ព្រះវិហារ៖ កម្លាំងប្រជាសហគមន៍ការពារធម្មជាតិបឹងជាំប្រិយ៍ខេត្តព្រះវិហារបានឃាត់ខ្លួនបុរសម្នាក់ ករណីចូលមក ឆក់ត្រីតាមមាត់បឹងក្នុងតំបន់ការពារ។ ករណីនេះប្រជាសហគមន៍តំបន់បឹងជាំប្រិយ៍ប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤ថា ក្រោយពីឃាត់ខ្លួនយកមកអប់រំហើយ ប្រជាសហគមន៍ក៏បានដោះលែងអ្នកនេសាទនោះវិញ ដោយណែនាំឱ្យបញ្ឈប់សកម្មភាពខុសច្បាប់តទៅទៀត ហើយបានដកហូតឧបករណ៍ឆក់ត្រីនោះមករក្សាទុក។
ជនសង្ស័យឆក់ត្រីឈរនៅកណ្តាល។រូបភាពពី មាន សុវណ្ណារិទ្ធ ។
តាមសេចក្តីរាយការណ៍របស់លោក លី សៅ ជាឆ្មាំការពារនៅក្នុងសហគមន៍បឹងជាំប្រិយ៍បានឲ្យដឹងថា ក្នុងតំបន់ការពារធម្មជាតិបឹងជាំប្រិយ៍នេះ តែងតែមានជនខិលខូចចូលមកធ្វើសកម្មភាពប្រព្រឹត្តិបទល្មើសខុសច្បាប់នានា ដូចជា បរបាញ់សត្វព្រៃ ដាក់អន្ទាក់ត្រី ឆក់ត្រី និងកាប់កូនឈើជាដើម។ លោកបន្តថា បច្ចុប្បន្នពលរដ្ឋដែលរស់នៅក្នុងភូមិរំចេក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ បានសម្ដែងការព្រួយបារម្ភ ពីការកក្រើកឡើងនូវបទល្មើសនានានៅក្នុងសហគមន៍ដែលជនខិលខូចបានកាប់បំផ្លាញព្រៃឈើ ដាក់អន្ទាក់សត្វ បរបាញ់សត្វស្ទើររាល់យប់ ខណៈឆ្មាំការពារមានគ្នាតិចមិនអាចល្បាតគ្រប់ជ្រុងជ្រោយ។
ប្រជាសហគមន៍តំបន់ការពារធម្មជាតិបឹងជាំប្រិយ៍។រូបភាពពីមាន សុវណ្ណារិទ្ធ ។
លោក ជាតិ ដែលទទួលបន្ទុកមើលការងារបន្តជំនួសលោកប្រធានសហគមន៍រស់នៅជិតតំបន់នោះបានឱ្យដឹងដែរថា លោកតែងតាមដានរាល់សកម្មភាពពួកក្រុមជនខិលខូចដែលតែងធ្វើសកម្មភាពបទល្មើសនានានាពេលកន្លងមក។ ជាងនេះលោកតែងតែណែនាំដល់ពួកគេដែលបរបាញ់សត្វក្នុងសហគមន៍ត្រូវបញ្ឈប់ជាបន្ទាន់ បើពុំដូចច្នោះទេ នឹងត្រូវប្រឈមមុខផ្លូវច្បាប់ជាប់ពន្ធធនាគារ។
ដោយឡែកលោក មាន សុវណ្ណារិទ្ធ ប្រធានសហគមន៍តំបន់បឹងជាំប្រិយ៍ បានដាក់បទបញ្ជាឲ្យតាមដានរាល់សកម្មភាពបទល្មើសដែលកើតមានក្នុងសហគមន៍ ករណីមានបទល្មើសលោកនឹងដឹកនាំកម្លាំងចុះបង្ក្រាបផ្ទាល់មិនថាពេលណាឬ ម៉ោងណានោះទេ។ ចំពោះមុខបញ្ហានេះលោកប្រធានសហគមន៍បឹងជាំប្រិយ៍បានស្នើសុំឲ្យសមត្ថកិច្ចមូលដ្ឋានចុះតាមដានបង្ក្រាប រាល់សកម្មភាពបទល្មើសនានាដែលតែងមាននៅក្នុងសហគមន៍ ខណៈសព្វថ្ងៃពលរដ្ឋស្ទើរគ្រប់ខ្នងផ្ទះមានម៉ាស៊ីនឆក់ត្រី និងកាំភ្លើងកែច្នៃ។
សកម្មភាពប្រធានសហគមន៍ចុះល្បាតព្រៃក្នុងតំបន់បឹងជាំប្រិយ៍។រូបភាពពីមាន សុវណ្ណារិទ្ធ ។
ការអំពាវនាវនេះ ដ្បិតឆ្មាំការពារពុំមានអាវុធអ្វីពេលចុះបង្ក្រាបបទល្មើសនោះទេ ប្រការនេះអាចមានហានិភ័យប្រឈមនឹងគ្រោះថ្នាក់ ខណៈជនខិលខូចមានអាវុធកាំភ្លើងច្នៃក្នុងដៃ៕
សកម្មភាពរបស់ប្រធានសហគមន៍ទៅរាយការណ៍ជូនសមត្ថកិច្ចពីករណីកក្រើកឡើងនូវបទល្មើសនានាក្នុងសហគមន៍បឹងជាំប្រិយ៍ស្ថិតនៅភូមិរំចេក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ ។រូបភាពពីមាន សុវណ្ណារិទ្ធ ។
អត្ថបទខ្លីសរសេរដោយ មាន សុវណ្ណារិទ្ធ សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន និងការថតរូប រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)។