en     km
en     km

មន្រ្តីគ្រប់គ្រងគ្រោះមហន្តរាយនិងអភិបាលខេត្តកំពង់ធំចុះពិនិត្យស្ថានភាពទឹកជំនន់ខណៈបញ្ជាទប់ទំនប់ទឹកមួយចំនួន

Share

កំពង់ធំ៖ កាលពីថ្ងៃទី០៣ខែសីហា ឆ្នាំ២០២៤​ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង អភិបាលខេត្តកំពង់ធំ រួមជាមួយមន្រ្តីមន្ទីរស្ថាប័នពាក់ព័ន្ធមួយចំនួនបានចុះពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀង ដែលបង្កផលប៉ះពាល់ជន់លិចស្រូវរបស់ប្រជាពលរដ្ឋ  នៅក្នុងភូមិសាស្ត្រក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

សកម្មភាពលោកទេសរដ្ឋមន្ត្រី គន់ គីម និងលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ចុះពិនិត្យស្ថានភាពទឹកជំនន់និងផលខូចខាតរបស់បងប្អូនកសិករក្នុងខេត្តកំពង់ធំ។រូបភាពពី ពណ្ណរាយ។

ក្នុងដំណើរចុះពិនិត្យនោះលោកទេសរដ្ឋមន្ត្រី គន់ គីម និងលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំដែលទើបមកកាន់តំណែងថ្មីៗនេះ បានសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋដែលបានរងគ្រោះដោយសារទឹកជំនន់នារយៈពេលថ្មីៗនេះ និងបានប្រមូលព័ត៌មានពីផលខូចខាតដើម្បីត្រៀមពូជស្រូវជួយប្រជាពលរដ្ឋក្រោយទឹកសម្រកវិញ។

សកម្មភាពលោកទេសរដ្ឋមន្ត្រី គន់ គីម និងលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ចុះពិនិត្យស្ថានភាពទឹកជំនន់និងផលខូចខាតរបស់បងប្អូនកសិករក្នុងខេត្តកំពង់ធំ។រូបភាពពី ពណ្ណរាយ។

នាឱកាសនោះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានកោតសរសើរលោក នួន ផារ័ត្ន ដែលបានចាត់ចែងបញ្ជាឱ្យទប់ទំនប់ជាច្រើនកន្លែង ដើម្បីបញ្ជៀសទឹកកុំឱ្យជន់លិចស្រូវស្រែប្រាំង ដែលកសិករកំពុងច្រូតកាត់ដណ្តើមពីទឹកជាច្រើនហិកតាផងដែរ។

សកម្មភាពមន្រ្តីខេត្តបញ្ជាឱ្យក្រុមការងារចុះកាយដីធ្វើទំនប់កុំឱ្យលិចលង់ស្រូវប្រាំងរបស់កសិករខណៈកសិករកំពុងច្រូតស្រូវចេញពីទឹក។រូបភាពពី ពណ្ណរាយ។

ជុំវិញរឿងបិទទំនប់ទឹកទប់ស្កាត់កុំឱ្យជន់លិចខ្លាំងលើស្រូវប្រាំងរបស់កសិករនេះលោក ឆេង បូរា អ្នកគ្រប់គ្រងផ្នែកទំនប់ទឹកប្រាប់សិក្ខាកាមវិទ្យុស្រ្តីប្រចាំខេត្តកំពង់ធំថា ការទប់ទំនប់ទឹកមួយចំនួនក្នុងក្រុងស្ទឹងសែនអាចជួយកុំឱ្យទឹកលិចខ្លាំងលើស្រូវប្រាំងរបស់ប្រជាពលរដ្ឋ ខណៈប្រជាកសិករកុំប្រញាប់ច្រូតកាត់ស្រូវចេញពីក្នុងទឹក។ លោកថា​ការបិទទ្វារទំនប់ទឹកនេះអាចកាត់បន្ថយការលិចលង់ខ្លាំងលើផ្ទៃដីជិតមួយម៉ឺនហិកតាក្នុងឃុំកំពង់គោ ស្រុកកំពង់ស្វាយ និងក្រុងស្ទឹងសែន។ លោកបន្ថែមថា បច្ចុប្បន្ននេះប្រជាកសិករបានច្រូតស្រូវ​ចេញពីទឹកបានប្រហែល ៦០ ភាគរយហើយ។

ទិដ្ឋភាពស្រូវរបស់កសិករលិចលង់នាពេលថ្មីៗនេះ។រូបភាពពី ពណ្ណរាយ។

សូមជម្រាបជូនថា ក្រោយចុះពិនិត្យស្ថានភាពទឹកជំនន់ និងទទួលបានរបាយការណ៍ស្តីពីផលប៉ះពាល់ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នឹងបន្តរាយការណ៍ជូនសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដើម្បីផ្តល់ស្រូវពូជ ដល់ប្រជាកសិកររងគ្រោះ ស្តារបង្កបង្កើនផលពេលទឹកស្រកទៅវិញ។

ចំពោះមុខនេះកសិករបានសម្តែងក្តីរីករាយដែលមន្រ្តីពាក់ព័ន្ធបានយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋក្នុងគ្រាដែលប្រជាកសិករកំពុងរងការលិចលង់ដំណាំស្រូវជាច្រើនម៉ឺនហិកតា៕

អត្ថបទខ្លីសរសេរដោយ  ប៉ាត ពណ្ណរាយ សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន និងការថតរូប រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)។

Share

ព័ត៌មានទាក់ទង

Image