en     km
en     km

លីកាដូ៖ ៦ខែឆ្នាំនេះ សកម្មជនសិទ្ធិមនុស្ស និងនយោបាយជាង២០នាក់ ត្រូវបានឃុំខ្លួន ដែលចំនួននេះកើនឡើងជាងឆ្នាំមុន

Share

 

លោក កើត សារ៉ាយ ជាសកម្មជនសង្គម។ រូបភាពពីអង្គការលីកាដូ

អង្គការការពារសិទ្ធិមនុស្ស លីកាដូ បានចេញផ្សាយអត្ថបទមួយដោយបង្ហាញថា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៤នេះ សកម្មជនសិទ្ធិមនុស្ស និងនយោបាយជាង ២០នាក់ ត្រូវបានឃុំខ្លួន ហើយចំនួននេះ មានការកើនឡើងជាងឆ្នាំ២០២៣ ដែលការកើនឡើងនេះធ្វើឱ្យស្ថានភាពសិទិ្ធមនុស្សសម្រាប់សកម្មជនទាំងនោះ កាន់តែអាក្រក់ទៅ។ ប៉ុន្តែមន្ត្រីរាជរដ្ឋាភិបាល និងស្ថាប័ន​សិទ្ធិ​មនុស្ស​របស់រាជរដ្ឋាភិបាលថា ចំនួនកើនឡើងនេះ ជាការអនុវត្តច្បាប់ប៉ុណ្ណោះ ដើម្បីធានានូវសិទ្ធិសេរីភាព មិនមែនជាការរំលោភបំពានទៅលើសិទ្ធិមនុស្សឡើយ។ លោក គីម ចាន់ចាវ រាយការណ៍

 

 

តាមរយៈអត្ថបទរបស់អង្គការលីកាដូ ដែលមានចំណងជើងថា «សកម្មជនមិនរាងចាល» បានបង្ហាញពីសកម្មជនសិទ្ធិមនុស្ស និងនយោបាយចំនួន ២៤នាក់ បានជាប់ពន្ធនាគារក្រោយពេលចាប់ខ្លួន ក្នុងរយៈពេល ៦ខែ ដើមឆ្នាំ២០២៤ ដែលចំនួននេះមានការកើនឡើង បើធៀបនឹងឆ្នាំ២០២៣។ ចំនួននេះក៏បានឆ្លុះបញ្ចាំងពីស្ថានភាពសិទិ្ធមនុស្សសម្រាប់សកម្មជនទាំងនោះ កាន់តែអាក្រក់ទៅ និងជាអត្រាមួយដ៏គួរឱ្យព្រួយបារម្ភ ពីព្រោះចំនួននេះស្មើនឹងសកម្មជនម្នាក់ត្រូវបានចាប់ខ្លួនក្នុងមួយសប្តាហ៍។

ប្រភពដដែលបញ្ជាក់ទៀតថា ការបង្ក្រាបនេះ ភាគច្រើនដាក់គោលដៅទៅលើសមាជិកគណបក្សជំទាស់ ដែលរួមមាន៖ បេក្ខជនសម្រាប់កៅអីក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ និងមេដឹកនាំគណបក្ស ហើយការចាប់ខ្លួន ក៏ត្រូវបានធ្វើឡើងទៅលើមេដឹកនាំសហជីពពីរនាក់​ អ្នកសារព័ត៌មានមួយនាក់ អ្នកអត្ថាធិប្បាយលើបណ្តាញសង្គមមួយនាក់ និងថ្នាក់ដឹកនាំសមាគមនិស្សិតមួយនាក់ ខណៈការចាប់ខ្លួនទាំងនេះ គឺជាការចាប់ខ្លួនដែលមានចំនួនច្រើនបំផុតមិនធ្លាប់មាននៅក្នុងប្រទេស។

លោក អំ សំអាត នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូ​ទៅ នៃ​អង្គ​ការ​ការ​ពារ​សិទ្ធិ​មនុស្ស​លី​កា​ដូ ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី១៥ ខែកក្កដាថា អង្គការរបស់លោក មិនបានចងក្រងទិន្នន័យនៃការកើនឡើងពីការឃុំខ្លួនសកម្មជនសិទ្ធិមនុស្ស សកម្មជនសង្គម និងសកម្មជននយោបាយ ជាភាគរយនោះទេ ប៉ុន្តែការកើនឡើងពីការឃុំខ្លួនសកម្មជនទាំងនោះ ជាការសង្កេតឃើញរបស់អង្គការលោកប៉ុណ្ណោះ។ សកម្មជនដែលត្រូវបានឃុំខ្លួនទាំងនោះ លោកថា មានអ្នកខ្លះត្រូវបានចាប់ខ្លួន និងឃុំខ្លួនពីរដង និងអ្នកខ្លះទៀត រងការចោទប្រកាន់ពាក់ព័ន្ធនឹងបទល្មើសដដែលៗ។

លោកបន្តទៀតថា ក្រោយពីមានការចាប់ឃុំខ្លួនសកម្មជនទាំងនោះ កម្ពុជាតែងតែត្រូវបានសហគមន៍អន្តរជាតិរិះគន់ ជាពិសេសក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ចាត់ទុកប្រទេសកម្ពុជាបានរំលោភសិទ្ធិមនុស្ស និងរំលោភបំពានទៅលើសេរីភាពជាមូលដ្ឋាន រួមទាំងសេរីភាពនៃការបញ្ចេញមតិ។ ដូច្នេះការរំលោភបំពានទៅលើសិទ្ធិសេរីភាពទាំងអស់នេះ លោកអះអាងថា ជាការប៉ះពាល់ដល់ដំណើរលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា។

លោក អំ សំអាត ៖ «បញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យជាប្រធានបទមួយយ៉ាងចម្រូងចម្រាសរវាងកម្ពុជាជាមួយសហគមន៍អន្តរជាតិ ជាពិសេសសហគមន៍អ៊ឺរ៉ុបមក គឺយើងមានការបាត់បង់EBA ២០ភាគរយរួចទៅហើយ»។

ចំណែកលោក នី សុខា ប្រធាន​​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស អាដហុក​ បាននិយាយដែរថា បើមើលទៅលើស្ថានភាពបច្ចុប្បន្ននេះ អ្វីដែលអង្គការលីកាដូបានបង្ហាញពីការចាប់ខ្លួន រហូតមកមានឃុំខ្លួនសកម្មជនសង្គម សកម្មជននយោបាយ និងសកម្មជនសិទ្ធិមនុស្ស គឺដើមឆ្នាំនេះ ពិតជាមានចំនួនច្រើនមែន។ លោកបន្តថា មូលហេតុដែលមានការឃុំខ្លួនសកម្មជនទាំងនោះច្រើនជាងឆ្នាំមុន គឺអាចពាក់ព័ន្ធនឹងការបោះឆ្នោតកាលពីឆ្នាំ២០២៣កន្លងមកនេះ ហើយការចាប់ខ្លួនក្ដី ឬការឃុំខ្លួនក្ដី សុទ្ធតែជាចំណុចមួយដែលអង្គការសិទ្ធិមនុស្ស មានការព្រួយបារម្ភជាខ្លាំង ជាពិសេសទៅលើការដាក់ទោសទណ្ឌចំពោះសកម្មជនទាំងនោះ។

លោក នី សុខា រូបភាពពីហ្វេសប៊ុករបស់លោក។

លោក នី សុខា ៖ «យើងកត់សម្គាល់ឃើញថារាជរដ្ឋាភិបាលថ្មី ហាក់បីដូចជាំមិនទាន់មានសញ្ញាណាមួយក្នុងការអំពីឆ្លើយតបវិជ្ជមានចំពោះការលើកកម្ពស់បញ្ហាសិទ្ធិមនុស្ស និងបញ្ហាប្រជាធិបតេយ្យដូចសហគមន៍ជាតិ និងអន្តរជាតិបានស្នើមកកន្លងមកទេ រួមទាំងមានសហគមន៍អ៊ឺរ៉ុប និងសហរដ្ឋអាមេរិក រួមទាំងបណ្ដាប្រទេសប្រជាធិបតេយ្យមួយចំនួន ដែលគេបានស្នើមករាជរដ្ឋាភិបាល ការបើកនូវលំហសេរីភាពក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងការលើកកម្ពស់នៅប្រជាធិបតេយ្យ ដើម្បីធ្វើយ៉ាងណាឱ្យមានការដោះលែងសកម្មជនទាំងអស់ហ្នឹង»។

លោកបន្ថែមថា ចំពោះបញ្ហាទាំងអស់នេះ នៅពេលដែលសហគមន៍អន្តរជាតិ បានស្នើមកឱ្យរាជរដ្ឋាភិបាល​ធ្វើការកែលម្អ ប៉ុន្តែរាជរដ្ឋាភិបាលនៅតែបន្តច្រានចោល និងមិនមានការឆ្លើយតបជាវិជ្ជមាន។ ដូច្នេះហើយកម្ពុជានឹងបន្តទទួលទណ្ឌកម្មពីសហគមន៍អន្តរជាតិទាំងផ្នែកសេដ្ឋកិច្ច និងទាំងការបាត់បង់វិនិយោគផ្សេងៗពីក្រុមហ៊ុនដែលមកបណ្ដាក់ទុនស្របច្បាប់។

ជុំវិញរឿងនេះ លោក ស្រ៊ាង ចិន្តា អ្នក​នាំ​ពាក្យ​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា បានប្រាប់វិទ្យុស្ដ្រីដែរថា ការចាប់ខ្លួន និងការឃុំខ្លួនសកម្មជនទាំងនោះ គឺជាការអនុវត្តច្បាប់ ហើយការអនុវត្តច្បាប់នេះ គឺលោកថាមិនចាត់ទុកជាការធ្លាក់ចុះ​នៃសិទ្ធិសេរីភាពនៅក្នុងប្រទេសកម្ពុជាបាននោះទេ។ លោកបញ្ជាក់ថា ការធានាសិទ្ធិសេរីភាពរបស់មនុស្សបាន គឺលុះត្រាតែមានការអនុវត្តច្បាប់ ពីព្រោះសិទ្ធិសេរីភាពរបស់មនុស្សទាំងអស់ ត្រូវបានធានាដោយច្បាប់នសុស្េរីភាពទាំងនោះបាន គឺលុះត្រាតែមានការអនុវត្តធិមនុស្ស មានការព្រួយបារម្ភជាខ្លាំង។ ត្រូវបានធានាដោយច្បាប់ ដូច្នេះប្រសិនមានការបំពានច្បាប់ គឺត្រូវតែមានការអនុវត្តច្បាប់ទៅលើបុគ្គលទាំងនោះ។

លោក ស្រ៊ាង ចិន្តា អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។ WMC

លោក ស្រ៊ាង ចិន្តា ៖ «ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ជារួមគឺល្អ មិនដូចជាការចោទប្រកាន់នោះទេ ពីព្រោះយើងមានមូលដ្ឋានច្រើនណាស់ ដែលយើងអាចនិយាយបានថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាមានលក្ខណៈល្អប្រសើរ សូម្បីតែយើងមើលឱ្យយល់ សូម្បីតែពិភពលោកកំពុងរងវិបត្តិដោយសារកូវីដ១៩ ហើយឥលូវនេះវិបត្តិសង្គ្រាមពិភពលោក សង្គ្រាមប្រទេសមួយចំនួន ដែលជះឥទ្ធិពលដល់ស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជា ក៏កម្ពុជានៅតែធានាបាននៅស្ថិរភាពសង្គម»។

លោកចិន្តា អះអាងថា ការលើកឡើងរបស់អង្គការសង្គមស៊ីវិលទាំងនោះ គឺផ្អែកទៅលើការកត់សម្គាល់តែម្ខាងប៉ុណ្ណោះ ដែលមានន័យថាអង្គការបានការពារសកម្មជនដែលត្រូវបានឃុំខ្លួនទាំងនោះ ប៉ុន្តែជនដែលត្រូវបានសកម្មជនទាំងនោះបំពានលើសិទ្ធិសេរីភាពរបស់ពួកគាត់ លោកបានចោទជាសំណួរថា តើពួកគាត់មិនមានសិទ្ធិសេរីភាពដូចសកម្មជនទាំងនោះឬទេ?

លោក ស្រ៊ាង ចិន្តា ៖ «អ៊ីចឹងការកើនឡើងនៃករណីចាប់ខ្លួន និងការឃុំខ្លួន ហើយនិងការចោទប្រកាន់តាមប្រព័ន្ធតុលាការនេះ វាមិនមែនជាមូលដ្ឋានដើម្បី​ឱ្យយើងធ្វើការវាយតម្លៃទៅលើស្ថានភាពសិទ្ធិមនុស្សទាំងស្រុងបាននោះទេ។ ផ្ទុយទៅវិញយើងគួរតែរួមគ្នាពិនិត្យមើលថាតើបុគ្គលនោះគាត់ធ្វើអី ហើយកន្លងមកខ្ញុំឃើញថាហាក់ដូចជាមាននិន្នាការមួយដែលគេផ្ដោតទៅលើបុគ្គល មិនផ្ដោតលើសកម្មភាពបុគ្គលបានធ្វើ មានន័យថាឱ្យតែអ្នកហ្នឹងជាសកម្មជនដីធ្លី បរិស្ថាន ឬក៏ជាអ្នកសារព័ត៌មាន ឬក៏គេហៅថាអ្នកការពារសិទ្ធិមនុស្ស ឱ្យតែមានការអនុវត្តច្បាប់ទៅលើពួកគាត់តែងតែមានការរិះគន់ថាជាការបំបិទសិទ្ធិសេរីភាព ប៉ុន្តែការពិតយើងមិនត្រូវមើលទៅលើបុគ្គលទេ តែត្រូវមើលអ្វីដែលគាត់បានធ្វើពិតប្រាកដ»។

លោកបានបញ្ជាក់បន្ថែមថា ការអនុវត្តច្បាប់ មិនមែនជាការរឹតត្បិតសិទ្ធិសេរីភាពនោះទេ​ ប៉ុន្តែផ្ទុយទៅវិញ គឺជាការធានានូវសិទ្ធិសេរីភាពនៅក្នុងប្រទេសកម្ពុជាឱ្យបានល្អនៅក្នុងសង្គមប្រជាធិបតេយ្យ។

ដោយឡែកលោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរគ្រប់រូប មិនថាជាសកម្មជននោះទេ គឺមានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងមានសិទ្ធិសេរីភាពក្នុងការធ្វើសកម្មភាពនៅក្នុងក្របខ័ណ្ឌច្បាប់របស់កម្ពុជា។ លោកថា ដូច្នេះអាជ្ញាធរកម្ពុជា មិនបានធ្វើទុក្ខម្នេញទៅលើសកម្មជនទាំងនោះឡើយ លុះត្រាតែប្រព្រឹត្តខុសច្បាប់ប៉ុណ្ណោះ ទើបទទួលរងចំណាត់ការតាមផ្លូវច្បាប់។

អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះ ចាត់ទុកថា ការលើកយកករណីសកម្មជនទាំងនោះ មកវាយតម្លៃថាស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា កាន់តែមានភាពអាក្រក់ទៅនេះ ជាការវាយតម្លៃដោយផ្អែកតែម្ខាង ពីព្រោះមិនមែនតែសកម្មជនទាំងនោះទេ ដែលត្រូវអនុវត្តទោសតាមច្បាប់ ប៉ុន្តែ​មានប្រជាពលរដ្ឋផ្សេងទៀត ដែលបានប្រព្រឹត្តខុសច្បាប់ ក៏ត្រូវអនុវត្តទោសតាមច្បាប់ផងដែរ។

លោក ប៉ែន បូណា រូបភាពពីហ្វេសប៊ុករបស់លោក។

លោក ប៉ែន បូណា ៖ «នេះសបញ្ជាក់ថារបាយការណ៍របស់អង្គការលីកាដូ ជារបាយការណ៍មួយដែលច្បិចយកចំណុចជ្រុងតូចមួយ មកលាបពណ៌ស្ថានភាពរបស់ប្រទេសទាំងមូល។ របាយការណ៍របៀបនេះគេហៅថាជារបាយការណ៍មិនស្មោះត្រង់ របាយការណ៍ដែលបម្រើឱ្យរបៀបវារៈនយោបាយ ដែលគ្មានតម្លាភាព ដែលមិនឆ្លុះបញ្ចាំងការពិតជាទូទៅនៅក្នុងប្រទេសកម្ពុជាទេបាទ!»។

មិ​នថាពេលនេះ ឫកន្លងមកទេ លោក អំ សំអាតថា សហគមន៍អន្តរជាតិ និងអង្គការជាតិ តែងតែរកឃើញពីការធ្លាក់ចុះនៃសិទ្ធិមនុស្សនៅកម្ពុជា ដោយសារការចាប់ និងការឃុំខ្លួនសកម្មជនទាំងនោះ ហើយរាជរដ្ឋាភិបាល បានធ្វើការបដិសេធពីការរកឃើញលទ្ធផលទាំងនោះផងដែរ។ ទោះបីជាមានការបដិសេធមិនទទួលស្គាល់ក្ដី ប៉ុន្តែលោកថា អង្គការលីកាដូនៅតែបន្តទទូចឱ្យរាជរដ្ឋាភិបាលកម្ពុជា គួរតែពិនិត្យមើលចំណុចខ្វះខាតរបស់ខ្លួនតាមរបាយការណ៍រកឃើញរបស់អង្គការជាតិ និងអន្តរជាតិ។

លោក អំ សំអាត ៖ «រាល់របាយការណ៍របស់រាជរដ្ឋាភិបាល របាយការណ៍របស់សហគមន៍អន្តរជាតិ ជាពិសេសថ្មីៗរបាយការណ៍របស់អ្នកជំនាញអង្គការសហប្រជាជាតិទាក់ទងនឹងសិទ្ធិមនុស្ស ក្រុមប្រឹក្សាសិទ្ធិមនុស្សហ្នឹង តំណាងរាជរដ្ឋាភិបាលតែងតែបដិសេធ ហើយនិងទាត់ចោលទៅលើរបាយការណ៍ទាំងអស់នេះ ប៉ុន្តែយើងជាអង្គការសង្គមស៊ីវិលដែលធ្វើការលើសិទ្ធិមនុស្សហ្នឹង យើងនៅតែទទូចថាកម្ពុជាយើងគួរតែពិនិត្យមើលទៅលើចំណុចខ្វះខាត និងខ្វះចន្លោះទៅតាមរបាយការណ៍ និងអនុសាសន៍របស់គេ ហើយយើងធ្វើការកែលម្អ នោះកម្ពុជានឹងទទួលបានផលចំណេញ»។

អង្គការលីកាដូ បានឱ្យដឹងទៀតថា នៅក្នុងបរិបទនេះ សកម្មជនមិនរាងចាលទាំងនេះ បានក្លាយជាតួអង្គយ៉ាងសំខាន់ ក្នុងការរម្លឹកសាធារណជនថា យុទ្ធសាស្ត្រនៃការគាបសង្កត់នេះ នឹងមិនទទួលបានជោគជ័យនោះទេ។ សកម្មជនទាំងនោះ គឺជាសាក្សីយ៉ាងសំខាន់ នៃសេចក្តីប្រាថ្នាដែលមនុស្សគ្រប់រូបនៅតែបន្តមាន អំពីសន្តិភាពពិតប្រាកដ ដែលជាយុត្តិធម៌សង្គម សិទិ្ធសេរីភាព និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕

អត្ថបទដោយ កញ្ញា ជា សុខនី

Share

Image Not Found
Image

ព័ត៌មានទាក់ទង