លោក រ៉ាត់ សារី ផ្តល់បទសម្ភាសន៍ (រូបភាព៖ Helen Keller)
តាកែវ៖ ដោយសារតែមិនចង់ចំណាកស្រុក ស្វែងរកការងារនៅភ្នំពេញបន្តទៀត បុរសកម្មករកាត់ដេរមួយរូបបានបោះបង់ការងារ និងបុរសវ័យចាស់ម្នាក់ទៀតក៏បានបោះបង់ការងារសំណង់ រួចងាកមកដាំបន្លែនៅឯស្រុកកំណើត ជាមួយនឹងក្តីសង្ឃឹមថាអាចរួមរស់នៅជួបជុំគ្រួសារ និងកូនចៅ។ អ្នកស្រីវ៉ាយ វត្តីជូនសេចក្តីរាយការណ៍
ដោយសារធុញទ្រាន់នឹងជីវភាពជាកម្មកររោងចក្រកាត់ដេរនៅភ្នំពេញអស់ជាច្រើនឆ្នាំ លោក រ៉ាត់ សារី ក្នុងវ័យ៣៦ឆ្នាំ បានងាកមកចាប់មុខរបរ ជាអ្នកដាំបន្លែ និងចិញ្ចឹមសត្វនៅផ្ទះឯស្រុកកំណើតស្ថិតនៅភូមិ ត្រពាំងស្រង៉ែ ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ដោយខែខ្លះទទួលបានចំណូលច្រើនជាងប្រាក់ខែដែលធ្វើជាកម្មកររោងចក្រ និងខែខ្លះក៏បានតិចដោយវាអាស្រ័យលើដំណាំឱ្យផល។
ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានវិទ្យុស្រ្តី លោក រ៉ាត់ សារី បានប្រាប់ឱ្យដឹងបន្ថែមថាលោកទើបតែចាប់ផ្តើមដាំដំណាំបន្លែវិលជុំនេះជាងមួយឆ្នាំចុងឆ្នាំ២០២២ ដាំដើមឆ្នាំ២០២៣។ បន្លែដែលលោកដាំមានដូចជា ត្រសក់ សណ្តែកគួរ ត្រឡាច ននោង ត្រប់ ហើយនិងផ្ទី ពេលបានផលហើយបន្លែទាំងនោះត្រូវយកទៅបោះតាមតូបនៅក្នុងភូមិ និងនៅសល់ពីតូបហើយប្រពន្ធធ្វើការនៅរោងចក្រ ក៏យកទៅលក់បន្តនៅរោងចក្របន្ថែមទៀត។ ជុំវិញការដាំដំណាំនេះដែរ លោក រ៉ាត សារី ប្រាប់ថាក៏ប្រឈមនឹងបញ្ហាមួយចំនួនដែរ ដោយសារតែជាការដំាដំបូង។
លោក រ៉ាត់ សារី ៖« វាលំបាកទី១យើងធ្វើការងារម្នាក់ឯង និយាយរួមការងារសព្វផ្ទះយើងធ្វើតែឯង និងកាលពីរដូវក្តៅខ្លាំងវាប៉ះពាល់ដាំអត់បានទេ ដាំទៅរួញៗ មានទឹកអណ្តូងអាចប្រើប្រាស់បានខ្លះដែរ តែបញ្ហាវាក្តៅខ្លាំង អ៊ីចឹងដំណាំពេលដែលក្តៅខ្លាំងយើងដាំអត់បាន អត់បានទទួលផល»។
លោកបានឱ្យដឹងបន្តថា ធៀបពីមុននឹងឥឡូវនេះ ដំណាំលោកទទួលបានផលប្រសើរជាងមុនដោយសារតែមានភ្លៀងធ្លាក់បណ្តើរៗ ដូច្នេះទិន្នផលអាចកើនឡើងជាងមុនខ្លះ។ «ជីវភាពវាគ្រាន់តែអាចទប់ទល់ៗបាន បើកាលពីមុនយើងអត់ដាំអីសោះ រកតែប្រពន្ធតែម្នាក់ឯង វារត់អត់រួច បើនិយាយធៀបពីធ្វើការរោងចក្រ ធ្វើការរោងចក្រគ្រាន់បើជាង ព្រោះទទួលប្រាក់ខែថេរ តែពេលខ្ញុំធ្វើការរោងចក្រកូននៅស្រុកស្រែជាមួយយាយតា ដល់វាធំៗវាពិបាកគ្រប់គ្រង ទើបក៏សម្រេចចិត្តពីរនាក់ប្តីប្រពន្ធនៅស្រុកស្រែ ឱ្យប្រពន្ធធ្វើការរោងចក្រម្នាក់ឯង ហើយយើងនៅផ្ទះមើលកូន មើលគោ មាន់ ទា អ៊ីចឹងដើម្បីជាការរកចំណូលជួយផ្គត់ផ្គង់គ្នា»។
ជាមួយនឹងជីវភាពថ្មីនេះ លោក រ៉ាត់ សារី មានចិត្តសប្បាយរីករាយ នឹងទិន្នផលដែលទទួលបានពីការដាំបន្លែនេះ «ចំណូលខែខ្លះអាចកើនលើសប្រាក់ខែ ខែខ្លះបានតិច វាអត់ទៀងដោយដំណាំឱ្យផល ក្នុងមួយខែជួនកាលវាលូតទៅអាចបាន២០០ដុល្លារ ខែណាខ្លះអាចបានមួយលានដោយសារដំណាំវាច្រើន ទិន្នផលថយ បាន៥០-៦០ម៉ឺនរៀលទៅ»។
លោក ម៉ែន គឿន កសិករដាំស្ពៃក្រញាញ់ ក្នុងផ្ទះសំណាញ់ (រូបភាព៖ Helen Keller)
ជុំវិញការដាំបន្លែ នេះដែរ ប្រជាកសិករម្នាក់ទៀតដែលធ្លាប់ធ្វើជាកម្មរសំណង់នៅភ្នំពេញ លោក ម៉ែន គឿន បច្ចុប្បន្ននេះក៏បានបោះបង់ការងារសំណង់ រួចងាកមកដាំបន្លែស្ពៃក្រញាញ់វិញនៅក្នុងផ្ទះសំណាញ់លើផ្ទៃដី២៥០ម៉ែត្រការ៉េ បាន៤ដងរួចហើយ នៅក្នុងសហគមន៍កសិកម្មឆ្លកដំណាក់ហ្លួង ស្ថិតនៅក្នុង ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ លោកបានប្រាប់ឱ្យដឹងថាការដំាស្ពៃក្រញាញ់លើកដំបូងទទួលបានផលតិចទេ តែចាប់ពីលើកទី២ទៅបានទិន្នផលច្រើនចាប់ពីមួយរោងបានផលពី ៧០ទៅ៩០គីឡូក្រាម ក្នុងប្រវែង២៥ម៉ែត្រ រយៈពេលដាំ៤៥ថ្ងៃ វាមានរសជាតិស្រួយ ផ្អែមឆ្ងាញ់។
លោក ម៉ែន គឿន ៖«ធ្វើទៅយល់ថាយើងសប្បាយចិត្តយើងបានផល សំខាន់បានផលហើយយើងលក់បានថ្លៃទៀត យើងរិតតែសប្បាយចិត្តសំខាន់ទីផ្សារហ្នឹងទៀត ទីផ្សារបានថ្លៃសប្បាយចិត្ត កសិករ សំខាន់រឿងទីផ្សារបានថ្លៃសប្បាយចិត្តទាំងអស់គ្នា ដូចដាំត្រសក់ បើសិនជាទីផ្សារបានថ្លៃសប្បាយចិត្ត»។
ទាក់ទងនិងបច្ចេកទេសដាំ និងពូជដំណាំ រួមទាំងពូជស្រូវ កសិករខាងលើបានមកពីអង្គការHellen Keller ជួយផ្តល់ឱ្យដល់សហគមន៍ ។ លោក ម៉ែន គឿន បានឱ្យដឹងបន្ថែមថា ការដំណាំនេះធ្វើឱ្យជីវភាពគ្រួសារលោក មានជីវភាពគ្រាន់បើ។ម្យ៉ាងទៀត ដោយសារតែរូបលោកក៏មានវ័យចាស់ដែរនោះ ការដាំដំណាំនៅផ្ទះវាផ្តល់ភាពងាយស្រួលក្នុងការជួយមើលថែទាំផ្ទះសម្បែងកូន និងមើលថែទាំចៅៗនៅផ្ទះផងដែរ៕
លោក រ៉ាត់ សារី និងលោក ម៉ែន គឿន(រូបភាព៖Helen Keller)