en     km
en     km

រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ការបណ្តុះនិងដាំកូនត្នោតចូលរួមថែរក្សាការពាររុក្ខជាតិ តម្លៃសេដ្ឋកិច្ច និងបង្កើនគម្របបៃតងនៅកម្ពុជា

Share

លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានដឹកនាំមន្រ្តីបរិស្ថានទៅទស្សនកិច្ចឈ្វេងយល់ពីដំណើរការបណ្តុះ និងដាំត្នោតនៅថ្នាលបណ្តុះកូនត្នោត ស្ថិតនៅក្នុងស្រុកជុំគីរី ខេត្តកំពត បន្ទាប់ពីរូបលោកផ្ទាល់បានដកពិសោធន៍ដាំដើមត្នោតដោយខ្លួនឯងអស់រយៈពេល៥ឆ្នាំកន្លងមកនោះ និងរំពឹងថា៥ឆ្នាំទៅមុខទៀត ដើមត្នោតនឹងឱ្យផលច្រើនជាតម្លៃអត្តសញ្ញាណរុក្ខជាតិខ្មែរ ជាតម្លៃសេដ្ឋកិច្ច និងជាគម្របព្រៃឈើផងដែរ។ អ្នកស្រី វ៉ាយ វត្តីជូនសេចក្តីរាយការណ៍​​

លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានមានប្រសាសន៍​​ឱ្យដឹងថា រយៈពេលជាង៥ឆ្នាំ ដែលលោកបានធ្វើការដកពិសោធន៍ សិក្សាឈ្វេងយល់ពីការបណ្តុះនិងដាំដើមត្នោត រហូតមកដល់ពេលនេះរូបលោកផ្ទាល់ដាំបាន៥ម៉ឺនដើមហើយ តាមរយៈការដាំដុះ ការសិក្សារៀនសូត្រនេះ ដែលលោកកំពុងតែយកអ្វីដែលខ្លួនចេះដឹងនេះ ចែកជូនដល់មន្រ្តីក្រុមគ្រួសារបរិស្ថាន ដើម្បីជាចំណេះចែកជូនបន្ត ដល់មន្រ្តីបរិស្ថានយកទៅអនុវត្តន៍បន្តទៀត​ធ្វើយ៉ាងណា រួមគ្នាបំផុសចលនាដាំដើមត្នោតឱ្យកាន់តែច្រើនសម្រាប់ប្រទេសកម្ពុជា កុំឱ្យបាត់បង់។

ជុំវិញការដាំដើមត្នោតឱ្យបានច្រើននេះលោករដ្ឋមន្រ្តីក៏បានបញ្ជាក់អំពីមូលហេតុចំនួន៣ ផងដែរក្នុងនោះមានកត្តាសេដ្ឋកិច្ច កត្តាគម្របបៃតង និងកត្តា អត្តសញ្ញាណរុក្ខជាតិខ្មែរ។

 លោក អ៊ាង សុផល្លែត៖ «ដើមត្នោតគឺជារុក្ខជាតិរបស់កម្ពុជា អត្តសញ្ញាណរបស់កម្ពុជាយើង​ ដើមត្នោតផ្តល់នូវគុណប្រយោជន៍ច្រើនទាំងស្ករ ទឹកត្នោត ស្លឹកយកមកខ្ចប់នំ ធាងយកមកធ្វើខ្សែ និងអុសដុត គៀវយកមកធ្វើជាខ្សែជាដើម និងដើមត្នោតយកមកធ្វើជាក្តារបន្ទះបានដែរពេលដែលវាធំចាស់ទៅ។ ប៉ុន្តែអ្វីដែលខ្ញុំចង់ជំរុញនោះគឺចង់ឱ្យត្នោតក្លាយជាដំណាំ​ពាណិជ្ជកម្ម ពីដើមឡើយត្នោតយើងដុះរាយប៉ាយគ្រប់ទីវាលទីកន្លែងទាំងអស់ ពុំអាចប្រមូលផលជាលក្ខណៈពាណិជ្ជកម្មបានទេ តែពេលនេះខ្ញុំបានសាកដាំ សាកល្បងមកហើយ យើងដំាំគម្លាតពី៤ម៉ែត្រកន្លះ មួយ យើងពុំចាំបាច់ឡើងមួយដើមចុះមួយដើម ខាតពេលអស់កម្លាំងច្រើននោះទេ ហើយការសិក្សារបស់ខ្ញុំអាចធ្វើបានក្នុងការគាបត្នោត ឡើងប្រើកម្លាំងមនុស្សគាប កម្លំាងមនុស្សចិត តែពេលនេះយើងមានផ្ទាំងសូឡាដែលអាចបញ្ជាម៉ូទ័រទៅគាប ចិតត្នោតឱ្យយើងដោយប្រើបច្ចេកវិទ្យាបន្តិចបន្តួចតែប៉ុណ្ណោះអាចធ្វើបានហើយ ក្នុងមួយថ្ងៃយើងអាចឡើងត្នោតបានពាន់ម៉ឺនដើមក្នុងមួយថ្ងៃដោយអាចផលិតទឹកត្នោតច្រើនផង និងស្ករត្នោត​បានច្រើនផងផលិតផលត្នោតក៏បានកាន់តែច្រើនទៀតផងទៅថ្ងៃអនាគត»។

លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ បានចែករំលែកនូវក្តីស្រឡាញ់ របៀបបណ្តុះនិងដាំត្នោតជាមួយគ្រួសារបរិស្ថាន នៅក្នុងស្រុកជុំគីរី ខេត្តកំពត។ ក្នុងឱកាសនោះ លោករដ្ឋមន្រ្តីថា មន្ទីរបរិស្ថានរាជធានី ខេត្តទាំង២៥ បានត្រៀមថ្នាលសម្រាប់    បណ្តុះកូនត្នោត រួចជាស្រេច ជាមួយការបណ្តុះកូនឈើ សម្រាប់ចែកជូនប្រជាពលរដ្ឋ នៅឆ្នាំក្រោយៗ បន្តបន្ទាប់ ដើម្បីបណ្តុះផ្នត់គំនិត ពន្លកបៃតង ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការសម្រេចគោលដៅប្រទេសកម្ពុជា ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើចំនួន ៦០ភាគរយ នៅឆ្នាំ២០៥០។

លោក អ៊ាង សុផល្លែត បានឱ្យដឹងបន្ថែមថា លោកបានបង្កើតថ្នាលបណ្តុះកូនត្នោត និងបានដាំត្នោត រាប់ម៉ឺនដើម នៅក្នុងភូមិសាស្រ្តស្រុកជុំគីរី ខេត្តកំពត និងបានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋដាំរុក្ខរបស់ជាតិនេះ ក្នុងគោលបំណងលើកស្ទួយតម្លៃ វប្បធម៌ជាតិខ្មែរ ដែលបានផ្សារភ្ជាប់នឹងរុក្ខរបស់ជាតិខ្មែរ។ ជាមួយគ្នានេះ ការដាំត្នោតជាចម្ការ និងការធ្វើទំនើបកម្មក្នុងការដាំជាជួរ ដោយមានគម្លាត ៤,៥ម៉ែត្រ ពីមួយដើមទៅមួយដើមទៀត និងគម្លាត ៥ម៉ែត្រ ពីជួរមួយទៅជួរមួយទៀត។ វិធីសាស្រ្តនេះផ្តល់ភាពងាយស្រួលក្នុងការប្រមូលផល និង អាចជួយឱ្យប្រជាពលរដ្ឋរកចំណូលបាន។ លើសពីនេះ ចម្ការត្នោតបង្ហាញជូនទេសចរជាតិ អន្តរជាតិ ពីសោភ័ណភាពនៃការដាំ ពីជីវភាពរស់នៅរបស់ពលរដ្ឋផ្សារភ្ជាប់នឹងប្រពៃណីវប្បធម៌ជាតិ ដែលកើតមានតាំងពីយូរលង់ណាស់មកហើយ។

លោករដ្ឋមន្រ្តីបន្តថា លោកក៏កំពុងសិក្សាបន្ថែមដែរ រវាងការដាំត្នោត និងដាំដើមឈើផ្សេងទៀត​តើមួយណា ផ្តល់នូវអត្ថប្រយោជន៍ច្រើនជាង។ លោកថា​ការដាំដើមត្នោត មិនចាំបាច់ដំានៅព្រៃទេ អាចដាំនៅទីវាល តាមភ្លឺសែ្របាន ដែលជាផ្នែកមួយជួយជំរុញពង្រីកគម្របព្រៃឈើ តាមទីវាល ឬក៏តាមភូមិ ឃុំ ដែរ បើពឹងគម្របព្រៃឈើនៅលើភ្នំតែមួយ ប្រហែលជាមិនគ្រាន់ទេ ដើម្បីទទួលបានគម្របព្រៃឈើ៦០ភាគរយនៅឆ្នាំ២០៥០ ។ លោករដ្ឋមន្រ្តីបន្តថា ដើម្បីទទួលបានគម្របព្រៃឈើ នៅឆ្នាំ២០៥០ឱ្យបាន៦០ភាគរយ កម្ពុជាត្រូវការធ្វើការដាំដុះឱ្យមានគម្របព្រៃឈើ១៤លានហិកតា នៅពេលដែលប្រទេសកម្ពុជាមានផ្ទៃដីដាំ១៨លានហិកតា។ 

ជាកត្តាសេដ្ឋកិច្ច លោករដ្ឋមន្រ្តីបានលើកជាឧទាហរណ៍ថា​ បើកុមារម្នាក់អាយុ១០ឆ្នាំគាត់ដាំដើមត្នោត១០ដើមនៅពេលគាត់អាយុ២២ឆ្នាំគាត់ទទួលបានផលពីត្នោតដោយមិនចាំបាច់ឡើងត្នោតដោយខ្លួនឯងទេ គឺគាត់គ្រាន់តែម៉ៅឱ្យគេឡើងត្នោត និងចាំតែយកលុយពី១០ទៅ២០ភាគរយនៃចំណូលត្នោតនោះ គឺគាត់មានលុយទៅរៀនហើយ ដូចជាការដាក់ទុនសម្រាប់ខ្លួនគាត់ផងដែរ។«អ៊ីចឹងខ្ញុំមើលឃើញកត្តាហ្នឹងហើយទើបខំជំរុញទៅត្នោតតែ១២ឆ្នាំបានផលហើយ ពេលបានផលហើយយើងអាចដាំដុះនៅជិតហ្នឹងទៀត នៅពេលត្នោតឡើងដល់២៤ឆ្នាំ អាតូចនេះបានផល យើងអាចកាប់អាធំយកមកធ្វើជាក្តារ ធ្វើជាឈើដើម្បីប្រើប្រាស់លក់បានថ្លៃ អ៊ីចឹងវាវិលជុំជាជាងយើងដាំឈើ ជួនកាលដប់ឆ្នាំក្រោយយើងកាប់ ហើយ ដប់ឆ្នាំក្រោយបានមកទៀត និងជួនកាលឈើខ្លះ១០ឆ្នាំអត់បានផលទេបាទ២០ឆ្នាំយូរជាងដើមត្នោតទៀត»។

ដើមត្នោតត្រូវបានចាត់បញ្ចូល ជាប្រភេទរុក្ខជាតិនិមិត្តរូបជាតិ នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥។ រុក្ខរបស់ត្នោត ផ្តល់ឱ្យជាប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ដូចជាផ្តល់គម្របបៃតង និងអត្ថប្រយោជន៍ជាច្រើន សម្រាប់ការរស់នៅប្រចាំថ្ងៃ ដូចជាទឹកត្នោត ស្ករត្នោតដែលបានមកពីទឹកត្នោត ប្រភេទអារហារដែលផ្តល់ថាមពល ជួយដល់សុខភាព ស្លឹកត្នោតអាចយកទៅប្រក់ដំបូលផ្ទះ ចំណែកដើមត្នោតធ្វើទូក និងផ្ទះជាដើម លើសពីនេះក៏មានសម្ភារៈប្រើប្រាស់ជាច្រើនបានច្នៃចេញពីរុក្ខរបស់ជាតិ គឺត្នោតនេះផងដែរ៕

ប្រភពរូប៖ក្រសួងបរិស្ថាន

Share

ព័ត៌មានទាក់ទង

Image