ដើម្បីបង្កើតឱ្យមានការងារសម្រាប់កសិករជាស្រ្តីនៅក្នុងសហគមន៍ចិញ្ចឹមទា កាត់បន្ថយការចំណាកទៅធ្វើការនៅប្រទេសថៃនោះ អ្នកស្រី ម៉ោង ស្រីពៅ បានសម្រេចចិត្តបោះបង់ការងារដែលមានប្រាក់ខែខ្ទង់ពាន់ដុល្លារ នៅភ្នំពេញ ងាកទៅបើកអាជីវកម្មផលិតពងទានៅឯសហគមន៍ចិញ្ចឹមទា នៅខេត្តកំពតដែលជាស្រុកកំណើតរបស់ខ្លួន។ អ្នកស្រី វ៉ាយ វត្តី ជូនសេចក្តីរាយការណ៍
ផ្តើមចេញពីគ្រួសារកសិករចិញ្ចឹមទាមា្នក់ អ្នកស្រីម៉ោងស្រីពៅ បានបន្តក្តីស្រម៉ៃតាមរយៈផលិតផលពងទា មួយនេះ កែច្នៃទៅជាផលិតផលផ្សេងៗជាច្រើនទៀត ដើម្បីជួយរកទីផ្សារដល់សហគមន៍ និងផ្តល់ការងារដល់ស្រ្តីកសិករចិញ្ចឹមទានៅក្នុងសហគមន៍ និងជួយកាត់បន្ថយការចំណាកស្រុករបស់ស្រ្តីជាម្តាយទៅធ្វើការនៅប្រទេសថៃឃ្លាតឆ្ងាយពីក្រុមគ្រួសារ និងកូនៗក្នុងបន្ទុកមិនទទួលបានការរៀនសូត្រថែមទៀត ។
អ្នកស្រី ម៉ោង ស្រីពៅ ស្ថាបនិកភូមិពងទាខ្មែរ បានឱ្យដឹងដើមទងដែលអ្នកស្រីចាប់យកអាជីវកម្មផលិតពងទានេះឡើងដោយសារអ្នកស្រីមើលឃើញថាពាក្យថាពងទាមិនរើសស្រទាប់វណ្ណៈ វ័យណាក៏អាចបរិភោគបានដែរ មិនថាក្មេង ឬក៏ចាស់ឡើយពោលគឺអាចបរិភោគបានគ្រប់គ្នា។
អ្នកស្រី ម៉ោង ស្រីពៅ៖«ខ្ញុំគឺជាកូនអ្នកនៅក្នុងសហគមន៍ចិញ្ចឹមទាយកផល ដូច្នេះខ្ញុំមើលឃើញថា ពាក្យថាពងទាយើងអត់រើសស្រទាប់វណ្ណៈទេ វ័យណាក៏យើងអាចបរិភោគបានដែរ មិនបានរើសថា ក្មេង ហូបអត់បាន ចាស់ហូបអត់បានទេ!ខ្ញុំគិតថា បើសិនជានាងខ្ញុំម្នាក់ ក្នុងនាមជាកូននៅក្នុងសហគមន៍ចិញ្ចឹមទា ម្នាក់អាចបង្កើតពងទាទៅជារបស់មួយដែលអាចកែច្នៃទៅជាផលិតផលផ្សេងទៀតបានហ្នឹងគឺជាមោទនភាពមួយរបស់ខ្ញុំ»
អ្នកស្រី ម៉ោង ស្រីពៅ ត្រូវបានគេស្គាល់និងដាក់ឈ្មោះឱ្យថា ចែ ពងទានោះ បានបង្ហាញឱ្យដឹងថាពងទាក្នុងស្រុក មានការប្រកួតប្រជែងពីពងទានាំចូលផ្សេងៗ ដូច្នេះហើយទើបអ្នកស្រីគិតថា បើមានផលិតផលមួយនៅក្នុងស្រុកហើយត្រូវបង្កើតទីផ្សារ ពាំនាំពងទាទៅឱ្យប្រជាជនខ្មែរបរិភោគ ផលិតផលមួយដែលល្អ ញ៉ាំចូលទៅមិនប៉ះពាល់សុខភាព ហើយបង្កើតការងារទៅដល់សហគមន៍បន្ថែមទៀត នេះហើយជាការចាប់ផ្តើមដំបូងនៃការបង្កើតអាជីវកម្មពងទានេះឡើង។
អ្នកស្រី ម៉ោង ស្រីពៅ ៖« ដឹងស្រាប់ហើយផលិតផលក្នុងស្រុករបស់យើងផលិតបានមកច្រើនហើយល្អទៀតប៉ុន្តែខ្វះការពាំនាំយកផលិតផលហ្នឹងមកបង្ហាញមុខនៅលើទីផ្សារដូច្នេះ ខ្ញុំគិតថា ខ្ញុំជាមនុស្សម្នាក់ជាកូនកសិករម្នាក់នៅក្នុងសហគមន៍ ហ្នឹងម្នាក់កូនស្រីនៅក្នុងសហគមន៍ចិញ្ចឹមទា ពាំនាំខ្ញុំអាចមានឱកាសច្រើនជាងអ្នកផ្សេងទៀតដោយសារតែខ្ញុំបានរៀនដូច្នេះខ្ញុំយកចំណេះជំនាញរបស់ខ្ញុំត្រលប់ទៅស្រុកភូមិរបស់ខ្ញុំ ទៅសហគមន៍របស់ខ្ញុំជាសារសំឡេងមួយពាំនាំពួកគាត់យកមកឱ្យទីផ្សារឃើញ យកមកឱ្យប្រជាជនយើងឃើញថាខ្មែរយើងធ្វើបានផលិតផលមួយដ៏ល្អហើយយើងអាចកែច្នៃបានទៅផ្សេងទៀតបង្កើតការងារពួកគាត់លែងចំណាកស្រុកទៀតហើយ ពីមុនមកសហគមន៍របស់ខ្ញុំ ម្តាយបែកពីកូន កូនបែកពីម្តាយអត់បានរៀនទេ គាត់ទៅធ្វើការនៅប្រទេសថៃ ធ្វើការនៅខេត្តឆ្ងាយៗកូនគាត់តូចៗត្រូវទៅតាមអ៊ីចឹងអត់មានសាលាចូលរៀនទេ នៅពេលខ្ញុំធ្វើពងទាហ្នឹងបានសហគមន៍ជួយបានច្រើន គាត់ត្រលប់មកវិញគាត់បន្តការចិញ្ចឹមទា ហើយកូនៗរបស់គាត់បានរៀនអ្នកខ្លះរៀនបានចប់សកលវិទ្យាល័យ ផ្នែកគណនេយ្យ គាត់បានជុំគ្រួសារ គាត់បាននិយាយអរគុណហើយគាត់ចង់មើលឃើញថាគឺជាតំណាងឱ្យពួកគាត់ម្នាក់ដែលកូនគាត់អាចមានឱកាសរៀនគាត់ក៏មានជីវភាពល្អជាងមុន ហើយគាត់មានអារម្មណ៍ថាដោយសារតែគាត់មិនចំណាកស្រុកហ្នឹងហើយកូនគាត់មានអនាគតល្អ ហើយគាត់ក៏អាចនៅជុំគ្រួសារមិនបែកបាក់ ខណៈអ្នកខ្លះអាចនឹងបែកបាក់គ្រួសារ ប្រពន្ធ កូនមានតែបំណុលជាប់ខ្លួនដោយសារតែពាក្យថាចំណាកស្រុកដែលពួកគាត់អត់មានចំណេះជំនាញច្រើនក្រៅពីយកកម្លាំងទៅដូរដើម្បីបានលុយហ្នឹងមក»។
លោកស្រី ម៉ោង ស្រីពៅ បច្ចុប្បន្នជាស្ថាបនិកភូមិពងទាខ្មែរ ជាកូនកសិករចិញ្ចឹមទាក្នុងសហគមន៍នៅក្នុងខេត្តកំពត និងជាកូនស្រីច្បងក្នុងចំណោមបងប្អូន៤នាក់ក្នុងគ្រួសារ អ្នកស្រីជាសិស្សឆ្នើមមួយរូបដែលទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន និងបន្តការសិក្សាបរិញ្ញាបត្រទំនាក់ទំនងអន្តរជាតិអក្សរសាស្រ្តជប៉ុន។ បន្ថែមពីនេះអ្នកស្រីក៏បានបន្តការសិក្សានៅប្រទេសប៉ែកអឺរ៉ុបមួយចំនួនថែមទៀតផងដែរ៕