ភ្នំពេញ៖ ភរិយារបស់សកម្មជនកិច្ចព្រមព្រៀងទីក្រុងប៉ារីសនិងអង្គការសិទ្ធិមនុស្សដែលឃ្លាំមើលរឿងនេះ កំពុងស្វះស្វែងរកព័ត៌មានបន្ថែម ដើម្បីជាភស្តុតាងជួយដោះបន្ទុកជូនស្វាមីរបស់ខ្លួន បន្ទាប់ពីតុលាការបានចោទប្រកាន់ពីបទ«ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។
(កញ្ញា សុខនី ជូនសេចក្តីរាយការណ៍)
ក្រុមគ្រួសារសកម្មជនកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងអង្គការសិទ្ធិមនុស្ស កំពុងធ្វើការជាមួយគ្នា ដើម្បីប្រមូលព័ត៌មានជុំវិញការបញ្ចេញមតិយោបល់របស់ស្វាមីខ្លួន ដែលរិះគន់លើគម្រោងផ្ដួចផ្ដើមបង្កើតតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម(CLV) ខណៈនាំទុក្ខទោសដល់ខ្លួនរហូតត្រូវតុលាការភ្នំពេញចោទបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។
អ្នកស្រី ស្វាយ ពៅ ភរិយារបស់លោក សាន សិទ្ធ ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី២៦ ខែកក្កដាថា មកដល់ពេលនេះ អ្នកស្រីមិនទាន់បានជួបស្វាមីរបស់ខ្លួននៅឡើយទេ ខណៈប្តីរបស់អ្នកស្រីត្រូវបានឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី១ ឬព្រៃស។ តែយ៉ាងករណីចោទប្រកាន់ពីតុលាការ អ្នកស្រីបានសុំជំនួយរកមេធាវីពីអង្គការលីកាដូ និងអង្គការអាដហុករួចហើយ។
ចំពោះការចោទប្រកាន់មកលើស្វាមីរបស់អ្នកស្រីនេះ អ្នកស្រីយល់ថា ជារឿងមិនគួរឱ្យកើតមានសោះ។ មិនគួរឱ្យកើតឡើង ដ្បិតប្តីរបស់អ្នកស្រីមិនបានបញ្ចេញមតិអ្វីពីកិច្ចព្រមព្រៀង CLV ពោលគឺគ្រាន់តែចូលរួមស្ដាប់និងផ្ដល់កន្លែងសម្រាប់ឱ្យលោក ស្រ៊ុន ស៊្រន និងសហការី និយាយបកស្រាយអំពីគុណសម្បត្តិ និងគុណវិបត្តិនៃកិច្ចព្រមព្រៀង CLVតែប៉ុណ្ណោះ។
អ្នកស្រី ស្វាយ ពៅ ៖ «ការពិតនៅក្នុងនោះពួកខ្ញុំគ្រាន់តែជាអ្នកស្ដាប់ទេ ហើយពួកគាត់ក៏មិនទាន់បានបញ្ចេញយោបល់អីថាយ៉ាងមិចអីដែរ ពួកខ្ញុំអត់ទាន់បានបញ្ចេញមតិយោបល់ទេ ហើយលោកគ្រូស្រ៊ុន ស្រ៊នហ្នឹងគាត់មកបង្រៀននៅផ្ទះខ្ញុំហ្នឹងឯង ហើយចាប់ហ្នឹងនៅផ្ទះខ្ញុំដែរ។ អញ្ចឹងពួកខ្ញុំបានត្រឹមតែអង្គុយស្ដាប់ហ្នឹង ខ្ញុំមិនទាន់បានបញ្ចេញមតិយោបល់អីផងហ្នឹង ហើយការចាប់នោះ លឺតែចាប់តែពីរនាក់ទេ ដល់ពេលដែលទៅ គឺទៅទាំងប្ដីខ្ញុំដែរ វាអញ្ចឹង អូនលឺពីគាត់ទេ ថាចាប់បញ្ជូនពីសៀមរាប មានតែពីរនាក់ ដល់ពេលបញ្ជូនទៅមិនមានពីរនាក់ទេ ប៉ុន្តែមានដល់តែបីនាក់»។
ចំណែកអ្នកស្រី ស៊ឹង សុភីណា ជាប្រពន្ធរបស់លោក ស៊្រុន ស្រ៊ន ប្រាប់ថាមកដល់ពេលបានព្យាយាមរកមេធាវី និងបានប្រឹក្សាយោបល់ជាមួយអង្គការសិទ្ធិមនុស្ស អាដហុក ដើម្បីប្រមូលព័ត៌មាន ដែលអាចជួយរកដំណោះស្រាយយ៉ាងណាជួយដល់ស្វាមីរបស់ខ្លួនឱ្យរួចផុតពីការចោទប្រកាន់នេះ។
អ្នកស្រី ស៊ឹង សុភីណា ៖ «និយាយរួមកំពុងតែរក អត់ទាន់បានទេ ខ្ញុំអត់សូវដឹងរឿងហ្នឹងខ្ញុំអត់បានតាមដានខ្ញុំនៅតែផ្ទះអញ្ចឹង ខ្ញុំអត់សូវដឹងរឿងទេ។ រឿងហ្នឹងទាល់តែចាំជួបគាត់ផ្ទាល់ បានបានអាចនិយាយបានអញ្ចឹងណា ដោយសារតែខ្ញុំអត់ដឹងព័ត៌មានច្បាស់លាស់ អញ្ចឹងស្អីក៏ខ្ញុំអត់ទាន់គិតឃើញឱ្យប្រាកដដែរ អញ្ចឹងចម្លើយអត់ទាន់មានអីឱ្យប្រាកដទេ»។
ជុំវិញរឿងនេះ លោក នី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្ស អាដហុក បញ្ជាក់ប្រាប់វិទ្យុស្ដ្រីថា ក្រោយពីមានការចោទប្រកាន់ពីបទបែបនេះ សមាគមអាដហុក និងក្រុមគ្រួសាររបស់សកម្មជនកិច្ចព្រមព្រៀងទីក្រុងប៉ារីស កំពុងតែពិភាក្សាគ្នា ដើម្បីប្រមូលព័ត៌មានដែលអាចជួយដោះបន្ទុកជូនសាមីរបស់ពួកគេ។
លោកបន្តទៀតថា ចំណែកការផ្ដល់សេវាផ្នែកមេធាវីដល់សកម្មជនទាំងនោះ គឺសមាគមលោកក៏មិនទាន់ផ្ដល់ជូននូវឡើយ ដោយរង់ចាំប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ហើយនិងត្រូវលក្ខខណ្ឌរបស់សមាគម ទើបអាចផ្ដល់សេវាមេធាវីនេះជូនដល់សកម្មជនទាំងនោះបាន។
លោក នី សុខា ៖ «ខ្ញុំក៏គ្រាន់តែយល់ថារឿងនេះវាពាក់ព័ន្ធទៅលើការវិភាគទៅលើថាតើប្រសាសន៍របស់លោក ស្រ៊ុន ស្រ៊ន វាពាក់ព័ន្ធទៅនឹងរឿងបទល្មើស ឫវាពាក់ព័ន្ធត្រឹមកម្រិតក្នុងការប្រើប្រាស់សេរីភាពក្នុងការបញ្ចេញមតិ? អញ្ចឹងយើងមើលប្រសិនជាក្នុងសង្គមប្រជាធិបតេយ្យ មានន័យថាសេរីភាពនៃការបញ្ចេញមតិ ត្រូវបានគេបើកឱ្យមានការបញ្ចេញមតិដោយទូលំទូលាយ។ ដូច្នេះនៅពេលដែលប្រជាពលរដ្ឋមានការបញ្ចេញមតិ បើទោះបីជាការបញ្ចេញមតិហ្នឹងថាគាត់មានការលើសលស់ ប៉ុន្តែតួនាទីរបស់រាជរដ្ឋាភិបាល គឺត្រូវតែមានការពន្យល់ ពន្យល់ឱ្យប្រជាពលរដ្ឋនឹងយល់ថាតើការបញ្ចេញមតិហ្នឹងកម្រិតប៉ុណ្ណា? បើអញ្ចឹងអានេះ យើងមិនគួរយកច្បាប់ហ្នឹងទៅចាប់អូសដំណើរទៅក្នុងរឿងហ្នឹងទេ អាហ្នឹងជាក្របខ័ណ្ឌនៃសេរីភាពបញ្ចេញមតិអញ្ចឹងណា»។
ពាក់ព័ន្ធនឹងករណីនេះ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់លោក ស៊្រុន ស្រ៊ន កញ្ញា ភឹង សោភា លោក ចក់ ប៉ានមុន្នី និងលោក សាន សិទ្ធ ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដែលប្រព្រឹត្តនៅប្រទេសកម្ពុជា កាលអំឡុងខែកក្កដា ឆ្នាំ២០២៤ និងពេលបន្តបន្ទាប់ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមមាត្រា ៤៨៤ និងមាត្រា ៤៩៥ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ នេះបើសេចក្ដីប្រកាសរបស់សាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤។
តុលាការបន្ថែមថា បទចោទលើជនទាំង ៤នាក់នេះ គឺដោយសារលោក ស៊្រុន ស្រ៊ន បានបង្ហោះវីដេអូក្នុងបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួនពាក់ព័ន្ធទៅនឹង «គម្រោងអភិវឌ្ឍតំបន់ត្រីកោណរវាងរដ្ឋាភិបាលកម្ពុជា ឡាវ វៀតណាម (CLV-DTA)» និងបានធ្វើការអត្ថាធិប្បាយដែលមានចរិកលក្ខណមួលបង្កាច់ ប្រឌិតព័ត៌មានមិនពិត ដែលធ្វើឡើងក្នុងចេតនាទុច្ចរិត ញុះញង់ បញ្ឆេះកំហឹងប្រជាពលរដ្ឋឱ្យ ប្រឆាំងនឹងការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។ ចំពោះសកម្មភាពនេះ សាលាដំបូងរាជធានីភ្នំពេញថា បានបង្កឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខជាតិ។
បើតាមសេចក្ដីប្រកាសខាងលើ បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាងហើយ ចៅក្រមស៊ើបសួរ បានសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទទាំង ៤នាក់ ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់។
សូមរំលឹកដែរថា លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា លោក ចក់ ប៉ានមុន្នី និងលោក សាន សិទ្ធ ជាសកម្មជនកិច្ចព្រមព្រៀងទីក្រុងប៉ារីស ត្រូវបានសមត្ថកិច្ចខេត្តសៀមរាប ចាប់ខ្លួនកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ក្រោយពីសកម្មជនទាំងនោះបានធ្វើការរិះគន់មិនសំចៃមាត់ពីគំនិតផ្ដួចផ្ដើមបង្កើតតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម។ គិតមកដល់ថ្ងៃទី២៦ ខែកក្កដានេះ ក្រុមសកម្មជនកិច្ចព្រមព្រៀងទីក្រុងប៉ារីស ត្រូវបានឃុំខ្លួនបណ្ដោះអាសន្នអស់រយៈពេល ៣ថ្ងៃហើយ៕