en     km
en     km

លោក​ វន​ ពៅ​ ថា​រដ្ឋាភិបាល​ត្រូវ​ទទួលខុសត្រូវ​ករណី​ហិង្សា​ លើ​អតីត​អ្នក​បើករថយន្ត​ក្រុង​កា​ពី​តូ​ល

Share

រូបភាព៖ CLC Cambodia
រូបភាព៖ CLC Cambodia

ភ្នំពេញ​៖​ បន្ទាប់​ពី​មាន​ករណី​ហិង្សា​ដែល​បង្កដោយ​ក្រុម​សមាជិកសមាគម​រួបរួម​គ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា​ (CCDA)​ ទៅ​លើ​អតីត​អ្នក​បើករថយន្ត​ក្រុង​ កា​ពី​តូ​ល​ កាលពី​ថ្ងៃ​សៅរ៍​ ស​ប្ដា​ហ៍​មុន​ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ លោក​ វ៉​ន​ ពៅ​ ថ្កោលទោស​ និង​បាន​លើក​ឡើង​ថា​ ករណី​ហិង្សា​នេះ​ រដ្ឋ​ត្រូវ​តែ​ទទួលខុសត្រូវ​ក្នុង​ការ​ផ្ដល់​យុត្ដិធម៌​ដល់​អ្នក​រង​គ្រោះ​។​

ពាក់ព័ន្ធ​ហិង្សា​ទៅ​លើក​អតីត​អ្នក​បើករថយន្ដ​កា​ពី​តូ​ល​នេះ​ដែរ​ កាលពី​ថ្ងៃ​សុក្រ​ ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ជាង​ ៣០​ បាន​ចេញ​សេចក្ដីថ្លែងការណ៍​រួម​ដោយ​ថ្កោលទោស​ចំពោះ​អ្នក​បង្ក​ហិង្សា​ និង​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដោះ​លែង​អ្នក​រត់​តាក់ស៊ី​ម្នាក់​ និង​អ្នក​រត់​រ៉ឺ​ម៉ក​កង់​បី​ម្នាក់​ផង​ដែរ​។​

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ លោក​ វ៉​ន​ ពៅ​ បាន​ថ្លែងប្រាប់​វិទ្យុ​ស្ដ្រី​ FM​ 102​ នៃ​ WMC​ ថា​ ករណី​ហិង្សា​ដែល​បង្ក​ឡើង​ដោយ​ក្រុម​សមាជិកសមាគម​រួបរួម​គ្នា​ដើម្បី​អភិវឌ្ឍន៍​ លើ​អតីត​អ្នក​បើ​រថយន្ដក្រុង​ ក្រុមហ៊ុន​កា​ពី​តូ​ល​កាលពី​ថ្ងៃ​សៅរ៍​ ស​ប្ដា​ហ៍​មុន​នោះ​ ករណី​នេះ​រដ្ឋាភិបាល​ត្រូវ​តែ​ទទួលខុសត្រូវ​ទាំងស្រុង​ក្នុង​ការ​ផ្ដល់​យុត្ដិធម៌​ដល់​ពួក​គាត់​ និង​អន្ដរាគមន៍​ឱ្យ​ថៅកែ​ក្រុមហ៊ុន​កា​ពី​តូ​ល​ទទួលយក​ពួក​គាត់​ចូល​ធ្វើការ​វិញ​។​

​លោក​បន្ថែម​ថា​៖​ «​សម្រាប់​ខ្ញុំ​ ត្រូវ​តែ​ជំរុញ​ឱ្យ​អាជ្ញាធរ​រដ្ឋ​ទទួលខុសត្រូវ​ ដើម្បី​ផ្ដល់​យុ​ត្ដិ​ធ​ម៍​ឱ្យ​តៃកុង​ឡាន​ទាំងនោះ​ ហើយ​ជំរុញ​ឱ្យ​ថៅកែ​ក្រុមហ៊ុន​កា​ពី​តូ​ល​ទទួល​តៃកុង​ឡាន​ទាំង​៤៥​នាក់​នោះ​ចូល​ធ្វើការ​វិញ​»​។​

លោក​ មឿ​ន​ តុលា
លោក​ មឿ​ន​ តុលា

ជុំវិញ​បញ្ហា​នេះ​ លោក​ មឿ​ន​ តុលា​ ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​ មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​ CLEC​ មាន​ ការ​សោកស្ដាយ​ចំពោះ​ក្រុមហ៊ុន​កា​ពី​តូ​ល​ ដែល​បញ្ឈប់​អ្នកបើកបរ​ទាំងអស់​នោះ​ ដោយ​គ្រាន់តែ​ពួក​គេ​មាន​បំណង​ចង់​បង្កើត​សហជីព​នោះ​។​ លោក​ថា​និ​យោ​ជិ​ក​ទាំងអស់​គឺ​មាន​សិទ្ធិ​បង្កើត​សហជីព​នៅ​ក្នុង​ក្រុមហ៊ុន​បាន​ ព្រោះ​ស្រប​ទៅ​តាម​ច្បាប់រដ្ឋធម្មនុញ្ញ​ ដែល​បាន​ចែង​ដោយ​មិន​ចាំបាច់​សុំ​ការ​អនុ​ញ្ញត្ដិ​ជា​មុន​ឡើយ​។​

​លោក​ មឿ​ន​ តុលា​ បាន​បញ្ជាក់​ថា​បញ្ហា​ហិង្សា​វិញ​ អាជ្ញាធរ​គួរ​មាន​វិធាន​ការណ៍​ជា​កំហិត​ ដើម្បី​ឱ្យ​ក្រុមហ៊ុន​កា​ពី​តូ​ល​គោរព​សិទ្ធិ​សេរីភាព​និ​យោ​ជិ​ក​។​ លោក​បាន​បន្ដ​ថា​បញ្ហា​វិវាទ​រវាង​ក្រុមហ៊ុន​ និង​បុ​គ្ក​លិ​ក​ក្រុមហ៊ុន​នេះ​ មិន​អាច​បញ្ចប់​បាន​នោះ​ឡើយ​ បើសិនជា​អាជ្ញាធរ​មិន​ប្រឹងប្រែង​អនុវត្ដ​តួនាទី​របស់​ខ្លួន​ឱ្យ​បាន​ម៉ឺងម៉ាត់​ទេ​នោះ​។​

លោក​បន្ថែម​ថា​៖​ «​រឿង​ដែល​បង្ក​មក​ហ្នឹង​គឺ​ដោយសារ​ក្រុមហ៊ុន​កា​ពី​តូ​ល​ អត់​គោរព​ច្បាប់​សិទ្ធ​សេរីភាព​របស់​ខ្លួន​ក្នុង​ការ​បង្កើត​សហជីព​ដែល​ធ្វើ​ឱ្យ​មានការ​តវ៉ា​ ហើយ​ការ​តវ៉ា​រាល់​ថ្ងៃនេះ​គឺ​តវ៉ា​សុំ​ឱ្យ​ក្រុមហ៊ុន​ទទួលយក​ពួក​គាត់​ចូល​ធ្វើការ​វិញ​ ហើយ​អាជ្ញាធរ​គាត់​មាន​តួនាទី​ចាប់បង្ខំ​ភាគី​ខាង​និយោជក​និង​ដើម្បី​ឱ្យ​គោរព​ច្បាប់​ហ្នឹង​ ឬ​ក៏​ភាគី​ណា​ក៏​ដោយ​ឱ្យ​តែ​មិន​គោរព​ច្បាប់​ អាជ្ញាធរ​គាត់​មាន​សិទ្ធ​ចាប់បង្ខំ​ឱ្យ​គោរព​ច្បាប់​ ប៉ុន្ដែ​លុះត្រាតែ​អាជ្ញាធរ​គាត់​គោរព​តូ​នាទី​របស់​គាត់​ជា​មុន​សិន​ទើប​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​»​។​

លោក ផៃ ស៊ីផាន
លោក ផៃ ស៊ីផាន

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ​ លោក​ ផៃ​ ស៊ី​ផា​ន​ រដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​ មាន​ប្រសាសន៍​ថា​ ភាគច្រើន​នៃ​ការ​តវ៉ា​របស់​បុគ្គលិក​ ឬ​កម្មករ​ មិនសូវ​ជា​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​មូលដ្ឋាន​ទេ​ ជា​ពិសេស​មិន​គោរព​គោលការណ៍​កូដកម្ម​ ឬ​បាតុកម្ម​ជាដើម​។​

លោក​បន្ថែម​ថា​៖​ «​មើល​លើ​អ្វី​ពេល​ធ្វើ​បាតុកម្ម​ ពេល​ធ្វើ​អ្វី​មិន​បាន​សុំ​ការ​អនុ​ញ្ញត្ដិ​ពី​ច្បាប់​ ហើយ​មិន​បាន​ធ្វើ​តាម​គោល​គារ​ណ៍​នៃ​ “​ច្បាប់​”​ ការពារ​គោត​កម្ម​ឬ​បាតុកម្ម​ហើយ​ដល់​ពេល​មាន​បញ្ហា​ដាក់បន្ទុក​មក​លើ​រដ្ឋាភិបាល​ រឿង​ហ្នឹង​មិន​យុ​ត្ដិ​ធ​ម៍​ហើយ​មិន​មាន​សេចក្ដី​ថ្លៃថ្នូរ​ជា​ពលរដ្ឋ​ល្អ​ទេ​»​។​

សូម​បញ្ជាក់​ថា​ អ្នក​បើករថយន្ដ​ក្រុង​កា​ពី​តូ​ល​ធ្វើ​កូដកម្ម​នៅ​មុខ​ក្រុមហ៊ុន​ជាង​ ២​ខែ​ មក​ហើយ​ បន្ទាប់​ពី​ថៅកែ​ក្រុមហ៊ុន​បញ្ឈប់​បុគ្គលិក​ចំនួន​ ៤៥​ នាក់​ ដោយ​ចោទ​ថា​ មិន​បាន​គោរព​តាម​បទបញ្ជាផ្ទៃក្នុង​ និង​កិបកេង​ទ្រព្យសម្បត្ដិ​របស់​ក្រុមហ៊ុន​៕

Share

ព័ត៌មានទាក់ទង

Image