សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសលុបកិច្ចសន្យាធ្វើអាជីវកម្មមួយតាមរូបភាពសាងសង់ ធ្វើអាជីវកម្ម និងផ្ទេរ (BOT) ស្តីពីការជួសជុល លើកំណាត់ផ្លូវ ១២១ មួយខ្សែ ដោយតភ្ជាប់ពីផ្លូវជាតិ លេខ២ ត្រង់ចំណុចផ្សារចំបក់ ដល់ភូមិទំនប់ ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ។
បើតាមលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានប្រាប់វិទ្យុស្រី្ត FM 102 នៃ WMC នៅថ្ងៃចន្ទ ទី៨ ខែកុម្ភៈ នេះថា រដ្ឋាភិបាលសម្រេចបញ្ចប់កិច្ចសន្យាស្តីពីការលុបចោលនូវកិច្ចសន្យាវិនិយោគតាមប្រព័ន្ធសាងសង់-អាជីវកម្ម-ផ្ទេរ (BOT) នេះ ព្រោះរដ្ឋាភិបាលចង់ជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅតំបន់នេះ ដោយកាត់បន្ថយរាល់ការចំណាយទាំងឡាយណាដែលមិនចាំបាច់នៅពេលធ្វើដំណើរឆ្លងកាត់ម្តងៗ។
លោកបានបន្តទៀតថា រដ្ឋាភិបាលនឹងធ្វើការសាងសង់ផ្លូវនោះដោយខ្លូនឯងវិញ ដើម្បីឱ្យពលរដ្ឋមានភាពងាយស្រួលក្នុងការធ្វើដំណើរប្រចាំថ្ងៃ៕