en     km
en     km

អង្គការចំនួនពីររួមគ្នាគាំទ្រកុមារងាយរងគ្រោះចំនួនជិត ១ម៉ឺន ៥ពាន់នាក់ត្រឡប់ចូលសាលារៀនពេញលេញឡើងវិញ

Share

ភ្នំពេញ៖ អង្គការទស្សនៈពិភពលោក សហការជាមួយអង្គការអេដ អេ អាក់ស្យុង បានបោះជំហានទៅមុខយ៉ាងសំខាន់ ដោយបានចុះឈ្មោះកុមារដែលងាយរងគ្រោះ ចំនួន១៤ ៣៧៨នាក់ ចូលក្នុងគម្រោងរបស់ខ្លួនដោយបានផ្តល់ឱកាសដល់ពួកគេបានវិលត្រឡប់ចូលរៀនបានពេញលេញឡើងវិញ បន្ទាប់ពីពួកគេបោះបង់ចោលការសិក្សាដោយបញ្ហាប្រឈមក្នុងជីវភាពរស់នៅ។ បើផ្អែកតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការទស្សនៈពិភពលោកដែលវិទ្យុស្រ្តីទទួលបាន កុមារជិត១ម៉ឺន ៥ពាន់នាក់នោះស្ថិតនៅតាមបណ្តាខេត្តចំនួន ១០ នៃប្រទេសកម្ពុជាគិតត្រឹមខែមិថុនា ឆ្នាំ២០២៤ នេះ។

(កញ្ញា ងិន ស៊ាងលីម រាយការណ៍)

 

តាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការទស្សនៈពិភពលោកដែលវិទ្យុស្រ្តីទទួលបាននៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤នេះបានបញ្ជាក់ថា កុមារដែលនៅក្រៅសាលាត្រូវឬស្ថិតក្នុងកុមារងាយរងគ្រោះនោះត្រូវបានបែងចែកជា៥ ប្រភេទ៖ ទី១៖កុមារដែលមិនបានចូលរៀន ២៖កុមារដែលមានលទ្ធភាពទៅរៀនប៉ុន្តែមិនបានចុះឈ្មោះ ៣៖កុមារដែលមានលទ្ធភាពទៅរៀនហើយបានចុះឈ្មោះចូលរៀនប៉ុន្ដែមិនបានទៅរៀន ៤៖កុមារស្ថិតក្នុងស្ថានភាពអាសន្ន ឬមានវិបត្តិ និងទី៥៖កុមារដែលបានបោះបង់ការសិក្សា។

រូបភាព៖ អង្គការទស្សនៈពិភពលោក

 

បើតាមអង្គការទស្សនៈពិភពលោក វិធីសាស្រ្តក្នុងការប្រមូលកុមារងាយរងគ្រោះវិលចូលសាលាវិញគឺក្រុមការងារគម្រោងបានសហការជាមួយសាលារៀន និងសមាជិកសហគមន៍ដើម្បីកំណត់អត្តសញ្ញាណកុមារក្រៅ និងបានចែកកង់ចំនួន ១ ៥៣១ គ្រឿង កាបូបស្ពាយចំនួន ១៤ ៣២០ សៀវភៅសរសេរចំនួន ៣៨ ៧៦០ ក្បាល និងសៀវភៅបន្ថែមដល់សិស្សថ្នាក់ទី ១ និងទី ២ ចំនួន ៣ ៦០៧ នាក់ នៅក្នុងខេត្តគោលដៅចំនួន ១០ ។

 

រូបភាព៖ អង្គការទស្សនៈពិភពលោក

 

លោក ម៉ាត់ សុមីត ប្រធានគម្រោងជាន់ខ្ពស់នៃអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជានិយាយថា គម្រោងបានប្តេជ្ញាធានាធ្វើយ៉ាងណាឱ្យ កុមារគ្រប់រូបនៅក្នុងតំបន់គោលដៅទទួលបានការអប់រំប្រកបដោយគុណភាព។ លោកថា គម្រោងបានរួមបញ្ចូលកុមារដែលបានចុះឈ្មោះក្នុងគម្រោងទាំងអស់ ទៅក្នុងកម្មវិធីសិក្សាសម្រាប់កម្រិតថ្នាក់ដំបូង និងផ្តល់ជំនួយគាំទ្រសម្ភារៈសម្រាប់ការសិក្សារបស់ពួកគេ។

រូបភាព៖ អង្គការទស្សនៈពិភពលោក

 

លោកស្រី កឹម គឹមអាង សមាជិកក្រុមប្រឹក្សាខេត្តតាកែវ ដែលជាខេត្តមួយក្នុងចំណោមខេត្តទាំង១០ ដែលអង្គការទស្សនៈពិភពលោកអនុវត្តសកម្មភាព(CCOSC) សម្តែងការគាំទ្រដោយលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាពង្រឹងគុណភាពអប់រំ និងបង្កើនការចុះឈ្មោះចូលរៀនទូទាំងប្រទេស។ ក្នុងនាមជាអាជ្ញាធរដែនដីលោកស្រីយល់ថា វឌ្ឍនភាពដែលធ្វើឡើងដោយគម្រោង CCOSC គឺជាសក្ខីភាពមួយចំពោះអ្វីដែលយើងអាចសម្រេចបាន នៅពេលដែលរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលធ្វើការរួមគ្នាដើម្បីភាពប្រសើរឡើងនៃអនាគតរបស់កុមារ។

សូមបញ្ជាក់ថា អង្គការអេដ អេ អាក់ស្យុង និងអង្គការទស្សនៈពិភពលោក កាលពីខែកុម្ភៈ ឆ្នាំ ២០២៣ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូមួយ ក្នុងគោលបំណងលើកកម្ពស់សិទ្ធិទទួលបានដោយសមធម៌ គុណភាព ភាពពាក់ព័ន្ធនៃការអប់រំបឋមសិក្សា និងភាពជាម្ចាស់ ព្រមទាំងគណនេយ្យភាពក្នុងការដោះស្រាយបញ្ហារបស់កុមារក្រៅសាលារៀន ដែលគ្របដណ្តប់សាលាបឋមសិក្សាចំនួន ៦៣៨ នៅក្នុងស្រុកចំនួន ៣១ នៃខេត្តចំនួន ១០ ទូទាំងប្រទេសកម្ពុជា រួមមាន កំពង់ឆ្នាំង កំពង់ស្ពឺ តាកែវ កណ្តាល កំពង់ធំ ក្រចេះ ព្រះវិហារ បន្ទាយមានជ័យ បាត់ដំបង និងសៀមរាប។

រូបភាព៖ អង្គការទស្សនៈពិភពលោក

 

លោក វ៉ន សម្ផស្ស នាយកប្រចាំប្រទេសនៃអង្គការអេដ អេ អាក់ស្យុង ប្រាប់ថា កិច្ចសហការរួមគ្នារវាងអង្គការអេដ អេ អាក់ស្យុង និងអង្គការទស្សនៈពិភពលោក គឺស្ថិតក្រោមការដឹកនាំនៃផែនការយុទ្ធសាស្រ្តអប់រំ ដើម្បីធានាថាកុមារដែលជួបការលំបាកក្នុងគ្រួសារ និងសហគមន៍អាចទទួលបានអត្ថប្រយោជន៍ពីសេវាកម្មអប់រំ។ ដូច្នេះ អង្គការទាំងពីរប្តេជ្ញាបង្កើតលទ្ធផលដែលមានឥទ្ធិពលជាវិជ្ជមានបន្ថែមទៀត។នេះបើតាមលោក វ៉ន សម្ផស្ស។

សូមរំលឹកបន្តិថា ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពី Educate A Child (EAC) នៃមូលនិធិ Education Above All អង្គការអេដ អេ អាក់ស្យុង និងអង្គការទស្សនៈពិភពលោក តាមរយៈគម្រោងដៃគូរួមគ្នាផ្តល់ឱកាសអប់រំដល់កុមារបាត់បង់ឱកាសនៅកម្ពុជា (CCOSC) ដែលមានគោលបំណងលើកកម្ពស់សិទ្ធិទទួលបានការសិក្សាប្រកបដោយសមធម៌ គុណភាព និងភាពពាក់ព័ន្ធនៅកម្រិតបឋមសិក្សា។

សកម្មភាពរួមគ្នានេះ បានធ្វើឱ្យអត្រាកុមារចុះឈ្មោះចូលក្នុងគម្រោង កើនឡើងរហូតដល់ ១៦៨ ភាគរយ លើសគោលដៅរបស់ខ្លួន។ ភាពជោគជ័យនេះ អាចកើតឡើងបានដោយសារគំនិតផ្តួចផ្តើមសំខាន់ៗមួយចំនួន តួយ៉ាង ការគាំទ្រសម្ភារៈសិក្សាសំខាន់ៗ ការកសាងសមត្ថភាពដល់ជនបង្គោលនៅក្នុងវិស័យអប់រំ និងលោកគ្រូ អ្នកគ្រូកម្រិតបឋមសិក្សា។ ជាងនេះទៀត យុទ្ធនាការលើកកម្ពស់ការយល់ដឹង និងចុះឈ្មោះចូលរៀន កិច្ចប្រជុំប្រចាំត្រីមាសរវាងមាតាបិតា/អាណាព្យាបាល និងគ្រូបង្រៀន ដើម្បីគាំទ្រសិស្សរៀនយឺត និងរៀបចំវេទិកាឆ្លុះបញ្ចាំងរៀនសូត្រ ដើម្បីចែករំលែកការអនុវត្តល្អបំផុត និងដោះស្រាយបញ្ហាប្រឈមនានាទាក់ទងនឹងការសិក្សារបស់កុមារនៅកម្រិតបឋមសិក្សា៕

(អត្ថបទសរសេរដោយលោក កែវ សុខា)

Share

ព័ត៌មានទាក់ទង

Image