ភ្នំពេញ៖ ការរំឭកខួប៨ឆ្នាំនៃវីរភាពរបស់លោកបណ្ឌិត កែម ឡី នៅឆ្នាំនេះ ក្រុមយុវជន និងប្រជាពលរដ្ឋបានស្នើឲ្យរាជរដ្ឋាភិបាលក្នុងអាណាត្តិថ្មី បន្តការស៊ើបអង្កេតរកយុត្តិធម៌ជូនលោកបណ្ឌិត កែម ឡី ខណៈក្រុមយុវជនចលនាមាតាធម្មជាតិសូមឲ្យមានការដោះលែង សកម្មជនសិទ្ធិមនុស្ស និងសកម្មជនបរិស្ថានដែលទើបតែជាប់ពន្ធធនាគារផងដែរ។
(កញ្ញា ងិន ស៊ាងលីមរាយការណ៍)
«យុត្តិធម៌សម្រាប់អ្នកនិយាយការពិត ដោះលែងសកម្មជនទាំងអស់គ្នា!! ដោះលែងសកម្មជនបរិស្ថាន!!! ដោះលែងសកម្មជនសិទ្ធិមនុស្ស!!! ត្រូវតែមានយុត្តិធម៌សម្រាប់ពួកយើង!!!»
«ពួកយើងដើរតាមផ្លូវ..អ៊ីចឹងវាមានរយៈចម្ងាយប្រហែលជា៥គីឡូ វាមានអារម្មណ៍ថាហត់ក៏ប៉ុន្តែ វាហត់អត់ដល់អ្នកដែលគាត់និយាយការពិត គាត់បានចូលរួមការងារសង្គមត្រូវបានគេដាក់ពន្ធធនាគារ ត្រូវបានគេបាញ់សម្លាប់ទេ។»
ក្នុងកម្មវិធីរំឭកខួប ៨ឆ្នាំនៃវីរភាពរបស់បណ្ឌិតកែមឡី មានព្រះសង្ឃ ប្រជាពលរដ្ឋ ក្រុមយុវជនប្រុសស្រីនិងយុវជនចលនាមាតាធម្មជាតិបានដើរដង្ហែរបន្តកន្ទុយគ្នា ដោយកាន់រូបថត បាច់ផ្កា និងពាក្យស្លោកនានា គូរមុខគូរមាត់ ខ្លះក៏ដោះស្បែក ប្រកបដោយទឹកមុខក្រៀមក្រំដើរតាមដងវិថីឆ្ពោះទៅកាន់ស្តុបបូកគោ ស្ថានីយ៍ប្រេងឥន្ធនៈកាល់ទិចក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ទីដែលខ្មាំងកាំភ្លើងបានផ្តាច់ជីវិតបណ្ឌិត កែម ឡី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។
សកម្មភាពព្រះសង្ឃ យុវជន និងសកម្មជននានានិមន្ត/មកចូលរួមព្រឹត្តិការណ៍រំឭកខួប៨ឆ្នាំនៃវីរភាពរបស់លោកបណ្ឌិត កែម ឡី នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤។ រូបភាព៖ WMC/ងិន ស៊ាងលីម
សកម្មភាពក្រុមយុវជនគូរមុខគូរមាត់ និងដើរដង្ហែចម្ងាយជាង ៥គីឡូម៉ែត្រនេះ ដើម្បីបង្ហាញពីវីរភាពរបស់បណ្ឌិតកែម ឡី ដែលត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ និងសុំឲ្យដោះលែងសកម្មជនចលនាមាតាធម្មតាជាតិចំនួន ៥នាក់ ដែលទើបត្រូវចាប់ខ្លួនដាក់ពន្ធធនាគារនៅកន្លែងខុសៗគ្នាកាលពីពេលថ្មីៗនេះ និងសកម្មជនដែលហ៊ាននិយាយការពិតដទៃទៀតផងដែរ។ ក្នុងនោះកញ្ញា លាង សុវណ្ណា ជាយុវជនចលនាមាតាធម្មជាតិ បានបង្ហាញអារម្មណ៍សោកស្តាយនៅពេលបាត់បង់វត្តមានលោកបណ្ឌិត កែម ឡី និងធនធានមនុស្សដទៃទៀតផងដែរ។
«មានអារម្មណ៍ថាសោកស្តាយខ្លាំងមែនទែនក្នុងការបាត់បង់វីរភាពរបស់លោកបណ្ឌិតកែមឡី។ យើងពិតជាសោកស្តាយក្នុងការបាត់បង់ធនធានមនុស្ស ដូចជាសកម្មជនបរិស្ថាន សកម្មជនសិទ្ធមនុស្សដែលបានជាប់ពន្ធធនាគាដោយអយុត្តិធម៌ ពួកយើងពិតជាមានអារម្មណ៍សោកស្តាយនិងខ្លោចផ្សាខ្លាំងមែនទែន។»
យ៉ាងណាមិញក្នុងការរលឹកខួប ៨ ឆ្នាំនៃវីរភាពរបស់បណ្ឌិត កែម ឡី នេះផងដែរ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ ប្រាប់វិទ្យុស្ត្រីថា កម្មវិធីនេះផ្តោតលើចំណុច ៣ ទី១គឺជាការរលឹកវិញ្ញាណក្ខន្ធ និងឧទ្ទិសកុសលដល់លោកបណ្ឌិតទៅកាន់សុគតិភព។ ទី២ គឺចង់បង្ហាញថា ប្រជាពលរដ្ឋនៅតែចងចាំ វីរភាព និងស្នាដៃរបស់លោកដែលនៅតែស្ថិតក្នុងក្រអៅបេះដូង និងដួងព្រលឹងនៃយុវជន ក៏ដូចជាប្រជាពលរដ្ឋ ហើយលោកបណ្ឌិតនៅតែជានិមិត្តរូបនៃសេរីភាពក្នុងការបញ្ចេញមតិដែលប្រជាពលរដ្ឋចងចាំមិនភ្លេច។ ហើយទី៣ លោក អំ សំអាត លើកឡើងថា ជាផ្នែកមួយដើម្បីជំរុញឱ្យមានការស៊ើបទៅលើសំណុំរឿងទី ២ របស់លោកបណ្ឌិត កែម ឡី ដោយទាមទារឱ្យអាជ្ញាធរ ឬ តុលាការផ្តល់យុត្តិធម៌ពេញលេញសម្រាប់បណ្ឌិត កែម ឡី ផងដែរ។
អ្នកសង្កេតការណ៍ផ្នែកសិទ្ធិមនុស្សរូបនេះ នៅទាមទារយុត្តិធម៌សម្រាប់លោកបណ្ឌិត កែម ឡី បើទោះបីជារឿងក្តីកន្លងហួសទៅជាច្រើនឆ្នាំហើយក្តី ដោយលោកមានជំហរថា ប្រសិនណាបើគ្មានយុត្តិធម៌សម្រាប់លោកបណ្ឌិត កែមឡី ទេ នោះវាពិតជាឆ្លុះបញ្ចាំងឱ្យឃើញថា ភាពយុត្តិធម៌ពិតជាមិនមាននៅក្នុងប្រទេសកម្ពុជា។
«ក្តីសង្ឃឹមនៅតែមាន បើទោះបីជាពេលវេលាវានៅវែងឆ្ងាយក៏ដោយ អ៊ីចឹងបើសិនជាករណីយុត្តិធម៌របស់លោកបណ្ឌិតកែមឡីមិនបានពេញលេញទេអាហ្នឹងឆ្លុះបញ្ចាំងអំពីយុត្តិធម៌នៅក្នុងសង្គមយើងផងដែរ។ អ៊ីចឹងហើយខ្ញុំនៅតែមានក្តីសង្ឃឹមឱ្យតែយើងទាំងអស់គ្នាមិនភ្លេចហើយនៅតែមានការទាមទារ ដើម្បីឱ្យមានយុត្តិធម៌ពេញលេញសម្រាប់លោកបណ្ឌិតកែមឡី។»
លោក អំ សំអាត កំពុងផ្តល់បទសម្ភាសទៅកាន់អ្នកសារព័ត៌មាន។ រូបភាព៖ WMC/ងិន ស៊ាងលីម
លោកបានអះអាងថា លោកនៅតែជឿជាក់ថាមានយុត្តិធម៌ ខណៈអតីតសម្តេចនាយករដ្ឋមន្ត្រីក៏លោកធ្លាប់បានលើកឡើងពីបញ្ហានេះថា ចំពោះលទ្ធផលឃាតកម្មលោកបណ្ឌិត កែម ឡី អ្នកដែលខាតបង់គឺរាជរដ្ឋាភិបាល។ ដូច្នេះ ដើម្បីបញ្ចៀសការខាតបង់ លោកស្នើឲ្យរាជរដ្ឋាភិបាលបើកការស៊ើបអង្កេត ហើយបើកបង្ហាញពីយុត្តិធម៌របស់លោកបណ្ឌិត កែម ឡី ដល់សាធារណជន។
«ខ្ញុំយល់ថាបរិបទ វាមានការវិវត្តហើយក៏មានការផ្លាស់ប្តូរ ហើយខ្ញុំជឿជាក់ថាការពីមុនក៏យើងធ្លាប់ឃើញសម្តេចអតីតនាយករដ្ឋមន្ត្រីលោកក៏បានលើកឡើងដែរថា ឃាតុកម្មលើកលោកបណ្ឌិតកែមឡីអ្នកដែលខាតបង់គឺរាជរដ្ឋាភិបាល អ៊ីចឹងចំណុចនេះ កុំឱ្យមានការការខាតបង់ចំពោះរាជរដ្ឋាភិបាលត្រូវតែស្វែងរក ឬក៏ធ្វើការស៊ើបអង្កេតឱ្យបានពេញលេញចំពោះរឿងនេះ ហើយក៏បង្ហាញសាធារណជន ក៏ដូចជាប្រជាពលអំពីយុត្តិធម៌របស់បណ្ឌិតកែមឡី។»
ទន្ទឹមគ្នានេះ កញ្ញា លាង សុវណ្ណា រំពឹងយ៉ាងម៉ឹងម៉ាត់ថា រាជរដ្ឋាភិបាលថ្មីនឹងបន្តបើកការស៊ើបអង្កេតករណីលោកបណ្ឌិត កែម ឡី ព្រមទាំងដោះលែងសកម្មជនបរិស្ថានដែលកំពុងជាប់ពន្ធធនាគារនាពេលថ្មីៗនេះផងដែរ។
«អាណាត្តិថ្មី រាជរដ្ឋាភិបាលថ្មី ខ្ញុំសង្ឃឹមថាយុត្តិធម៌ក៏នៅតែមានថ្មីបន្តទៀត បើទោះបីជាការសង្ឃឹមហ្នឹងតិចតួចក៏ពិតមែន តែខ្ញុំជឿជាក់ថាអ្នកដែលគាត់កំពុងដឹកនាំប្រទេសយើង គាត់បានរៀនសូត្រនៅប្រទេសដែលជាប្រទេសលទ្ធិប្រជាធិបតេយ្យ ខ្ញុំសង្ឃឹមថាគាត់នឹងបើកការស៊ើបអង្កេតសារជាថ្មី ក៏ដូចជាដោះលែងសកម្មជនបរិស្ថានដែលបានចាប់ខ្លួនជាប់គុកក្នុងពន្ធធនាគា អ៊ីចឹងពួកយើងសង្ឃឹមថាការដោះលែងនឹងត្រូវតែមាន ហើយការបើកស៊ើបអង្កេតដោយយុត្តិធម៌ក៏ត្រូវតែមាន។ ពួកយើងមិនចង់បានលុយ ចង់បានថវិកា អស់លោកដែលកំពុងតែមើលនេះទេ ពួកយើងគ្រាន់តែចង់បានយុត្តិធម៌ចង់បានសិទ្ធ សន្តិភាពមួយពិតប្រាកដ មិនមែនសន្តិភាពហាមាត់ក្ដែងៗហើយសកម្មភាពដែលធ្វើមក ពួកយើងទទួលបានអយុត្តិធម៌នោះទេ។»
កញ្ញា លាង សុវណ្ណា កំពុងកាន់បដារូបលោកបណ្ឌិត កែម ឡី។ រូបភាព៖ WMC/ងិន ស៊ាងលីម
ចំពោះទស្សនៈល្អៗនៃវីរភាពរបស់លោកបណ្ឌិត កែម ឡី នៅតែដក់ជាប់នឹងក្រអៅបេះដូងរបស់ប្រជាជន និងយុវជន ដោយចងចាំមិនភ្លេច ហើយក៏ទុកដាស់ស្មារតីខ្លួនសាធារណជនទូទៅឲ្យចេះភ្ញាក់រលឹកផងដែរ។ សម្រាប់កញ្ញា លាង សុវណ្ណា បានលើកឡើងពីឃ្លារបស់លោកបណ្ឌិតត្រង់ចំណុច «ជូតទឹកភ្នែករួចបន្តដំណើរទៅមុខបន្តទៀត» នេះជាការចងចាំមិនភ្លេចរបស់កញ្ញា ចំពោះបណ្តាំលោកបណ្ឌិត កែម ឡី។
«ដូច្នេះហើយ អ្វីដែលលោកបណ្ឌិតបាននិយាយ ហើយជាការចងចាំគឺ ជូតទឹកភ្នែកហើយបន្តដំណើរទៅមុខទៀត វាហាក់បីដូចជាកំពុងតែប្រាប់យើងថា ទោះបីជាមានបញ្ហាកើតឡើង ពួកយើងមិនត្រូវសង្ងំគិតតែរឿងបញ្ហា យើងគួរតែមានដំណោះស្រាយ ដូច្នេះដែលថ្ងៃនេះដែរ ពួកយើងកំពុងតែមានដំណោះស្រាយសម្រាប់លោកបណ្ឌិត ទោះបីជាយុត្តិធម៌វាមិនអាចនឹងកើតឡើងក៏ដោយ ពួកយើងនៅតែបន្ត ព្រោះថាអ្នកដែលនិយាយការពិត អ្នកដែលត្រឹមត្រូវយើងមិនគួរបំភ្លេច។»
សកម្មភាពយុវជន និងពលរដ្ឋខ្មែរចូលរួមព្រឹត្តិការណ៍រំឭកខួប៨ឆ្នាំនៃវីរភាពរបស់លោកបណ្ឌិត កែម ឡី នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤។ រូបភាព៖ WMC/ងិន ស៊ាងលីម
បើទោះបីជាយើងមិនធ្វើអ្វីសោះថ្ងៃក្រោយក៏យើងគង់តែរងគ្រោះទស្សនៈរបស់លោកបណ្ឌិត កែម ឡី មួយប្រយោគនេះ បានដក់ត្រាំក្នុងដួងចិត្តលោក អំ សំអាត ដោយលោកនៅតែចងក្នុងចិត្តមិនអាចភ្លេចបាន ហើយក៏ជាការរលឹកដល់វីរភាពរបស់លោកបណ្ឌិតដែលគ្មានវត្តមាននៅលើកលោកអស់កាល៨ឆ្នាំផងដែរ។
«លោកបានលើកឡើងហើយថា ទោះបីជាយើងមិនធ្វើអ្វីសោះថ្ងៃក្រោយក៏យើងគង់តែរងគ្រោះ បាទ! អ៊ីចឹងបានន័យថា បើយើងគិតថាយើងមិនធ្វើអីទេ យើងមិនចង់ចូលរួមអីទេ ក៏ប៉ុន្តែថ្ងៃក្រោយយើងក្លាយជាជនរងគ្រោះដែរ។ អានេះជាការណ៍មួយដែលរំលឹកទៅដល់ប្រជាពលរដ្ឋគ្រប់រូបថាត្រូវតែមានការជួយគ្នា មានការចូលរួម ទាំងអស់គ្នាដើម្បីកិច្ចការងារសង្គម ការងារបរិស្ថាន ការងារសិទ្ធមនុស្ស ហើយជាពិសេសទៀត គឺលោកជំរុញឱ្យមានការចូលរួមនៅក្នុងការបញ្ចេញមតិគ្រប់គ្នា។»
អត្ថបទខ្លីសរសេរដោយ កញ្ញា ងិន ស៊ាងលីម សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយឧបត្ថម្ភពី ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និង កិច្ចសហប្រតិបត្តិការ (SDC) ជាមួយនិងស្ថានទូតស៊ុយអែតប្រចាំកម្ពុជា តាមរយៈអង្គការ BBC Media Action៕