ក្រមា តែងត្រូវបានប្រជាជនខ្មែរជាច្រើនយកមកប្រើប្រាស់តាំងពីដើមរៀងមក ពីព្រោះវាមានអត្ថប្រយោជន៍ជាច្រើន។ គេអាចយកក្រមាប្រើសម្រាប់ផ្លាស់ងូតទឹកបានទាំងបុរសទាំងស្ត្រី យកទៅបង់ក ពានាក្រមាទៅវត្ត ចងក្រវាត់ចង្កេះ និងជួតលើក្បាលជាដើម ដែលសមដូចគេថា៖ «ក្រមាតូចមួយ ជួយបានគ្រប់គ្រា គ្រប់ខែរងាដណ្តប់ជួសស្បៃ ជួយជាកម្រាល ក្រាលគេងយប់ថ្ងៃ វេចបាយចំណីតាមក្តីបំណង។ …ផ្លាស់ប្តូរងូតទឹក ព្រឹកយប់ថ្ងៃ កសិកប្រុសស្រីប្រើក្រមា ជូតទឹកជូតញើសសម្អាតកាយា បត់កល់កេសាជំនួសខ្នើយ…»។
កន្លងមកយុវវ័យភាគច្រើនមិនសូវជឿជាក់ និងប្រើប្រាស់លើផលិតផលខ្មែរឡើយ។ ជាពិសេស ក្រមា ដែលពួកគាត់យល់ថា ជារបស់ដែលមិនសូវពេញនិយម និងទាន់សម័យ រហូតដល់មានគេពោលថា៖ «ក្រមាល្អស្រស់ ស្មោះប្រពៃ ក្រមាមានន័យដូចជាអ្នកក្រ ក្រមាអ្នកស្រែ ខ្មែរកសិក ក្រមាក្រីក្រតស៊ូជីវិត»។
ដោយមើលឃើញបែបនេះ តារាសម្ដែងស្រីដែលមានកេរ្តិ៍ឈ្មោះល្បី កញ្ញា មាន សូនីតា ក៏មានគំនិតយកក្រមាមកច្នៃប្រឌិតឡើង ធ្វើជាម៉ូដថ្មីសម្រាប់ឱ្យយុវជនងាកមកប្រើប្រាស់ក្រមាខ្មែរឱ្យបានច្រើនឡើង។
នៅពេលដែលសួរថាទំនោរថ្មីរបស់យុវជនយើងអំពីក្រមា តារាស្រីវ័យ២៥ ឆ្នាំ មាន សូនីតា បានបញ្ជាក់ថា ម៉ូដសម្លៀកបំពាក់ គឺជាស្តាយល៍នៃការតុបតែងខ្លួនមួយ ដែលពួកគេមានអារម្មណ៍ថាស្រួលខ្លួនពេលប្រើប្រាស់វា តែពេលខ្លះយុវជននៅតែទទួលឥទ្ធិពលពីប្រទេសដទៃ។
កញ្ញាបញ្ជាក់៖ «សព្វថ្ងៃយុវវ័យច្រើនធ្វើតាមកូរ៉េឬថៃ ដូចដឹងហើយ ថៃជាប្រទេសជិតខាងបស់យើង ចឹងផលិតផលជាច្រើន បាននាំចូលពីថៃ ហើយប្រជាជនថៃក៏ធ្វើតាមស្តាយល៍កូរ៉េដែរ»។ សិល្បការនី សូនីតា បានបន្ថែមថា៖ «ការលេងម៉ូដសម្លៀកបំពាក់ គឺជាការចេះច្នៃប្រឌិតក្នុងការស្លៀកពាក់ បើទោះជាសម្លៀកបំពាក់នោះមានម៉ូដល្បីឬក៏អត់ក៏ដោយ។ ហើយសព្វថ្ងៃនេះ ក្រមាបានចាប់ផ្ដើមវិលមកកាន់ចិត្តគំនិតរបស់យុវវ័យខ្មែរសាជាថ្មីម្ដងទៀត ដូចជាការធ្វើក្រមាដោយខ្លួនឯងពីគំនិតច្នៃប្រឌិតថ្មីរបស់កម្ពុជាយើង»។
និយាយដោយសម្តីរួសរាយរាក់ទាក់ មាន សូនីតា បានប្រាប់ពីហេតុផលដែលនាំឱ្យខ្លួនមានគំនិតច្នៃប្រឌិតក្រមានេះថា៖ «ព្រោះគិតថាក្រមា វាជាផលិតផលរបស់ខ្មែរ ដល់ពេលចឹងហើយ ខ្មែរយើងគិតថា ក្រមាទៅជាលក្ខណៈថាស្រែអីអញ្ចឹងទៅណា។ យើងខ្លាចថាវាបាត់បង់អត្តសញ្ញាណជាតិមួយ ព្រោះឥឡូវ ទី១ បាត់អត្តសញ្ញាណ ទី២ អ្នកដែលធ្វើសិប្បកម្មតូចៗ ធ្វើក្រមាលក់ គាត់អត់មានទីផ្សារលក់ ព្រោះក្រមាកាលមុន វាទូលាយណាស់ ដូចជានៅតាកែវ នៅកំពង់ចាម នៅព្រៃកម្បាស នៅខេត្តច្រើនទៀត នៅបន្ទាយមានជ័យ នៅតាមខេត្តមួយៗ…។ ប៉ុន្តែដល់ពេលអត់មានទីផ្សារអីចឹងទៅ ភាគច្រើនគាត់ធ្វើចំណាកស្រុកមកធ្វើការនៅភ្នំពេញ ជីវភាពគ្រួសាររបស់គាត់ត្រូវបាត់បង់»។
តារាស្រីមានប្រជាប្រិយភាពរូបនេះបានប្រាប់ឱ្យដឹងទៀតថា មួយរយៈក្រោយនេះ កញ្ញាបានទៅខេត្តសៀមរាប ហើយក៏បានឃើញគេដេរក្រមា គេច្នៃដោយគំនិតថ្មីៗ ដែលធ្វើឱ្យកញ្ញាមានអារម្មណ៍ថាសប្បាយចិត្ត នៅពេលខ្លួនបានផ្ញើសារដល់ពួកគាត់ ហើយពួកគាត់ប្រើក្រមាអីចឹង ហើយណាមួយ កញ្ញាក៏បានឃើញយុវវ័យឥឡូវគាត់ប្រើក្រមា អត់ខ្មាសគេដូចកាលពីមុនឡើយ។
សូនីតា បានបង្ហាញពីការយល់ឃើញរបស់ខ្លួនទាក់ទងនឹងការប្រើប្រាស់ក្រមាពីពេលមុនថា៖ «ពីមុនគាត់មានអារម្មណ៍ថា ប្រើអី [ក្រមា] ស្រែហា៎ ប្រើអីចឹងៗ ដល់ពេលឃើញមួយរយៈក្រោយ ពួកគាត់ចេះច្នៃ យកអាហ្នឹងទៅកាត់ខោអាវ គាត់យកទៅធ្វើអីផ្សេងៗអីចឹងទៅ ខ្ញុំមានអារម្មណ៍ថាវាប្រសើរជាងមុន ណាមួយសិប្បកម្មឥឡូវគាត់មានការងារធ្វើច្រើន ចឹងពួកគាត់ក៏មានការងារធ្វើច្រើនជាងមុនដែរ»។
គំនិតច្នៃប្រឌិតនេះធ្វើឡើង ស្របពេលដែលកញ្ញា មាន សូនីតា ទទួលបានការគាំទ្រច្រើនពីសំណាក់យុវវ័យ។ ជាពិសេសនៅក្នុងកម្មវិធីដែលកញ្ញាបានធ្វើកាលពីឆ្នាំមុន ដែលកញ្ញា និងតារាៗមួយចំនួនទៀត ព្រមទាំងយុវជនដែលគាំទ្រជាច្រើននាក់ទៀត បាននាំគ្នាប្រារព្ធគឺ កម្មវិធី “ស្រឡាញ់ ឬ Slanh” ដោយបានទៅអំណោយនិងនំចំណីទៅចែកជូនដល់ក្មេងៗកុមារកំព្រានៅអង្គការមួយឈ្មោះថា IPO ចំពេលថៃ្ងខួបកំណើតរបស់កញ្ញា កាលពីថ្ងៃទី ១០ កុម្ភៈ ឆ្នាំមុន។
កញ្ញាមានយោបល់ថា៖ «សម្រាប់កម្មវិធី project [គម្រោង] របស់ញ៉ុមហ្នឹង project ស្រឡាញ់ក្រមាខ្មែរហ្នឹង គេស្គាល់ច្រើនមែនទែន ដែលញ៉ុមធ្វើ ថតវីដេអូ ញ៉ុមមាន project ស្រឡាញ់ក្រមាខ្មែរដើម្បីលក់ក្រមាហ្នឹងដើម្បីជួយដល់ពួកគាត់អីចឹង ចឹងទៅវាក៏ទូលាយជាងមុន ហើយគេក៏ស្គាល់ច្រើនជាងមុនដែរ»។
តារាស្រី មាន សូនីតា បានចាប់ផ្ដើមធ្វើការងារនេះតាំងពីខែមីនា ឆ្នាំមុនមកម្ល៉េះ ដោយបានយកក្រមាមកច្នៃធ្វើជាអាវរងាដើម្បីដណ្ដប់ខ្លួនខាងលើ។ កញ្ញាបានប្រាប់ឱ្យដឹងថា មានម៉ូដរបស់ខ្លួនក្នុងការរចនាក្រមា ដូចជាច្នៃជា ណឺ ក ក៏ដូចជាទម្រង់ ថ្មីៗទៀតជាច្រើន ដែលមានធ្វើជាទម្រង់អាវ អាវរងា កន្សែងបង់ក ឬក្រវាត់ក ជាដើម។
ងាកទៅរកអតីតកាលវិញ ក្រមាត្រូវបានធ្វើពីកប្បាសឬសូត្រ ត្រូវបានប្រជាជនយើងយកមករុំនៅជុំវិញកឬក្បាល នៅពេលដែលពួកគេទៅធ្វើស្រែ ឬធ្វើដំណើរក្រោមកម្ដៅថ្ងៃ។ ប្រជាជនយើងក៏យកក្រមាមកប្រើជូតញើស និងទុកផ្លាស់ងូតទឹក។ ប្រជាពលរដ្ឋចាប់ផ្ដើមប្រកបរបរធ្វើនេះជាហូរហែរមកដែរ។
ក្រមា ក៏ធ្លាប់ត្រូវបានពួកខ្មែរក្រហម ប្រើដើម្បីបញ្ជាក់ពីអត្តសញ្ញាណពួកគេពេលស្លៀកជាមួយសម្លៀកបំពាក់ខ្មៅ របស់ពួកគេ ដោយអ្នករាល់គ្នានៅសម័យនោះហាក់បានប្រើវាស្ទើរតែគ្រប់គ្នា។ បន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំទៅ ប្រជាជនខ្មែរក៏នៅតែប្រើក្រមានេះដែរ ជាពិសេសចាស់ៗនៅជនបទ។ ខុសពីក្មេងៗនៅទីក្រុង មិនសូវមានអ្នកប្រើក្រមាប៉ុន្មានទេ។
គ្រប់ទាំងអស់ តាំងពីយុវវ័យ តាំងពីមនុស្សចាស់ ហើយបរទេស ក៏គាត់ចាប់អារម្មណ៍ច្រើន ធម្មតាក្រមារបស់ខ្មែរយើង វាមានតម្លៃសមរម្យ វាមិនដូចហូលផាមួងទេ ពេលខ្លះជនជាតិបរទេសខ្លះ គាត់មកដល់ស្រុកខ្មែរ គាត់ចង់ទិញអីដែលជារបស់ខ្មែរ ដើម្បីជាអនុស្សាវរីយដល់ពួកម៉ាកគាត់ ដូចជាហូលអីចឹង វារាងថ្លៃ ចឹងភាគច្រើនអាហ្នឹងលក់ដាច់មួយៗ។ នេះជាការបញ្ជាក់ផ្ទាល់ពីកញ្ញា សូនីតា។
ជាក់ស្ដែង កញ្ញា ចែម ស្រីអឿន ជាអ្នកគាំទ្រនិងជាអតិថិជនម្នាក់ដែលបានជាវក្រមារបស់កញ្ញា មាន សូនីតា បានប្រាប់ឱ្យដឹងពីហេតុផលដែលខ្លួនបានជាវក្រមានោះថា៖ «ទី១ គិតថាក្រមាខ្មែរហ្នឹងជារបស់ខ្មែរ យើងគាំទ្រអីចឹងទៅហា៎ ប៉ុន្តែអ្វីដែលញ៉ុមផ្ដោតសំខាន់ជាងគេ ខ្ញុំគាំទ្រវប្បធម៌ខ្មែរ ប៉ុន្តែញ៉ុមគាំទ្រនូវការច្នៃប្រឌិតមួយទៀត ព្រោះខ្ញុំចង់និយាយថាការដែលយើងអភិរក្សវប្បធម៌ខ្មែរ ស្រឡាញ់ក្រមាហ្នឹង វាល្អហើយៗ ប៉ុន្តែយើងគួរតែមានគំនិតច្នៃប្រឌិត ហើយខ្ញុំឃើញគំនិតគាត់់ហ្នឹង វាខុសគេ មើលទៅជាអ្វីដែលគាត់ធ្វើ គាត់អត់ដេរច្រើនទេ រចនា
ម៉ូដ គាត់ហ្នឹងជាលក្ខណៈសាមញ្ញ តែវាអត់មានជាលក្ខណៈស៊ិចស៊ីអីទេ ប៉ុន្តែវាសមរម្យដែលយើងអាចយកចូលពិធី ចូលអីបាន ហើយអ្វីដែលសំខាន់មួយទៀតហ្នឹង គឺទាក់ទងនឹង សប្បុរសធម៌ មួយទៀត ដែលញ៉ុមគិតថាវាជាអ្វីដែលខ្ញុំអាចធ្វើបាន»។
កញ្ញា ស្រីអឿន ទទួលស្គាល់ថា ឥឡូវហ្នឹងមានអ្នកព្យាយាមចង់បង្កើតម៉ូដរបស់ខ្លួនឯងច្រើនដែរ ដោយចាប់ផ្ដើមប្រើប្រាស់ក្រមា ប៉ុន្តែបើមើលអ្នកដែលធ្វើម៉ូដចឹង ថាតើមានប៉ុន្មាននាក់ដែរក្នុងចំណោមអ្នកដែលទៅចូលរួមពិធីរៀបការ។ វាចាប់ផ្ដើមមានហើយ កញ្ញា ស្រីអឿន យល់ស្របថាវាចាប់ផ្ដើមត្រឡប់មកវិញតិចតួចហើយ ប៉ុន្តែបើមើលជាទូទៅ វាមិនមែនជារបៀបដែលមនុស្សយើងគិតថាអាហ្នឹងជាទូទៅនៅឡើយទេ ទាល់តែម្នាក់ៗហ្នឹង ច្នៃម៉ូដប្លែកពីគេខ្លាំង ទើបអាចហ៊ានពាក់។
ការឱ្យតម្លៃចំពោះក្រមាខ្មែរនាពេលបច្ចុប្បន្នឃើញថា កំពុងរីកចម្រើនដោយពួកគាត់ថាពួកគេឱ្យតម្លៃមកលើក្រមាខ្មែរយើងច្រើនជាងមុនគួរឱ្យកត់សម្គាល់ ដោយយើងឃើញមានយុវវ័យ ក៏ដូចជាប្រជាជនយើងប្រើប្រាស់ក្រមាជាច្រើនតាមតម្រូវការរបស់ខ្លួន។
តារាស្រីវ័យក្មេង មាន សូនីតា បានរៀបរាប់លាយសំណើចតិចៗថា៖ «សម្រាប់ក្រមាខ្មែរឥឡូវ ខ្ញុំគិតថាពួកគាត់ស្គាល់ច្រើនជាងមុន។ ពីមុនខ្ញុំមានអារម្មណ៍ថា ពួកគាត់អត់ស្គាល់ទាំងក្រមាខ្មែរហ្នឹងជាអីផង កាលមុនគាត់ថាខ្ញុំទិញ សម្ភារៈ មកពីស្រុកក្រៅទេហី យកមកធ្វើហ្នឹង គាត់អត់ដឹងថាអាហ្នឹងជាក្រមា គាត់ថាក្រណាត់អីផ្សេងអីចឹង ហើយខ្ញុំមានអារម្មណ៍ថាសូម្បីតែក្មេងៗសម័យឥឡូវគាត់អត់ស្គាល់ក្រមាផង។ តិចទៀត ដឹងពីណាគេនឹងស្គាល់ក្រមា ហើយក៏បោះបង់ចោល គេឈប់ប្រើ គេលែងខ្វល់ខ្វាយពីអាហ្នឹងហ្មង ចឹងគាត់អ្នកដែលចេះធ្វើក្រមា គាត់គឺបាក់ទឹកចិត្តហា៎ ព្រោះអត់មានអីត្រូវធ្វើទៀត អត់មានទីផ្សារអីផង»។
តែបើយើងមើលមកពេលបច្ចុប្បន្ននេះវិញ កញ្ញាបន្ថែមថា៖ «ចា៎ មានការឱ្យតម្លៃច្រើនជាងមុន ច្រើន… ហើយពួកគាត់របៀបថា និយាយភាសាម៉ាម៉ាត់ឱ្យខ្លីថា កាលមុនប្រើក្រមា ស្រែ តែឥឡូវគាត់អត់ខ្មាសនឹងការកាន់ក្រមា គាត់អត់ខ្មាសនឹងការយកក្រមាមកបង់ក ខ្ញុំក៏ឃើញក្មេងៗជាច្រើន យកក្រមាមកប្រើវិញ»។
សម្រាប់ឆ្នាំថ្មីនេះ កញ្ញាក៏មានគម្រោងច្នៃម៉ូដក្រមានេះដែរ ដោយកញ្ញាបញ្ជាក់ថា៖ «ខ្ញុះចង់ចាក់ជាក្រឡាថ្មី អីដែលថ្មី ហើយយើងនឹងបង្កើតអីដែលថ្មីៗ ប៉ុន្តែជាផលិតផលក្រមាខ្មែរយើង ហើយយើងបង្កើតផលិតផលរបស់ខ្មែរយើងឱ្យពួកគាត់មានការងារធ្វើច្រើន ហើយអត់បាត់បង់នូវអត្តសញ្ញាណជាតិរបស់យើង»៕
រូបភាព៖ ផ្ដល់ឱ្យ