កំពង់ធំ៖ ប្រជាពលរដ្ឋនិងអាជ្ញាធរខេត្តកំពង់ធំ បាននឹងកំពុងបន្តកិច្ចសហការខិតខំសង់ទំនប់នៅកំពង់ពុទ្រាដើម្បីស្ទាក់ទឹកជំនន់ការពារកុំឲ្យជន់លិចស្រែស្រូវប្រាំងរបស់ប្រជាកសិករក្នុងតំបន់មួយចំនួនក្នុងក្រុងស្ទឹងសែន។ ការសង់ទំនប់ស្ទាក់ទឹកនេះ ដើម្បីកាត់បន្ថយកម្ពស់ទឹកជំនន់កុំឱ្យជន់លិចស្រែប្រាំងកាន់តែជ្រៅ និងដើម្បីឱ្យកសិករអាចមានលទ្ធភាពច្រូតស្រូវចេញពីក្នុងទឹកបានខ្លះកាត់បន្ថយការខាតបង់បានមួយផ្នែកធំ។
សកម្មភាពគ្រឿងចក្រកំពុងដាំបង្គោលសង់ទំនប់ស្ទាក់ទឹក។រូបភាពពី ប៉ាត ពណ្ណរាយ។
កសិករមួយរូបអ្នកស្រី ឌុក វិច្ឆិកា រស់នៅភូមិព្រែកស្បូវ សង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានឲ្យដឹងកាលពីថ្ងៃនៅព្រឹកថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២៤ថា រយៈពេលប៉ុន្មានថ្ងៃនេះ កម្លាំងប្រជាពលនិងអាជ្ញាធរពាក់ព័ន្ធជាង ៣០នាក់បានសហការគ្នា ប្រមូលអូសទាញដើមត្នោតនិងឈើគ្រាក់ជាច្រើនដើមចងភ្ជាប់នឹងបង្គោលបិទបៀកជាមួយភក់ដីឥដ្ឋ ដើម្បីស្ទាក់ទឹកកុំឱ្យហូរទៅកាន់ផ្នែកខាងក្រោមនៃស្រែប្រាំងរបស់កសិករត្រង់ចំណុកំពង់ពុទ្រា។ អ្នកស្រី ឌុក វិច្ឆិកា ដែលជាស្រ្តីម្នាក់បានចូលរួមអូសទាញដើមត្នោតជាមួយបុរសៗក្នុងក្រុមនោះប្រាប់ថា ការប្រមូលកម្លាំងសង់ទំនប់ស្ទាក់ទឹកនេះ ដើម្បីកាត់បន្ថយការជន់លិចកាន់តែជ្រៅក្នុងស្រែប្រាំង ដែលប្រការនេះធ្វើឱ្យកសិករអាចមានលទ្ធភាពច្រូតកាត់ប្រមូលផលស្រូវដែលសេសសល់ប្រមាណ៣០%ទៀតចេញពីក្នុងទឹក។
អ្នកស្រី ឌុក វិច្ឆិកា បានចូលរួមអូសទាញឈើនិងសង់ទំនប់ស្ទាក់ទឹកជាមួយក្រុមការងារដែលជាបុរស។រូបភាពពី ប៉ាត ពណ្ណរាយ។
ដោយឡែកលោក នួន បូរ៉ាវ័ន ប្រធានស្ដីទីមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានបញ្ជាក់ប្រាប់សិក្ខាកាមវិទ្យុស្រ្តីក្នុងខេត្តកំពង់ធំថា ស្ថាន ភាពទឹកនៃតំបន់ទំនប់កំពង់ពុទ្រា បានស្រកមួយកម្រិតហើយ ក៏ប៉ុន្តែទំនប់ត្រង់កន្លែងខ្លះត្រូវកម្លាំងទឹកហូរច្រោះដាច់ប្រហែង២៥ម៉ែត្រ។ ចំពោះមុខបញ្ហាបាក់ច្រោះទំនប់នេះ អាជ្ញាធរនិងពលរដ្ឋនៅតែបន្តសហការយកគ្រឿងចក្រនិងដឹកជញ្ជូនដើមត្នោតនិងឈើគ្រាក់បិទទប់កន្លែងទំនប់បាក់នោះបន្ថែម។ លោកថា នៅពេលទប់ស្ទាក់ទឹកបែបនេះ អាចធ្វើឱ្យប្រជាពលរដ្ឋមានលទ្ធភាពចុះទឹកច្រូតស្រូវបានងាយ និងអាចជួយឱ្យកសិករកាត់បន្ថយការខាតបង់បានមួយចំណែកធំផងដែរ។
សកម្មភាពក្រុមការងារកំពុងបន្តជួសជុលទំនប់ដែលបាក់ស្រុតតាមកន្លែងមួយចំនួន។រូបភាពពី ប៉ាត ពណ្ណរាយ។
ក្នុងរឿងនេះដែរលោក ពេញ កែម អភិបាលក្រុង ស្ទឹងសែន កាលពីថ្ងៃទី ៧ ខែសីហាឆ្នាំ ២០២៤ បានរំលឹកផងដែរថា ការលើកទំនប់ស្ទាក់ទឹកនៅកំពង់ពុទ្រាស្ថិតនៅក្នុងក្រុងស្ទឹងសែននេះ ក៏មានបញ្ហាប្រឈមជាមួយនឹងគ្រួសារប្រជាពលរដ្ឋជាម្ចាស់ដីមួយចំនួននៅតំបន់នោះផងដែរ ដោយពួកគេមិនព្រមឲ្យគ្រឿងចក្រកាយដីសង់ទំនប់ស្ទាក់ទឹកនោះទេ។ ក៏ប៉ុន្តែអាជ្ញាធរមូលដ្ឋាននៅតែបន្តធ្វើការសម្របសម្រួលជាមួយប្រជាពលរដ្ឋនៅឡើយ ដើម្បីឱ្យមានការយោគយល់គ្នាគ្រាលំបាកនេះ។
ក្រុមការងារនិងមន្រ្តីពាក់ព័ន្ធចុះពិនិត្យស្ថានភាពទឹកនិងការសង់ទំនប់ស្ទាក់ទឹក។រូបភាពពី ប៉ាត ពណ្ណរាយ។
លោកអភិបាលក្រុងស្ទឹងសែន បន្តលើកឡើងថា បើយោងតាមការចុះពិនិត្យស្ថានភាពទឹកជំនន់ថ្មីៗនេះ ពីសំណាក់អភិបាលខេត្តកំពង់ធំ លោកគ្រោងផែនការកសាងផ្លូវត្រង់ទំនប់កំពង់ពុទ្រាប្រវែង ១៨០០ ម៉ែត្រ ដែលជាផ្លូវនេះអាចធ្វើដំណើរផងនិងជាទំនប់បញ្ចៀសទឹកជំនន់ទឹកភ្លៀងនារដូវវស្សាផង ហើយផែនការនេះនឹងគ្រោងជួសជុលកសាងនៅរដូវសម្រកខាងមុខនេះ។
សកម្មភាពអាជ្ញាធរនិងប្រជាពលរដ្ឋធ្វើទំនប់ស្ទាក់ទឹកជំនន់កុំឱ្យជន់លិចស្រែប្រាំងរបស់កសិករ។រូបភាពពី ប៉ាត ពណ្ណរាយ។
គួររំលឹកថា ការពីថ្ងៃទី៣ ខែសីហា ២០២៤ លោកនាយឧត្តមសេនីយ៍ គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានដឹកនាំប្រតិភូចុះពិនិត្យស្ថានភាពទឹកជំនន់នៅខេត្តកំពង់ធំ លោកបានថ្លែងកោតសរសើរ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំដែលខិតខំដឹកនាំអាជ្ញារធរមូលដ្ឋានមន្រ្តីជំនាញ ចុះពិនិត្យស្ថានភាពទឹកជំនន់ជាច្រើនកន្លែង និងបានចាត់ចែងលើកទំនប់ជាច្រើនកន្លែងដើម្បីបញ្ចៀសទឹកជំនន់កុំឱ្យជន់លិចស្រែប្រាំងជាង ១០០០០ ហិកតា។
សកម្មភាពប្រជាពលរដ្ឋចូលរួមធ្វើទំនប់ស្ទាក់ទឹកនៅកំពង់ពុទ្រា។រូបភាពពី ប៉ាត ពណ្ណរាយ។
ជាមួយគ្នានេះ លោក គន់គីម ក៏បានសូមអភ័យទោសចំពោះការប៉ះពាល់គ្រួសារមួយចំនួនតូច ដែលរងផលប៉ះពាល់លិចដំណាំបន្តិចបន្តួចដោយការទប់ទំនប់ទឹកនៅតំបន់កំពង់ពុទ្រានេះផងដែរ ពីព្រោះអាជ្ញាធរខេត្តសម្រេចចិត្តធ្វើឡើងសម្រាប់ផលប្រយោជន៍ប្រជាពលរដ្ឋភាគច្រើនដែលកំពង់ប្រមូលផលស្រែប្រាំងជាង ១ម៉ឺនហិកតា។
ក្រុមការងារកំពុងប្រមូលដើមត្នោតតាមភូមិមកធ្វើទំនប់បង្ការការជន់លិចទឹកជំនន់ទឹកភ្លៀង។រូបភាពពី ប៉ាត ពណ្ណរាយ។
សូមមបញ្ជាក់ថា អាជ្ញាធរខេត្តកំពង់ធំបានលើកទំនប់ស្ទាក់ទឹកបញ្ចៀសទឹកជំនន់ មានចំនួន ៣ កន្លែងទី ១នៅតំបន់កំពង់ពុទ្រា សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែនប្រវែង ១៨០០ ម៉ែត្រ។ ទី២ តំបន់វាលរលួសសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែនប្រវែង ១៣០០ ម៉ែត្រ និងតំបន់អូវ៉ាយ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ប្រវែងប្រហែលជាង ៣០០ ម៉ែត្រ៕
អត្ថបទខ្លីសរសេរដោយ ប៉ាត ពណ្ណរាយ សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន និងការថតរូប រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)។