en     km
en     km

មជ្ឈមណ្ឌលសិក្សាសហគមន៍ភូមិចំបក់ជាថ្នាលបណ្តុះជំនាញកាត់ដេរដល់ស្រ្តីផ្តើមមុខរបរទៅថ្ងៃអនាគត

Share

កំពង់ធំ៖ ចាប់ផ្តើមរយៈពេលជាង ៨ ឆ្នាំ មជ្ឈមណ្ឌលសិក្សាសហគមន៍ភូមិចំបក់ ស្ថិតក្នុងភូមិចំបក់ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានបណ្តុះបណ្តាលយុវតីនិងស្រ្តីៗជាច្រើនក្នុងសហគមន៍ឱ្យមានជំនាញកាត់ដេរសម្លៀកបំពាក់ ដែលបន្ទាប់ពីបញ្ចប់វគ្គពួកគេអាចមានលទ្ធភាពបើកហាងដោយខ្លួនឯង និងអាចបន្តទៅធ្វើការតាមរោងចក្រ ឬអាចដេរចែកភាគរយជាមួយម្ចាស់ហាងនានាផងដែរ។

ទិដ្ឋភាពសកម្មភាពនិងទីតាំងមជ្ឈមណ្ឌលសិក្សាសហគមន៍ភូមិចំបក់ ស្ថិតក្នុងភូមិចំបក់ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។រូបភាព សៅ​ ស៊ីណា។

ក្នុងបន្ទប់​សង់ពីថ្មក្រាលការ៉ូទំហំប្រហែល ៨ ម៉ែត្របួនជ្រុង មានម៉ាស៊ីនដេរប្រមាណ ១០គ្រឿងផង ទីនេះហើយជាមជ្ឈមណ្ឌលសិក្សាសហគមន៍ភូមិចំបក់ ស្ថិតក្នុងភូមិចំបក់ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ហើយក៏ជាថ្នាលបណ្តុះបណ្តាលមួយដែលភាគច្រើនស្រ្តីនិងយុវតីបានក្រេបយកចំណេះដឹងចេញទៅប្រកបមុខរបរតាមលទ្ធភាពរៀងៗខ្លួន។គិតមកទល់ពេលបច្ចុប្បន្ននេះ មជ្ឈមណ្ឌលសិក្សាសហគមន៍ភូមិចំបក់បានដំណើរការប្រមាណជាង​ ៨ ឆ្នាំមកហើយ ហើយសិស្សដែលមកទទួលចំណេះជំនាញនៅទីនេះមានចំនួន ៦៣នាក់។ នេះជាការបញ្ជាក់របស់គ្រូបណ្តុះបណ្តាលជំនាញកាត់ដេរនៅក្នុងមជ្ឈមណ្ឌលសិក្សាសហគមន៍ភូមិចំបក់គឺអ្នកស្រី ញ៉ឹក វុន។

សកម្មភាពស្រ្តីក្នុងសហគមន៍រៀនដេរនៅទីតាំងមជ្ឈមណ្ឌលសិក្សាសហគមន៍ភូមិចំបក់ ស្ថិតក្នុងភូមិចំបក់ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។រូបភាព សៅ​ ស៊ីណា។

អ្នកគ្រូ ញ៉ឹក វុន ឆ្នាំនេះមានវ័យ ៦០ឆ្នាំ ហើយអ្នកគ្រូមានបទពិសោធន៍លើការងារកាត់ដេរសម្លៀកបំពាក់នេះជាច្រើនឆ្នាំផងដែរ។ ផ្តល់បទសម្ភាសន៍ដល់សិក្ខាកាមវិទ្យុស្រ្តីប្រចាំខេត្តកំពង់ធំអ្នកស្រី  ញ៉ឹក វុន និយាយថា សព្វថ្ងៃអ្នកស្រីបានបង្ហាត់បង្រៀនបច្ចេកទេសកាត់ដេរសម្លៀកបំពាក់ទាំងការដេរធម្មតា និងការដេរច្នៃម៉ូតផងដែរ។ អ្នកគ្រូបន្ថែមទៀតថា សិស្សស្រីៗដែលមករៀនកាត់ដេរនៅទីនេះក្នុងមួយវគ្គអាចមានចំនួនចន្លោះពី៧ទៅ៨នាក់ ហើយមួយវគ្គរៀនរយៈពេល ៦ខែ។អ្នកស្រី វុន ប្រាប់បន្ថែមទៀតថា សិស្សដែលរៀនចប់អាចចេញទៅប្រកបមុខរបរដោយបើកកន្លែងកាត់សម្លៀកបំពាក់ខ្លួនឯង ឬអាចទៅដេរស៊ីភាគរយនៅតាមហាងនានា​ និងអាចទៅរកការងារជាកម្មករក្នុងរោងចក្របានឆាប់រហ័ស។ គ្រូបង្ហាត់ផ្នែកកាត់ដេរសម្លៀកបំពាក់រូបនេះ បង្ហាញការយល់ឃើញដោយចាត់ទុកមជ្ឈមណ្ឌលសិក្សាសហគមន៍ភូមិចំបក់នេះ ជាថ្នាលបណ្តុះបណ្តាលមួយដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋក្នុងសហគមន៍ ដ្បិតបានជួយដល់សិស្សានុសិស្សមួយចំនួនដែលគ្មានលទ្ធភាពបន្តការសិក្សា អាចមករៀនជំនាញវិជ្ជាជីវៈដែលអាចរកប្រាក់ចំណូលជួយទ្រទ្រង់ជីវភាពគ្រួសារបាន។ ជាងនេះអ្នកស្រី ក៏ថ្លែងអំណរគុណដល់ប្រធានភូមិដែលផ្តល់ឱកាសដល់អ្នកស្រីបានមកបង្រៀនសិស្សក្នុងមជ្ឈមណ្ឌលនេះដោយមានប្រាក់បៀរវត្តន៍សមរម្យ បន្ទាប់អ្នកស្រីឈប់ធ្វើការងារជាកម្មកររោងនៅភ្នំពេញ។

អ្នកគ្រូ ញ៉ឹក វុន បានវិលត្រឡប់មកខេត្តកំពង់ធំវិញធ្វើជាគ្រូបង្រៀនកាត់ដេរនៅមជ្ឈមណ្ឌលសហគមន៍បន្ទាប់ពីឈប់ធ្វើការនៅភ្នំពេញ។រូបភាព សៅ​ ស៊ីណា។

តាមរយៈកិច្ចសម្ភាសន៍ជាមួយសិក្ខាកាមវិទ្យុស្រ្តីប្រចាំខេត្តកំពង់ធំអ្នកស្រី ចាន់ ធឿន វ័យ ៣៨ឆ្នាំ ជាសិស្សម្នាក់បានបញ្ចប់ការសិក្សាពីមជ្ឈមណ្ឌលសិក្សាសហគមន៍ភូមិចំបក់ឱ្យដឹងថា សព្វថ្ងៃអ្នកស្រីបានចេញប្រកបមុខរបរដេរសម្លៀកបំពាក់ដោយខ្លួនឯង។ សម្រាប់មុខរបរកាត់ដេរសម្លៀកបំពាក់នេះ អ្នកស្រីទទួលការងារពីអតិថជនដូចជា ប្តូររូត សារ៉េទំហំ និងដេរប៉ះភ្ជាប់កន្លែងរហែកជាដើម ដែលអាចរកចំណូលចន្លោះពីមួយម៉ឺន ទៅ ២ ម៉ឺនរៀលក្នុងមួយថ្ងៃ។ អ្នកស្រីបន្ថែមថា នៅពេលមូលដ្ឋានមានកន្លែងបណ្តុះបណ្តាលជំនាញបែបនេះ គឺអាចជួយឱ្យប្រជាពលរដ្ឋពិសេសស្រ្តីៗមានលទ្ធភាពរៀនជំនាញ អាចរកថវិកាជួយគ្រួសារ និងពុំចាំបាច់ចំណាកស្រុករកការងារចេញឆ្ងាយពីគ្រួសារ។

អ្នកស្រី ចាន់ ធឿន បានបើកកន្លែងដេរសម្លៀកបំពាក់នៅផ្ទះខ្លួនឯងដែលអាចបង្កើនចំណូលជួយគ្រួសារ។រូបភាព សៅ​ ស៊ីណា។

ជុំវិញរឿងនេះ មេភូមិចំបក់លោក ចក់ សារ៉ុន ចាត់ទុកមជ្ឈមណ្ឌលសិក្សាសហគមន៍ភូមិចំបក់នេះ ប្រៀបជាថ្នាលបណ្តុះយុវនារីដែលបោះបង់ចោលការសិក្សា ឱ្យមានឱកាសរៀនជំនាញអាចជួយខ្លួនឯងបានទៅថ្ងៃអនាគត។  មួយទៀតដែរ លោកមេភូមិចំបក់បន្តថា យុវនារីដែលសិក្សាអាចមានលទ្ធភាពបន្តធ្វើការងារនៅរោងចក្រកាត់ដេរផ្សេងៗ ដោយអាចទទួលបានប្រាក់ខែសមរម្យផ្គត់ផ្គង់ជីវភាពគ្រួសារ។

លោក ចក់ សារ៉ុន មេភូមិចំបក់។រូបភាព សៅ​ ស៊ីណា។

រីឯលោក បេន  វិបុល នាយកសាលាបឋមសិក្សាចំបក់ និងជាប្រធានគ្រប់គ្រងមជ្ឈមណ្ឌលសិក្សាសហគមន៍ចំបក់បញ្ជាក់ថា ការបណ្តុះបណ្តាលក្នុងមជ្ឈមណ្ឌលនេះជាផ្នែកមួយនៃកម្មវិធីអប់រំក្រៅប្រព័ន្ធរបស់ក្រសួងអប់រំ។លោកបន្ថែមថា  កម្មវិធីនេះកន្លងមកបានផ្តល់សម្ភារៈដូចជាអំបោះ ក្រណាត់សម្រាប់សិស្សរៀនកាត់ដេរសម្លៀកបំពាក់ ហើយសម្លៀកបំពាក់ទាំងនោះបានយកទៅចែកជូនសិស្សក្រីក្រក្នុងសហគមន៍ផងដែរ។ លោក វិបុល បន្ថែមទៀតថា សព្វថ្ងៃនេះមជ្ឈមណ្ឌលនៅខ្វះខាតសម្ភារសម្រាប់សិស្សរៀនកាត់ដេរ ខ្វះម៉ាស៊ីនដេរមួយចំនួន ដោយពេលខ្លះខូចពិបាកជួសជុល។ លោក បេន វិបុល សូមអំពាវនាវសប្បុរសជន អង្គការនានាចូលរួមសហការជាមួយមជ្ឈមណ្ឌល ដើម្បីជួយសិស្សដែលបោះបង់ការសិក្សាក្នុងសហគមន៍៕

លោក បេន  វិបុល នាយកសាលាបឋមសិក្សាចំបក់ និងជាប្រធានគ្រប់គ្រងមជ្ឈមណ្ឌលសិក្សាសហគមន៍ចំបក់។រូបភាព សៅ​ ស៊ីណា។

អត្ថបទខ្លី សរសេរដោយ  សៅ​ ស៊ីណា សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន និងការថតរូប រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)។

Share

Image Not Found
Image

ព័ត៌មានទាក់ទង