កំពង់ចាម៖ កាលពីពេលថ្មីៗនេះ ក្រុមមន្រ្តីជំនាញផ្នែកពេទ្យសត្វបានបើកយុទ្ធនាការចុះផ្តល់វ៉ាក់សាំងបង្ការជម្ងឺផ្សេងៗដល់សត្វពាហនៈរបស់ប្រជាពលរដ្ឋក្នុងភូមិឃុំមួយចំនួននៃស្រុកកោះសូទិននិងស្រុកកំពង់សៀមដោយពុំគិតថ្លៃ។ ចំពោះមុខយុទ្ធនាការនេះ ប្រជាពលរដ្ឋមួយចំនួនដែលវិទ្យុស្រ្តីប្រចាំខេត្តកំពង់ចាមបានជួបសម្ភាសន៍បានថ្លែងអំណរគុណដល់ក្រុមគ្រូទេព្យដែលបានជួយចាក់វ៉ាក់សាំងគោក្របីរបស់ប្រជាពលរដ្ឋ។ មួយវិញទៀតពលរដ្ឋក៏ស្នើដល់មន្រ្តីពាក់ព័ន្ធសូមចុះមកជួយកសិករឱ្យបានញឹកញាប់ដើម្បីឆ្លើយតបនឹងបញ្ហារបស់កសិករឱ្យទាន់ពេលវេលា។
សកម្មភាពពេទ្យសត្វចុះចាក់វ៉ាក់សាំងបង្ការជម្ងឺសត្វគោក្របីជូនពលរដ្ឋដោយឥតគិតថ្លៃ។រូបភាព ឡេក ចាន់ពេជ្រ។
ប្រជាកសិករដែលចិញ្ចឹមគោក្របី និងពពែ ក្នុងឃុំកោះសូទិន នៃស្រុកកោះសូទិន បានឲ្យដឹងថា ក្នុងឆ្នាំនេះសត្វគោក្របីនិងពពែពុំសូវមានការឆ្លងជម្ងឺឡើយ ដូចជា ជម្ងឺដុំពក ជម្ងឺសារទឹក និងជម្ងឺផ្សេងៗ។
លោក កុល រ៉ា កសិករអ្នកចិញ្ចឹមគោនៅឃុំកោះសូទិនប្រាប់ថា លោកពិតសប្បាយរីករាយ និងអរគុណចំពោះ រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរថ្នាក់ខេត្ត ដែលបានដឹកនាំមន្ត្រីជំនាញពេទ្យសត្វ និងក្រុមការងារចុះពិនិត្យស្ថានភាពសត្វចិញ្ចឹម ដោយសេវាផ្តល់ជាវ៉ាក់សាំងបង្ការជម្ងឺផ្សេងៗដោយឥតគិតថ្លៃទៀត។
សកម្មភាពកសិករដឹកគោក្របីយកទៅឱ្យពេទ្យសត្វចាក់ថ្នាំបង្ការ។រូបភាព ឡេក ចាន់ពេជ្រ។
ទន្ទឹមនឹងនេះដែរ លោក ហេង វុធ្ធី កសិករចិញ្ចឹមគោ ក្នុងឃុំកោះសំរោង នៃស្រុកកំពង់សៀម ក៏បានលើកឡើងដែរថា ឲ្យតែរដូវវស្សាសត្វគោក្របីចាប់ផ្តើមមានជម្ងឺដុំពកឬជម្ងឺផ្សេងៗ គឺតែងមានមន្ត្រីពេទ្យសត្វចុះចាក់វ៉ាក់សាំងបង្កជម្ងឺផ្សេងៗ។ដូច្នេះប្រការនេះ ធ្វើឱ្យកសិករចំណេញថវិកាយ៉ាងច្រើនលើការព្យាបាលជម្ងឺអ្វីច្រើននិងមិនចាំបាច់ចំណាយប្រាក់ទិញវ៉ាក់សាំង។ ក្នុងនាមកកសិករចិញ្ចឹមគោ លោក វុធ្ធី ស្នើសុំឲ្យអាជ្ញាធរមូលដ្ឋាន រួមមន្ត្រីជំនាញសូមចុះពិនិត្យជួយផ្តល់ថ្នាំបង្ការជម្ងឺផ្សេងៗដល់អ្នកចិញ្ចឹមសត្វពាហនៈព្រោះអាចជួយលើកកម្ពស់ជីវភាពរបស់អ្នកស្រុកបានល្អប្រសើរ។
សកម្មភាពកសិករដឹកគោក្របីយកទៅឱ្យពេទ្យសត្វចាក់ថ្នាំបង្ការ។រូបភាព ឡេក ចាន់ពេជ្រ។
នៅក្នុងយុទ្ធនាការផ្តល់វ៉ាក់សាំងការពារជម្ងឺផ្សេងៗ លើសត្វពាហនៈនេះដែរ លោក នង ម៉េងហ៊ាង ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានអំពាវនាវដល់ប្រជាកសិករដែលចិញ្ចឹមគោ ក្របី ត្រូវយកចិត្តទុកដាក់ និងត្រូវសហការជាមួយមន្ត្រីជំនាញពេទ្យសត្វ ករណីប្រសិនបើមានការផ្ទុះឡើង ឬឆ្លងជម្ងឺដល់សត្វពាហនៈ កសិករត្រូវរាយការណ៍មកអាជ្ញាធរមូលដ្ឋាននិងភ្នាក់ងារពេទ្យភូមិជាបន្ទាន់។
សកម្មភាពពេទ្យសត្វចុះចាក់វ៉ាក់សាំងបង្ការជម្ងឺសត្វគោក្របីជូនពលរដ្ឋដោយឥតគិតថ្លៃ។រូបភាព ឡេក ចាន់ពេជ្រ។
ទន្ទឹមនឹងនេះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានជំរុញដល់មន្ត្រីពេទ្យសត្វត្រូវបន្តបេសកម្ម ចុះផ្តល់សេវាចាក់វ៉ាក់សាំងនេះឲ្យដល់ខ្នងផ្ទះតែម្តងប្រសិនបើកសិករពិបាកយកសត្វគោក្របី ឬសត្វចិញ្ចឹមផ្សេងមកដល់កន្លែងដែលក្រុមការងាររៀបចំ៕
អត្ថបទខ្លីសរសេរដោយ ឡេក ចាន់ពេជ្រ សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន និងការថតរូប រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)។