ភ្នំពេញ៖ នាយកដ្ឋានទទួលបន្ទុកការងារអគ្គីភ័យ និងជាតិផ្ទុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃចន្ទនេះថា ភ្លើងធូប-ទៀន ដែលពលរដ្ឋប្រើប្រាស់ក្នុងពិធីសែនព្រេនយប់ថ្ងៃចូលឆ្នាំចិន-វៀតណាម អាចជាមូលហេតុនាំឱ្យអគ្គីភ័យឆាបឆេះផ្ទះពលរដ្ឋជិត ១០០ខ្នង នៅសង្កាត់ចាក់អង្រែក្រោម រាជធានីភ្នំពេញ កាលពីម៉ោង ១២យប់ ឈានចូលថ្ងៃទី០៨ ខែកុម្ភៈនេះ។
លម្អិតព័ត៌មានដោយ លោក ម៉ៅ សំណាង ៖
លោក នេត វន្ថា ប្រធាននាយកដ្ឋានទទួលបន្ទុកការងារអគ្គីភ័យ និងជាតិផ្ទុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានប្រសាសន៍នៅថ្ងៃទី០៨ ខែកុម្ភៈ នេះថា មូលហេតុនាំឱ្យកើតមានអគ្គីឆាបឆេះផ្ទះពលរដ្ឋជិត ១០០ខ្នង នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ កាលពីម៉ោង ១២យប់ ឈានចូលថ្ងៃទី ០៨ កុម្ភៈនេះ អាចបណ្តាលមកពីភ្លើងធូប-ទៀន ដែលពលរដ្ឋប្រើប្រាស់ក្នុងពិធីសែនព្រេន អុជនៅពេលយប់ថ្ងៃចូលឆ្នាំចិន-វៀតណាម។
លោក នេត វន្ថា បានបន្តថា នាយកដ្ឋានទទួលបន្ទុកការងារអគ្គីភ័យ និងជាតិផ្ទុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមិនទាន់អាចកំណត់ ពីមូលហេតុ ដែលនាំឱ្យកើតមានអគ្គីភ័យនេះបាននៅឡើយទេ រហូតមកទល់ពេលនេះ។ លោកថា ផ្អែកតាមរយៈហេតុការណ៍អគ្គីភ័យដែលកើតឡើងក្នុងថ្ងៃចូលឆ្នាំចិនតែ មួយ គឺករណីអគ្គីភ័យភាគច្រើនបណ្តាលមកពីការប្រើប្រាស់ភ្លើងធូប-ទៀន ដោយធ្វេសប្រហែសរបស់ពលរដ្ឋអុជកំលុងពេលសែនព្រេន។
លោក នេត វន្ថា បានបញ្ជាក់ថា បញ្ហានេះសមត្ថកិច្ចពាក់ព័ន្ធកំពុងស្រាវជ្រាវរកមូលហេតុពិតប្រាកដ ដែលបណ្តាលឱ្យមានអគ្គីភ័យកើតឡើង និងសំណូមពរឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ធូប-ទៀនរាល់ពេលមានពិធីបុណ្យទានផ្សេងៗ។
ទាក់ទងនឹងករណីនេះ មានសារព័ត៌មានក្នុងស្រុកមួយចំនួន បានលើកឡើងថា អគ្គីភ័យនេះបណ្តាលមកពីការអុជផាវ ឬកាំជ្រូចនៅពេលយប់។
ឆ្លើយតបនឹងបញ្ហានេះ លោក ធន់ សាម៉ន ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ និងអគ្គីភ័យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ សន្និដ្ឋានថា អគ្គីភ័យឆាបឆេះផ្ទះពលរដ្ឋនៅសង្កាត់ចាក់អង្រែក្រោម ទំនងមិនមែនកើតឡើងដោយសារការអុជផាវ ឬកាំជ្រួចនោះទេ ព្រោះអគ្គីភ័យនេះឆាបឆេះឡើងនៅអំឡុងម៉ោង ១២ រំលងអាធ្រាត្រ ដូច្នេះហើយ សមត្ថកិច្ចសង្ស័យថា ករណីនេះ បណ្តាលមកពីពលរដ្ឋប្រើទៀន-ធូប និងចរន្ត អគ្គីសនីច្រើនជាង។
សូមបញ្ជាក់ថា នៅវេលាម៉ោងជាង ១២ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ ២០១៦នេះ ផ្ទះប្រជាពលរដ្ឋចំនួន ៩៧ ខ្នងត្រូវបានអគ្កីភ័យឆាបឆេះបំផ្លាញទាំងស្រុង ស្ថិតនៅខាងក្រោយវត្តចាក់អង្រែក្រោម សង្កាត់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយមិនទាន់ដឹងពីមូលហេតុពិតប្រាកដនៅឡើយ។ អគ្កីភ័យនេះ បានរលត់ទៅវិញនៅវេលាម៉ោង ៤ទៀបភ្លឺ ក្រោយកម្លាំងសមត្ថកិច្ច និងអាជ្ញាធរ ជួយអន្តរាគមន៍។ ក្រៅពីផ្ទះរបស់ប្រជាពលរដ្ឋចំនួន ៩៧ ខ្នងនេះ មន្ត្រីជំនាញមិនទាន់កំណត់ទំហំនៃការខូចខាតផ្សេងៗទៀតបាននៅឡើយទេរហូតមកដល់ពេលនេះ ។
គួរបញ្ជាក់ថា ក្នុងហេតុការណ៍អគ្គីភ័យនេះ មានស្ត្រីវ័យចំណាស់ម្នាក់បានបាត់បង់ជីវិតដោយសារខ្យល់គរ ព្រោះឃើញហេតុការណ៍អគ្គីភ័យកើតឡើងបន្ទាប់ពីបញ្ជូនទៅមន្ទីរពេទ្យ។ នេះបើតាមការបញ្ជាក់របស់លោក នេត វន្ថា ប្រធាននាយកដ្ឋានទទួលបន្ទុកការងារអគ្គីភ័យ និងជាតិផ្ទុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕