លោក ផន ផល្លា បំភ្លឺនៅស្នងការនគរបាលរាជធានីភ្នំពេញ។ប្រភពរូបភាពពី ស្នងការនគរបាលរាជធានីភ្នំពេញ។
ករណីប៉ះទង្គិចពាក្យសំដីតាមបណ្ដាញសង្គម រវាង ប្រធានអង្គការមណ្ឌលមែកឈើ លោកផន ផល្លា និងមន្ត្រីក្រសួងមហាផ្ទៃ លោក ទី ចំរើនកុសល ដែលជាអ្នកធ្វើការងារសប្បុរសដូចគ្នា កំពុងស្ថិតក្នុងស្ថានភាពប្ដឹងគ្នាទៅវិញទៅមក។ ទោះយ៉ាងណា អ្នកលេងបណ្ដាញសង្គម លើកទឹកចិត្តឱ្យភាគី ជួបគ្នាចរចា ដើម្បីរកដំណោះស្រាយក្រៅប្រព័ន្ធតុលាការ។ កញ្ញា ងិន ស៊ាងលីមរាយការណ៍)
ក្រោយពីលោកផន ផល្លា ប្រធានអង្គការមណ្ឌលមែកឈើដែលមានបន្ទុកចិញ្ចឹមក្មេងៗជាង១៨០នាក់ នឹងត្រូវបានគេស្គាល់ថាជាសប្បុជនដ៏សកម្មនិងលេចធ្លោម្នាក់ក្នុងសង្គមបានបង្ហោះសារក្នុងបណ្តាញសង្គមហ្វេសប៊ុកបន្តកន្ទុយគ្នាជាច្រើនដង កាលពីថ្ងៃទី១៤ និង១៥ ខែកក្កដា ឆ្នាំ២០២៤នោះ ធ្វើឱ្យមហាជនផ្ទុះការភ្ញាក់ផ្អើលនិងចាប់អារម្មណ៍ទៅលើសំណេរនោះជាខ្លាំង ព្រោះខ្លឹមសារដែលប្រធានអង្គការមណ្ឌលមែកឈើរូបនេះ បានបង្ហោះ គឺបញ្ជាក់ថាខ្លួនកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ដោយមានបុគ្គលដែលមានឥទ្ធិលពលក្នុងជួរមន្ត្រីរាជការម្នាក់ដែលបច្ចុប្បន្នក៏កំពុងធ្វើសកម្មភាពសប្បុរសធម៌ដែរនោះ គំរាមកម្ចាត់រូបលោក។ យ៉ាងណាក្រោយពីការបង្ហោះនេះ នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគបាលរាជធានីភ្នំពេញ បញ្ជាក្រុមការងារឱ្យកោះហៅ លោក ផន ផល្លា ប្រធានអង្គការមណ្ឌលមែកឈើមកបំភ្លឺជុំវិញបញ្ហានេះផងដែរ។ បើតាមស្នងការនគបាលរាជធានីភ្នំពេញ ឱ្យដឹងលើទំព័រហ្វេសប៊ុក លោក ផន ផល្លា ត្រូវចូលបំភ្លឺ ពាក់ព័ន្ធនឹងការសរសេរដែលមានខ្លឹមសារថា «ករណីកូនៗឪពុកត្រូវបានគេគម្រាម(គំរាម) រៀបចំផែនការកំចា.ត់ឪពុកហើយ» ដែលបុគ្គលនោះមានសមាសភាពជាមន្ត្រីនគរបាលក្នុងក្រសួងមហាផ្ទៃ។ ក្រោយពីការបំភ្លឺពីសំណាក់លោក ផន ផល្លា និងសួរនាំពីដំណើរដើមទងលើករណីដែលលោកសរសេរសារបង្ហោះនោះ បានឱ្យដឹងថា ពុំមែនមានន័យថាភាគីម្ខាងដែលលោកផន ផល្លា សំដៅរកនោះ គំរាមសម្លាប់អាយុជីវិតរបស់លោកនោះទេ ក៏ប៉ុន្តែពាក្យគំរាមនោះ សំដៅដល់គំរាមសម្លាប់លោកក្នុងវិស័យមនុស្សធម៌។ ចំណែឯសមាសភាពបុគ្គលដែលលោក ផល្លា បានចោទប្រកាន់នោះ មានឈ្មោះថា ទី ចំរើនកុសល ជាមន្ត្រីនគរបាលក្រសួងមហាផ្ទៃ ហើយបច្ចុប្បន្នលោកមានសកម្មភាពសប្បុរសធម៌ផងដែរ។
លោក ផន ផល្លា បំភ្លឺនៅស្នងការនគរបាលរាជធានីភ្នំពេញ។ប្រភពរូបភាពពី ស្នងការនគរបាលរាជធានីភ្នំពេញ។
ស្នងការនគបាលរាជធានីភ្នំពេញ បានបន្តថា លោកផន ផល្លា បានស្នើសុំដល់ លោក ទី ចំរើនកុសល បញ្ឈប់រាល់សកម្មភាពនានាដែលបង្ហោះប៉ះពាល់កិត្តិយសរបស់លោកតាមបណ្តាញសង្គម។ ទោះជាយ៉ាងនេះក្តី លោក ទី ចំរើនកុសលបានបដិសេធ ពីការចោទប្រកាន់នេះ ដោយលោកលើកឡើងតាមរយៈសំណេរក្នុងផេកហ្វេសប៊ុករបស់លោកថា «ពួកយើងមិនដែលទាស់សំដីគ្នាសូម្បី១ដង ហេតុអីបានក្មួយអគតិចំពោះពូដូចនេះ? ប្រាប់ច្រើនដងហើយថាពូមិនពាក់ព័ន្ធទេ តែក្មួយមិនស្តាប់។»
លោក ទី ចំរើនកុសល នៅទាមទារភស្តុតាងពីលោកផន ផល្លាជារឿយៗអំពីការចោទប្រកាន់នេះ។ លោកក៏បានបន្តក្នុងសំណេរថ្មីមួយទៀតក្នុងន័យដាស់តឿនដល់លោក ផន ផល្លា អំពីផលប៉ះពាល់នានា ប្រសិនបើការចោទប្រកាន់នេះគ្មានភស្តុតាងច្បាស់លាស់។
លោកសរសេរថា«សុំរំលឹកដល់ក្មួយផនផល្លា សូមក្មួយបង្ហាញភស្តុតាងមួយណាដែលពូគំរាមសម្លាប់ក្មួយ ឬគំរាមសម្លាប់អាជីពការងារមនុស្សធម៌ក្មួយ? តើពូបានគំរាមក្មួយតាមមធ្យោបាយណា ឬតាមរូបភាពណាមួយ? ពេលនេះកុំចាំបាច់លាក់ទៀតអីបង្ហាញមកក្មួយ។ ដើម្បីកុំឱ្យផ្អើលពេញផ្ទៃ ប្រទេសបែបនេះមិនល្អដល់សង្គមជាតិទេ។»
ស្ថិតក្នុងស្ថានភាពដ៏តានតឹងនេះ ងាកមកប្រធានអង្គការមណ្ឌលមែកឈើ លោក ផន ផល្លា ឯនេះវិញ បន្ទាប់ពីលោកបានបំភ្លឺតាមការអញ្ជើញរបស់សមត្តកិច្ចរួចហើយ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ លោកបានធ្វើតាមផ្លូវច្បាប់ ដោយដាក់ពាក្យបណ្តឹងទៅក្រសួងមហាផ្ទៃចំពោះករណីនេះ ដើម្បីស្វែងរកយុត្តិធម៌តាមរយៈមេធាវីផ្ទាល់របស់មណ្ឌលមែកឈើ។ ក្រោយមកលោកបាន បង្ហោះបញ្ជាក់ដល់សាធារណៈជនឱ្យដឹងថា លោកបានប្តឹងដោយភ្ជាប់ជាមួយភស្តុតាងរួចហើយ ដូច្នេះលោកសូមមិនបកស្រាយ ឬនិយាយអ្វីទៀតនោះទេ។ ក្នុងន័យនេះ គឺលោកចង់ឱ្យសាធារណជនរង់ចាំមើលបញ្ហានេះ បន្តតាមផ្លូវច្បាប់។
លោកផល្លា បង្ហោះសារតាមហ្វេសប៊ុកថា «ដោយសារពាក្យបណ្តឹង និងភស្តុតាងខ្ញុំបានដាក់ប្តឹងរួចហើយ ដូច្នេះចាប់ពីម៉ោងនេះតទៅ ខ្ញុំសូមមិននិយាយអី្វទាំងអស់ -សូមពុកម៉ែបងប្អូនយោគយល់។»
ទទឹមនឹងនេះ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ដដែល លោក ទី ចំរើនកុសល ក៏បានដាក់ពាក្យបណ្តឹងទៅលោក ផន ផល្លាវិញ តាមរយៈលោកមេធាវី អ៊ូច សុភត្រា ក្នុងសំណុំរឿងប្តឹងប្រធានអង្គការមណ្ឌលមែកឈើ ឈ្មោះ ផន ផល្លា ពីបទ បរិហាកេរ្តិ៍ នៅគ្រប់ដំណាក់កាលនៃសមត្ថកិច្ចពាក់ព័ន្ធ និងតុលាការ។
ក្នុងការប្តឹងផ្តល់នេះទៀតសោត សាធារណជនបានខម្មិនក្នុងការបង្ហោះរបស់លោកផន ផល្លា ដោយបង្ហាញពីការរំពឹងថាលោកផន ផល្លានឹងឈ្នះចំពោះសំណុំរឿងនេះ និងជូនពរ ផ្តល់កម្លាំងចិត្តទៅលោកផងដែរ។ គណនីមានឈ្មោះថា ពេជ្រ សុខណា, Phana Leap, Bun Ny, សុវណ្ណ ហួ រួមជាមួយម្ចាស់គណនីមួយចំនួនទៀតបាន ខម្មិនឱ្យកម្លាំងចិត្តថា «ស៊ូៗបង ស៊ូៗបង» គ្រប់គ្នា។ ដោយឡែក គណនីឈ្មោះថា Phoan Sochea បានចូលរួមខម្មិន ស្នើឱ្យភាគីទាំងសងគួរជួបគ្នាដោះស្រាយ ក្រៅប្រព័ន្ធច្បាប់តុលាការជាជាងការប្ដឹងផ្ដល់ផ្លូវច្បាប់។
គណនីឈ្មោះ Phoan Sochea សរសេរថា «បងប្រុសបង គួរចួបគ្នាជាមួយពូ ម្នាក់នឹងដោះស្រាយគ្នាក្រៅ ប្រព័ន្ធតុលាការសិនទៅល្អជាង ដំណោះស្រាយអាចមាន ហើយអាចមានការពន្យល់ដ៍(ដ៏)ល្អមួយ ក៍(ក៏)ថាបានបង ចួបគ្នាដោយ អហិង្សា ដោយសន្តិវិធី»។
យ៉ាងណាជុំវិញករណី ដែលភាគីទាំងសងខាងបានប្តឹងផ្តល់កំពុងរង់ចាំការកោះហៅពីសំណាក់តុលាការ ដើម្បីដំណើរការនិតិវិធីតាមផ្លូវច្បាប់៕
អត្ថបទខ្លីសរសេរដោយ កញ្ញា ងិន ស៊ាងលីម សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយឧបត្ថម្ភពី ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និង កិច្ចសហប្រតិបត្តិការ (SDC) ជាមួយនិងស្ថានទូតស៊ុយអែតប្រចាំកម្ពុជា តាមរយៈអង្គការ BBC Media Action៕