កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)ជាមួយបណ្ដាញអ្នកសារព័ត៌មានស្ត្រី(CFJ) បានរៀបចំ “វេទិកាអ្នកសារព័ត៌មានស្ត្រី” ដល់អ្នកសារព័ត៌មានស្ត្រីប្រមាណ២៥នាក់ នៅខេត្តសៀមរាប។
វេទិកាជំនួបអ្នកសារព័ត៌មានស្ត្រីរយៈពេលមួយថ្ងៃពេញនៅសណ្ឋាគារ ស្ដារីអង្គរ ខេត្តសៀមរាប ធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីកបណ្តាញអ្នកសារព័ត៌មានស្ត្រីឱ្យច្រើននិងកាន់តែជិតស្និទ្ធ ផ្ដល់ឱកាសដល់អ្នកសារព័ត៌មានចែករំលែកបទពិសោធការងារគ្នាទៅវិញទៅមក ជជែកពីប្រឈមនានាអំឡុងពួកគេបំពេញការងារ និងវិធីសាស្ត្រដោះស្រាយ។
មិនខុសពីវេទិកាជំនួបអ្នកសារព័ត៌មានស្ត្រី ក្នុងវគ្គមុនៗ WMC តែងអញ្ជើញវាគ្មិនពោរពេញដោយសមត្ថភាព មកចូលរួមចែករំលែកដល់អ្នកចូលរួមក្រោមប្រធានបទផ្សេងៗគ្នា។
ជាក់ស្ដែង ក្នុងវេទិកាអ្នកសារព័ត៌មានស្ត្រី ដែលធ្វើឡើងនៅខេត្តសៀមរាបនេះ WMC បានអញ្ជើញអ្នកជំនាញផ្នែកប្រឹក្សាផ្លូវចិត្តមកចូលរួម ក្នុងន័យជួយអ្នកសារព័ត៌មានឱ្យយល់ដឹងពីរបៀបនៃការគ្រប់គ្រងផ្លូវបញ្ហាផ្លូវចិត្ត ពង្រឹងសុខុមាលភាពផ្លូវចិត្ត រួមទាំងរបៀបដោះស្រាយជាមួយនឹងទស្សនៈបុគ្គល វិបត្តិផ្លូវចិត្ត ឬស្ថានភាពផ្លូវចិត្តផ្សេងទៀត។
សូមបញ្ជាក់ថា ក្នុងចំណោមអ្នកសារព័ត៌មាន២៥នាក់ ដែលមកចូលរួមក្នុងវេទិកាអ្នកសារព័ត៌មានស្ត្រីខាងលើ មាន៦នាក់មកពីមន្ទីរព័ត៌មានខេត្តសៀមរាប ខេត្តកំពង់ធំ និងខេត្តឧត្ដរមានជ័យ។ ក្រៅពីនោះ សុទ្ធសឹងជាអ្នកសារព័ត៌មានស្ត្រីមកពីស្ថាប័ន អង្គការ និងខ្លះជាអ្នកសារព័ត៌មានឯករាជ្យ មកពីខេត្តបន្ទាយមានជ័យ សៀមរាប និងរាជធានីភ្នំពេញ។
គិតត្រឹមខែកក្កដា ឆ្នាំ២០២៤ WMC និង CFJ បានរៀបចំវេទិកាជំនួបអ្នកសារព័ត៌មានស្ត្រីបានចំនួន១៨លើកមកហើយ ខណៈជំនួបលើកទី១៩ នឹងធ្វើឡើងនៅខេត្តព្រះសីហនុ ក្នុងអំឡុងខែសីហាខាងមុខនេះ៕
Post Views: 17