ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកទឹកចិត្ត ជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តកិច្ចសហការលើកកម្ពស់លើការងារអភិវឌ្ឍន៍ និងអភិរក្សជនជាតិដើមភាគតិចឱ្យកាន់តែប្រសើរឡើង និងមានប្រសិទ្ធភាពថែមទៀត ខណៈកម្ពុជាបានកំណត់យកថ្ងៃទី៩ ខែសីហា ទិវាអន្តរជាតិជនជាតិដើមភាគតិច។បងប្អូនជនជាតិដើមភាគតិចទាំងអស់មានប្រមាណ១,៤ភាគរយ នៃចំនួនប្រជាជនសរុប ដែលបាននឹងកំពុងរស់នៅតាមបណ្តាខេត្ត និងនៅតាមតំបន់មួយចំនួនទៀតនៅកម្ពុជា។ អ្នកស្រី វ៉ាយ វត្តី ជូនសេចក្តីរាយការណ៍
ឆ្នាំនេះ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានថ្លែងនូវសារលិខិតជូនបងប្អូនជនជាតិដើមភាគតិចទាំងអស់ ក្រោមប្រធានបទ “ការការពារសិទ្ធិរស់នៅ និងប្រាស្រ័យទាក់ទងតាម បែបប្រពៃណីជនជាតិដើមភាគតិចដោយស្ម័គចិត្ត” ដើម្បីផ្សព្វផ្សាយអំពីប្រពៃណី ទំនៀមទម្លាប់ ស្វែងយល់អំពីជីវភាពរស់នៅ របស់បងប្អូនជនជាតិដើមភាគតិច និងដើម្បីការពារអភិរក្សនូវវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ជំនឿ និងភាសារបស់បងប្អូនជនជាតិដើមភាគតិច ។
ក្នុងឱកាសអបអរទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី៣០ និងលើកទី២០នៅកម្ពុជា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាន ផ្តល់នូវអនុសាសន៍មួយចំនួនដល់ក្រសួងអភិវឌ្ឍន៍ជនបទត្រូវបន្តយកចិត្តទុកដាក់អនុវត្តន៍ការងារលើកកម្ពស់ការអភិវឌ្ឍ និងអភិរក្សជនជាតិដើមភាគតិច ស្របតាមផែនការយុទ្ធសាស្ត្ររបស់ក្រសួង និងគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍជនជាតិដើមភាគតិច និងរៀបចំឯកសារគតិយុត្តពាក់ព័ន្ធផ្សេងៗ ដើម្បីជំរុញឱ្យការងារអភិវឌ្ឍន៍និងអភិរក្សជនជាតិដើមភាគតិចកាន់តែមានប្រសិទ្ធភាព។ បន្ថែមពីលើនេះ ត្រូវបន្តពង្រឹងការសម្របសម្រួល និងសហប្រតិបត្តិការជាមួយ ក្រសួង ស្ថាប័ន្ធពាក់ព័ន្ធ និងខិតខំស្វែងរកការគាំទ្រ និងកៀរគរធនធានបន្ថែមពីដៃគូអភិវឌ្ឍនានា អង្គការមិនមែនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបង្កើនវឌ្ឍនភាពបន្ថែមលើការងារអភិវឌ្ឍន៍ និងអភិរក្សជនជាតិដើមភាគតិច ជាពិសេសការចុះបញ្ជី និងការទទួលស្គាល់អត្តសញ្ញាណជនជាតិដើមភាគតិច។
កញ្ញា រម៉ាស់ រស្មី ជនជាតិដើមភាគតិច ចារ៉ាយ រស់នៅភូមិឡុំ ឃុំប៉ក់ញ៉ៃ ស្រុកអូយ៉ាដាវ ខេត្តរតនគីរី បានឱ្យដឹងថា កញ្ញាធ្លាប់បានចូលរួមក្នុងនៅក្នុងទិវាជនជាតិដើមភាគតិចដែលបានប្រារព្ធជារៀងរាល់ឆ្នាំដែរ ដើម្បីថែរក្សាប្រពៃណីជនជាតិដើមភាគតិច និងលើកស្ទួយជនជាតិដើមភាគតិចឱ្យគេបានស្គាល់កាន់តែច្រើនជាងមុន។
កញ្ញា រម៉ាស់ រស្មី ៖«គោលបំណងដែលគេធ្វើឡើងនោះគឺដើម្បីថែរក្សាប្រពៃណីជនជាតិដើមភាគតិច និងលើកស្ទួយជនជាតិដើមភាគតិចផង ដើម្បីឱ្យគេស្គាល់ជនជាតិដើមភាគតិចកាន់តែទូលំទូលាយជាងមុន ថែរក្សាវប្បធម៌ដូចជា ការរស់នៅ សម្លៀកបំពាក់ ភាសានិយាយ មានរបាំ និងសម្ភារជាច្រើនដែលគេរក្សាទុក»។
នៅក្នុងសារលិខិតសម្តេចហ៊ុន ម៉ា ណែត បានគូសបញ្ជាក់ឱ្យក្រសួងអភិវឌ្ឍន៍ជនបទ យកចិត្តទុកដាក់លើការងារអភិវឌ្ឍន៍និងអភិរក្សជនជាតិដើម ភាគតិច ដោយខិតខំរៀបចំ និងអភិវឌ្ឍន៍ភូមិជនជាតិដើមភាគតិចទៅជាភូមិគំរូ ផ្អែកលើសក្ដានុពល វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងទេសចរណ៍ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនជន ជាតិដើមភាគតិច ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។
កញ្ញា រម៉ាស់ រស្មី យល់ថា នៅពេលដែលស្រុកភូមិ មានការអភិវឌ្ឍន៍ទៅជាភូមិគំរូ ប្រជាជននៅទីនោះ អាចរកចំណូលបានតាមរយៈភ្ញៀវទេសចរណ៍ និងជួយបង្កើនដល់សេដ្ឋកិច្ចការរស់នៅប្រចាំថ្ងៃបាន ។«នៅពេលដែលនៅក្នុងស្រុកភូមិយើងមានការអភិវឌ្ឍទៅជាភូមិគំរូ គឺឱ្យប្រជាជននៅក្នុងស្រុកភូមិអាចរកចំណូលបាន នៅពេលដែលមានភ្ញៀវទេសចរណ៍អាចជួយទិញបន្លែ ព្រោះពួកគាត់មានដំណាំ មានភ្ញៀវទេសចរមកលេង ចំណូលបាននៅក្នុងហ្នឹង ហើយសេដ្ឋកិច្ចពួកគាត់អាចកើនឡើងដែរ ដោយសារតែជារៀងរាល់ឆ្នាំ ពួកគាត់ធ្វើតែស្រែចម្ការដាំដំឡូង ដាំចន្ទី ហើយពួកគាត់រកបានក្នុងមួយឆ្នាំតែម្តងទេ»។
ដោយឡែកកញ្ញា ឃ្វិះ ផលឡា ជនជាតិដើមភាគតិចព្នង រស់នៅភូមិស្រែធំ ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគីរី បានឱ្យដឹងថាក្នុងនាមជនជាតិដើមភាគតិចព្នងមួយរូប កញ្ញាចង់ឃើញនៅក្នុងសហគមន៍ពង្រីកការត្បាញសម្លៀកបំពាក់ និងអត្តសញ្ញាណជនជាតិដើមភាគតិចឱ្យបានច្រើន។
កញ្ញា ឃ្វិះ ផលឡា ៖«ខ្ញុំ ចង់ឱ្យសហគមន៍ខ្ញុំមានអ្នកចេះគំរូ ខាងត្បាញឱ្យគាត់ជួយបង្រៀនដល់យុវជនជំនាន់ក្រោយដូចជាបទចម្រៀង ប្រពៃណី ជនជាតិដើមភាគតិចចង់ឱ្យចាស់ទុំនៅក្នុងភូមិដែលគាត់ចេះចង់ឱ្យគាត់ចែករំលែកទៅយុវជនជំនាន់ក្រោយ សម្រាប់ខ្ញុំមួយទៀតទោះបីជាយើងនៅកន្លែងណាក៏ដោយ អ្វីដែលសំខាន់គឺភាសា និងអត្តសញ្ញាណថាខ្លួនឯង ជាអ្នកណា យើងត្រូវដឹងថា យើងជាជនជាតិដើមភាគតិចយើងត្រូវបង្ហាញគេជាជនជាតិដើមភាគតិចដើម្បីឱ្យគេស្គាល់ ថាយើងមកពីណាជាជនជាតិអី អ្វីពិសេសគឺភាសា ទោះបីយើងនៅកន្លែងណាក៏ដោយយើងជួបគ្នាឯង យើងគួរពិភាក្សាគ្នា ឬក៏និយាយគ្នាអ៊ីចឹងទៅកុំឱ្យភាសារបស់យើងវាបាត់បង់ បើសិនជាយើងមិននិយាយទេ ភាសាហ្នឹងអាចនឹងបាត់បង់»។
សូមបញ្ជាក់ផងដែរថា ជនជាតិដើមភាគតិច ដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា រួមមាន៖ កួយ ទំពួន គ្រឹង ចារាយ ព្នង ព្រៅ កាវ៉ែត ស្ទៀង ក្រោល មិល កាចក់ ព័រ ខោញ ជង សួយ លុន ស្ដួច រដែ ខិ រអង ល្អីន សំរែ និងជនជាតិដើមភាគតិចមួយចំនួនផ្សេងទៀត។ បងប្អូនជនជាតិដើមភាគតិចទាំងអស់ មានប្រមាណជា ១,៤ ភាគរយ នៃចំនួនប្រជាជនសរុប និងរស់នៅក្នុងខេត្តមួយចំនួនដូចជា រតនគិរី មណ្ឌលគិរី ក្រចេះ ព្រះវិហារ កំពង់ធំ ស្ទឹងត្រែង ឧត្តរមានជ័យ ត្បូងឃ្មុំ ពោធិ៍សាត់ កំពង់ស្ពឺ កោះកុង បាត់ដំបង ព្រះសីហនុ បន្ទាយមានជ័យ សៀមរាប និងនៅតាមតំបន់មួយចំនួនទៀត។ បងប្អូនជនជាតិដើមភាគតិច ប្រកាន់យកវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ជំនឿ និងភាសាផ្សេងៗគ្នាទៅតាមក្រុមរបស់ខ្លួន៕