ភ្នំពេញ៖ នៅទីបំផុតភាគីឪពុកម្តាយរបស់កុមាររងគ្រោះករណី គ្រូនាយកសាលាបឋមសិក្សាសៀងណាំសណ្តាន់ ស្ថិតក្នុងខេត្តសៀមរាប យកប៊ិចហ្វឺតគប់ចំភ្នែកបណ្តាលឱ្យពិការមួយចំហៀង ត្រូវបានដោះស្រាយសម្របសម្រួលគ្នាចប់សព្វគ្រប់ហើយ តែការបញ្ចប់រឿងនោះ ភាគីក្រុមគ្រួសារកុមាររងគ្រោះពុំបានបញ្ជាក់ឱ្យច្បាស់លាស់នោះទេ។
នេះបើតាមសម្តីរបស់ឪពុកកុមាររងគ្រោះប្រាប់វិទ្យុស្រ្តីនៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤។
សូមរំលឹកបន្តិចថា កុមារាឈ្មោះ សេង លីហុង រៀនថ្នាក់ទី៣ នៃសាលាបឋមសិក្សាសៀងណាំសណ្តាន់ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបាននាយករងសាលាខាងលើយកប៊ិចហ្វឺតគប់ចំភ្នែកស្តាំកាលពីថ្ងៃទី២៨ មិថុនា ឆ្នាំ២០២៤ វេលាម៉ោង ៣.៣០ នាទីរសៀល។ ភ្លាមៗកុមាររូបនោះមានអាការៈមើលមិនឃើញ ហើយគ្រានោះខាងសាលាមិនបានជូនដំណឹងទៅអាណាព្យាបាលកុមារនោះទេ ទុករហូតដល់ម៉ោង ៥ ល្ងាច។ នេះបើយោងតាមការអះអាងរបស់ម្តាយកុមាររងគ្រោះដែលបានផ្សាយផ្ទាល់លើបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤។
ស្រ្តីដែលតាំងខ្លួនជាម្តាយកុមាររងគ្រោះបានធ្វើការផ្សាយផ្ទាល់ចេញពីគណនីឈ្មោះថា Ah Jing រៀបរាប់ថា គ្រូនាយករងសាលាបឋមសិក្សាសៀងណាំសណ្តាន់ មានឈ្មោះថា ខាត់ ណាវ៉ាន់ ពុំព្រមទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួនភ្លាមៗនោះឡើយ ទោះបីជាអ្នកស្រីព្យាយាមប្រាប់ថាកូនអ្នកស្រីមើលអ្វីលែងឃើញជាង៧០%ក៏ដោយ។ អ្នកស្រីបញ្ជាក់ថា អ្នកស្រីបានសុំអង្វរកលោកគ្រូនាយករងឱ្យនាំកូនទៅព្យាបាលនៅមន្ទីរពេទ្យអង្គឌួងនៅភ្នំពេញ ដ្បិតអ្នកស្រីពុំមានលទ្ធភាពគ្រប់គ្រាន់តែលោកនាយករងនៅតែបដិសេធមិនព្រមសហការ។ លុះដល់អ្នកស្រីបញ្ចេញកូនដល់មន្ទីរពេទ្យ កូនរបស់អ្នកស្រីក៏ហួសពេលសង្គ្រោះបាត់ទៅហើយ។
វិទ្យុស្រ្តីពុំអាចសុំការបកស្រាយបន្ថែមពីស្រ្តីជាម្តាយនៅឡើយនៅថ្ងៃនេះ។ តែឪពុកកុមាររងគ្រោះបានបញ្ជាក់ថា រឿងនេះត្រូវបានដោះស្រាយសម្របសម្រួលចប់សព្វគ្រប់បានទៅហើយ៕
អត្ថបទខ្លីសរសេរដោយ កញ្ញា ងិន ស៊ាងលីម សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយឧបត្ថម្ភពី ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និង កិច្ចសហប្រតិបត្តិការ (SDC) ជាមួយនិងស្ថានទូតស៊ុយអែតប្រចាំកម្ពុជា តាមរយៈអង្គការ BBC Media Action៕