en     km
en     km

ពលរដ្ឋដោះដូរដីពីតំបន់អង្គរ ទៅតំបន់រុនតាឯកប្រឈមជីវភាពខ្វះខាត ទោះតំបន់នេះក្លាយជាក្រុង

Share

WMC/shay chanthy

អស់រយៈពេលជាងកន្លះឆ្នាំ ដែលតំបន់រុនតាឯក ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតជាក្រុងមក ពលរដ្ឋដែលដោះដូរដីពីតំបន់អង្គរ មកនៅក្រុងនេះ នៅតែបន្តប្រឈមជីវភាពខ្វះខាត ខណៈដែលក្រុងថ្មីនេះនៅមិនទាន់មានអ្នកវិនិយោគចូលមកបង្កើតអាជីវកម្មនៅឡើយ។ ទោះជាយ៉ាងណា អាជ្ញាធរខេត្តសៀមរាប ក៏កំពុងព្យាយាមអភិវឌ្ឍន៍ក្រុងនេះឱ្យមានអ្នកវិនិយោគចូលមកបង្កើតអាជីវកម្មដែរ ប៉ុន្តែមន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស សំណូមពរឱ្យអាជ្ញាធរខេត្តពន្លឿនការងារទាក់ទាញអ្នកវិនិយោគ ដើម្បីផ្ដល់ឱកាសការងារជូនប្រជាពលរដ្ឋ។ លោក គីម ចាន់ចាវ រាយការណ៍

 

 

អ្នកស្រី ទឹម ចាន់ធឿន ជាពលរដ្ឋដែលដោះដូរដីពីតំបន់អង្គរ មកនៅតំបន់រុនតាឯក បានរៀបរាប់ប្រាប់វិទ្យុស្ដ្រីថា កាលរស់នៅលំនៅឋានចាស់ក្នុងតំបន់អង្គរ អ្នកស្រីប្រកបរបរជាអ្នកដើរបោកខោអាវតាមផ្ទះ។ ក្រៅពីការងារបោកខោអាវនេះ អ្នកស្រីចាន់ធឿន ក៏ជាអ្នកស៊ីឈ្នួលធ្វើការងារផ្ទះផ្សេងៗទៀត ដើម្បីទទួលបានចំណូលផ្គត់ផ្គង់គ្រួសារផងដែរ។

តំបន់រុនតាឯក ដើមឡើយស្ថិតក្នុង​ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប ក្លាយ​ជាទីតាំង​ដែល​រដ្ឋាភិបាល​ផ្តល់​ដីជូន​ពលរដ្ឋ​ជាថ្នូរ​នឹង​ការ​រុះ​រើ​សំណង់​ចេញ​ពីតំបន់​រមណី​ដ្ឋាន​អង្គរ និង​តំបន់​ដទៃទៀត​ស្ថិតក្រោម​ការ​គ្រប់គ្រង​របស់អាជ្ញាធរ​ជាតិ​អប្សរា។ បច្ចុប្បន្នតំបន់រុនតាឯកនេះ ស្ថិតក្នុងក្រុងរុនតាឯកតេជោសែន ដែលជាក្រុងថ្មីទើបង្កើតឡើង។

ជាស្ដ្រីមេម៉ាយដែលចិញ្ចឹមកូនចំនួន ២នាក់ អ្នកស្រីបន្តរៀបរាប់ទៀតថា តាមរយៈរបរដើរបោកខោអាវនេះនៅក្នុងតំបន់អង្គរ គឺមានពលរដ្ឋចំណូលថ្មី និងតាមសណ្ឋានគារ ផ្ទះសំណាក់ជាច្រើន មានតម្រូវការជួលអ្នកស្រីធ្វើការងារផ្ទះទាំងនោះ និងបានផ្ដល់ប្រាក់ចំណូលសម្រាប់ចិញ្ចឹមកូនៗអ្នកស្រីឱ្យធំដឹងក្ដីរហូតមកដល់សព្វថ្ងៃនេះ។ ប៉ុន្តែបន្ទាប់ពីដោះដូរដីមករស់នៅតំបន់រុនតាឯកមក កូនអ្នកស្រីម្នាក់មានគ្រួសារ និងម្នាក់ទៀតបានចាកចេញពីអ្នកស្រីទៅធ្វើជាកម្មកររោងចក្រនៅក្រុងភ្នំពេញ។

អ្នកស្រី ទឹម ចាន់ធឿន។ WMC/shay chanthy

ការរស់នៅក្នុងតំបន់រុនតាឯកនេះ អ្នកស្រីថា ជាការចាប់ផ្ដើមជីវិតថ្មីឡើងវិញ ពីព្រោះត្រូវសាងសង់លំនៅឋានថ្មី ហើយត្រូវស្វែងរកការងារធ្វើ និងមុខរបរនៅតំបន់នោះ។ លើសពីនេះ ការរស់នៅដីថ្មីនេះ ធ្វើឱ្យអ្នកស្រីឧស្សាហ៍ឈឺ និងថែមទាំងមានបំណុល ទោះបីជាតំបន់ថ្មីត្រូវបានអាជ្ញាធរអប្សរា បានជួយគាំទ្រ និងផ្ដល់ប័ណ្ណក្រីក្រក៏ដោយ។

អ្នកស្រី ទឹម ចាន់ធឿន ៖ «ពិបាកអារឿងឈឺហ្នឹង និយាយឱ្យចំទៅវាពិបាកសព្វគ្រប់បែបយ៉ាង និយាយថាអំណោយអីចុះមកអញ្ចឹង ដល់តែខ្សែរយៈគ្នាគេបានបាន បើយើងអត់ខ្សែសាច់ឈាមគេអត់បានទេអញ្ចឹងវិញ ហើយប្លុកហ្នឹងតំបន់ហ្នឹងប្រជាជនរើមកថ្មីមែន ហើយជំនួយធ្លាក់មកច្រើនណាស់ជួយប្រជាពលរដ្ឋ តែប្រជាពលរដ្ឋអត់បានអីផង បានតែកាលដោះដូរមកនោះឱ្យមាសា និងពេលចែកប្លង់ឱ្យមាសាបានតែប៉ុណ្ណឹងទេឱ្យអង្គរមួយបេ ត្រីខ ហើយនិងលុយ១លាន។ វគ្គទីមួយក៏អញ្ចឹង វគ្គយកប្លង់ក៏អញ្ចឹង តែពួកហ្នឹងថាយាយ យាយឯងអត់អញ្ចឹងគេឱ្យអីខ្លះ ខ្ញុំថាអត់មានទេ អត់មានអំណោយអីធ្លាក់មកផង ទៅអញ្ចឹងពួកអ្នកធ្វើការគេថា ប្លុកយាយឯងមកថ្មីអញ្ចឹង គេមានជំនួយមកច្រើន តែខ្ញុំថាដឹងអីខ្ញុំអត់ដែរបានអីផង»។

នៅពេលស្ម័គ្រចិត្តមករស់នៅតំបន់រុនតាឯកនេះ អ្នកស្រីចាន់ធឿន គិតថា អាជ្ញាធរអប្សរា នឹងបានរៀបចំតំបន់នោះឱ្យមានការអភិវឌ្ឍន៍ដូចលំនៅឋានចាស់ ប៉ុន្តែផ្ទុយទៅវិញប្លុកដែលអ្នកស្រីកំពុងរស់នៅនេះ ប្រព័ន្ធផ្លូវ លូ ទឹកស្អាត នៅមិនទាន់រៀបចំរួចរាល់នូវឡើយ។

WMC/Chea sokny

អ្នកស្រី ទឹម ចាន់ធឿន ៖ «ជីវភាពនៅហ្នឹងវាតឹងណាស់ តឹងតែងណាស់កូន យើងអត់មានចំណូលប្រចាំថ្ងៃរកអីធ្វើអីឱ្យបាន យើងទៅសួរគេគក់ខោអាវ ក៏យើងទៅរកគេដោយចៃដន្យជួនកាលបានជួនកាលអត់ទៀតហើយ បើនៅឯណោះផ្ទះជិត វាអត់អីទេដល់ពេលដែលយើងជិះម៉ូតូមកនេះផ្ទះឆ្ងាយទៀត ដល់អញ្ចឹងទៅទាំងប្រថុយប្រថាន»។

ពលរដ្ឋដែលដោះដូរដីពីតំបន់អង្គរ មកនៅតំបន់រុនតាឯកមួយគ្រួសារទៀត គឺអ្នកស្រី ចាវ ភិរម្យ បានប្រាប់វិទ្យុស្ដ្រីដែរថា ចាប់តាំងមករស់នៅតំបន់រុនតាឯកមក ទ្រព្យសម្បត្តិដែលគ្រួសារអ្នកស្រីប្រឹងរក និងសន្សំបានកាលនៅតំបន់អង្គរត្រូវលក់ចាយក្នុងតំបន់ថ្មីនេះអស់ហើយ ដោយសារត្រូវធ្វើលំនៅឋាន និងត្រូវប្រកបមុខរបរឡើងវិញ។ ម្យ៉ាងវិញទៀត កាលរស់នៅតំបន់អង្គរ អ្នកស្រីប្រកបរបរជាជាងកាត់ដេរសម្លៀកបំពាក់ ចំណែកស្វាមីជាសន្តិសុខ ហើយចំណូលដែលរកបានពីរបរទាំងនោះ បានធ្វើឱ្យគ្រួសាររបស់អ្នកស្រីមានជីវភាពធូរធារ និងរស់នៅបានសមរម្យ។

អ្នកស្រី ចាវ ភិរម្យ ៖ «មកដំបូងលំបាកខ្លាំង ដែលថាយើងមិនដែលជួប មិនដែលធ្លាប់ពីមុនមកមានការលំបាក ធម្មតាដូចយើងធ្លាប់រស់នៅគេងផ្ទះស្រួល ញ៉ាំស្រួលអញ្ចឹង ដល់ពេលមកនេះគេងក៏ពិបាក ញ៉ាំក៏អត់អីហូបចាសលំបាកខ្លាំង។ បើប្រៀបធៀបគ្នាទៅខ្ញុំតាំងពីធំដឹងក្ដីមក ខ្ញុំមិនដែលធ្លាប់ដាច់បាយទេ យើងអត់លំបាកយ៉ាងណាក៏មិនដល់ថ្នាក់អត់បាយហូបមួយពេលៗ ដល់យើងមកទីនេះយើងស្គាល់គ្រប់រសជាតិ»។

ចំណែកអ្នកស្រី ឡៅ ស៊ីណា ដែលជាពលរដ្ឋដោះដូរដីដែរ បាននិយាយថា ចាប់តាំងពីមករស់នៅតំបន់រុនតាឯកនេះ អ្នកស្រីបានបន្តរបរលក់នំបញ្ចុកនៅខាងមុខផ្សាររុនតាឯកដែលទើបតែបង្កើតថ្មីនេះ ប៉ុន្តែសព្វថ្ងៃ ការលក់ដូរនៅតំបន់នេះ មិនសូវជាមានមនុស្សអ៊ូអរមកទិញឡើយ បើធៀបនឹងលំនៅឋា​នចាស់ គឺអ្នកស្រីលក់ដូរដាច់ជាង។ ម្យ៉ាងវិញទៀតនៅពេលលក់ដូរមិនដាច់ អ្នកស្រីបានយកប័ណ្ណក្រីក្រទៅបញ្ចាំ និងបានខ្ចីលុយពីឯកជន ដើម្បីយកមកដោះស្រាយក្នុងជីវភាព។

អ្នកស្រី ឡៅ ស៊ីណា។ WMC/shay chanthy

អ្នកស្រី ឡៅ ស៊ីណា ៖ «សំខាន់បំផុតអ្នករុនតាឯក អ្នកណាក៏ដោយនៅពេលអត់លុយទិញអីហូប ធ្វើដំណើរ ឬមធ្យោបាយអីមួយ ត្រូវតែខ្ចីលុយគេ ពេលដែលខ្ចីលុយគេសុទ្ធតែអញ្ចឹងទាំងអស់ វាអត់មានលុយណាដែលជួយកាត់បន្ថយការលំបាកនោះទេ ហើយនៅនេះវារកប្រាក់ចំណូលអត់ថេរទេ ហើយភាគតិដែលគេមានធនធានហូបគ្រប់គ្រាន់ ដែលមិនពិបាក ភាគច្រើនត្រូវតែយកលុយហ្នឹង ហើយលុយហ្នឹងគួរតែសម្រួលសេវា ហើយបើខ្ចីលុយគេ១លានអស់សេវា ៣ម៉ឺន ហើយអ្នកខ្លះអត់មានអ្នកធានា យកអ្នកធានាអស់ ៥ម៉ឺនទៀត។ អញ្ចឹងលុយ១លានហ្នឹងបានមកដល់ដៃបានតែ៩០ម៉ឺន ៩០ម៉ឺនតិចតួច បើលុយ៥០ម៉ឺន សល់តែ៤០ម៉ឺនជាងអញ្ចឹង»។

ជុំវិញរឿងនេះ លោក លី វណ្ណៈ អ្នកនាំពាក្យសាលាខេត្តសៀមរាប បញ្ជាក់ប្រាប់វិទ្យុស្ត្រីថា បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនៅរុនតាឯកនេះ លោកក៏បានទទួលស្គាល់ដែរថាតំបន់នោះមិនទាន់មានការងារអ្វីផ្ដល់ជូនប្រជាពលរដ្ឋ ហើយអាជ្ញាធរកំពុងចាប់ផ្ដើមដោះស្រាយជាបណ្ដើរៗហើយ។ ដូច្នេះលោកថា មកដល់ពេលនេះ អាជ្ញាធរខេត្ត ព្យាយាមស្វះស្វែងរកអ្នកវិនិយោគក្នុងក្រុងនេះ ដើម្បីបង្កើតឱកាសការងារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាននោះផងដែរ។

WMC/Chea sokny

លោក លី វណ្ណៈ ៖​ «ការវិនិយោគរោងចក្រ អ្វីក៏ដោយដែលមកទីតាំងរុនតាឯក ទីមួយយើងត្រូវគិតថា កត្តាទីមួយគឺកម្លាំងពលកម្ម ថាតើប្រសិនជាមានរោងចក្រ តើកម្លាំងពលកម្មយើងនៅទីនោះ កម្មករជំនាញយើងជាមានរោងចក្រតាទីមួយគឺកម្លាំងពលកម្មលរដ្ឋក្នុងមូលដ្ឋាននោះ។យ។ ដូច្នេះមានគ្រប់អត់? ដូចរាល់ថ្ងៃនេះ រាជរដ្ឋាភិបាលបានជំរុញការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទៅដល់បងប្អូននៅរុនតាឯកដែលយើងកំពុងបណ្ដុះបណ្ដាលជារៀងរាល់ថ្ងៃបងទៅច្បាស់ជាឃើញហើយ។ ទីពីរការបង្កើតរោងចក្រ យើងត្រូវការអ្នកវិនិយោគដើម្បីចូលមក អញ្ចឹងយើងត្រូវការទាក់ទាញពួកគាត់ ហើយការទាក់ទាញពួកគាត់យើងត្រូវការតម្រូវការ ទាំងការនាំចេញ និងទីផ្សារគាត់លក់យ៉ាងមិចដែរ ហើយបងដឹងស្រាប់ហើយបញ្ហាសេដ្ឋកិច្ចពិភពលោក និងបញ្ហាផ្សេងៗទាំងអស់នេះ អញ្ចឹងវាមានបញ្ហាច្រើនដែលទាក់ទាញក្នុងតំបន់នោះឱ្យមានការអភិវឌ្ឍន៍លឿន ក៏ប៉ុន្តែរាជរដ្ឋាភិបាលព្យាយាមកំពុងតែបង្កើនការងារ និងឱកាសផ្សេងៗបន្ថែមទៀត»។

ប៉ុន្តែលោក អ៊ិន គង់ជិត មន្ត្រី​គ្រប់គ្រង​ប្រចាំ​ការិយាល័យ​អង្គ​ការ​ការ​ពារ​សិទ្ធិ​មនុស្ស​លី​កា​ដូ (LICADHO) ប្រចាំខេត្តសៀមរាប និងខេត្ត​បន្ទាយមានជ័យ ប្រាប់វិទ្យុស្ដ្រីថា ប្រជាពលរដ្ឋដែលដោះដូរដីទាំងការស្ម័គ្រចិត្តក្ដី និងទាំងការបង្ខំក្ដី ពីតំបន់អង្គរ មករស់នៅតំបន់រុនតាឯកនេះ គួរតែមានការរៀបចំសំណងឱ្យបានសមរម្យ មិនមែនប្រមូលពលរដ្ឋទាំងនោះយកទុកចោលបែបនេះឡើយ។ ម្យ៉ាងវិញទៀត លោកថា តំបន់រុនតាឯក ជាតំបន់ដែលឆ្ងាយពីក្រុងសៀមរាប និងក៏ជាកន្លែងដែលនៅឆ្ងាយពីមុខរបររបស់ពលរដ្ឋទាំងនោះផងដែរ ដូច្នេះអាជ្ញាធរគួរតែពន្លឿនការរៀបចំទាក់ទាញអ្នកវិនិយោគ និងអ្នកមានលុយនានាឱ្យមករកស៊ី ដើម្បីបង្កើតឱកាសការងារជូនពលរដ្ឋផងដែរ។

WMC/Chea sokny

លោក អ៊ិន គង់ជិត ៖ «ធ្វើមិចបើតំបន់រមណីយដ្ឋានហ្នឹង លំនៅឋានពួកគាត់ហ្នឹងវានៅកៀកប្រាសាទ នៅជាប់ប្រាសាទវាចៀសមិនផុត ប៉ុន្តែយល់ល្អគួរតែអាជ្ញាធរផ្ដល់សំណងដ៏សមរម្យ ផ្ដល់សំណងសមរម្យ ហើយជួយឧបត្ថម្ភលើកទឹកចិត្តគាត់បន្ថែម ហើយបើសិនជាការចាំបាច់ដែលត្រូវជម្លៀសគាត់ចេញដោយខានមិនបាន ប៉ុន្តែត្រូវមានគោលនយោបាយដោះស្រាយមួយដោយសមរម្យបំផុតឱ្យផ្ដល់ដីកសិកម្មគាត់ ផ្ដល់អ្វីដែលគាត់ត្រូវការដើម្បីបំពេញនូវសេចក្ដីត្រូវការក្នុងជីវភាពរស់នៅប្រចាំថ្ងៃគាត់អាហ្នឹងចាំបាច់ ដូចជាសំណង់ផ្ទះអីហ្នឹងត្រូវមានស្ដង់ដាបន្ថែម ហើយឱ្យគាត់មានមុខរបរ ហើយឱ្យគាត់មានលទ្ធភាពផ្ដល់កម្ចី ផ្ដល់ឥណទានឱ្យគាត់សម្រាប់យកទៅកសាងជីវភាពគ្រួសារ»។

ទោះបីមកនៅតំបន់ថ្មីនេះ ប្រកបរបរទាំងនោះឡើងវិញក្ដី ប៉ុន្តែអ្នកស្រីភិរម្យថា មិនដូចនៅលំនៅឋានចាស់ឡើយ ពីព្រោះពលរដ្ឋដែលមករស់នៅតំបន់រុនតាឯកនេះ សុទ្ធតែមានជីវភាពក្រខ្សត់ និងពិបាករកចំណូល ខណៈរាល់ការចំណាយមួយៗ មានការសន្សំសំចៃណាស់។

អ្នកស្រី ចាវ ភិរម្យ។WMC/shay chanthy

អ្នកស្រី ចាវ ភិរម្យ ៖ «ខ្ញុំគ្រាន់តែសំណូមពរដល់សម្ដេចឱ្យគាត់យកចិត្តទុកដាក់ចំពោះប្រជាជនដែលរស់នៅក្នុងភូមិរុនតាឯកយើងនេះ សុំឱ្យសម្ដេចព្រួយបារម្ភឱ្យខ្លាំងជាងមុនអញ្ចឹង យកចិត្តទុកដាក់និយាយរួមទៅឱ្យគាត់ចុះមកឱ្យញឹកញាប់។ យកចិត្តទុកដាក់មកមើលផ្ទាល់ថាតើជីវភាពប្រជាជននៅទីនេះគាត់រស់នៅយ៉ាងណា? ហើយគាត់ចំណាកស្រុកមានចំនួនប៉ុន្មាន? ហើយអ្នកដែលនៅប្រកបរបរហ្នឹងមានប៉ុន្មានភាគរយ?»។

កាលពីដើមខែមករា ឆ្នាំ២០២៤ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចបង្កើតតំបន់រុនតាឯក ទៅជាក្រុងរុនតាឯកតេជោសែន ដោយ​កាត់​យក​ឃុំ​រុន​តាឯក ពី​ស្រុក​បន្ទាយ​ស្រី និង​ឃុំ​បល្ល័ង្ក ពី​ស្រុក​ប្រាសាទ​បាគង។ មកដល់ពេលនេះ ក្រុងរុនតាឯក ត្រូវបានអាជ្ញាធរខេត្តសៀមរាប អភិវឌ្ឍន៍ដូចជា៖ សាលារៀន វត្តអារាម មណ្ឌលសុខភាព ផ្សារ ផ្លូវ ប្រព័ន្ធទឹកស្អាត និងប្រព័ន្ធភ្លើងជាដើម៕

អត្ថបទ៖​ កញ្ញា ជា សុខនី

Share

ព័ត៌មានទាក់ទង

Image