កំពង់ធំ៖ យុទ្ធនាការប្រមូលគ្រាប់ត្នោត២ម៉ឺនគ្រាប់សម្រាប់ដាំធ្វើជារបងព្រំសហគមន៍ព្រៃអូសោម ស្ថិតនៅក្នុងភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង ខេត្តកំពង់ធំ បច្ចុប្បន្ននេះ បានបញ្ចប់ និងដាំរួចរាល់ហើយកាលពីចុង ខែកក្កដា ឆ្នាំ២០២៤ នេះតាមការបញ្ជាក់ឱ្យដឹងពីអ្នកស្រី សន សុភាព ប្រធានសហគមន៍ព្រៃឈើអូសោម។ អ្នកស្រី វ៉ាយ វត្តីជូនសេចក្តីរាយការណ៍
អ្នកស្រី សន សុភាព ប្រធានសហគមន៍ព្រៃឈើអូសោម ស្ថិតនៅក្នុងភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង ខេត្តកំពង់ធំ បានប្រាប់វិទ្យុស្រ្តី នៅថ្ងៃ៧ ខែសីហា ឆ្នាំ២០២៤នេះថា សហគមន៍ចំនួន៥ បានធ្វើយុទ្ធនាការប្រមូលគ្រាប់ត្នោតចំនួន២០០០០គ្រាប់ ដើម្បីដាំធ្វើជាព្រំបង្គោលសហគមន៍ព្រៃឈើនីមួយៗកាលពីកំឡុងខែមេសាកន្លងទៅ។ ដោយឡែក សម្រាប់សហគមន៍អូសោម បានដាំគ្រាប់ត្នោតចំនួន២ម៉ឺនគ្រាប់ រួចហើយនៅតាមបង្គោលព្រំសហគមន៍ តែនៅក្នុងការលូតលាស់ ឬ ក៏ដំណុះវាមិនទាន់ដឹងថាបានប៉ុន្មានភាគរយនៃការដុះទេ ដូច្នេះត្រូវការតាមដាន និងមើលថែទាំបន្តទៀត។
អ្នកស្រី សន សុភាព៖«ដើមត្នោតហ្នឹងយើងដាំជាបង្គោលព្រំរួច ដើម្បីដឹងថាព្រំប្រទល់យើងត្រឹមណាៗរវាងសហគមន៍មួយទៅសហគមន៍មួយ ឬក៏ដីក្រុមហ៊ុន ដីឯកជន ជាមួយសហគមន៍ អត្ថប្រយោជន៍នៃការដាំដើមត្នោតនេះ ធ្វើឱ្យជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរឡើងនៅពេលអនាគតដោយសារយើងទទួលផលពីដើមត្នោត»។
អ្នកស្រីបន្តថា ការផ្តើមគំនិតយកដើមត្នោតធ្វើជារបងព្រំបែបនេះ គឺក្នុងគោលបំណងបង្កើនជីវជាតិដី និងកាត់បន្ថយការប្រែប្រួលបរិស្ថាន។ បន្ថែមពីលើនេះ ដើមត្នោតផ្តល់ឱ្យសមាជិកសហគមន៍ទាញយកប្រយោជន៍បានច្រើនយ៉ាង ដូចជា ដើម ស្លឹក ធាង និងផ្លែ អាចយកទៅលក់ ឬកែច្នៃទៅជាផលិតផលផ្សេងៗ ដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋ។
អ្នកស្រីបន្ថែមថា ៖ « ដើមត្នោតជាកេរដំណែល ជាអត្តសញ្ញាណរបស់ខ្មែរយើង អ៊ីចឹងក្នុងនាមខ្ញុំជាសហគមន៍អូសោម យើងធ្វើចលនា មិនមែនធ្វើតែមួយឆ្នាំហ្នឹងទេ ឆ្នាំទៅមុខៗយើងនឹងដាំបន្តទៅទៀតតំបន់ដែលរេចរឹល ដាំបន្ថែមទៀតនៃដើមត្នោតហ្នឹង ក្នុងនាមខ្ញុំជាសហគមន៍អូសោមខ្ញុំចង់ឱ្យទូទាំងប្រទេសកម្ពុជានៅក្នុងសហគមន៍មួយៗត្រូវតែមានការដំាត្នោតឬក៏ដើមឈើ ផ្សេងៗទៀតសម្រាប់ទប់នូវការប្រែប្រួលអាកាសធាតុ»។
ប្រធានសហគមន៍ព្រៃឈើអូសោម រូបនោះបានបញ្ជាក់ឱ្យដឹងថា សព្វថ្ងៃនេះនៅក្នុងសហគមន៍ព្រៃឈើអូសោម មានសមាជិក៣០០គ្រួសារ ដែលមានប្រជាពលរដ្ឋសរុបចំនួន១៩៥០នាក់ ស្រ្តីចំនួន៦៦៣នាក់ ក្នុងនោះ៧០ភាគរយ ជាជនជាតិដើមភាគតិចគួយ ប្រកបមុខរបរប្រមូលអនុផលព្រៃឈើ ដូចជា ប្រមូលផ្លែគុយ ដាំបន្លែកសិកម្មចម្រុះ នៅតាមលក្ខណៈគ្រួសារ ចិញ្ចឹម មាន់ ចិញ្ចឹមត្រី ធ្វើស្រែចម្ការ ថែទាំព្រៃឈើ ដាំដើមឈើឡើងវិញ ចុះល្បាត រួមទាំងធ្វើជាក្រុមឥណទានក្នុងភូមិថែមទៀតផង។
អ្នកស្រីបន្ថែមថា ក្នុងរដូវវស្សានេះ ជាមួយនឹងការជន់លិចទឹកមួយផ្នែកពីខាងផ្លូវជាតិចូលមកសហគមន៍នោះ ក៏បានធ្វើប៉ះពាល់ដល់ដំណាំស្រូវ ដំណាំដំឡូងមី របស់ប្រជាសហគមន៍មួយចំនួនរងការខូចខាត ហើយបញ្ហាប្រឈម គឺផ្លូវចូលសហគមន៍ពិបាកក្នុងការធ្វើដំណើរ ដើម្បីចូលទៅថែរក្សាព្រៃ ព្រោះមិនទាន់មានផ្លូវកា្រលគ្រួសក្រហមនៅឡើយ។ អ្នកស្រី សន សុភាព បានឱ្យដឹងទៀតថា បើទឹកនៅតែបន្តជន់លិចខ្លាំងទៀតនោះការប្រកបមុខរបរ របស់ពលរដ្ឋក្នុងសហគមន៍ ក៏អសកម្មដែរ ព្រោះមិនអាចប្រមូលអនុផលព្រៃឈើ និងធ្វើស្រែចម្ការបាន ដោយសារទឹកជំនន់ច្រើន។
គួរបញ្ជាក់ផងដែរថា សហគមន៍ព្រៃឈើចំនួន៥ ដែលធ្វើយុទ្ធនាការប្រមូលគ្រាប់ត្នោតសម្រាប់ដាំជាបង្គោលព្រំនោះ រួមមាន សហគមន៍ព្រៃឈើ អូសោម សហគមន៍ព្រៃឈើ អូអង្គុំធំ សហគមន៍ព្រៃឈើ កន្សែងវាល ស្ថិតនៅក្នុងខេត្តកំពង់ធំ និងសហគមន៍ព្រៃឈើ ភ្នំដែកចំបក់ហោះ និងសហគមន៍ព្រៃឈើសាមគ្គីត្រពាំងទទឹមស្ថិតនៅក្នុងខេត្តព្រះវិហារ៕