សម្តេច ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យក្រសួងសុខាភិបាល បញ្ចុះតម្លៃចំពោះនិស្សិតដែលមានបំណងប្រទ្បងចូលសាលាពេទ្យពី ៥០ ម៉ឺនរៀល មកនៅត្រឹម ១០ ម៉ឺនរៀល ហើយនៅពេលដែលនិស្សិតដែលប្រទ្បងយកឯកទេស មិនចាំបាច់ឱ្យមានបេក្ខជនបម្រុងនោះទេ។ ការថ្លែងរបស់នាយករដ្ឋមន្ត្រីនេះ ធ្វើទ្បើងនៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ ព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។
លោក ជួន សារ៉េត រាយការណ៍ពីព័ត៌មាននេះ!
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឱ្យក្រសួងសុខាភិបាលបញ្ចុះតម្លៃចំពោះនិស្សិតដែលប្រទ្បងចូលថ្នាក់ជាតិនៅសាលាពេទ្យ ហើយមិនចាំបាច់ឱ្យមាននិស្សិតបម្រុងនោះទេ នៅពេលដែលពួកគេប្រទ្បងយកឯកទេស។ នៅក្នុងនោះដែរ សម្តេច ហ៊ុន សែន បានលើកទ្បើងថា ចំពោះអ្នកដែលបានជាប់ជានិស្សិតបម្រុងនៅសាលាពេទ្យក្នុងឆ្នាំនេះ ត្រូវផ្ទេរមកជានិស្សិតពេញសិទ្ធិនៅក្នុងសាលាពេទ្យដែលពួកគេបានប្រទ្បងជាប់បម្រុងនោះ។
«និស្សិតដែលចូលប្រទ្បងថ្នាក់ជាតិនៅសាលាពេទ្យនោះ ត្រូវបង់ ៥០ ម៉ឺនរៀលដែលខ្ញុំអត់បានដឹង នេះជារឿងពិត ប៉ុន្តែបង ម៉ម ប៊ុន ហេង គាត់មានអ្នកចាំពិនិត្យមើល comment ហ្នឹងអញ្ចឹងក៏បានយកអាបញ្ហាហ្នឹង ធ្វើសំណើស្នើទ្បើងដើម្បីសុំកំណត់ថ្លៃនៃការប្រទ្បងមានការស្នើសុំកំណត់ថ្លៃមួយផ្សេង ក៏ប៉ុន្តែខ្ញុំទូរស័ព្ទទៅបង ម៉ម ប៊ុន ហេង ថាការកំណត់នេះនៅតែខ្ពស់ដូច្នេះត្រឹមតែ ១០ ម៉ឺនរៀលគ្រប់គ្រាន់ហើយ ប៉ុណ្ណឹងបានហើយ »។
ឆ្លើយតបនឹងការលើកទ្បើងរបស់ សម្តេច ហ៊ុន សែនខាងលើនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង មានប្រសាសន៍ថា ក្រសួងសុខាភិបាលកំពុងតែប្រតិបត្តិទៅតាមការណែនាំរបស់សម្តេចនាយករដ្ឋមន្ត្រីហើយ។
លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលស្គាល់ថា ការបង់សេវាខាងលើ ពិតជាមានតម្លៃថ្លៃកន្លងមក ដូច្នេះហើយទើបក្រសួងសុខាភិបាលបានសម្រេចបញ្ចុះតម្លៃតាមការស្នើរបស់សម្តេច ហ៊ុន សែន៖ «យើងប្រតិបត្តិតាមការណែនាំរបស់សម្តេចតេជោ ហើយតើ ជាការមួយល្អ ហើយយើងមានគណៈកម្មការប្រទ្បងថ្នាក់ជាតិគេធ្វើការងារនេះ បាទហើយឥឡូវយើងការកែលម្អទៅតាមការណែនាំរបស់សម្តេច»។
ជុំវិញបញ្ហានេះ អតីតនិស្សិតនៅសាកលវិទ្យាល័យសុខាភិបាល កញ្ញា សាន ដាណែត ដែលរៀនជំនាញទន្តសាស្ត្រ សាទរទៅនឹងការស្នើឱ្យមានការបញ្ចុះតម្លៃចំពោះនិស្សិតដែលចង់ប្រទ្បងចូលសាលាពេទ្យនេះ ព្រោះការបញ្ចុះតម្លៃនេះអាចផ្តល់ក្តីសង្ឃឹមដល់និស្សិតដែលមានបំណងចង់ប្រទ្បងចូលសាលាពេទ្យផងដែរ។
«មានអីវាល្អ ហើយវាអាចធូរថយសម្រាប់និស្សិតពេទ្យ ព្រោះការចំណាយសម្រាប់ការប្រទ្បងហ្នឹងក៏វាអត់សក្តិសមរហូតដល់ ៥០ ម៉ឺន អញ្ចឹងណាស់ បើសិនជាខ្ញុំជាអ្នកនៅរៀនខ្ញុំសប្បាយចិត្តហើយ..»។
សូមបញ្ជាក់ថា កន្លងមកមាននិស្សិតពេទ្យមួយចំនួនធ្លាប់ធ្វើការតវ៉ាសុំឱ្យមានការបញ្ចុះតម្លៃនៃការប្រទ្បងចូលសាលាពេទ្យជាច្រើនលើកផងដែរ៕