en     km
en     km

អង្គការសិទ្ធិមនុស្ស ចង់ឱ្យអាជ្ញាធរបញ្ឈប់ការប្រើប្រព័ន្ធតុលាការដាក់ទោសសកម្មជនកិច្ចព្រមព្រៀងទីក្រុងប៉ារីស

Share

រូបភាពអាជ្ញាធរចាប់ខ្លួនសកម្មជនផ្សព្វផ្សាយសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស។ ហ្វេសប៊ុកសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ស្ដីពីកម្ពុជា។

ក្រុមអង្គការសិទ្ធិមនុស្ស និងគណបក្សក្រៅរាជរដ្ឋាភិបាល ចង់ឱ្យអាជ្ញាធរធ្វើការណែនាំសកម្មជនកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលបាននិយាយរិះគន់ពីតំបន់ត្រីកោណអភិវឌ្ឍន៍រវាងកម្ពុជា ឡាវ និងវៀតណាម (CLV) ចៀសវាងប្រើប្រាស់ប្រព័ន្ធតុលាការដាក់ទោសសកម្មជនទាំងនោះ ដែលប្រការនេះធ្វើឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាពនៃការបញ្ចេញមតិ។

(កញ្ញា សុខនី ជូនសេចក្តីរាយការណ៍)

 

 

លោក ស្រ៊ុន ស្រ៊ន មានងារថាសកម្មជនកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងសហការរបស់លោក ត្រូវបានសមត្ថកិច្ចខេត្តសៀមរាបឃាត់ខ្លួនកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ហើយនៅថ្ងៃ២៤ ខែកក្កដានេះ មានសេចក្តីរាយការណ៍មកថា ក្រុមសកម្មជនកិច្ចព្រមព្រៀងទីក្រុងប៉ារីសត្រូវបានបញ្ជូនមកឃុំនៅពន្ធនាគារនៅភ្នំពេញ។

ការចាប់ខ្លួនក្រុមសកម្មជនកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ ធ្វើឡើងបន្ទាប់ពីពួកគេធ្វើការរិះគន់មិនសំចៃមាត់ពីគំនិតផ្តួចផ្តើមបង្កើតតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម ហៅកាត់ថា CLV។ ហើយការចាប់ខ្លួននេះ ក៏ធ្វើឡើងស្របពេលដែលអតីតនាយករដ្ឋមន្រ្តីនិងជាប្រធានព្រឹទ្ធសភាសម្តេច ហ៊ុន សែន បានចេញមុខបកស្រាយពីតំបន់ CLV នេះ ដោយព្រមានមិនលើកលែងចំពោះជនណាដែលបំប៉ោងព័ត៌មានថា គំនិតបង្កើតតំបន់ CLV របស់សម្តេចនេះ ឈានទៅបាត់បង់ខេត្តដូចបាត់បង់ទឹកដីកម្ពុជាទៅឱ្យវៀតណាមផងដែរ។

ជុំវិញការចាប់ខ្លួននេះ លោក នី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្ស អាដហុក ប្រាប់វិទ្យុស្ដ្រីនៅព្រឹកថ្ងៃទី២៤ ខែកក្កដាថា កម្ពុជាជាប្រទេសដែលកាន់នូវរបបប្រជាធិបតេយ្យសេរី ដូច្នេះប្រជាពលរដ្ឋ គឺជាម្ចាស់អំណាច និងជាម្ចាស់ទឹក ម្ចាស់ដី ម្ចាស់ប្រទេសផងដែរ។ ហេតុនេះក្នុងសង្គមប្រជាធិបតេយ្យលោកយល់ថា ថ្នាក់ដឹកនាំត្រូវបើកលំហរសិទ្ធិសេរីភាពបញ្ចេញមតិឱ្យប្រជាពលរដ្ឋបានបញ្ចេញនូវក្ដីកង្វល់ ឬក៏ការព្រួយបារម្ភផ្សេងៗក្នុងដំណើរការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល។

លោកបន្តទៀតថា ប្រសិនជាការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ មានការមិនសមរម្យ ឬក៏ហួសពីការពិត គឺថ្នាក់ដឹកនាំអាចធ្វើពន្យល់ និងបកស្រាយទៅកាន់សាធារណជន អំពីបញ្ហាទាំងអស់នោះ ចៀសវាងការប្រើប្រាស់យន្តការតាមផ្លូវច្បាប់ ដើម្បីដាក់ទណ្ឌកម្ម ហើយនិងប្រើប្រាស់យន្តការតាមផ្លូវតុលាការ ដើម្បីចាប់ខ្លួនជាដើម។ ការប្រើប្រាស់យន្តការទាំងនោះ លោកថា ធ្វើឱ្យប៉ះពាល់លំហរសេរីភាពនៃការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ ពីព្រោះការសម្ដែងមតិនេះ គឺមិនមែនសំដៅតែមតិស្របនោះទេ ទាំងមតិមិនស្របក៏ត្រូវបានប៉ះពាល់ដែរ។

លោក នី សុខា ៖ «អញ្ចឹងហើយយើងគ្រាន់តែថាប្រសិនបើការបញ្ចេញមតិរបស់លោក ស្រ៊ុន ស្រ៊ន វាមានផលប៉ះពាល់ជាអវិជ្ជមាននៅក្នុងកន្លែងត្រង់ណាមួយ គិតថាល្អដែលរាជរដ្ឋាភិបាលគួរតែមានការពន្យល់ ចៀសវាងយើងប្រើប្រាស់នូវយន្តការចាប់ខ្លួនមកដាក់ទោស មកដាក់ទោសទណ្ឌអញ្ចឹង ពីព្រោះបើថាអាហ្នឹងចង់ឬមិនចង់ ដូចខ្ញុំបានជំរាបថា វាធ្វើឱ្យប៉ះពាល់ដល់សេរីភាពលំហរនៃសេរីភាពក្នុងការបញ្ចេញមតិដែលនៅក្នុងសង្គមប្រជាធិបតេយ្យ។ ជាទូទៅគេបើកទូលំទូលាយ ជាការបើកទូលំទូលាយឱ្យប្រជាពលរដ្ឋមានការបញ្ចេញមតិទូលំទូលាយល្អប្រសើរជាងយើងនៅមានការរឹតត្បិតទៅលើសេរីភាពឱ្យមានការរួមគ្នាបាទ!»។

ចំណែកលោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ និយាយដែរថា អង្គការរបស់លោក កំពុងតែតាមដានលើករណីចាប់ខ្លួនសកម្មជនផ្សព្វផ្សាយអំពីសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ដោយលោកពុំទាន់ដឹងមូលហេតុច្បាស់លាស់នៃការចាប់ខ្លួន និងពុំទាន់អាចអត្ថាធិប្បាយបកស្រាយថាការចាប់ខ្លួននេះជាការរឹតត្បិតសេរីភាពយ៉ាងណានោះទេ។ តែយ៉ាងណា លោកសោកស្ដាយដែលកន្លងមកនេះ សកម្មជននយោបាយ សកម្មជនសិទ្ធិមនុស្ស និងសកម្មជនបរិស្ថានត្រូវចាប់ខ្លួនជាបន្តបន្ទាប់ ខណៈកម្ពុជាត្រូវបានអន្តរជាតិចាត់ទុកថា មានការរឹតត្បិតសិទ្ធិសេរីភាពមូលដ្ឋានរបស់ប្រជាពលរដ្ឋ។

លោក អំ សំអាត ៖  «ខ្ញុំមិនទាន់អាចនិយាយកន្លែងហ្នឹងបាន ដោយសារតែយើងកំពុងតែធ្វើការតាមដាន តើការចោទប្រកាន់ ឫក៏ការចាប់ខ្លួនហ្នឹងពាក់ព័ន្ធនឹងអ្វីឱ្យប្រាកដហ្នឹងណា ពីព្រោះអាហ្នឹងវាស្ថិតក្នុងការសួរនាំនូវឡើយ។ ខ្ញុំអង្គការសង្គមស៊ីវិល នឹងបន្តតាមដាន ពីព្រោះករណីនេះយើងមិនទាន់បានយល់ច្បាស់ ក៏មិនទាន់ដឹងបញ្ហានេះច្បាស់លាស់នូវឡើយ»។

ដោយឡែក លោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី បានឱ្យដឹងថា ក្នុងនាមជាគណបក្សក្រៅរាជរដ្ឋាភិបាល លោកមានការសោកស្ដាយ ដែលគ្រាន់តែសកម្មជនទាំងនោះអនុវត្តសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិប៉ុណ្ណោះ បែរជាត្រូវបានព្រមាន អនុវត្តតាមផ្លូវច្បាប់ ទទួលរងការដាក់ទោសទៅវិញ។ លោកយល់ថា ថ្នាក់ដឹកនាំគួរតែធ្វើការណែនាំ ឬកែតម្រូវការបញ្ចេញមតិយោបល់របស់សកម្មជនទាំងនោះសិន មុននឹងឈានដល់ការប្រើប្រាស់នីតិវិធីតាមផ្លូវច្បាប់។ លោកមិនចង់ឃើញការបញ្ចេញមតិរបស់សកម្មជន ត្រូវបានអាជ្ញាធរចាប់ខ្លួន ដែលការធ្វើបែបនេះ បង្ហាញឱ្យអន្តរជាតិមើលឃើញពីកម្ពុជាជាប្រទេសបិទសិទ្ធិសេរីភាព និងប្រើប្រាស់អំណាចដើម្បីបំបាត់សម្លេងរិះគន់។

លោក មាជ សុវណ្ណារ៉ា ៖ «ការចាប់ខ្លួនសកម្មជនកិច្ចព្រមព្រៀងទីក្រុងប៉ារីស ខ្ញុំថាវានៅដែនកំណត់ក្នុងការចោទប្រកាន់របស់អំណាចតុលាការ អញ្ចឹងខ្ញុំមិនមានសិទ្ធិអ្វីទៅលូកលាន់ទៅធ្វើឱ្យប៉ះពាល់ទៅដល់អង្គនីតិតុលាការទេ ប៉ុន្តែសុំឱ្យអ្នកនយោបាយគឺត្រូវមានក្ដីសន្តោស ក្ដីអធ្យាស្រ័យ ហើយអត់ឱនដោយការព្រមាន ដោយការដាក់លក្ខខណ្ឌ ដោយការឱ្យសុំទោសបែបណា។ វាចៀសវាងដោយការដែលយើងទៅបំផ្លាញគ្នាដោយការគុំកួន ដោយការខឹងសម្បា ព្រោះតែការនិយាយស្ដី ព្រោះតែការចង់ឱ្យប្រទេសជាតិហ្នឹងល្អ ឬក៏វាជ្រុលបែបណាដែលមានការចោទប្រកាន់ថាមានការក្បត់ជាតិ កាត់ទឹកកាត់ដី លក់ទឹកលក់ដីឱ្យទៅបរទេសយើងអត់ចង់លឺអញ្ចឹង ចង់ដឹងហេតុផល ចង់ដឹងប្រាប់គ្នា ចង់ដឹងអប់រំគ្នា ចង់ឱ្យចំណេះរួមគ្នា ដើម្បីរក្សានូវអ្វីដែលជាភាពខ្លាំងរបស់កម្ពុជា គឺជាការគោរពច្បាប់ ការគោរពអធិបតេយ្យភាព ឯករាជ្យភាព និងបូរណភាពទឹកដី អព្យាក្រឹត ដែលគ្មានបរទេសមកលូកលាន់មកគាបសង្កត់ ហើយដែលគ្មានអ្នកដឹកនាំណាដែលចង់ឱ្យបាត់ទឹកបាត់ដី បាត់ប្រទេសជាតិ ឬក៏បំផ្លាញភោគទ្រព្យជាតិ»។

លោក ស្រ៊ុន ស្រ៊ន សកម្មជនផ្សព្វផ្សាយកិច្ចព្រមទីក្រុងប៉ារីស និងសហការីរបស់លោក បានចេញវីដេអូនិយាយអំពីគុណសម្បត្តិ និងគុណវិបត្តិ ហើយនិងដំណោះស្រាយនៃការបង្កើតតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម តាមរយៈទំព័រហ្វេសប៊ុកសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ស្ដីពីកម្ពុជា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។

នៅក្នុងវីដេអូរបស់លោក ស្រ៊ុន ស៊្រន បានលើកឡើងពីគុណសម្បត្តិចំនួន៣ គុណវិបត្តិចំនួន ៣ និងដំណោះស្រាយចំនួន ៣ នៃការបង្កើតតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV)។ លោកបាននិយាយក្នុងវីដេអូបន្តទៀតថា ប្រសិនជាប្រទេសទាំង៣នេះ បានបង្កើតជាតំបន់ត្រីកោណមែន នោះប្រយោជន៍ដ៏ធំគឺប្រទេសវៀតណាម ពីព្រោះកម្ពុជានឹងក្លាយទៅជាអាយ៉ងរបស់វៀតណាម ហើយកម្ពុជានិងវៀតណាម នឹងមានរាជរដ្ឋាភិបាលដឹកនាំតែមួយនោះទេ។

បន្ទាប់ពីមានការរិះគន់ពីសាធារណជន និងសកម្មភាពទាំងនោះ ទាក់ទងនឹងការបង្កើតតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV) កាលពីរសៀលថ្ងៃទី២៣ ខែកក្កដានេះ អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងបច្ចុប្បន្ននេះជាប្រធានព្រឹទ្ធសភា គឺសម្ដេច ហ៊ុន សែន បានធ្វើសន្និសីទព័ត៌មានចេញមកបកស្រាយ និងពន្យល់ពីអត្ថប្រយោជន៍នៃការបង្កើតតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម។ ក្នុងសន្និសីទនោះ លោក ហ៊ុន សែន ព្រមានទៅលើអ្នករិះគន់ដែលចោទប្រកាន់ថាកម្ពុជានឹងបាត់បង់ទឹកដី ប្រសិនមានការបង្កើតតំបន់ត្រីកោណអភិវឌ្ឍន៍នេះ នឹងត្រូវប្រឈមការដាក់ទោសតាមច្បាប់ដោយគ្មានការលើកលែងឡើយ។

លោក ហ៊ុន សែន ៖ «ការចោទប្រកាន់នេះ ជាការប្រមាថមិនអាចលើកលែងទោសឱ្យបានទេ ហើយខ្ញុំព្រះករុណា ស្នើដល់តុលាការ ប្រសិនបើកាត់ទោស គួរតែកាត់ទោសដល់អតិបរមា ហើយសុំឱ្យក្រសួងយុត្តិធម៌ និងពន្ធធនាគារសុំកុំដាក់មនុស្សទាំងនេះទៅក្នុងបញ្ជី ដែលមិនត្រូវបានទទួលការបន្ធូរបន្ថយទោស ឬលើកលែងទោស គឺឱ្យជាប់គុករហូតដល់ឱ្យផុតកំណត់ ព្រោះនេះគឺជាការសន្សំរឿងជាការប្រមាថដ៏ធ្ងន់ធ្ងរ»។

លោក ស្រ៊ុន ស្រ៊ន និងសហការីរបស់លោកចំនួនពីរនាក់ទៀត គឺកញ្ញា ភឹង សោភា និងលោក សាន សិទ្ធ ត្រូវបានសមត្ថកិច្ចខេត្តសៀមរាប ចាប់ខ្លួន កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ខណៈលោក និងសហការី បានចេញវីដេអូផ្សព្វផ្សាយនិយាយអំពីគុណសម្បត្តិ និងគុណវិបត្តិ ហើយនិងដំណោះស្រាយនៃការបង្កើតតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV)៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង