ភ្នំពេញ៖ ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា កម្ពុជាជាប្រទេសប្រកាន់ នយោបាយការបរទេសឯករាជ្យ អធិបតេយ្យភាព ហើយកម្ពុជាមិនត្រូវការសុំយោបល់ពីប្រទេសមហាអំណាចណាមួយ ក្នុងការសម្រេចចិត្តធ្វើអ្វីមួយឡើយ។
ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រីដូច្នេះធ្វើឡើងនៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ ២០១៦ នេះ ។
នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង នាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ ២០១៦ នេះ ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា កម្ពុជាជាប្រទេសប្រកាន់នយោបាយការបរទេសឯករាជ្យ និងអធិបតីភាព ដោយកម្ពុជាមិនត្រូវការសុំយោបល់ពីប្រទេសមហាអំណាចណាមួយ ក្នុងការសម្រេចចិត្តរឿងអ្វីមួយរបស់ខ្លួនឡើយ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឱ្យដឹងទៀតថា ដោយសារនយោបាយការបរទេសឯករាជ្យនេះ ទើបកម្ពុជាអាចរំដោះខ្លួនចេញពីស្រមោលអតីតកាលបាន។
ទាក់ទងនឹងការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជុំវិញការអនុវត្តគោលនយោបាយការបរទេសឯករាជ្យនេះ លោក មាស នី អ្នកស្រាវជ្រាវបញ្ហាសង្គម មានប្រសាសន៍ថា ការប្រកាន់គោលនយោបាយការបរទេសឯករាជ្យរបស់រដ្ឋាភិបាលកម្ពុជានាពេលនេះ គឺជារឿងល្អមួយសម្រាប់សង្គមខ្មែរក្នុងការរក្សាទំនាក់ទំនងនយោបាយ ស្ថិតនៅក្នុងជំហនយោបាយការបរទេសផ្លូវកណ្តាល។ លោកថា រដ្ឋាភិបាលកម្ពុជាគួរតែប្រុងប្រយ័ត្នជានិច្ចចំពោះទំនាក់ទំនងការបរទេសជាមួយសហរដ្ឋអាមេរិក ប្រទេសចិន និងរុស្ស៊ី ខណៈដែលវៀតណាមបន្ទន់ឥរិយាបថទទួលយកឥទ្ធិពលរបស់សហរដ្ឋអាមេរិក។
ក្នុងការរក្សាជំហរបស់ខ្លួននេះ លោក មាស នី បានបន្តទៀតថា ប្រសិនបើកម្ពុជាអាចរក្សានយោបាយការបរទេសនៅចំផ្លូវកណ្តាល នោះនឹងអាចកាត់បន្ថយឥទ្ធិពលអំណាចរបស់រៀតណាមមកលើកម្ពុជាបាន។ ទន្ទឹមគ្នានេះដែរ ការរក្សានយោបាយការបរទេសឯករាជ្យរបស់រដ្ឋាភិបាលកម្ពុជា នឹងធ្វើឱ្យកម្ពុជាមានទំនាក់ទំនងល្អជាមួយនឹងបណ្តាប្រទេសទាំងអស់ក្នុងតំបន់អាស៊ាន។
ក្នុងរឿងនេះដែរ លោក រស់ រ៉ាវុធ សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយបានមានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជាប្រកាន់គោលនយោបាយការបរទេសឯករាជ្យនេះ ពិតជាអាចជួយកម្ពុជាឱ្យក្លាយជាប្រទេសមានឯករាជ្យពេញលេញបាននៅថ្ងៃអនាគត និងដើម្បីជួយឱ្យសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើន ។ លោកបានសង្កត់ធ្ងន់ថា ប្រសិនបើកម្ពុជាលម្អៀងនយោបាយទៅរកមហាអំណាចណាមួយ នោះកម្ពុជានឹងជួបវិបត្តិយ៉ាងច្រើននៅក្នុងសង្គម ជាក់ជាពុំខាន។
សូមរម្លឹកថា កន្លងទៅ កម្ពុជាធ្លាប់ប្រកាន់ជំហនយោបាយការបរទេស មិនចុះចូលជាមួយមហាអំណាចចិន និងសហអាមេរិកម្តងជាកស្តែងកំឡុងពេលដឹកនាំដោយព្រះបាទសីហនុ ប៉ុន្តែនៅពេលដែលកម្ពុជាលម្អៀងនយោបាយទៅរកមហាអំណាចចិន កម្ពុជាក៏ធ្លាក់ខ្លួនក្នុងសង្គ្រាមរបបកម្ពុជាប្រជាធិបតេយ្យ៕