ប្រមុខរាជរដ្ឋាភិបាលកម្ពុជាមានបំណងបង្កើតមូលនិធិមួយ ដើម្បីជួយទ្រទ្រង់ដល់ផលិតករក្នុងការផលិតខ្សែភាពយន្តខ្មែរ ដែលកំពុងជួបការខ្វះខាតថវិកាផលិតខ្សែភាពយន្ត។ ការបង្កើតឱ្យមានមូលនិធិនេះ ក្នុងគោលបំណងដើម្បីអាចឱ្យផលិតករដែលខ្វះខាតថវិកាក្នុងការផលិតខ្សែភាពយន្តរបស់ខ្លួន អាចខ្ចីថវិកាពីមូលនិធិនេះ យកទៅប្រើប្រាស់ក្នុងការផលិតខ្សែ ភាពយន្ត ហើយនៅពេលដែលចាក់បញ្ចាំងបានចំណូលពីខ្សែភាពយន្តនេះហើយ សឹមយកមកសងមូលនិធិវិញ។
លោក ជួន សារ៉េត រាយការណ៍ពីព័ត៌មាននេះ!
រដ្ឋមន្ត្រីក្រសួងព័ត៌មានបានមានប្រសាសន៍ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានបំណងបង្កើតមូលនិធិមួយ ដើម្បីជួយវិស័យសិល្បៈភាពយន្តខ្មែរ ដែលកំពុងខ្វះខាតថវិកា។
នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ដែលបានផ្សាយកាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៦ ។ ក្នុងការផ្សាយនោះស្រង់ប្រសាសន៍លោក ខៀវ កាញារីទ្ធ បន្តថា ការបង្កើតមូលនិធិនេះ គឺសម្រាប់ទ្រទ្រង់ដល់ផលិតករក្នុងការផលិតខ្សែភាពយន្តខ្មែរ ដោយពួកគេអាចខ្ចីថវិកាពីមូលនិធិនេះ យកទៅប្រើប្រាស់ក្នុងការផលិតខ្សែភាពយន្ត ហើយនៅពេលដែលពួកគេទទួលបានចំណូលពីការចាក់បញ្ចាំងខ្សែភាពយន្តរបស់ខ្លួនហើយនោះ សឹមពួកគេយកមកសងឱ្យមូលនិធិវិញ។
យោងតាមសារព័ត៌មានដដែលបានបន្ថែមទៀតថា រដ្ឋមន្ត្រីក្រសួងព័ត៌មានក៏បានជំរុញឱ្យសមាគមសិល្បករខ្មែរ រួមទាំងអ្នកពាក់ព័ន្ធ ពិភាក្សាគ្នារកយន្តការត្រឹមត្រូវមួយ ហើយលើកជាសំណើទៅប្រមុខរាជរដ្ឋាភិបាល ដើម្បីសម្រេចបង្កើតនូវមូលនិធិនេះឡើង។
រដ្ឋមន្ត្រីរូបនេះក៏បានជំរុញលើកទឹកចិត្តដល់អ្នកផលិតខ្សែភាពយន្តខ្មែរ និងតួសម្តែង ទាំងអស់ឱ្យខិតខំរួមសាមគ្គីគ្នា ក្នុងការធ្វើយ៉ាងណាឱ្យខ្សែភាពយន្ត ក៏ដូចជាកម្មវិធីផ្សេងៗទៀត ដែលផលិតដោយខ្មែរខ្លួនឯង កាន់តែមានភាពទាក់ទាញ និងមានគុណភាពល្អ។
ទាក់ទងនឹងការលើកទ្បើងខាងលើនេះដែរ ផលិតករខ្សែភាពយន្ត លោក វង្ស ពិសិដ្ឋ បាន ប្រាប់វិទ្យុស្ត្រី FM 102 នៃ WMC នៅថ្ងៃទី០៧ ខែកុម្ភៈ នេះដែរថា លោក គាំទ្រផែនការរបស់រាជរដ្ឋាភិបាលដែលមានបំណងបង្កើតឱ្យមានមូលនិធិនេះឡើង។ លោក វង្ស ពិសិដ្ឋ បានបន្ថែមទៀតថា ប្រសិនបើមូលនិធិមួយនេះកើតទ្បើងហើយនោះ នឹងអាចជួយសម្រួលទៅដល់ផលិតករមួយចំនួន ដែលកំពុងតែខ្វះខាតថវិកាក្នុងផលិតខ្សែភាពយន្តរបស់ខ្លួន អាចខ្ចីថវិកាពីមូលនិធិមួយនេះបាន។
«បងគាំទ្រ ចំពោះគំនិតបងផ្ទាល់ព្រោះថា ឧបមាថា បងចង់ផលិតរឿងភាគមួយ មានទូរទស្សន៍មួយគេចាំតែយកហើយ ប៉ុន្តែគេច្រើនឱ្យបងចេញលុយខ្លួនឯងផលិតសិន តែបងអត់លទ្ធភាពអត់មានលុយ អញ្ចឹងបងត្រូវស្ទះនៅត្រឹមហ្នឹងហើយ ប៉ុន្តែបងផលិតហើយគេដឹងទិញយើងឱ្យលុយយើងហើយ…»។
ចំណែកឯផលិតករខ្សែភាពយន្តមួយរូបទៀតគឺ លោក លី វេត បានប្រាប់វិទ្យុស្ត្រីនៅថ្ងៃនេះដែរថា លោកមានអារម្មណ៍រំភើប នៅពេលដែលលោកបានដឹងថា រដ្ឋាភិបាលមានបំណងបង្កើតមូលនិធិទ្រទ្រង់សម្រាប់ជួយដល់ផលិតករក្នុងការផលិតខ្សែភាពយន្ត។ លោក លី វេត បន្តថា មូលហេតុដែលលោកមានអារម្មណ៍រំភើបនោះ ដោយសារតែអ្នកដែលជាផលិតករភាពយន្តនឹងមានដើមទុន មួយដោយសារតែមូលនិធិខាងលើនេះ នឹងអាចឱ្យផលិតករខ្ចីថវិកាទៅផលិតខ្សែភាពយន្តរបស់ខ្លួននៅពេលដែលខ្លួនជួបការលំបាកផ្នែកហិរញ្ញវត្ថុ។
«បាទ! មានប្រយោជន៍ខ្លាំងណាស់ ព្រោះផលិតករខ្លះមានគំនិតច្រើនចង់ផលិតអ្វីមួយប៉ុន្តែគាត់ខ្វះថវិកា។ ប្រសិនបើរាជរដ្ឋាភិបាលគាត់រៀបចំកម្មវិធីមូលនិធិនេះទ្បើង ខ្ញុំគិតថាផលិតករដែលមានស្នាដៃដែលចង់បង្ហាញគំនិតថ្មីៗហ្នឹង គាត់មានឱកាសចង់បង្ហាញពីគំនិតរបស់គាត់បាទ…»។
យ៉ាងណាក៏ដោយ វិទ្យុស្ត្រីមិនអាចសុំការបញ្ជាក់បន្ថែមពីលោក ខៀវ កាញារីទ្ធ ពាក់ព័ន្ធនឹងនីតិវិធីក្នុងការខ្ចីថវិកានេះទេ។ សំណួរសំខាន់មួយសម្រាប់បញ្ហានេះគឺថា តើស្នាដៃរបស់ផលិតករនោះ មានការវាយតម្លៃ ឬមានកិច្ចព្រមព្រៀងទិញជាមុនទេ ទើបអាចខ្ចីលុយពីមូលនិធិបាន? បើសិនជាផលិតករបរាជ័យ មិនអាចលក់ស្នាដៃរបស់ខ្លួន រកថវិកាសងមូលនិធិវិញ តើនឹងទៅជាយ៉ាងណា?
សូមជម្រាបជូនផងដែរថា ក្រសួងព័ត៌មានធ្លាប់បានចេញសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ កន្លងទៅនេះ ដោយតម្រូវឱ្យគ្រប់ស្ថានីយទូរទស្សន៍ក្នុងស្រុកទាំងអស់ត្រូវផ្សាយវណ្ណកម្មខ្មែរចាប់ពីម៉ោង ៧ យប់ ដល់ ម៉ោង ៩ យប់។ ការចេញសេចក្តីប្រកាសព័ត៌មាននេះក្នុងគោលបំណងដើម្បីលើកស្ទួយវិស័យវប្បធម៌ប្រពៃណីដ៏ផូរផង់របស់ខ្មែរយើង៕