en     km
en     km

បុរសម្នាក់ដែលសម្លាប់មនុស្សមិនញញើតដៃនៅខេត្តបាត់ដំបងត្រូវបានចាប់ខ្លួន

Share

ក្រោមការខិតខំរុករកនិងស្វះស្វែងតាមចាប់បុរសម្នាក់ដែលសង្ស័យថាមានសតិមិនប្រក្រតីសម្លាប់មនុស្សឥតញញើតនៅក្នុងភូមិមួយនៃខេត្តបាត់ដំបង ពេលនេះនគរបាលខេត្តបាត់ដំបងសម្រេចបេសសកម្មរកឃើញ និងចាប់ឃាត់ខ្លួនជនសង្ស័យខាងលើយកមកសួរនាំក្រោយគេចខ្លួនអស់រយៈពេល ៨យប់ ៩ថ្ងៃ។

ជនសង្ស័យម្នាក់ដែលមានឈ្មោះថា សឿន​ ទន់​ ភេទប្រុស អាយុ២៤ឆ្នាំ ត្រូវកម្លាំងមន្រ្តីជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចាប់ឃាត់ខ្លួនបានសម្រេចនៅក្នុងភូមិសាស្រ្តភូមិតាគ្រាម ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង នាល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤។​ នេះបើតាមការបញ្ជាក់របស់លោក វរសេនីយ៍ឯក​ អ៊ិម​ កុសល ​ស្នងការរង​ និងជាអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។ លោកបញ្ជាក់ដែរថា ដោយសារកិច្ចសហការរវាងកម្លាំងនគរបាលខេត្ត កម្លាំងកងរាជអាវុធហត្ថ ប្រជាការពារនៅក្នុងមូលដ្ឋាន​ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ទើបប្រតិបត្តិការតាមស្វែងរកជនសង្ស័យខាងលើនេះ ទទួលបានជោគជ័យ និងផ្តល់សុខសន្តិសុខជូនប្រជាពលរដ្ឋនៅក្នុងសហគមន៍។

ជុំវិញករណីនេះដដែល អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងរូបនេះប្រាប់អ្នកយកព័ត៌មានវិទ្យុស្រ្តីនៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ថា ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានយកកាំបិតកាប់ទៅលើជនរងគ្រោះដែលមានឈ្មោះថា ហោ ប៉ុក ភេទស្រី អាយុ៨៤ឆ្នាំ នៅត្រង់ចំណុចក្រុមទី០៦​ ភូមិ​ច្រាបក្រសាំង​ សង្កាត់វត្តគរ​ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ ដែលបណ្តាលឱ្យស្រ្តីរងគ្រោះស្លាប់នៅកន្លែងកើតហេតុ។

នៅក្នុងករណីនេះ តាមបណ្តាញសង្គមហ្វេសប៊ុកនិងប្រព័ន្ធតេឡេក្រាមមួយចំនួនផ្សព្វផ្សាយព័ត៌មានដោយលើកឡើងថា ជនសង្ស័យខាងលើបានសម្លាប់អាយុជីវិតមនុស្សចំនួន៣នាក់ ក៏ប៉ុន្តែលោក អ៊ិម​ កុសល អះអាងថា ត្រូវការសាកសួរជនសង្ស័យបន្ថែមទៀត ពីព្រោះចម្លើយជាបឋម ជនសង្ស័យសារភាពថាខ្លួនបានធ្វើសកម្មភាពសម្លាប់ទៅលើមនុស្សតែម្នាក់ប៉ុណ្ណោះ ហើយចំពោះថាតើជនសង្ស័យមានស្មារតីមិនប្រក្រតីយ៉ាងណា កម្លាំងជំនាញកំពុងតែពិនិត្យមើលបន្ថែម។

​ជាមួយគ្នានេះ ប្រតិបត្តិការតាមចាប់ខ្លួនជនសង្ស័យមានភាពលំបាកដ្បិតនៅទីតាំងជនសង្ស័យរត់គេចខ្លួនគឺនៅក្នុងភូមិតាគ្រាម ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ដែលជាទីកន្លែងកំណើតរបស់ជនសង្ស័យនិងជាតំបន់ទីទួលមានភ្នំជម្រាល ដែលពិបាកឱ្យកម្លាំងនគរបាលចុះរុករក។ ក៏ប៉ុន្តែលោក អ៊ិម កុសល ធ្លាប់បានអះអាងថាទោះជាយ៉ាងណាក៏កម្លាំងនគរបាលខេត្តបន្តចុះស្វែងរក និងចាប់ខ្លួនជនសង្ស័យឱ្យទាល់តែបាន បើទោះបីមានការលំបាកក៏ពិតមែន។

លោក អ៊ិម កុសល៖«បញ្ហានេះវាស្មុគស្មាញដោយសារនៅក្នុងភូមិសាស្រ្តឃុំតាគ្រាមនេះ វាមានភ្នំច្រើន ភ្នំធំៗខ្ពស់ ហើយមានព្រៃ មានចម្ការ ហើយផ្លូវក៏ពិបាកក្នុងការដំណើរ។ ហើយម្យ៉ាង ជនសង្ស័យរូបនេះគាត់ពីតូចមក គាត់រស់នៅក្នុងមូលដ្ឋានហ្នឹងហា អ៊‌ីចឹងគាត់ស្គាល់ភូមិសាស្រ្តដែលគាត់អាចនឹងដើរឆ្លងកាត់ចំណុចណាមួយទៅចំណុចណាមួយ។»។

លោកវរសេនីយ៍ឯក​ អ៊ិម​ កុសល (រូបភាព៖ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង)

 

យ៉ាងណាមិញ ករណីនេះកំពុងស្ថិតនៅក្នុងដែនសមត្ថកិច្ចកំពុងសាកសួរនិងស៊ើបអង្កេត ហើយសមត្ថកិច្ចនឹងបញ្ចូលសំណុំរឿងនិងជនសង្ស័យ​នេះបន្តទៅកាន់អយ្យការ​​ដើម្បីចាត់វិធានការតាមនិតិវិធីផ្លូវច្បាប់៕

​​

Share

Image Not Found
Image

ព័ត៌មានទាក់ទង