ចំនួន​ទៀត​ ព្រមទាំង​យុវជន​ដែល​គាំទ្រ​ជា​ច្រើន​នាក់​ទៀត​ បាន​នាំ​គ្នា​ប្រារព្ធ​គឺ​ កម្មវិធី​ “​ស្រឡាញ់​ ឬ​ Slanh”​ ដោយ​បាន​ទៅ​អំណោយ​និង​នំចំណី​ទៅ​ចែក​ជូន​ដល់​ក្មេងៗ​កុមារ​កំព្រា​នៅ​អង្គការ​មួយ​ឈ្មោះ​ថា​ IPO​ ចំ​ពេល​ថៃ្ង​ខួបកំណើត​របស់​កញ្ញា​ កាលពី​ថ្ងៃ​ទី​ ១០​ កុម្ភៈ​ ឆ្នាំ​មុន​។​

​​mean-sonita-06កញ្ញា​មាន​យោបល់​ថា​៖​ «​សម្រាប់​កម្មវិធី​ project​ [​គម្រោង​]​ របស់​ញ៉ុ​ម​ហ្នឹង​ project​ ស្រឡាញ់​ក្រមា​ខ្មែរ​ហ្នឹង​ គេ​ស្គាល់​ច្រើន​មែនទែន​ ដែល​ញ៉ុ​ម​ធ្វើ​ ថត​វី​ដេ​អូ​ ញ៉ុ​ម​មាន​ project​ ស្រឡាញ់​ក្រមា​ខ្មែរ​ដើម្បី​លក់​ក្រមា​ហ្នឹង​ដើម្បី​ជួយ​ដល់​ពួក​គាត់​អីចឹង​ ចឹ​ង​ទៅ​វា​ក៏​ទូលាយ​ជាង​មុន​ ហើយ​គេ​ក៏​ស្គាល់​ច្រើន​ជាង​មុន​ដែរ​»​។​

តារា​ស្រី​ មាន​ សូ​នី​តា​ បាន​ចាប់ផ្ដើម​ធ្វើ​ការងារ​នេះ​តាំងពី​ខែមីនា​ ឆ្នាំ​មុន​មក​ម្ល៉េះ​ ដោយ​បាន​យក​ក្រមា​មក​ច្នៃ​ធ្វើ​ជា​អាវ​រងា​ដើម្បី​ដណ្ដប់​ខ្លួន​ខាងលើ​។​ កញ្ញា​បាន​ប្រាប់​ឱ្យ​ដឹង​ថា មាន​ម៉ូ​ដ​របស់​ខ្លួន​ក្នុង​ការ​រចនា​ក្រមា​ ដូច​ជា​ច្នៃ​ជា​ ណឺ​ ក​ ក៏​ដូច​ជា​ទម្រង់​ ថ្មីៗ​ទៀត​ជា​ច្រើន​ ដែល​មាន​ធ្វើ​ជា​ទម្រង់​អាវ​ អាវ​រងា​ កន្សែង​បង់ក​ ឬ​ក្រវាត់ក​ ជាដើម​។​

​ងាក​ទៅ​រក​អតីតកាល​វិញ​ ក្រមា​ត្រូវ​បាន​ធ្វើ​ពី​កប្បាស​ឬ​សូត្រ​ ត្រូវ​បាន​ប្រជាជន​យើង​យក​មក​រុំ​នៅ​ជុំវិញ​ក​ឬ​ក្បាល​ នៅ​ពេល​ដែល​ពួក​គេ​ទៅ​ធ្វើស្រែ​ ឬ​ធ្វើ​ដំណើរ​ក្រោម​កម្ដៅថ្ងៃ​។​ ប្រជាជន​យើង​ក៏​យក​ក្រមា​មក​ប្រើ​ជូត​ញើស​ និង​ទុក​ផ្លាស់​ងូតទឹក​។​ ប្រជាពលរដ្ឋ​ចាប់ផ្ដើម​ប្រកប​របរ​ធ្វើ​នេះ​ជា​ហូរហែរ​មក​ដែរ​។​

​ក្រមា​ ក៏​ធ្លាប់​ត្រូវ​បាន​ពួក​ខ្មែរក្រហម​ ប្រើ​ដើម្បី​បញ្ជាក់​ពី​អត្តសញ្ញាណ​ពួក​គេ​ពេល​ស្លៀក​ជាមួយ​សម្លៀក​​បំពាក់​ខ្មៅ​ របស់​ពួក​គេ​ ដោយ​អ្នក​រាល់គ្នា​នៅ​សម័យ​នោះ​ហាក់​បាន​ប្រើ​វា​ស្ទើរតែ​គ្រប់​គ្នា​។​ បន្ទាប់​ពី​របប​ខ្មែរក្រហម​បាន​ដួល​រលំ​ទៅ​ ប្រជាជន​ខ្មែរ​ក៏​នៅ​តែ​ប្រើ​ក្រមា​នេះ​ដែរ​ ជា​ពិសេស​ចាស់ៗ​នៅ​ជនបទ​។​ ខុស​ពី​​ក្មេងៗ​នៅ​ទីក្រុង​ មិនសូវ​មាន​អ្នក​ប្រើ​ក្រមា​ប៉ុន្មាន​ទេ​។​

​គ្រប់​ទាំងអស់​ តាំងពី​យុវវ័យ​ តាំងពី​មនុស្ស​ចាស់​ ហើយ​បរទេស​ ក៏​គាត់​ចាប់អារម្មណ៍​ច្រើន​ ធម្មតា​ក្រមា​របស់​ខ្មែរ​យើង​ វា​មាន​តម្លៃ​សមរម្យ​ វា​មិន​ដូច​ហូល​ផាមួង​ទេ​ ពេល​ខ្លះ​ជនជាតិ​បរទេស​ខ្លះ​ គាត់​មក​ដល់​ស្រុក​ខ្មែរ​ គាត់​ចង់​ទិញ​អី​ដែល​ជា​របស់​ខ្មែរ​ ដើម្បី​ជា​អនុស្សាវរីយ​ដល់​ពួកម៉ាក​គាត់​ ដូច​ជា​ហូល​អីចឹង​ វា​រាង​ថ្លៃ​ ចឹ​ង​ភាគច្រើន​អាហ្នឹង​លក់ដាច់​មួយៗ​។​ នេះ​ជា​ការ​បញ្ជាក់​ផ្ទាល់​ពី​កញ្ញា​ សូ​នី​តា​។​

 កញ្ញា​ ចែ​ម​ ស្រី​អឿ​ន​
កញ្ញា​ ចែ​ម​ ស្រី​អឿ​ន​

​​ជាក់ស្ដែង​ កញ្ញា​ ចែ​ម​ ស្រី​អឿ​ន​ ជា​អ្នកគាំទ្រ​និង​ជា​អតិថិជន​ម្នាក់​ដែល​បាន​ជាវ​ក្រមា​របស់​កញ្ញា​ មាន​ ​សូ​នី​តា​ បាន​ប្រាប់​ឱ្យ​ដឹង​ពី​ហេតុផល​ដែល​ខ្លួន​បាន​ជាវ​ក្រមា​នោះ​ថា​៖​ «​ទី​១​ គិត​ថា​ក្រមា​ខ្មែរ​ហ្នឹង​ជា​របស់​ខ្មែរ​ យើង​គាំទ្រ​អីចឹង​ទៅ​ហា៎​ ប៉ុន្តែ​អ្វី​ដែល​ញ៉ុ​ម​ផ្ដោត​សំខាន់​ជាងគេ​ ខ្ញុំ​គាំទ្រ​វប្បធម៌​ខ្មែរ​ ប៉ុន្តែ​ញ៉ុ​ម​គាំទ្រ​នូវ​ការ​ច្នៃប្រឌិត​មួយទៀត​ ព្រោះ​ខ្ញុំ​ចង់​និយាយ​ថា​ការ​ដែល​យើង​អភិរក្ស​វប្បធម៌​ខ្មែរ​ ស្រឡាញ់​ក្រមា​ហ្នឹង​ វា​ល្អ​ហើយៗ​ ប៉ុន្តែ​យើង​គួរតែ​មានគំនិត​ច្នៃប្រឌិត​ ហើយ​ខ្ញុំ​ឃើញ​គំនិត​គាត់់​ហ្នឹង​ វា​ខុស​គេ​ មើលទៅ​ជា​អ្វី​ដែល​គាត់​ធ្វើ​ គាត់​អត់​ដេរ​ច្រើន​ទេ​ រចនា​
ម៉ូ​ដ​ គាត់​ហ្នឹង​ជា​លក្ខណៈ​សាមញ្ញ​ តែ​វា​អត់​មាន​ជា​លក្ខណៈ​ស៊ិ​ច​ស៊ី​អី​ទេ​ ប៉ុន្តែ​វា​សមរម្យ​ដែល​យើង​អាច​យក​ចូល​ពិធី​ ចូល​អី​បាន​ ហើយ​អ្វី​ដែល​សំខាន់​មួយទៀត​ហ្នឹង​ គឺ​ទាក់ទង​នឹង​ សប្បុរសធម៌​ មួយទៀត​ ដែល​ញ៉ុ​ម​គិត​ថា​វា​ជា​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​»​។​

​កញ្ញា​ ស្រី​អឿ​ន​ ទទួលស្គាល់​ថា​ ឥឡូវ​ហ្នឹង​មាន​អ្នក​ព្យាយាម​ចង់​បង្កើត​ម៉ូ​ដ​របស់​ខ្លួនឯង​ច្រើន​ដែរ​ ដោយ​ចាប់ផ្ដើម​ប្រើប្រាស់​ក្រមា​ ប៉ុន្តែ​បើ​មើល​អ្នក​ដែល​ធ្វើ​ម៉ូ​ដ​ចឹ​ង​ ថាតើមានប៉ុន្មាន​នាក់ដែរ​ក្នុង​ចំណោម​អ្នក​ដែលទៅចូលរួម​ពិធី​រៀប​ការ​។ វា​ចាប់ផ្ដើម​មាន​ហើយ​ កញ្ញា ស្រីអឿន ​យល់​ស្រប​ថាវាចាប់ផ្ដើម​ត្រឡប់​មក​វិញ​តិច​តួច​ហើយ​ ប៉ុន្តែ​បើ​មើល​ជា​ទូទៅ​ វា​មិនមែន​ជា​របៀប​ដែល​មនុស្ស​យើង​គិត​ថា​អាហ្នឹង​ជា​ទូទៅនៅឡើយទេ​ ទាល់តែ​ម្នាក់ៗ​ហ្នឹង​ ច្នៃ​ម៉ូ​ដ​​ប្លែក​ពី​គេ​ខ្លាំង​ ទើបអាច​ហ៊ាន​ពាក់​​។​

​ការ​ឱ្យ​តម្លៃ​ចំពោះ​ក្រមា​ខ្មែរ​នា​ពេល​បច្ចុប្បន្ន​ឃើញ​ថា​ កំពុង​រីក​ចម្រើន​ដោយ​ពួក​គាត់​ថា​ពួក​គេ​ឱ្យ​តម្លៃ​មក​លើ​ក្រមា​ខ្មែរ​យើង​ច្រើន​ជាង​មុន​គួរ​ឱ្យ​កត់សម្គាល់​ ដោយ​យើង​ឃើញ​មាន​យុវវ័យ​ ក៏​ដូច​ជា​ប្រជាជន​យើង​ប្រើប្រាស់​ក្រមា​​ជា​ច្រើន​តាម​តម្រូវការ​របស់​ខ្លួន​។​

mean-sonita-04
តារា​ស្រី​វ័យក្មេង​ មាន​ សូ​នី​តា​ បាន​រៀបរាប់​លាយ​សំណើច​តិចៗ​ថា​៖​ «​សម្រាប់​ក្រមា​ខ្មែរ​ឥឡូវ​ ខ្ញុំ​គិត​ថា​ពួក​គាត់​ស្គាល់​ច្រើន​ជាង​មុន​។ ​ពី​មុន​ខ្ញុំ​មាន​អារម្មណ៍​ថា​ ពួក​គាត់​អត់​ស្គាល់​ទាំង​ក្រមា​ខ្មែរ​ហ្នឹង​ជា​អី​ផង​ កាល​មុន​គាត់​ថា​ខ្ញុំ​ទិញ​ សម្ភារៈ​ មក​ពី​ស្រុក​ក្រៅ​ទេ​ហី​ យក​មក​ធ្វើ​ហ្នឹង​ គាត់​អត់​ដឹង​ថា​អាហ្នឹង​ជា​ក្រមា​ គាត់​ថា​ក្រណាត់​អី​ផ្សេង​អីចឹង​ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា​សូ​ម្បី​តែ​ក្មេងៗ​សម័យ​ឥឡូវ​គាត់​អត់​ស្គាល់​ក្រមា​ផង​។​ តិច​ទៀត​ ដឹង​ពី​ណា​គេ​នឹង​ស្គាល់​ក្រមា​ ហើយ​ក៏​បោះបង់​ចោល​ គេ​ឈប់​ប្រើ​ គេ​លែង​ខ្វល់ខ្វាយ​ពី​អាហ្នឹង​ហ្មង​ ចឹ​ង​គាត់​អ្នក​ដែល​ចេះ​ធ្វើ​ក្រមា​ គាត់​គឺ​បាក់ទឹកចិត្ត​ហា៎​ ព្រោះ​អត់​មានអី​ត្រូវធ្វើ​ទៀត​ អត់​មាន​ទីផ្សារ​អី​ផង​»​។​

​តែបើ​យើង​មើល​មក​ពេល​បច្ចុប្បន្ន​នេះ​វិញ​ កញ្ញា​បន្ថែម​ថា​៖​ «​ចា៎​ មានការ​ឱ្យ​តម្លៃ​ច្រើន​ជាង​មុន​ ច្រើន​…​ ហើយ​ពួក​គាត់​របៀប​ថា​ និយាយ​ភាសា​ម៉ា​ម៉ាត់​ឱ្យ​ខ្លី​ថា​ កាល​មុន​ប្រើ​ក្រមា​ ស្រែ​ តែ​ឥឡូវ​គាត់​អត់​ខ្មាសនឹង​ការ​កាន់​ក្រមា​ គាត់​អត់​ខ្មាស​នឹង​ការ​យក​ក្រមា​មក​បង់ក​ ខ្ញុំ​ក៏​ឃើញ​ក្មេងៗ​ជា​ច្រើន​ យក​ក្រមា​មក​ប្រើ​វិញ​»​។​

​សម្រាប់​ឆ្នាំ​ថ្មី​នេះ​ កញ្ញា​ក៏​មាន​គម្រោង​ច្នៃ​ម៉ូ​ដ​ក្រមា​នេះ​ដែរ​ ដោយ​កញ្ញា​បញ្ជាក់​ថា​៖​ «​ខ្ញុះ​ចង់​ចាក់​ជា​ក្រឡា​ថ្មី​ អី​ដែល​ថ្មី​ ហើយ​យើង​នឹង​បង្កើត​អី​ដែល​ថ្មីៗ​ ប៉ុន្តែ​ជា​ផលិតផល​ក្រមា​ខ្មែរ​យើង​ ហើយ​យើង​បង្កើត​ផលិតផល​របស់​ខ្មែរ​យើង​ឱ្យ​ពួក​គាត់​មានការ​ងារ​ធ្វើ​ច្រើន​ ហើយ​អត់​បាត់បង់​នូវ​អត្តសញ្ញាណ​ជាតិ​របស់​យើង​»៕

mean-sonita-05
រូបភាព៖ ផ្ដល់ឱ្យ

Share

Image
Image
Image