en     km
en     km

សហគមន៍​ព្រៃ​ឡង់​អះអាង​ថា​ បទល្មើស​ព្រៃឈើ​នៅ​តែ​កើត​មាន​ក្នុង​តំបន់​ព្រៃ​ឡង់

Share

cover-Preylang-logging
បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ក្នុង​ខេត្ត​ចំនួន​បួន​បាន​អៈ​អាង​ថា​ បទល្មើស​ព្រៃឈើ​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់​ទាំង​បួន​ខេត្ត​ពុំ​មានការ​ថយ​ចុះ​នោះ​ទេ​ ក្រោយ​ពី​ក្រុម​សហគមន៍​ បាន​ចុះ​ល្បាត​ព្រៃ​រយៈពេល​ ៥​ថ្ងៃ​ កន្លង​មកនេះ​។​ ការ​អះអាង​ខាងលើ​នេះ​ ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ នៅ​ឯ​មជ្ឈមណ្ឌល​វប្បធម៌​អា​ឡឺ​ម៉​ង់​ នៅ​ថ្ងៃ​ទី​០៨​ ខែកុម្ភៈ​នេះ​។

លោក​ កែវ​ សុខា​ រាយ​ការណ៍​ពី​ព័ត៌មាន​នេះ​៖​

យ៉ាង​ហោច​ណាស់​ មាន​ម៉ាស៊ីន​អារឈើ​ចំនួន​ ១៩​ គ្រឿង​ ឈើ​ជ្រៀក​រួច​ចំនួន​ ៧៥​ ម៉ែត្រគូប​ ឈើ​កាប់​រំលំ​មិន​ទាន់​ជ្រៀក​ចំនួន​ ១៥៩​ ដើម​ គល់ឈើ​កាប់​រួច​ថ្មី​ចំនួន​ ៧៨៧​ គល់​ ដែល​សហគមន៍​ព្រៃ​ឡង់​ទាំង​ ៤​ខេត្ត​ គឺ​ខេត្តកំពង់ធំ​ ក្រចេះ​ ស្ទឹង​ត្រែង​ ព្រះ​វិហារ​ នឹង​អាជ្ញាធរ​មូលដ្ឋាន​សហការ​គា្ន​ចាប់​បាន​លើ​បទល្មើស​ជាក់ស្តែង​ចំនួន​ ៤៣​ ករណី​។​

តំណាង​សហគមន៍​ព្រៃ​ឡង់​បាន​អះអាង​ថា​ ក្នុង​ពេល​ចុះ​ល្បាត​រយៈពេល​ ៥​ ថ្ងៃ​ គឺ​ចាប់ពី​ថ្ងៃ​ទី​០១​ដល់​ថ្ងៃ​ទី​០៥​ ខែកុម្ភៈ​ សហគមន៍​សង្កេត​ឃើញ​ថា​ សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​ទៅ​កាន់​ប្រទេស​វៀតណាម​នៅ​តែ​បន្ត​មាន​ដដែល​។​

លោក​ សុខ​ ធ្លក​ សមាជិក​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​ខេត្តកំពង់ធំ​និយាយ​ថា​ ព្រៃ​ឡង់​បច្ចុប្បន្ន​កំពុង​តែ​រង​នូវ​ការ​កាប់​បំផ្លាញ​ពី​សំណាក់​ជនល្មើស​ ក្រោម​រូបភាព​ក្រុមហ៊ុន​ទទួល​សិទ្ធិ​ដី​សម្បទាន​ពី​រដ្ឋាភិបាល​។​ លោក​បន្ត​ថា​ ប្រសិនបើ​ការ​ការពារ​ព្រៃ​ឡង់​មិន​មានការ​ចូលរួម​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ ជា​ពិសេស​គឺ​គណៈកម្មាធិការ​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​នោះ​ទេ​ នោះ​ព្រៃ​ឡង់​នឹង​ត្រូវ​បាត់បង់​នៅ​ថ្ងៃ​ណាមួយ​ជាក់​ជា​មិន​ខាន​ឡើយ​។​

លោក​ សុខ​ ធ្លក​៖​ «​ពួក​ខ្ញុំ​ធ្វើ​ទៅ​មានការ​គ​គំរាមកំហែង​ មានការ​ប្រមាថ​គុំ​គួ​ន​ជាដើម​ ពួក​ខ្ញុំ​មានការ​ភ័យ​ខ្លាច​ តែ​ពួក​ខ្ញុំ​នៅ​តែ​ព្យាយាម​។​ ប៉ុន្តែ​រឿង​សង្ឃឹម​សល់​ព្រៃ​មួយ​រយ​ភាគរយ​គឺ​អត់​សូវ​សង្ឃឹម​ប៉ុន្មាន​ទេ​ ប្រសិនបើ​គ្មាន​ការ​រួបរួម​គ្នា​ការពារ​ក្នុង​តំបន់​ព្រៃ​ឡង់​នោះ​»​។​

Preylang-loggingជុំវិញ​បញ្ហា​នេះ​ វិទ្យុ​ស្ត្រី​ FM​ 102​ នៃ​ WMC​ មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​លោក​ សៅ​ សុខា​ ប្រធាន​គណៈកម្មាធិការ​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​បាន​នៅឡើយ​ទេ​ នៅ​ថ្ងៃនេះ​ ដោយ​លោក​ជាប់រវល់​ប្រជុំ​។​

យោង​តាម​សេចក្តីថ្លែងការណ៍​របស់​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​បាន​សម្តែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ជុំវិញ​បទ​ល្មើ​ស​​​ព្រៃឈើ​នេះ​ ព្រោះ​ក្នុង​រយៈពេល​ ១០​ឆ្នាំ​ កន្លង​មកនេះ​ ព្រៃ​ឡង់​ត្រូវ​បាន​កាប់​បំផ្លាញ​ និង​ឈូស​ឆាយ​ពី​សំណាក់​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ និង​ក្រុមហ៊ុន​រុករក​រ៉ែ​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់​។​

សេចក្តីថ្លែងការណ៍​ដដែល​បន្ត​ថា​ តំបន់​ព្រៃស្រោង​រាប់​ម៉ឺន​ហិច​តា​ ត្រូវ​បាន​កាប់​បំផ្លាញ​ និង​ដាំ​ជំនួស​ដោយ​ដើម​កៅស៊ូ​ ដំឡូង​មី​ អាកា​ស្យា​ ម៉ៃសាក់​ ប្រេងខ្យល់​ និង​ដើម​ថ្កូវ​ជាដើម​។​

សហគមន៍​ព្រៃ​ឡង់​បាន​ស្នើ​ដល់​គណៈកម្មាធិការ​ទប់ស្កាត់​ និង​ប​ង្រា​ប​បទល្មើស​ព្រៃឈើ​ ចាត់វិធានការ​ និង​អន្តរាគមន៍​ជា​បន្ទាន់​ ដើម្បី​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​ឡង់​នេះ​។​ លើស​ពី​នេះ​ទៀត​ ស្នើ​ឱ្យ​រាជរដ្ឋាភិបាល​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ដល់​មន្ត្រី​ អាជ្ញាធរ​ដែនដី​ និង​មេ​ឈ្មួញ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម​ឈើ​ និង​កាប់​បំផ្លាញ​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់​ដោយ​ខុសច្បាប់​ ជា​ពិសេស​នោះ​ស្នើ​ឱ្យ​បញ្ឈប់​គ្រប់​សកម្មភាព​គម្រាមកំហែង​ពី​ប្រព័ន្ធ​តុលាការ​ និង​កងកម្លាំង​មាន​សមត្ថកិច្ច​ចំពោះ​សកម្មជន​ការពារ​ព្រៃ​ឡង់​ជាដើម​៕

Share

Image
Image
Image