ខេត្តកំពង់ធំ៖ ប្រាសាទគុកជើង ឬប្រាសាទត្នោតជុំខាងជើង ហើយអ្នកស្រាវជ្រាវខ្លះហៅថាប្រាសាទកំបុត មានទីតាំងស្ថិតនៅភូមិត្នោតជុំទី៤ ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ប្រាសាទដែលកសាងនៅសតវត្សទី៧ ឧទ្ទិសថ្វាយដល់លទ្ធិព្រហ្មញ្ញសាសនានេះ តែងតែអន្ទងចិត្តភ្ញៀវទេសចរជាតិនិងអន្តរជាតិ ពិសេសអ្នកសិក្សាប្រវត្តិសាស្រ្តឱ្យងឿងឆ្ងល់មិនចេះចប់ រឿងតួប្រាសាទមានចម្លាក់រូបព្រះពុទ្ធលើជញ្ជាំង។ នេះតាមការបញ្ជាក់ពីលោក ម៉ង់ វ៉ាលី ប្រធានការិយាល័យបេតិកភណ្ឌ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្ប: ខេត្តកំពង់ធំនិងឯកសារមួយចំនួនដែលផ្តល់ជូនសិក្ខាកាមរបស់វិទ្យុស្រ្តីប្រចាំខេត្តកំពង់ធំ។ទោះបីជាប្រាសាទមើលទៅហាក់ពុំសូវមានអ្វីទាក់ទាញក៏ពិតមែន តែប្រាសាទដែលមានតែមួយគត់ក្នុងប្រទេសកម្ពុជានេះ នៅតែមានភ្ញៀវមកលេងឥតដាច់ ហើយមន្ទីរវប្បធម៌ខេត្តបាននិងកំពុងយកចិត្តទុកដាក់រៀបចំឱ្យមានទំនើបកម្មក្លាយជាតំបន់គោលដៅទេសចរណ៍មួយផងដែរ។ តទៅនេះសូមស្តាប់បទអត្ថាធិប្បាយរបស់លោក កែវ សុខា ដូចតទៅ!។
គុកជើង គឺជាឈ្មោះដែលអ្នកស្រុកហៅសព្វថ្ងៃ ដ្បិតពាក្យថា គុក មានន័យថា «ប្រាសាទ» ហើយពាក្យថា ជើង គឺសំដៅលើប្រាសាទនេះស្ថិតនៅទិសខាងជើងភូមិក្នុងតំបន់នោះ។ អ្នកស្រាវជ្រាវខ្លះហៅប្រាសាទនេះថា “ប្រាសាទកំបុត” ដ្បិតពាក្យនេះសំដៅលើកំពូលប្រាសាទនេះបាក់បែកអស់។ ប្រាសាទគុក ជើង មានទីតាំងស្ថិតនៅភូមិត្នោតជុំទី៤ ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ កន្លងមកមានអ្នកស្រាវជ្រាវ អ្នកបុរាណវិទូ អ្នកប្រវត្តិសាស្រ្ត អ្នកសិល្បៈ និងអ្នកសិក្សាសិលាចារឹកជាច្រើននាក់មានទាំងបរទេស និងខ្មែរផង បានមកសិក្សាស្រាវជ្រាវនៅប្រាសាទនេះ។
សកម្មភាពក្រុមប្រជាពលរដ្ឋ កម្លាំងប្រជាការពារ គ្រូបង្រៀន និងសិស្សានុសិស្ស សម្អាតស្មៅនិងដើមរុក្ខជាតិដុះលើតួប្រាសាទនិងក្បែរប្រាសាទគុកជើង។រូបភាពពី ប៉ាត ពណ្ណរាយ ។
បើតាមលោក ម៉ង់ វ៉ាលី ប្រធានការិយាល័យបេតិកភណ្ឌ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្ប: ខេត្តកំពង់ធំប្រាប់សិក្ខាកាមវិទ្យុស្រ្តីប្រចាំខេត្តកំពង់ធំថា ប្រាសាទគុកជើងនេះ មានលក្ខណពិសេសជាងប្រាសាទនានាទៀតត្រង់ថា តួប្រាសាទសង់ពីដីឥដ្ឋមានចម្លាក់រូបព្រះពុទ្ធ ពោលគឺមានតែមួយក្នុងប្រទេសកម្ពុជា។
លោក ម៉ង់ វ៉ាលី៖«ប្រាសាទហ្នឹងចាប់ផ្តើមមានការស្រាវជ្រាវនៅរវាងដើមសតវត្សទី១៩ និងចុងសតវត្សទី២០ ហើយមានការចាប់អារម្មណ៍ខ្លាំងមែនទែនពីអ្នកស្រាវជ្រាវ ដោយសារប្រាសាទហ្នឹងមានរូបព្រះពុទ្ធឈរនៅជញ្ជាំង ហើយមួយស្រុកខែ្មរហ្នឹងរូបព្រះពុទ្ធដែលឈរជាប់ជញ្ជាំងឥដ្ឋចឹងមានតែមួយហ្នឹងទេ។បើសិនជាប្រាសាទថ្មបាយក្រៀមមានមួយទៀតនៅស្រុកស្វាយលើ ខេត្តសៀមរាប គេហៅប្រាសាទភ្នំទេវៈ។ចឹងដោយ សារតែភាពលេចធ្លោនេះហើយទើបធ្វើឱ្យអ្នកស្រាវជ្រាវបរទេសចាប់អារម្មណ៍សិក្សាប្រាសាទនេះច្រើនជំនាន់ណាស់»។
សកម្មភាពក្រុមប្រជាពលរដ្ឋ កម្លាំងប្រជាការពារ គ្រូបង្រៀន និងសិស្សានុសិស្ស សម្អាតស្មៅនិងដើមរុក្ខជាតិដុះលើតួប្រាសាទនិងក្បែរប្រាសាទគុកជើង។រូបភាពពី ប៉ាត ពណ្ណរាយ ។
ប្រាសាទគុកជើង សាងសង់ឡើងសតវត្សទី៧ ក្នុងរជ្ជកាល ព្រះបាទស្រីឦសានវរ្ម័នទី១ (គ.ស.៦១៦-៦៣៧) ក្នុងរចនាបថសំបូរព្រៃគុក ឧទ្ទិសថ្វាយដល់លទ្ធិ ព្រហ្មញ្ញសាសនា។ ជាងនេះតួប្រាសាទសង់អំពីឥដ្ឋ បែរមុខទៅទិសខាងកើត មានរាងបួនជ្រុងស្មើ ហើយមានកសិន្ទុទឹកព័ទ្ធជុំវិញទៀតផង។ សព្វថ្ងៃអ្នកស្រុកនៅទីនោះតែងតែរៀបចំពិធីបុណ្យស្រន់ជារៀងរាល់ឆ្នាំ តាមទម្លាប់របស់ពួកគេដើម្បីសុំសេចក្តីសុខសប្បាយ។
លោក ម៉ង់ វ៉ាលី៖«ហើយជារឿយៗនៅរៀងរាល់មុនចូលឆ្នាំហ្នឹង អ្នកស្រុកអ្នកភូមិតែងតែប្រារព្ធពិធីឡើងអ្នកតានៅប្រាសាទហ្នឹង ហើយជំនឿនិងការបុណ្យស្រន់ជាមួយប្រាសាទហ្នឹងនៅតែរឹងមាំខ្លាំង ព្រោះទាក់ទងជីវចលផង ទាក់ទងនឹងព្រហ្មញ្ញាសាសនាផង ទាក់ទងព្រះពុទ្ធសាសនាផង គឺថាប្រាសាទហ្នឹងមួយបានរួមចំណែកឱ្យមានជំនឿយ៉ាងច្រើនរួមគ្នា»។
សកម្មភាពក្រុមប្រជាពលរដ្ឋ កម្លាំងប្រជាការពារ គ្រូបង្រៀន និងសិស្សានុសិស្ស សម្អាតស្មៅនិងដើមរុក្ខជាតិដុះលើតួប្រាសាទនិងក្បែរប្រាសាទគុកជើង។រូបភាពពី ប៉ាត ពណ្ណរាយ ។
បើតាមលោកប្រធានការិយាល័យបេតិកភណ្ឌ នៃមន្ទីរវប្បធម៌ខេត្តកំពង់ធំ ការច្របាច់បញ្ចូលគ្នានូវលទ្ធិព្រហ្មញ្ញាសាសនា និងព្រះពុទ្ធសាសនាលើតួប្រាសាទបែបនេះ គឺបណ្តាលមកពីព្រះរាជាសម័យក្រោយៗបានបន្តសាងសង់បញ្ចប់តួប្រាសាទ ស្របពេលឥទ្ធិពលនៃព្រះពុទ្ធសាសនាថេរវាទបានរីកចម្រើនយ៉ាងខ្លាំងនៅស្រុកខ្មែរកាលពីជំនាន់នោះ។
លោក ម៉ង់ វ៉ាលី៖«ទាក់ទងនឹងឆ្នាំវិញ ប្រាសាទនេះបានកសាងនៅរដ្ជកាលព្រះបាទស្រីឦសានវរ្ម័នទី១ ដំណាលគ្នានឹងប្រាសាទសំបូរព្រៃគុកដែរ គឺក្នុងសតវត្សទី៧ ប៉ុន្តែមកដល់សតវត្សទី១៤ ក្នុងរាជព្រះបាទស្រីស្រិន្ទវរ្ម័ន ទ្រង់បានកែប្រែប្រាសាទដែលពីមុនជាប្រាសាទឧទ្ទិសដល់ព្រហ្មញ្ញសាសនា និកាយព្រះឥសូរហ្នឹងមកជាប្រាសាទព្រះពុទ្ធសាសនាថេរវាទវិញ ដោយទ្រង់បញ្ជាឱ្យគេឆ្លាក់រូបព្រះពុទ្ធធំៗនៅជញ្ជាំងប្រាសាទឥដ្ឋហ្នឹងនៅទិសខាងត្បូងនិងខាងលិចធ្វើធំៗរូបព្រះពុទ្ធមួយៗ និងមុខទ្វារខាងកើតហ្នឹងធ្វើពីរអមសងខាង។ ចឹងព្រះពុទ្ធឈរហ្នឹងមានដល់ទៅប្រាំ»។ លោក ម៉ង់ វ៉ាលី បន្ថែម៖«ដោយសារប្រាសាទមានរូបព្រះពុទ្ធសំខាន់ចឹង ធ្វើឱ្យអ្នកស្រាវជ្រាវទាញសេចក្តីសន្និដ្ឋានថា កន្លែងហ្នឹងវាជាសហគមន៍បូរាណមួយមានជំនឿយ៉ាងមុតមាំ និងមានការរីកចម្រើនព្រះពុទ្ធសាសនាថេរវាទ អមតាមផ្លូវបូរាណដែលរត់ពីតំបន់អង្គរទៅភាគខាងជើងប្រទេសកម្ពុជាហ្នឹង គឺមានតែត្នោតជុំនិងភ្នំសន្ទុទេដែលនៅសល់ភស្តុតាងដែលមានការរីកចម្រើនព្រះពុទ្ធសាសនានៅសម័យកណ្តាលសតវត្សទី១៤,១៥,១៦,១៧ ហ្នឹងគឺតំបន់ហ្នឹងពេញរីកចម្រើនខ្លាំងរឿងព្រះពុទ្ធសាសនា»។
សកម្មភាពក្រុមប្រជាពលរដ្ឋ កម្លាំងប្រជាការពារ គ្រូបង្រៀន និងសិស្សានុសិស្ស សម្អាតស្មៅនិងដើមរុក្ខជាតិដុះលើតួប្រាសាទនិងក្បែរប្រាសាទគុកជើង។រូបភាពពី ប៉ាត ពណ្ណរាយ ។
សម្រាប់កិច្ចការងារការពារនិងថែរក្សាកេរ្តិ៍មរតកវប្បធម៌ជាតិមួយនេះវិញ ខាងមន្រ្តីពាក់ព័ន្ធតែងយកចិត្តទុកដាក់សម្អាត កាត់ស្មៅ និងដើមឈើដុះជុំវិញប្រាសាទជារឿយៗ និងជួនកាលមានការចូលរួមពីក្រុមយុវជន សិស្សានុសិស្សផងដែរ ដែលជាផ្នែកមួយនៃការចូលរួមផ្សព្វផ្សាយពីទីតាំងប្រវត្តិសាស្រ្តមួយនេះកាន់តែមានភ្ញៀវមកលេងកំសាន្តច្រើន។
លោក ម៉ង់ វ៉ាលី៖«ទាក់ទងភ្ញៀវទេសចរណ៍វិញ ក៏មានភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមកលេងជារឿយផងដែរ ហើយការងារអភិរក្សមន្ទីរទេសចរណ៍ក៏តែងទៅសំអាតជារឿយៗផងដែរដោយមួយឆ្នាំយើងទៅធ្វើពីរដង។ដោយឡែកឆ្នាំនេះយើងបានសហការជាមួយប្រជាពលរដ្ឋ គ្រូបង្រៀន សិស្សានុសិស្ស ប្រជាការពារ និងសមាជិក ស ស យ ក សរុបទាំងអស់១៦២នាក់ ដែលជាលើកដំបូងក្នុងន័យជួយផ្សព្វផ្សាយ ថែរក្សាកេរ្តិ៍តំណែងវប្បធម៌បេតិកភ័ណ្ឌជាតិ ដូចពាក្យមួយថា យុវជនដើម្បីវប្បធម៌»។
សកម្មភាពក្រុមប្រជាពលរដ្ឋ កម្លាំងប្រជាការពារ គ្រូបង្រៀន និងសិស្សានុសិស្ស សម្អាតស្មៅនិងដើមរុក្ខជាតិដុះលើតួប្រាសាទនិងក្បែរប្រាសាទគុកជើង។រូបភាពពី ប៉ាត ពណ្ណរាយ ។
ផ្អែកតាមលោក ម៉ង់ វ៉ាលី ប្រាសាទគុកជើងនេះ នឹងអាចមានគម្រោងជួសជុលវិញដើម្បីទប់ស្កាត់ការខូចខាត ពិសេសមន្ទីរពាក់ព័ន្ធគ្រោងនឹងរៀបចំជាហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផងដែរ ដោយរៀបចំឱ្យមានការតាំងលក់របស់របរនានារបស់អ្នកភូមិស្រុក ដើម្បីអាចឱ្យអ្នកទេសចរណ៍ដឹងពីការប្រកបការងាររបស់ប្រជាជននៅទៅនោះ បន្ថែមពីការទស្សនាប្រាសាទ។
លោក ម៉ង់ វ៉ាលី៖«គម្រោងទៅមុខទៀតក្រសួងវប្បធម៌និងវិចិត្រ សិល្បៈ គ្រងនឹងជួសជុលប្រាសាទឱ្យរឹងមាំ ហើយយើងក៏ធ្លាប់សំណូរពរទៅកាន់ប្រជាពលរដ្ឋរៀបចំជាសៀគ្វីទេសចរណ៍ដែរ ព្រោះសព្វថ្ងៃអត់មានភាពទាក់ទាញអីខ្លាំងដែល ហើយអ្នកភូមិក៏អត់មានលក់អីហើយយើងតែងសំណូរពរទៅពលរដ្ឋដែរហ្នឹង។ ចឹងសំណូមពរទៅកាន់ភ្ញៀវទេសចរណ៍ទៅលេងឱ្យបានច្រើន»។
អត្ថបទខ្លីសរសេរដោយ ប៉ាត ពណ្ណរាយ សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន និងការថតរូប រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)។